
រូបថតនៃសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ត្រូវបានដាក់បង្ហាញ អំឡុងការតាំងពិពណ៌ នៅឯស្ថានីយ៍រថភ្លើង ក្នុងក្រុងវីលនីញូស ប្រទេសលីទុយអានី កាលពីថ្ងៃទី ២៥ ខែមីនា។
រុស្ស៊ីកាលពីថ្ងៃអង្គារសប្ដាហ័កន្លងទៅ បានគំរាមដាក់ទណ្ឌកម្មប្រទេសលីទុយអានីជាមួយនឹងវិធានការ ដែលនឹងមាន «ផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរ» ចំពោះការបិទផ្លូវដឹកជញ្ជូនទំនិញរបស់ខ្លួនមួយចំនួនទៅកាន់តំបន់ជាប់សមុទ្របាល់ទិក ដែលបង្ហាញពីអរិភាពចុងក្រោយបង្អស់នៃទណ្ឌកម្មលោកខាងលិចជុំវិញការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី។
ការផ្ដោតខាងការទូតរបស់សហភាពអឺរ៉ុប នាពេលនេះ កំពុងងាកទៅរកតំបន់កាលីនីនក្រាដ (Kaliningrad) របស់រុស្ស៊ី ជាតំបន់កំពង់ផែ នៅសមុទ្របាល់ទិក ដែលស្ថិតនៅចន្លោះប្រទេសប៉ូឡូញ និងលីទុយអានី និងដែលភ្ជាប់ទៅទឹកដីរុស្ស៊ីខាងក្នុង តាមរយៈផ្លូវដែករបស់លីទុយអានី ដែលជាសមាជិកប្លុកអឺរ៉ុប និងអង្គការណាតូ។
ក្នុងវិធានការទណ្ឌកម្ម ដែលចូលជាធរមានកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍មុននេះ លីទុយអានី បានបិទការដឹកជញ្ជូនដែកនិងលោហធាតុផ្សេងទៀត ដែលប្រទេសនេះនិយាយថា តម្រូវតាមទណ្ឌកម្មសហភាពអឺរ៉ុប។ មន្ត្រីរុស្ស៊ីនិយាយថា ទំនិញមូលដ្ឋានផ្សេងទៀតក៏ត្រូវបានបិទផងដែរ។
ឆ្លើយតបទៅនឹងចំណាត់ការនេះ លោក Nikolai Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី និយាយថា សកម្មភាព «អរិភាព» របស់លីទុយអានី បង្ហាញថា រុស្ស៊ីមិនអាចជឿទុកចិត្តលើលោកខាងលិច ដែលបំពានកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរអំពីតំបន់កាលីនីនក្រាដ នោះឡើយ។
ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី RIA ស្រង់សម្ដីលោក Patrushev ដែលនិយាយដោយមិនផ្ដល់ព័ត៌មានលម្អិតថា៖ «រុស្ស៊ីពិតជានឹងឆ្លើយតបចំពោះសកម្មភាពអរិភាពបែបនេះ ខណៈវិធានការសមស្របកំពុងរៀបចំឡើង ហើយផលវិបាកនឹងជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនលីទុយអានី»។
យ៉ាងណាមិញ នាយករដ្ឋមន្ត្រីលីទុយអានី លោកស្រី Ingrida Simonyte និយាយថា វាជារឿងគួរឱ្យអស់សំណើចក្នុងការស្តាប់វោហារស័ព្ទ អំពីការរំលោភលើសន្ធិសញ្ញាអន្តរជាតិពីរុស្ស៊ី ដែលជាប្រទេស «ប្រហែលជារំលោភលើគ្រប់សន្ធិសញ្ញាអន្តរជាតិទាំងអស់»។ លោកស្រីនិយាយបដិសេធថា៖ «គ្មានការបិទច្រកកាលីនីនក្រាដទេ។ លីទុយអានីកំពុងអនុវត្តទណ្ឌកម្មរបស់សហភាពអឺរ៉ុប»។
ជាមួយគ្នានេះ ទីក្រុងម៉ូស្គូបានកោះហៅបេសកជនសហភាពអឺរ៉ុប លោក Markus Ederer ទៅកាន់ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃអង្គារ។ អ្នកនាំពាក្យសហភាពអឺរ៉ុបលោក Peter Stano និយាយថា លោក Ederer បានស្នើរុស្ស៊ី នៅក្នុងកិច្ចប្រជុំឱ្យ «ចៀសវាងពីជំហាន និងវោហាស័ព្ទ ដែលធ្វើឱ្យមានភាពតានតឹង»។
ការប្រឈមមុខនេះ បង្កើតបាននូវប្រភពថ្មីនៃការប្រឈមមុខដាក់គ្នា ក្នុងតំបន់បាល់ទិក ដែលជាតំបន់ររង្គោះរង្គើរួចស្រេចទៅហើយក្រោយរុស្ស៊ី ឈ្លានពានអ៊ុយក្រែន នៅពេលស៊ុយអែតនិងហ្វាំងឡង់ ដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូ។
ជំហានឆ្លើយតបយ៉ាងណាប្រាកដពីក្រុងម៉ូស្គូចំពោះលីទុយអានី គេមិនទាន់ដឹងច្បាស់ទេ។ តែពេលនេះ បណ្តាប្រទេសអឺរ៉ុប កំពុងស្វែងរកអ្នកផ្គត់ផ្គង់ថាមពលថ្មីដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួន ខណៈប្រទេសមួយចំនួន ដែលរុស្ស៊ីហៅថា «អមិត្ត» ត្រូវបានក្រុងម៉ូស្គូផ្អាកការផ្គត់ផ្គង់ហ្គាសដោយសារតែបរាជ័យធ្វើតាមការចង់បានរបស់ខ្លួន លើការទូទាត់ជាប្រាក់រូប្លិ៍៕
ហួន ឌីណា