The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អេស្ប៉ាញ កំពុង​ព្យាយាម​ទាញ​ណាតូ ពង្រីក​ឥទ្ធិពល​ទៅ​ភាគខាងត្បូង ដោយសារ​បញ្ហា​សន្តិសុខ​កាន់តែ​គួរឱ្យ​ព្រួយបារម្ភ

អេស្ប៉ាញ កំពុង​ព្យាយាម​ទាញ​ណាតូ ពង្រីក​ឥទ្ធិពល​ទៅ​ភាគខាងត្បូង ដោយសារ​បញ្ហា​សន្តិសុខ​កាន់តែ​គួរឱ្យ​ព្រួយបារម្ភ

Content image - Phnom Penh Post
លោក Albares ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​ក្រុមចម្រុះ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ិស្លាម (IS) នៅ​ទីក្រុង Marrakech កាលពី​ថ្ងៃទី​ ១១ ខែឧសភា​។ AFP

អេស្ប៉ាញ កំពុង​ព្យាយាម​ទាញ​ណាតូ ពង្រីក​ឥទ្ធិពល​ទៅ​ភាគខាងត្បូង ដោយសារ​បញ្ហា​សន្តិសុខ​កាន់តែ​គួរឱ្យ​ព្រួយបារម្ភ

ស្រប​ពេល​ដែល​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន ដែល​ស្ថិតនៅ​ភាគ​ខាងកើត​អឺរ៉ុប កំពុង​អូស​បន្លាយពេល ហើយ​រក​ថ្ងៃ​បញ្ចប់​មិនឃើញ​នោះ ប្រទេស​អេស្ប៉ាញ​ដែល​ស្ថិតនៅ​ភាគខាងត្បូង​នៃ​ទ្វីបអឺរ៉ុប​ក៏​កំពុងតែ​ក្រពុលមុខ​នឹង​វិបត្តិ​ជនភៀសខ្លួន​ពី​តំបន់​អាហ្វ្រិក ហើយ​អំពាវនាវ​ឱ្យ​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាងជើង ហៅ​កាត់​ថា ណាតូ (NATO) បង្កើន​សន្តិសុខ​នៅ​ភាគ​ខាងត្បូង​។

ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ណាតូ អេស្ប៉ាញ​កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​ឱ្យ​អង្គការ​នេះ​យកចិត្ត​ទុកដាក់​បន្ថែមទៀត ចំពោះ​ការគំរាមកំហែង​ផ្នែក​សន្តិសុខ​នៅ​ផ្នែក​ខាងត្បូង​របស់ខ្លួន នៅពេល​ដែល​សម្ព័ន្ធមិត្ត​យោធា​ប្រមូលផ្តុំ​ សម្រាប់​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ម៉ាឌ្រីដ នា​ចុង​សប្តាហ៍​នេះ​។

អេស្ប៉ាញ​ដែល​កំពុង​កើតមាន​ភាពល្អក់​កករ​ជាមួយ​នឹង​ប្រទេស​អាល់ហ្សេរី លើ​តំបន់​វាល​ខ្សាច់​សាហារ៉ា ដោយ​ទទួលស្គាល់​ការគ្រប់គ្រង​ពី​ប្រទេស​ម៉ារ៉ុក ខណៈដែល​អាល់ហ្សេរី​គាំទ្រ​ចលនា​បំបែក​ខ្លួន​របស់​តំបន់​នោះ​។ អេស្ប៉ាញ​ក៏​ពឹង​ផ្អែកលើ​ការនាំ​ចូល​ឧស្ម័ន​ច្រើន​ពី​ប្រទេស​អាល់ហ្សេរី​ផងដែរ​។

ជាមួយ​នឹង​សង្គ្រាម​នៅ​អ៊ុយក្រែន​ឈានចូល​ដល់​ខែ​ទី​ ៥ របស់​ខ្លួន អាទិភាព​សម្រាប់​ដៃគូ​ណាតូ​របស់​អេស្ប៉ាញ​នៅតែ​រឹងមាំ​ក្នុង​ការរារាំង​រុស្ស៊ី​នៅ​ភាគ​ខាងកើត​។ នេះ​បើតាម​ការចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP​។ ទីក្រុង​ម៉ា ឌ្រីដ នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​នៃ​មេដឹកនាំ​អង្គការ​ណាតូ​នៅ​ថ្ងៃទី​ ២៨-៣០ ខែ​មិថុនា ហើយ​រំពឹងថា មេដឹកនាំ​ណាតូ​នឹងត្រូវ​កែប្រែ​ឡើងវិញ​នូវ​គោល​គំនិត​យុទ្ធសាស្ត្រ​របស់​សម្ព័ន្ធភាព ដែល​រៀបរាប់​ពី​កិច្ចការ​សន្តិសុខ និង​បញ្ហា​ប្រឈម​សំខាន់ៗ​របស់​ខ្លួន ប៉ុន្តែ​មិនត្រូវ​បាន​កែសម្រួល​នោះឡើយ​ចាប់តាំងពី​ឆ្នាំ​ ២០១០ មក​។

