
ឧទ្ធម្ភាគចក្រទម្លាក់ទឹក ដើម្បីពន្លត់ភ្លើងឆេះព្រៃ ក្នុងខេត្ត Mugla របស់តួកគី កាលពីថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២១។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌តួកគី និយាយកាលពីថ្ងៃសៅរ៍ថា តួកគីនឹងពិចារណាលើសេចក្តីសម្រេចឆ្នាំ ២០០៤ ក្នុងការលុបចោលការកាត់ទោសប្រហារជីវិតឡើងវិញ បន្ទាប់ពីលោកប្រធានាធិបតី រេសិប តៃយីប អេរដូហ្គែន (Recep Tayyip Erdogan) លើកឡើងពីទោសនេះពាក់ព័ន្ធនឹងមូលហេតុនៃការឆេះព្រៃ។
ការកាត់ទោសប្រហារជីវិត ត្រូវបានដកចេញពីរដ្ឋធម្មនុញ្ញ នៅឆ្នាំដំបូងៗនៃការឡើងកាន់អំណាចរបស់លោក អេរដូហ្គែន។ ប៉ុន្តែក្រោយមានការសង្ស័យថា មានភ្លើងឆេះដោយចេតនា ដែលបំផ្លាញព្រៃឈើ នៅតំបន់ឆ្នេរសមុទ្រ Aegean ចំនួន ៤ ៥០០ ហិកតា នៅសប្ដាហ៍កន្លងទៅ លោកប្រធានាធិបតី និយាយថា ត្រូវការភាពយុត្តិធម៌ជាងនេះ។
អាជ្ញាធរតួកគី និយាយថា ជនសង្ស័យម្នាក់ដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងភ្លើងឆេះព្រៃសារភាពថា គេពិតជាបង្កមែន។ បន្ទាប់ពីចុះទៅដល់កន្លែងកើតហេតុ កាលពីថ្ងៃសុក្រ លោក អេរដូហ្គែន និយាយថា ការដាក់ទណ្ឌកម្ម ចំពោះការដុតព្រៃគួរតែជា «ការបំភិតបំភ័យ ហើយប្រសិនបើអាចកាត់ទោសប្រហារជីវិត នោះត្រូវកាត់ទោសប្រហារជីវិត»។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Agri កាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Bekir Bozdag និយាយថា ការអត្ថាធិប្បាយរបស់ប្រធានាធិបតី «គឺជាការណែនាំដល់ពួកយើង»។
លោក Bozdag និយាយថា៖ «យើងចាប់ផ្តើមធ្វើការលើវា ក្នុងនាមជាក្រសួង» ដោយបន្ថែមថា ការដាក់ទណ្ឌកម្មបច្ចុប្បន្ន សម្រាប់ការបង្កឱ្យភ្លើងឆេះព្រៃ គឺត្រូវជាប់គុក ១០ ឆ្នាំ ហើយអាចដល់ការកាត់ទោសឱ្យជាប់គុក ១ ជីវិត បើវាជាការរៀបចំ។
ភ្លើងឆេះព្រៃដ៏ធំដំបូងនៃរដូវក្តៅរបស់តួកគី ដែលចាប់ផ្តើមឡើង កាលពីថ្ងៃអង្គារ រំឭកពីការចងចាំដែលប្រទេសនេះជួបប្រទះ កាលពីឆ្នាំមុន ពេលដែលព្រៃជាង ១៤០ ០០០ ហិកតា ត្រូវបានឆេះបំផ្លិចបំផ្លាញ ដែលជាកំណត់ត្រាអាក្រក់បំផុតរបស់ប្រទេស។ កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីក្រសួងរុក្ខាប្រមាញ់លោក Vahit Kirisci និយាយថា ៨៨% នៃភ្លើងឆេះព្រៃ នៅតួកគីបង្កឡើងដោយមនុស្ស៕
ហួន ឌីណា