ក្រុមអ្នកតវ៉ា​ប្រមូល​ផ្តុំ​គ្នា ក្នុង​ទីក្រុង​នានា​ទូទាំង​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​សៅរ៍​ចុងសប្ដាហ៍​កន្លង​មក ដើម្បី​ធ្វើបាតុកម្ម​ប្រឆាំងនឹង​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​​អាមេរិក ដែល​លុបចោល​សិទ្ធិ​ក្នុងការ​រម្លូត​កូន​តាម​រដ្ឋធម្មនុញ្ញ ដែលមាន​តាំង​ពី ៥០​ឆ្នាំ​មុន​មក​នោះ​​។

សេចក្ដី​សម្រេច​នេះ នឹង​ទុកឱ្យ​រដ្ឋ​សហព័ន្ធ​នីមួយៗ​ធ្វើការ​សម្រេច​ថា តើ​ត្រូវ​អនុញ្ញាត​អាច​រម្លូត​កូន​បាន ឬ​យ៉ាងណា? បន្ទាប់​ពី​លុបចោល​សាលក្រម ឆ្នាំ​ ១៩៧៣ របស់​តុលាការ​កំពូល ដែល​ទទួល​ស្គាល់ថា ការ​រម្លូត​កូន គឺជា​សិទ្ធិ​ឯកជន​របស់​ស្ត្រីម្នាក់។

ក្រុម​មនុស្ស ដែល​នាំ​គ្នា​ប្រឆាំង​នឹង​សេចក្ដី​សម្រេចនេះ បាន​មក​ជួប​ជុំ​គ្នា​នៅ​កន្លែង​ផ្សេងៗ ក្នុង​នោះ​រួមទាំង​ក្រុង​ញូវយ៉ក អាត្លង់តា ដេត្រយ សលថ៍ឡេក និង​ឡូសអាន់ជឺលេស ក្នុងចំណោម​ទីក្រុងផ្សេងៗ​ទៀត ដោយ​និយាយ​ថា ការ​លុបចោល​សិទ្ធិ​រម្លូត​កូន នឹងធ្វើ​ឱ្យ​ស្ត្រី​ធ្លាក់ក្នុងស្ថានភាព​គ្រោះថ្នាក់ ជាពិសេសស្ត្រី​ចម្រុះ​ជាតិ​សាសន៍ និង​មាន​ចំណូល​ទាប​។

ទន្ទឹម​នឹង​នោះ អ្នកប្រឆាំង​សិទ្ធិ​រម្លូត​កូន ក៏​នាំ​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​អគារ​តុលាការ​កំពូល នៅ​ក្រុង​វ៉ាស៊ីនតោន​ផងដែរ បន្ទាប់ពី​សេចក្ដីប្រកាស​ចេញ​ កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍កន្លង​ទៅ​។

ប្រតិកម្ម​នឹង​សាលក្រម​ដូចគ្នា លោក​ប្រធានាធិបតីចូ បៃដិន បាន​ថ្លែង​សន្ទរ​កថា ក្រោយ​សេចក្ដីប្រកាស​នោះ​ថា អាមេរិក​បាន​ដើរ​ថយក្រោយ​វិល​ទៅរក​សង្គម​ចាស់​គំរិល ដែល​រឹត​ត្បិត និង​ធ្វើបាប​នារី​ភេទ​។ លោក​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​៖ «សុខភាព និង​ជីវិត​របស់​ស្ត្រី ក្នុងប្រទេស​របស់​យើង ឥឡូវ​កំពុង​ប្រឈម​នឹង​ហានិភ័យ​។ ការសម្រេច​នេះគឺជា​ចំណុច​កំពូល​នៃ​កិច្ចខិតខំ​ប្រឹងប្រែងដោយ​ចេតនា ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍ ដើម្បី​ធ្វើឱ្យ​ខូច​តុល្យភាព​នៃ​ច្បាប់​របស់​យើង»។ លោក បៃ​ដិ​ន សង្កត់ធ្ងន់ថា​៖ «វា​ជា «ថ្ងៃ​សោកសៅ សម្រាប់​តុលាការ និង សម្រាប់​ប្រទេស​»​។

អ្នក​ស្រី Natasha Mitchell វ័យ ៤១ ​ឆ្នាំ មកពី​ទីក្រុង Denver រដ្ឋកូឡូរ៉ាដូ និយាយ​ថា​៖ «វា​ជា​ការ​ក្បត់ ប្រឆាំងនឹង​ស្ត្រី​។ វា​ជា​ជំហាន​ថយក្រោយ​ដ៏​ធំ​មួយ​។ វា​បើកទ្វារ​ឱ្យមាន​ការគំរាម​កំហែង​លើ​សិទ្ធិ និង​សេរីភាព​ផ្សេងទៀត​»​។

ប៉ុន្តែ​សម្រាប់​អ្នក​អភិរក្សនិយមដែល​ប្រឆាំងនឹង​សិទ្ធិ​រម្លូត​កូន ហើយ​គាំទ្រ​នូវ​អ្វីដែល​ខ្លួន​ហៅថា «គាំទ្រ​ជីវិត» ដូចជា​លោក​អតីត​ប្រធានាធិបតី ដូណាល់ ត្រាំ វា​ជា​រឿង​ដែល​គួរឱ្យ​សាទរ​មួយ​។

បញ្ហា​ក្នុងស្រុកនៅ​អាមេរិក បង្កឱ្យមាន​ការបែកបាក់​គ្នា រួមទាំង​សិទ្ធិ​នៃ​ការ​រម្លូត​កូន​នេះផង​។ អស់​រយៈពេល ៥០ ​ឆ្នាំ​មកហើយ ពួក​អភិរក្ស​និយម ដែល​និយាយ​ថា ខ្លួន​តស៊ូ​មតិ​ឱ្យ​ក្មេង ដែល​មិនទាន់​កើត បាន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​សាលក្រម Roe v. Wade ប៉ុន្តែ​មិនអាច​ធ្វើបាន​ដោយសារ​ខ្វះ​សន្លឹកឆ្នោត នៅ​តុលាការ​កំពូល ដើម្បី​ជំទាស់។ ប៉ុន្តែ​រូបភាព​នេះ​បាន​ផ្លាស់ប្ដូរ នៅពេល​លោក​ត្រាំ តែងតាំង​ចៅក្រម​ថ្មី​ប្រឆាំង​នឹង​សិទ្ធិ​រម្លូតកូន ៣ ​រូប ក្នុង​តុលាការ រហូត​ឈាន​ដល់​មាន​ការសម្រេច កាលពី​ថ្ងៃ​សុក្រ​៕

ហួន ឌី​ណា