លោក ចូ ម៉ានូអែល អាល់បារែស (Jose Manuel Albares) ដែលជា​រដ្ឋមន្ត្រី​ការបរទេស​អេស្ប៉ាញ បាននិង​កំពុង​ជំរុញ​ឱ្យ​អង្គការ​ណាតូ​ពង្រីក​វិសាលភាព​របស់ខ្លួន ដើម្បី​ជួយ​ដោះស្រាយ​ការគំរាម​កំហែង​មិនមែន​យោធា​ដូចជា «​ការប្រើប្រាស់​នយោបាយ​នៃ​ធនធាន​ថាមពល និង​ការធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​» នៅ​អាហ្វ្រិក​។

រដ្ឋមន្ត្រី​រូបនេះ បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​នៅ​ក្រុង​ម៉ាឌ្រីដ កាលពី​សប្តាហ៍​មុន​ថា​៖ «​ការគំរាម​កំហែង​មាន​ច្រើន​ពី​ផ្នែក​ខាងត្បូង ក៏ដូចជា​ពី​ចំហៀង​ខាងកើត​»​។

ក្រុង​ម៉ាឌ្រីដ​ក៏មាន​ការព្រួយបារម្ភ​ផងដែរ អំពី​ភាពគ្មាន​ច្បាប់ និង​ចលនា​អ៊ិស្លាម​ជ្រុលនិយម​នៅក្នុង​តំបន់ Sahel ដែលជា​ទឹកដី​ដ៏ធំ​ល្វឹងល្វើយ​លាតសន្ធឹង​ឆ្លងកាត់​ភាគខាងត្បូង​នៃ​វាល​ខ្សាច់​សាហារ៉ា​។

លោក Albares បាន​និយាយ​នៅក្នុង​បទ​សម្ភាស​ ១ ជាមួយ​កាសែត Financial Times កាលពី​ខែមករា​ថា សមុទ្រ​មេឌីទែរ៉ាណេ ទន្លេ Maghreb តំបន់ Sahel និង​អនុតំបន់​សាហារ៉ា​អាហ្វ្រិក​មាន​សារៈសំខាន់​សម្រាប់​ណាតូ និង​សម្រាប់​អឺរ៉ុប​។

លោក​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា​៖ «​យើង​និយាយ​អំពី​វិធីសាស្ត្រ ៣៦០ ​ដឺក្រេ​របស់​ណាតូ ដើម្បី​ឆ្លើយតប​ទៅនឹង​ការគំរាម​កំហែង ប៉ុន្តែ​ដោយ​គ្មាន​ខ្លឹមសារ​នេះ​នឹង​គ្រាន់តែ​ជា​ពាក្យស្លោក​ប៉ុណ្ណោះ​»​។

Albares បាន​គូសបញ្ជាក់​ពី​បញ្ហា​នៅ​តំបន់ Sahel ជា​កន្លែង ដែល​ប្រទេស​បារាំង​បានសម្រេច​ចិត្ត កាលពី​ឆ្នាំមុន ដើម្បី​កាត់បន្ថយ​ចំនួន​ពាក់កណ្តាល​នៃ​ទាហាន ដែល​ប្រយុទ្ធ​នឹង​ពួក​សកម្មប្រយុទ្ធ​អ៊ិស្លាម​។

