ប្រទេស​អាហ្វហ្គានីស្ថាន ដែល​ទើប​ធ្លាក់ចូល​ក្រោម​ការគ្រប់គ្រង​របស់​ពួក​តាលីបង់​រយៈពេល​ជិត ១​ឆ្នាំ បាន​ពើប​ប្រទះ​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង ​ដែល​ឆក់​យក​ជីវិត​មនុស្ស​យ៉ាងហោច ១​ពាន់​នាក់ និង​រងរបួស​រាប់រយ​នាក់​ផ្សេងទៀត​។ នេះ​តាម​ការផ្សព្វផ្សាយ​របស់​បណ្តាញសារព័ត៌មាន​ជាច្រើន​។

នេះ​ជា​គ្រោះ​រញ្ជួយ​ដី​ដ៏​អាក្រក់​បំផុត ក្នុង​រយៈពេល ២០ ឆ្នាំ នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​ទើប​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុម​តាលីបង់ ដែល​ត្រូវបាន​ប្រទេស​លោក​សេរី​ចោទ​ថា ជា​ក្រុម​អ៊ិស្លាម​ជ្រុល​និយម​។

បណ្តាញ​ព័ត៌មាន​បារាំង AFP និង Reuter របស់​អង់គ្លេស បាន​រាយការណ៍​ដោយ​យោង​តាម​មន្ត្រី​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​បាន​និយាយ​ថា ចំនួន​អ្នក​ស្លាប់ មាន​​ដល់​ទៅ ១ ០០០​ នាក់ និង​ជាង ៦០០​ នាក់ រងរបួស​។ តែ​ទោះជា​យ៉ាងណា មន្ត្រី​មូលដ្ឋាន បានដាក់​ចំនួន​អ្នក​របួស​ខ្ពស់​ជាង​ចំនួន​នេះ​។

លោក Mohammad Amin Hozaifa ប្រធាន​ផ្នែក​ព័ត៌មាន និង​វប្បធម៌​នៃ​ខេត្ត Paktika នៅ​ភាគ​ខាងកើត​ប្រទេស​អាហ្វហ្គានីស្ថាន បាន​ប្រាប់​រ៉យទ័រ​ថា៖ ​«ចំនួន​អ្នក​ស្លាប់​មាន ១ ០០០​ នាក់ រីឯ​អ្នក​របួស​មាន ១ ៥០០​នាក់ ហើយ​ចំនួន​នេះ​អាច​កើនឡើង ដោយ​គ្រួសារ​ជាច្រើន​កំពុង​​បាត់​ខ្លួន​នៅឡើយ​»។

បណ្តាញ​សារព័ត៌មាន​ទាំងនោះ បាន​អះអាង​ថា អ្នករង​របួស ត្រូវបាន​គេ​នាំ​ទៅ​កាន់​ទីក្រុង​កាប៊ុល (Kabul) និង​ហ្គាដេស (Gardez)​។

ដោយឡែក លោក សាឡាហ៊ូឌីន អាយុប៊ី (Salahuddin Ayubi) មន្ត្រី​នៃ​ក្រសួង​មហា​ផ្ទៃ បាន​និយាយ​ថា ភាគច្រើន​នៃ​ការ​ស្លាប់ ដែល​បានបញ្ជាក់ គឺ​ស្ថិត​នៅក្នុង​ទី​ក្រុង Paktika ដែល​មនុស្ស ២៥៥ នាក់​បាន​ស្លាប់ និង​ជាង ២០០ ​នាក់ រងរបួស​។

នៅក្នុង​ខេត្ត Khost មនុស្ស ២៥ នាក់ បាន​ស្លាប់ និង ៩០​ នាក់​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ រូបភាព​ជា​ច្រើន នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាហ្វហ្គានីស្ថាន បាន​បង្ហាញ​ថា ផ្ទះ​ត្រូវបាន​ដួល​រលំ​ទៅជា​កម្ទេច​ថ្ម ហើយ​សាក​សព ត្រូវបាន​រុំ​ក្នុង​ភួយ​នៅ​លើ​ដី​។

លោក Ayubi បាន​និយាយថា ឧទ្ធម្ភាគចក្រ​ត្រូវ​បាន​ដាក់​ពង្រាយ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​អ្នក​រងរបួស និង​ដាក់​ប្រតិបត្តិការ សម្រាប់​ការផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ និង​អាហារ។ ប៉ុន្តែ​អាកាសធាតុ​អាក្រក់​បាន​រារាំង​សកម្មភាព​នេះ​។

ទីភ្នាក់ងារ​ស្រាវជ្រាវ​ភូមិសាស្ត្រ​អាមេរិក (USGS) បាន​និយាយ​ថា គ្រោះ​រញ្ជួយ​ដី​នេះ គឺជា​គ្រោះ​រញ្ជួយ​ដី​ដ៏​សាហាវ​បំផុត នៅ​អាហ្វហ្គានីស្ថាន ចាប់​តាំងពី​ឆ្នាំ​ ២០០២ មក​។ វា​បាន​វាយប្រហារ​ចម្ងាយ​ប្រហែល ៤៤ គ.ម ពី​ក្រុង Khost ភាគ​អាគ្នេយ៍ ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​ប៉ាគីស្ថាន​។

បណ្តាញ​ព័ត៌មាន BBC បាន​រាយការណ៍​ថា បាតុភូត​រញ្ជួយ​ដី​នេះ បានកើត​មាន នៅ​ម៉ោង​ប្រហែល ១:៣០ ​ព្រឹក នៅពេល​ដែល​មនុស្ស​កំពុង​ដេកលក់​។

មជ្ឈមណ្ឌល​រញ្ជួយ​ដី​អឺរ៉ុប​ប្រចាំ​សមុទ្រ​មេឌីទែរ៉ាណេ (EMSC) បាន​ឱ្យ​ដឹង​នៅលើ​បណ្ដាញ​សង្គម Twitter ថា ការរញ្ជួយ​ដី​នោះ មាន​សភាពញ័រ​រញ្ជួយ​ខ្លាំង​ ​ដែល​ប្រជាជន​ចំនួន ១១៩​ លាន​នាក់ ក្នុង​ប្រទេស​ប៉ាគីស្ថាន អាហ្វហ្គានីស្ថាន និង​ឥណ្ឌា ទទួល​អារម្មណ៍​ដឹង​ពី​​រំ​ញ័រ​នេះ ប៉ុន្តែ​មិនមាន​របាយ​ការណ៍​ភ្លាមៗ អំពី​ការ​ខូចខាត ឬ​របួស នៅ​ប៉ាគីស្ថាន​នោះទេ​។

EMSC បាន​ដាក់​កម្រិត​នៃ​ការ​រញ្ជួយ​ដី នៅ​កម្រិត ៦,១ ​រិចទ័រ  ទោះបីជា USGS បាន​និយាយ​ថា កម្លាំង​រំញ័រ មាន​ទំហំ ៥,៩ ​រិចទ័រ​ក៏ដោយ​៕

វីដេអូ៖