ពេលថ្មីៗ​នេះអ្នកស្វែង​រក​សិទ្ធិ​ជ្រកកោន​ចំនួន​៨​នាក់នឹង​ឡើងលើ​ជើងហោះហើរ​ពី​ចក្រភព​អង់គ្លេស​ឆ្ពោះ​ទៅ​កាន់​ប្រទេសរ្វាន់ដាដែលជា​ផ្នែក​ ១ ​នៃ​កិច្ច​ព្រមព្រៀង​ដ៏​ចម្រូងចម្រាស​តម្លៃ ១២០ ​លាន​ផោន (ជាង $១៤៦​ លាន) រវាង​ប្រទេស​ទាំង​​ ២​។

យោងតាម​ការិយាល័យ​កណ្ដាល​របស់​ចក្រភព​អង់គ្លេសកិច្ច​ព្រមព្រៀងដែល​បាន​ចុះហត្ថលេខាកាលពី​ខែ​មេសា គឺ​ត្រូវបាន​បង្កើត​ឡើងដើម្បី​កាត់បន្ថយ​ការ​ធ្វើដំណើរ​ដ៏​គ្រោះថ្នាក់និង​មិន​ចាំបាច់ដូចជា​ការឆ្លង​ទូក​តូចជួយ​សង្គ្រោះ​ជីវិតនិង​ការពារ​ការរង​របួសក៏ដូចជាជួយ​សម្រួល​ប្រព័ន្ធ​អន្តោប្រវេសន៍​របស់​ចក្រ​ភព​អង់គ្លេស​ផងដែរ​។

ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​នេះ​គេ​ឃើញ​មានការ​តវ៉ានិង​ការ​ប៉ុនប៉ង​ផ្លូវ​ច្បាប់ ដើម្បី​បញ្ឈប់​ការ​និរទេស​ជា​លើក​ដំបូងក៏ដូចជា​ការ​រិះគន់​ពី​អង្គការ​មិន​រកប្រាក់​កម្រៃ​ជាច្រើន​ ហើយ​លោកEnver Solomon នាយក​ប្រតិបត្តិ​នៃ​ក្រុម​ប្រឹក្សា​ជនភៀស​ខ្លួនបាន​និយាយ​ថា៖ «អង្គការ​សប្បុរស​ធម៌មានការ​រន្ធត់​ចិត្តចំពោះ​ការសម្រេច​ចិត្ត​ដ៏​គ្មាន​ធម៌​មេត្តានិង​គ្រោះ​ថ្នាក់​របស់​រដ្ឋាភិបាល​»​។

ប្រធាន​ជនភៀសខ្លួន​របស់​អង្គការ​សហ​ប្រជាជាតិលោក Filippo Grandi បាន​និយាយ​ថា៖ «ចក្រភព​អង់គ្លេសកំពុង​រុញ​ទំនួល​ខុសត្រូវ​របស់ខ្លួន​ទៅកាន់​ប្រទេសមួយ​ផ្សេងទៀត»។

តាមរយៈ​ការឆ្លើយតបរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រ្វាន់ដាលោក Vincent Biruta បាន​និយាយ​ថា៖ «ប្រទេស​របស់​​លោកមានការ​ទទួល​ខុសត្រូវក្នុង​ការផ្តល់សេវា​ដល់​ជនភៀសខ្លួន​។ភាពជា​ដៃគូ​នេះបង្កើតឡើង​នៅលើ​កំណត់ត្រា​ដ៏​រឹងមាំ​របស់​ប្រទេសរ​រ្វាន់ដាក្នុងការ​ផ្តល់នូវ​សុវត្ថិភាព​ដល់​អ្នកដែល​ភៀសខ្លួន​ចេញពី​គ្រោះថ្នាក់ដោយ​ប្រទេស​របស់​យើង​នាពេល​បច្ចុប្បន្នបានផ្តល់​ជម្រក​ដល់​ជនភៀស​ខ្លួន​ជាង១៣ម៉ឺ​ន​នាក់​មកពី​ប្រទេស​ជា​ច្រើនរួមទាំង​ជន​ចំណាកស្រុកដែល​ងាយ​រងគ្រោះនិង​ត្រូវបាន​ជម្លៀស​ចេញពី​ប្រទេស​លី​ប៊ីអា​ហ្វ​ហ្គា​នី​ស្ថាននិង​ប្រទេសជិតខាងដូចជា​សាធារណរដ្ឋ​ប្រជាធិប​តេយ្យ​កុងហ្គោនិង​ប៊ូរុនឌី​ផង​ដែរ​»។

ទោះបីជាមានការ​កើនឡើង​សេដ្ឋកិច្ចនាពេលថ្មីៗ​នេះ​ក៏ដោយ​ក៏​ប្រជាជន​ជាង​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​ប្រមាណ១៣លាន​នាក់​ក្នុងប្រទេស​នេះកំពុង​រស់នៅ​ក្រោម​ចំណូល$​២ក្នុង១​ថ្ងៃ។នេះ​បើ​យោងតាមធនាគារ​ពិភពលោក​។