Financial Times បាន​ដកស្រង់​សម្តី​លោក​រដ្ឋមន្ត្រី​ដែល​ថ្លែងថា​៖ «​សាសនា​ជី​ហាដ​នៅតែ​មាន ដូចជា​ការជួញដូរ​ខុសច្បាប់​គ្រប់​ប្រភេទ ដែល​រួមមាន​អាវុធ មនុស្ស និង​គ្រឿងញៀន​ជាដើម​។ វា​មាន​ភាពផុយស្រួយ​ខ្លាំងណាស់​។ យើង​ឃើញ​របប​យោធា​កាន់តែ​ច្រើនឡើង​នៅ​តំបន់ Sahel ដោយ​ជាក់ស្តែង ចំពោះ​រដ្ឋប្រហារ​នាពេល​ថ្មីៗ​នេះ​នៅក្នុង​ប្រទេស​ប៊ួគីណាហ្វាសូ និង​ម៉ាលី​»​។

កាសែត AFP បាន​រាយការណ៍​ថា លោកស្រី ម៉ាហ្គារីតា រ៉ូប្លិ៍ (Margarita Robles) រដ្ឋមន្ត្រី​ការពារជាតិ​-​អេស្ប៉ាញ​បាន​និយាយ​ថា​៖ «​យើង​មាន​សង្គ្រាម​នេះ​នៅ​អឺរ៉ុប ប៉ុន្តែ​ស្ថានភាព​នៅ​អាហ្វ្រិក ពិតជា​គួរឱ្យ​ព្រួយបារម្ភ​ខ្លាំង​»​។

បញ្ហា​សន្តិសុខ​នៅ​ភាគ​ខាងត្បូង​មាន​លក្ខណៈ​ស្រួចស្រាល់​ខ្លាំងណាស់ ជាពិសេស​សម្រាប់​អេស្ប៉ាញ​តែម្តង ដែលជា​ច្រក​សំខាន់​ចូល​ទៅក្នុង​ទ្វីបអឺរ៉ុប សម្រាប់​ការធ្វើ​ចំណាកស្រុក​មិន​ទៀងទាត់​ពី​ទ្វីប​អាហ្វ្រិក និង​ជា​ប្រទេស​ដែល​ពឹង​ផ្អែកលើ​អាល់ហ្សេរី សម្រាប់​ការផ្គត់ផ្គង់​ឧស្ម័ន​។

កាលពី​ឆ្នាំមុន ប្រទេស​ម៉ារ៉ុក​បាន​អនុញ្ញាត​ឱ្យ​ជន​ចំណាកស្រុក​រាប់ពាន់នាក់​ចូល​ទៅក្នុង​តំបន់ Ceuta នៅ​អាហ្វ្រិក​ខាងជើង​របស់​អេស្ប៉ាញ ក្នុង​អំឡុងពេល​មាន​វិបត្តិ​ការទូត​ជុំវិញ​ជម្លោះ​សាហារ៉ា​ខាងលិច ដែល​ជំរុញ​ឱ្យ​ទីក្រុង​ម៉ាឌ្រីដ​ចោទប្រកាន់​ទីក្រុង​រ៉ាបា ពី «​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ​»​។

ទោះបីជា​ប្រទេស​ទាំង​ ២ នាពេល​ថ្មីៗ​នេះ​បាន​ធ្វើឱ្យ​ទំនាក់ទំនង​របស់​ពួកគេ​មាន​លក្ខណៈ​ធម្មតា បន្ទាប់ពី​ប្រទេស​អេស្ប៉ាញ​បាន​បញ្ចប់​ជំហរ​អព្យាក្រឹតភាព​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​លើ​តំបន់​សាហារ៉ា​ខាងលិច​ ដើម្បី​គាំទ្រ​ជា​សាធារណៈ ចំពោះ​គោលជំហរ​របស់​ម៉ារ៉ុក​ក៏ដោយ ក៏​វិបត្តិ​នៃ​ជន​ចំណាកស្រុក​មិនទាន់​បញ្ចប់​នៅឡើយ​ទេ​។

កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុននេះ​ជន​ចំណាកស្រុក​អាហ្វ្រិក​ប្រហែល ២ ០០០ ​នាក់ បាន​ព្យាយាម​សម្រុក​ទៅកាន់​ព្រំដែន​ជាមួយ​ក្រុង​ស្វយ័ត Melilla ដែលជា​តំបន់​ព័ទ្ធជុំវិញ​របស់​អេស្ប៉ាញ​ ១ ផ្សេងទៀត នៅលើ​ឆ្នេរ​សមុទ្រ​ភាគ​ខាងជើង​ម៉ារ៉ុក​។ យ៉ាងហោចណាស់​មនុស្ស ២៣ ​នាក់​បាន​ស្លាប់ សម្រាប់​ការធ្វើ​ដំណើរ​ទៅ​ភ្លូកទឹក​ភ្លូកដី​នោះ ដោយ​វា​បាន​ធ្វើឱ្យ​ក្លាយជា​ឧប្បត្តិហេតុ​ដ៏អាក្រក់​បំផុត​នៅ​ព្រំដែន​នៃ​ឧបទ្វីប​អេស្ប៉ាញ​ទាំង ​២ ដែលជា​ព្រំដែន​តែ ១ ​គត់ រវាង​សហភាព​អឺរ៉ុប និង​អាហ្វ្រិក​។

