
មនុស្ស ១៦ នាក់ ត្រូវបានសម្លាប់ពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ទៅលើកន្លែងទំនិញ ១ នៅកណ្ដាលទីក្រុងក្រឹមមិនឆូក។ រូបថត AFP
ក្រុមមន្ត្រីអ៊ុយក្រែនប្រាប់ថា មីស៊ីលរបស់រុស្ស៊ីចំនួន ២ បានវាយប្រហារទៅលើកន្លែងទំនិញ ១ នៅកណ្ដាលទីក្រុងក្រឹមមិនឆូក (Kremenchuk) នៃភាគកណ្ដាលប្រទេស កាលពីថ្ងៃចន្ទ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦ នាក់ និងរបួស ៥៩ នាក់។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី និយាយថា មនុស្សជាង ១ ពាន់នាក់ ស្ថិតនៅក្នុងអគារផ្សារ ពេលមីស៊ីលវាយប្រហារ។ វីដេអូដែលចែកចាយលើបណ្ដាញសង្គម ក្រោយការវាយប្រហារបង្ហាញពីភ្លើងឆាបឆេះសន្ធោសន្ធៅ និងមានផ្សែងខ្មៅហុយទ្រលោមទៅលើមេឃ។
សេវាសង្គ្រោះបន្ទាន់អ៊ុយក្រែនឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១៦ នាក់ ត្រូវស្លាប់ ខណៈ ៥៩ នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
លោក ហ្សេលេនស្គី សរសេរនៅលើកម្មវិធីផ្ញើសារតេឡេក្រាមថា៖ «វាមិនអាចទៅរួចទេ ក្នុងការស្រមៃមើលចំនួនជនរងគ្រោះ។ វាគ្មានប្រយោជន៍ទេ ក្នុងការសង្ឃឹមពីភាពសមរម្យ និងភាពជាមនុស្សជាតិពីរុស្ស៊ី»។
ក្រឹមមិនឆូក គឺជាទីក្រុងឧស្សាហកម្មដែលមានប្រជាជនចំនួន ២១៧ ០០០ នាក់ មុនការចាប់ផ្ដើមការវាយលុករបស់រុស្ស៊ី កាលពីចុងខែកុម្ភៈ។ ទីក្រុងភាគកណ្ដាលមួយនេះ ស្ថិតនៅលើទន្លេ Dnipro ក្នុងតំបន់ប៉ូលតាវ៉ា (Poltava) និងជាទីតាំងនៃរោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់អ៊ុយក្រែន។
លោក ឌ្មីត្រូ លូនីន (Dmytro Lunin) អភិបាលតំបន់ប៉ូលតាវ៉ាភាគកណ្តាលសរសេរនៅលើតេឡេក្រាមថា វាឆាប់ពេកក្នុងការនិយាយពីចំនួនអ្នកស្លាប់ចុងក្រោយ ខណៈក្រុមអ្នកជួយសង្គ្រោះបន្តប្រតិបត្តិការរបស់ខ្លួនតាមគំនរបាក់បែក។ លោកនិយាយដាច់ដោយឡែកថា៖ «វាជាអំពើភេរវកម្មប្រឆាំងនឹងជនស៊ីវិល» ដោយលើកឡើងថា គ្មានគោលដៅយោធាណានៅទីនោះដែលរុស្ស៊ីត្រូវវាយប្រហារទេ។
បញ្ជាការកងទ័ពអាកាសអ៊ុយក្រែននិយាយថា អាវុធដែលយកធ្វើការវាយប្រហារកន្លែងទិញទំនិញទាំង ២ គ្រាប់ គឺជាមីស៊ីល X-22 រយៈចម្ងាយឆ្ងាយដែលបាញ់ចេញពីយន្តហោះទម្លាក់គ្រាប់បែក Tu-22M3 ដែលហោះចេញពីអាកាសយានដ្ឋាន Shaykovka ក្នុងតំបន់កាលូហ្គារបស់រុស្ស៊ី។
ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក ឌ្មីទ្រី ប៉ូលយ៉ានស្គី (Dmitry Polyanskiy) សរសេរនៅលើធ្វីតធើរ ដោយមិនបញ្ជាក់ពីភ័ស្តុតាងថា ការវាយប្រហារនេះ គឺជាការបង្កហេតុរបស់អ៊ុយក្រែន។
រុស្ស៊ីដែលចោទអ៊ុយក្រែនថា យកជនស៊ីវិលជាខែល តែងវាយប្រហារដោយមីស៊ីលជារឿយៗលើអគាររស់នៅរបស់ប្រជាជនតាំងពីមានការឈ្លានពាន ដោយនិយាយថា មានគោលដៅយោធានៅទីនោះ ហើយថា ខ្លួនមិនដាក់គោលដៅលើជនស៊ីវិលទេ សូម្បីតែការទម្លាក់គ្រាប់បែកលើសាលារៀនដែលមានជនស៊ីវិលជ្រកកោនក្ដី៕
ហួន ឌីណា
វីដេអូ៖