សកម្មជន​និយាយថានេះ​ជា​ភស្តុតាងដែល​ថាប្រទេសរ​រ្វាន់ដាមិន​ស័ក្តិសមក្នុង​ការ​ធ្វើជា​អ្នក​ទទួល​យក​ជនភៀស​ខ្លួន​ថ្មីៗ​នេះ​ឡើយ​ហើយ​ថាលំហូរ​ចូល​នៃ​អ្នកស្វែង​រក​សិទ្ធិ​ជ្រកកោន​ពី​ចក្រភព​អង់គ្លេសអាច​នាំឱ្យ​មាន​ការផ្លាស់​ទីលំនៅ​របស់​ពលរដ្ឋ​របស់​ខ្លួន​ទៅកន្លែង​ផ្សេងៗ​ពាសពេញ​តំបន់​។

នៅ​ថ្ងៃទី២០ខែមេសាអង្គការ​មិន​រកប្រាក់​កម្រៃដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​ចំនួន​១២ដែល​គ្រប់គ្រងដោយ​ជនជាតិ​កុងហ្គោបាន​ផ្ញើ​លិខិត​ឯកជន​មួយ​ទៅកាន់​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោកBoris Johnson ដោយ​ថ្កោលទោស​ការសម្រេច​ចិត្ត​របស់​ចក្រភព​អង់គ្លេស​ថាជាការ​គេចវេះ​ពី​ទំនួល​ខុសត្រូវជាជាង​ដោះស្រាយ​វិបត្តិ​ជនភៀស​ខ្លួន​​ដោយ​ផ្ទាល់។

នៅក្នុង​សំបុត្រដែល​បណ្ដាញ​សារព័ត៌មានAl Jazeera ទទួល​បានបាន​បង្ហាញ​ថាពួកគេ​បាន​ព្រមាន​អង់គ្លេស​ថាប្រទេសរ​រ្វាន់ដាមិនមាន​កន្លែង​សម្រាប់​ផ្ទុក​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​នោះទេតែ​ការធ្វើ​នេះ គឺ​ជា​ចេតនា​ចង់​យក​ប្រាក់​របស់​អ្នក​បង់ពន្ធ​របស់​ចក្រ​ភព​អង់គ្លេស ដើម្បីទៅ​ឃោសនា​បង្ក​សង្គ្រាម​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​កុងហ្គោវិញ​ទេ​។

ពួកគេបាន​បន្ថែមថាវា​នឹង​ក្លាយ​ជា​ប្រវត្តិសាស្ត្រ​ច្រំដែលដែល​មនុស្ស​រាប់ពាន់​នាក់អាច​ឆ្លង​ព្រំដែន​ពី​ប្រទេសរ្វាន់ដា​ដ៏​តូច​ទៅ​ប្រទេស​អ៊ូហ្គង់ដា​ដែល​ធំ​ជាងឬ​ផ្ទៃដី​ដ៏​ធំ​នៃ​ប្រទេសកុងហ្គោភាគ​ខាងកើតហើយ​និង​ដែល​ធ្វើឱ្យ​មាន​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរនៅ​ទីនោះ​។

អ្នកតំណាង​ម្នាក់ក្នុង​ចំណោម​ប្រទេស​ហត្ថ​លេខី​នៃ​លិខិត​នេះអង្គការ​បណ្តុះ​បណ្តាល​កាយ​សម្បទា​អាហ្វ្រិក (APTO) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍បាន​ប្រាប់ Al Jazeera ថាវា​អាច​ជា​ការ​សាយភាយដែល​ចម្លង​តាម​វិបត្តិ​ជនភៀស​ខ្លួនឆ្នាំ​ ១៩៩៤ ដែល​យើង​បាន​ឃើញ​ជនភៀស​ខ្លួន​រ្វាន់រាប់លាន​នាក់​សម្រុក​មក​ភាគ​ខាង​កើត​កុងហ្គោដើម្បី​រត់​ចេញពី​រដ្ឋាភិបាល​ថ្មីដែល​ដឹកនាំ​ដោយ​ក្រុមTutsi​ ក្នុង​ប្រទេស​រ្វាន់ដា។

យោងតាម​ក្រុម​ប្រឹក្សាThink Tank ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉កស្តីពី​ទំនាក់ទំនង​បរទេសជន​ភៀស​ខ្លួន​មួយ​ចំនួនក្នុងចំណោម​ជនភៀសខ្លួន​ទាំងនេះគឺជា​ជនជាតិ​ភាគ​តិចHutu រួមទាំង​សមាជិក​នៃ​ក្រុម​ដ៏​ឃោឃៅInterahamwe ផងដែរ​។នៅ​រ្វាន់​ដា ពួក​គេ​បាន​បង្កើត​ក្រុម​ប្រដាប់អាវុធដែលនាំឱ្យ​មានការ​កើនឡើង​នៃ​ក្រុមប្រឆាំង​កាន់​តែ​ច្រើន ក្នុងនោះ​រួមទាំង​ក្រុមTutsis ដែលជា​ក្រុម​ជនជាតិភាគ​តិច​​រ្វាន់ដា​ដ៏​សំខាន់​ផ្សេងទៀតក៏ដូចជា​ក្រុម​ឧទ្ទាម​ឱកាស​និយម​ដទៃ​ទៀត​ផងដែរ​៕