យោងតាម​ការចេញផ្សាយ​របស់ Al Jazeera ប្រទេស​អាល់ហ្សេរី ដែលជា​គូប្រជែង​របស់​ម៉ារ៉ុក​បាន​ផ្អាក​សន្ធិសញ្ញា​សហប្រតិបត្តិការ​ជាមួយ​អេស្ប៉ាញ ដើម្បី​ឆ្លើយតប​ទៅនឹង​ដំណោះស្រាយ​លើ​តំបន់​សាហារ៉ា​ខាងលិច​របស់​រដ្ឋាភិបាល​ក្រុង​ម៉ាឌ្រីដ ហើយ​ក៏បាន​ព្រមាន​ក្នុង​ការ​ផ្តាច់​នូវ​ការផ្គត់ផ្គង់​ឧស្ម័ន បន្ទាប់ពី​មាន​ការដូរ​គោលជំហរ​របស់​អេស្ប៉ាញ​នេះ​។

លោក Sinan Ulgen ដែលជា​អ្នកជំនាញ​របស់​អង្គការ​ណាតូ​នៅ​អង្គការ Carnegie Europe ក្នុង​ទីក្រុង​ប្រ៊ុចសែល​បាន​ប្រាប់ AFP ថា ប៉ុន្តែ​ជាមួយ​នឹង​ជម្លោះ​យ៉ាងសកម្ម​នៅលើ​ផ្នែក​ខាងកើត​របស់​អង្គការ​ណាតូ វា​នឹង​ក្លាយ​ទៅជា «​ការតស៊ូ​កាន់តែ​ខ្ពស់​ឡើង​» ដើម្បី​បញ្ចុះបញ្ចូល​ប្រទេស​ជា​សមាជិក​ឱ្យ​ធ្វើការ​ប្តេជ្ញាចិត្ត ចំពោះ​ផ្នែក​ខាងត្បូង​។

អតីត​អ្នកការទូត​តួកគី​រូបនេះ​បាន​លើកឡើង​ថា​៖ «​ភ្លើងសង្គ្រាម​នៅ​អ៊ុយក្រែន​បាន​ផ្លាស់ប្តូរ​សមភាព​។ ការគំរាម​កំហែង​ពី​ប្រទេស​រុស្ស៊ី​បានក្លាយ​ទៅជា​រឿង​ត្រូវ​យកចិត្ត​ទុកដាក់​ជា​ចម្បង សម្រាប់​ប្រទេស​ស្ទើរតែ​ទាំងអស់​»​។

នៅ​ទីក្រុង​វ៉ាស៊ីនតោន អ្នកនាំពាក្យ​សន្តិសុខ​ជាតិ​អាមេរិក លោក John Kirby បាន​និយាយថា​៖ «​ការផ្តោត​អារម្មណ៍ នាពេល​នេះ គឺ​ស្ថិតនៅលើ​ផ្នែក​ខាងកើត​»​។ នេះ​បើតាម​បណ្ដាញ​ព័ត៌មាន AFP​។ លោក​បាន​បន្ថែមថា​៖ «​ប៉ុន្តែ​នៅតែមាន​កិច្ចខិតខំ​ប្រឹងប្រែង​បន្តទៀត ដើម្បី​ធ្វើឱ្យ​ប្រាកដថា យើង​ក៏​កំពុង​យកចិត្ត​ទុកដាក់ ចំពោះ​ផ្នែក​ខាងត្បូង​ដែរ​»​។

