ប្រទេស​អ៊ីស្រាអែល បាន​ចេញមុខ​គាំទ្រ​ប្រទេស​ម៉ារ៉ុក ចំពោះ​អធិបតេយ្យភាព​លើ​តំបន់​ជម្លោះ នៅ​ភាគ​ខាងលិច​វាល​ខ្សាច់​សាហារ៉ាជាមួយ​ប្រទេស​អាល់​ហ្សេរី បន្ទាប់ពី​ប្រទេស​អាល់ហ្សេរីបាន​ផ្អាក​កតិកាសញ្ញា​មិត្តភាព​និង​ជា​អ្នកជិតខាង​ល្អ ជាមួយ​ប្រទេស​អេស្ប៉ាញ ដោយសារតែ​អេស្ប៉ាញ​គាំទ្រ​ម៉ារ៉ុក លើ​រឿង​ដូចគ្នា​នេះ។

ការប្រកាស​ទទួលស្គាល់​តំបន់​ជម្លោះ​នោះ បន្ទាប់ពី អ៊ីស្រាអែល និង​ម៉ារ៉ុក បានប្រកាស​ពី​ការបន្ត​ទំនាក់​ទំនង​ការទូត រវាង​ពួកគេ​ឡើងវិញ កាលពី​ឆ្នាំ​ ២០២០ បន្ទាប់ពី​បាន​ផ្អាក​ទំនាក់ទំនង រយៈពេល ២០ ឆ្នាំ ចាប់តាំងពី​ឆ្នាំ​ ២០០០ មក​។ នេះ​បើ​យោងតាម​ការចេញ​ផ្សាយ​របស់ Middle East Monitor​។

បណ្តាញ​សារព័ត៌មាន​នោះ បាន​ផ្សាយ​ថា លោកស្រី អាយ៉េលែត សាកែដ (Ayelet Shaked) រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​អ៊ីស្រាអែល ក្នុង​សប្ដាហ៍​នេះ បាន​បញ្ជាក់​ពី​ការគាំទ្រ​របស់​ប្រទេស​លោកស្រី ចំពោះ​អធិបតេយ្យភាព​របស់​ប្រទេស​ម៉ារ៉ុក​លើ​តំបន់​សាហារ៉ា​ខាងលិច​។

ការប្រកាស​ដែល​ត្រូវបាន​ធ្វើឡើង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រោយ​លោកស្រី​បាន​ពិភាក្សាជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ម៉ារ៉ុក លោក ណាសឺ ប៊ូរីតា (Nasser Bourita) នៅ​ក្រុង Rabat ប្រទេស​ម៉ារ៉ុក ដែល​ត្រូវបាន​បោះពុម្ពផ្សាយ ដោយសារ​ព័ត៌មាន Maghreb Arabe។

រដ្ឋមន្ត្រី​មហាផ្ទៃ​អ៊ីស្រាអ៊ែលបាន​និយាយថា៖ «​អ៊ីស្រាអែល​បញ្ជាក់​ពី​ការគាំទ្រ​របស់ខ្លួន​ចំពោះ​អធិបតេយ្យភាព​របស់​ប្រទេស​ម៉ារ៉ុក នៅ​តំបន់​សាហារ៉ា​ខាងលិច​»។

យោងតាម​បណ្តាញ​ព័ត៌មាន france24 តំបន់​សាហារ៉ា​ភាគ​ខាងលិច ដែល​ទាមទារ​គ្រប់គ្រង ដោយ​ក្រុម​រំដោះ Polisario និង​ទទួល​បាន​គាំទ្រ​ពី​ប្រទេស​អាល់​ហ្សេរី តែងតែ​ទាមទារ​ធ្វើ​ប្រជាមតិ ដើម្បី​សម្រេច​ជោគវាសនា ក្នុង​តំបន់​នេះ ខណៈ​ប្រទេស​អេស្ប៉ាញ ដែល​ធ្លាប់ធ្វើ​អាណា​និគម នៅ​តំបន់​នេះ បានប្រកាស​ទទួលស្គាល់​ដោយ​អត្តនោម័ត។

ជាការ​តវ៉ា កាលពី​ថ្ងៃទី​ ៨ ខែ​មិថុនា​នេះ អាល់​ហ្សេរី ប្រកាស​ផ្តាច់​ទំនាក់​ទំនង​ជាង ២០ ​ឆ្នាំ​ជាមួយ​អេស្ប៉ាញ ដែល​បាន​ឱ្យ​ខេត្ត​មួយ​ចំនួន​របស់ខ្លួន​ងាក​ទៅ​ពឹង​ផ្អែក​លើ​ទំនិញ​ពី​ប្រភព​ប្រទេស​ផ្សេង​ក្រៅពី​អាល់ហ្សេរី​៕