រុស្ស៊ី​និយាយ​កាល​ពី​ថ្ងៃ​ពុធ​កណ្ដាល​សប្ដាហ៍​ថា លោក​ខាង​លិច​កំពុង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ភូតកុហក​អំពី​មូលហេតុ​នៃ​វិបត្តិ​ស្បៀង​អាហារ​ពិភព​លោក ដែល​ទីក្រុង​ម៉ូស្គូ លើក​ឡើង​ថា ជាប់​គាំង​ដោយ​សារ​តែ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ជុំ​វិញ​ការ​លុក​លុយ​អ៊ុយក្រែន​។

ក្រៅ​ពី​ការ​ស្លាប់ និង​ការ​បំផ្លិច​បំផ្លាញ ពី​រុស្ស៊ី សង្រ្គាម​ និង​ការ​ប៉ុន​ប៉ង​របស់​បស្ចិម​លោក ក្នុង​ការ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​រុស្ស៊ី​ធ្លាក់​ចុះ ដោយ​សារ​ទណ្ឌកម្ម ធ្វើ​ឱ្យ​តម្លៃ​គ្រាប់​ធញ្ញជាតិ ប្រេងឆា ជី និង​ថាមពល កើន​ឡើង ដែល​ប៉ះ​ពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ពិភព​លោក​។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី​លោក​ស្រី Maria Zakharova ​ប្រាប់​អ្នក​យកព័ត៌មាន នៅ​ទីក្រុង​ម៉ូស្គូ​ថា លោកស្រី​មាន​ការ​ស្រងាក​ចិត្ត​ចំពោះ​សេចក្តី​ថ្លែងការណ៍​របស់​លោក​ខាង​លិច​ម្តង​ហើយ​ម្តង​ទៀត ដែល​ថា រុស្ស៊ី​ជា​ដើម​ហេតុ​នៃ​វិបត្តិ​ស្បៀង​អាហារ​ពិភព​លោក​។​

លោកស្រី Zakharova និយាយ​ថា៖ «​វា​គឺ​ជា​ការ​កុហក​។ ការ​ចោទ​ប្រកាន់​បែប​នេះ គឺ​ជា​ការ​កុហក​ទាំង​ស្រុង​។ ដូច្នេះ លោក​ខាង​លិច​អាច​ផ្គត់​ផ្គង់​អាវុធ​ទាំង​អស់​ទៅ​ឱ្យ​អ៊ុយក្រែន ប៉ុន្តែ​សម្រាប់​ហេតុ​ផល​មួយ​ចំនួន គ្មាន​អ្វី​កើត​ចេញ​ពី​អ៊ុយក្រែន​ទេ​។»​

សហរដ្ឋ​អាមេរិក និង​សមាជិក​សហភាព​អឺរ៉ុប ដែល​ផ្គត់​ផ្គង់​សព្វា​វុធ​ដល់​អ៊ុយក្រែន ចោទ​ប្រកាន់​រុស្ស៊ី​ពី​បទ​បង្ក​ឱ្យ​មាន​វិបត្តិ​ស្បៀង​អាហារ​ជុំ​វិញ​ការ​បិទ​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយក្រែន​ទៅ​ក្រៅ ខណៈ​ប្រទេស​នេះ​ជា​អ្នក​នាំ​ចេញ​ស្រូវ​សាលី ១/១០ របស់​ពិភព​លោក​។

ប្រធានា​ធិបតី​អ៊ុយក្រែន​លោក វ៉ូឡូឌីមៀ​ ហ្សេឡេនស្គី ព្រមាន​កាល​ពី​ដើម​ខែ​ថា មនុស្ស​រាប់​លាន​នាក់​អាច​អត់​ឃ្លាន ​ដោយ​សារ​តែ​ការ​បិទ​ខ្ទប់​របស់​រុស្ស៊ី​នៅ​កំពង់ផែ​សមុទ្រ​ខ្មៅ​របស់​អ៊ុយក្រែន​។

រុស្ស៊ី និង​អ៊ុយក្រែន គឺ​ជា​អ្នក​ផលិត​ទំនិញ​កសិកម្ម​ដ៏​សំខាន់​បំផុត ​២ នៅ​លើ​ពិភព​លោក​។ រុស្ស៊ី​ជា​ប្រទេស​នាំ​ចេញ​ស្រូវ​សាលី​​ធំ​ជាង​គេ​របស់​ពិភព​លោក​បន្ទាប់​ពី​សហភាព​អឺរ៉ុប​ ខណៈ​អ៊ុយក្រែន​ជា​អ្នក​នាំ​ចេញ​គ្រាប់​ផ្កា​ឈូក​រ័ត្ន​លំដាប់​ពិភព​លោក​។ ប្រទេស​ទាំង​ ២ ដើរ​តួនាទី​យ៉ាង​សំខាន់​លើ​ទីផ្សារ​ស្រូវ​បាឡេ ពោត និង​ស្រូវ​សាលី ខណៈ​រុស្ស៊ី​គឺ​ជា​ប្រទេស​នាំ​ចេញ​ជី​ដ៏​ធំ​មួយ​របស់​ពិភព​លោក​។​

លោក​ស្រី Zakharova និយាយ​ថា ទណ្ឌកម្ម​របស់​លោក​ខាង​លិច​ធ្វើ​ឱ្យ​ទីផ្សារ​កសិកម្ម​ឆ្ពោះ​ទៅ​រក​ភាព​មហន្តរាយ ដោយ​រំខាន​ដល់​ប្រព័ន្ធ​ទូទាត់​ការ​ដឹក​ជញ្ជូន ការ​ធានា​រ៉ាប់​រង ដែល​រារាំង​ការ​នាំ​ចេញ​អាហារ និង​ជី​របស់​រុស្ស៊ី​ជាច្រើន​។​

ប្រទេសអេរីត្រេ អាមេនី ម៉ុងហ្គោលី អាស៊ែបៃហ្សង់ ហ្សកហ្ស៊ី សូម៉ាលី បេឡារុស តួកគី កោះ​ម៉ាដាហ្គាស្ការ លីបង់ អេហ្ស៊ីប និង​ប៉ាគីស្ថាន ពឹង​លើ​រុស្ស៊ី ឬ​អ៊ុយក្រែន​ជាង ៧០​% នៃ​ការ​នាំ​ចូល​ស្រូវ​សាលី​របស់​ខ្លួន ក្នុង​ឆ្នាំ ២០២១​។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​អង្គការ​សហ​ប្រជាជាតិ​។​

ទិន្នន័យ​ដដែល ឱ្យ​ដឹង​ថា ម៉ុងហ្គោលី កាហ្សាក់ស្ថាន សា.ម៉ុលដាវី ស៊ែប៊ី ហុងឌូរ៉ាស និង​ហ្គាណា ពឹង​ផ្អែក​លើ​ប្រទេស​រុស្ស៊ី សម្រាប់​ការ​នាំ​ចូល​ជី​របស់​ពួក​គេ​ចំនួន ៥០% ឬ​ច្រើន​ជាង​នេះ ក្នុង​ឆ្នាំ​ ២០២១៕

​ហួន ​ឌីណា​

វីដេអូ៖