នៅក្នុង​បទសម្ភាស​ ១ ដែល​ត្រូវបាន​ចេញផ្សាយ​កាលថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​កន្លងមក ដោយ​កាសែត El Pais របស់​អេស្ប៉ាញ អគ្គលេខាធិការ​អង្គការ​ណាតូ លោក Jens Stoltenberg បាន​និយាយថា សម្ព័ន្ធភាព​នឹង «​ពង្រឹង​កិច្ចសហប្រតិបត្តិការ​របស់​ខ្លួន​ជាមួយ​នឹង​បណ្តា​ប្រទេស​នៅ​ភាគខាងត្បូង​» ដោយ​លើកឡើង​ពី​ប្រទេស​ម៉ូរីតានី ជាពិសេស​។

ក្រៅពី​រុស្ស៊ី ក្តីកង្វល់​ធំ​ ១​ ទៀត​របស់​ក្រុង​វ៉ាស៊ីនតោន គឺ​ប្រទេស​ចិន​ដែល​គេ​រំពឹងថា​នឹង​ត្រូវ​លើកឡើង នៅក្នុង​គោល​គំនិត​យុទ្ធសាស្ត្រ​របស់​ណាតូ​ជា​លើកដំបូង​។

ដើម្បី​ឱ្យ​ការព្យាយាម​បញ្ចុះបញ្ចូល​សម្ព័ន្ធមិត្ត​ណាតូ​របស់ខ្លួន​ទទួល​បាន​ផល អេស្ប៉ាញ​ផ្តល់​សញ្ញា​ព្រមាន​អំពី​ការកើនឡើង​នៃ​វត្តមាន​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី ក្នុង​ប្រទេស​អាហ្វ្រិក ដូច​ប្រទេស​ជាម៉ាលី និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ដោយហេតុ​ផល​ថា អស្ថិរភាព​អាច​បង្កើន​ការធ្វើ​ចំណាក​ស្រុក​អាហ្វ្រិក​ទៅកាន់​អឺរ៉ុប​។

លោក Albares បានបញ្ជាក់​ទៀត​ថា​៖ «​ជា​អកុសល ការគំរាម​កំហែង​ពី​ភាគខាងត្បូង គឺជា​ការគំរាម​កំហែង​របស់​រុស្ស៊ី ដែលមាន​កាន់តែខ្លាំង​ឡើង​ពី​ភាគខាងត្បូង​»​។

ចំណែក​លោក Ulgen បាន​លើកឡើង​បន្ថែមថា ការលំបាក​មួយ​ទៀត​គឺថា ខណៈពេល​ដែល​ប្រទេស​នៅ​អឺរ៉ុប​ភាគខាងត្បូង​ផ្សេងទៀត​ចង់​បាន​ការចូលរួម​របស់​ណាតូ​កាន់តែ​ខ្លាំង នៅក្នុង​ទ្វីប​អាហ្វ្រិក ពួកគេ​មាន​អាទិភាព​ផ្សេងៗ​គ្នា ដែល​ធ្វើឱ្យ​វា​ពិបាក​ក្នុង​ការកំណត់​យុទ្ធសាស្ត្រ​ដឹកនាំ​ដោយ​សម្ព័ន្ធភាព​។

«​ទីក្រុង​រ៉ូម ប៉ារីស ម៉ាឌ្រីដ និង​អង់ការ៉ា នៅតែ​វាយតម្លៃ ចំពោះ​បញ្ហា​ប្រឈម​ផ្នែក​នយោបាយ និង​សន្តិសុខ មិន​ដូចគ្នា​។ នោះ​គឺជា​ហេតុផល​មូលដ្ឋាន ដែល​មិនមាន​ការជំរុញ​ខ្លាំង​សម្រាប់​ណាតូ​ឱ្យមាន​តួនាទី​ធំ​ជាង​នេះ​នៅ​ប៉ែក​ខាងត្បូង​»​។ លោក Ulgen បាន​ប្រាប់​បន្ត​។

លោក​បាន​និយាយ​បន្ថែម​ទៀត​ថា​៖ «​ការគំរាមកំហែង​តែ ១ ​គត់ ចំពោះ​ការការពារ​ទឹកដី គឺ​រុស្ស៊ី​។ ពិតមែន​ហើយ​បញ្ហា​នៅ​តំបន់ Sahel អាច​ធ្វើឱ្យ​អឺរ៉ុប​ជួបប្រទះ​នឹង​អស្ថិរភាព ប៉ុន្តែ​វា​នឹង​មិនអាច​យកឈ្នះ​អេស្ប៉ាញ ឬ​អ៊ីតាលី​បានទេ​»៕

អត្ថបទគួរចាប់អារម្មណ៍