ប្រទេស​ស្រីលង្កា ​ដែល​កំពុង​ល្បីរន្ទឺ​ក្នុង​វិបត្តិ​ចាក់​ស្រែះ ដែល​ផ្តើម​ចេញ​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ថាមពល រហូត​ដល់​ម្ហូប​អាហារ តាំង​ពី​ដើម​ឆ្នាំ​នេះ បាន​ឈាន​ដល់​ការ​ដាក់​កំហិត ចំពោះ​​​ការ​ផ្គត់ផ្គង់​ប្រេង​ឥន្ធនៈ​ភ្លាមៗ ដោយ​ប្រាប់​ប្រជាជន​ឱ្យ​ស្នាក់​នៅ​ផ្ទះ ដើម្បី​បញ្ចៀស​ភាព​ចលាចល​ក្នុង​ប្រទេស​កាន់​តែ​ខ្លាំង​ឡើងៗ​ ខណៈ​ដែល​រដ្ឋាភិបាល​​កំពុង​ប្រឹងប្រែង​តស៊ូ​ក្នុង​ការ​ផ្តល់​ទំនិញ​សំខាន់ៗ ដោយសារ​វិបត្តិ​បំណុល​​ជាតិ​ដ៏​កម្សត់ ដែល​បាន​អង្រួន​ប្រទេស​អស់​រយៈពេល​ជាច្រើន​ខែ​។

លោក បានឌូឡា ហ្គូណាវ៉ាដេណា (Bandula Gunawardena) អ្នក​នាំពាក្យ​របស់​នាយក​រដ្ឋមន្ត្រី​ស្រីលង្កា​ឱ្យ​ដឹង​នៅក្នុង​សេចក្តី​ថ្លែងការណ៍ តាម​ទូរទស្សន៍​ថា ខុទ្ទកាល័យ​​គណៈរដ្ឋមន្ត្រី​របស់​ប្រទេស បាន​សម្រេច​កំណត់​ការ​ចែកចាយ​ប្រេង​​ឥន្ធនៈ​ដល់​សេវាកម្ម​សំខាន់ៗ រហូត​ដល់​ថ្ងៃទី​ ១០ ខែ​កក្កដា ដោយ​បន្ថែម​ថា ការ​ដឹក​ជញ្ជូន​សាធារណៈ​អន្តរ​ខេត្ត​ទំនង​ជា​នឹង​មាន​ការ​ផ្អាក​។ នេះ​យោង​តាម​បណ្តាញ​ព័ត៌មាន BLOOMBERG​។

លោក ហ្គូណាវ៉ាដេណា បាន​និយាយ​ថា៖ «កំពង់​ផែ សេវា​សុខភាព ការ​ដឹក​ជញ្ជូន​ម្ហូប​អាហារ នឹង​ត្រូវ​បាន​​ផ្តល់​ជូន​​ប្រេង​ឥន្ធនៈ និង​ប្រេង​ម៉ាស៊ូត ខណៈ​វិស័យ​ផ្សេង​ទៀត ​ត្រូវ​បាន​ស្នើ​សុំឱ្យ​ស្នាក់​នៅ​ផ្ទះ និង​ផ្តល់​សេវាកម្ម​តាម​អ៊ីនធឺណិត ក្នុង​គ្រា​ដ៏​លំបាក​នេះ​។ ប្រទេស​របស់​យើង​កំពុង​ប្រឈមមុខ​នឹង​ស្ថានភាព​ហិរញ្ញវត្ថុ និង​វិបត្តិ​រូបិយប័ណ្ណ​បរទេស​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក»។

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​បាន​ផ្សាយ​ថា ប្រទេស​ដែន​កោះ​ដែល​មាន​ប្រជាជន​ប្រមាណ ២២ ​លាន​នាក់ ស្ថិត​នៅ​អាស៊ី​ខាង​ត្បូង​នេះ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​ជា​បន្តបន្ទាប់ ចាប់​តាំង​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩ បាន​ផ្ទុះ​ឡើង ដោយ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍​ដែល​ប្រទេស​នេះ​ពឹង​ផ្អែក​លើ ដើម្បី​បង្កើត​រូបិយប័ណ្ណ​អន្តរជាតិ សម្រាប់​បញ្ជា​ទិញ​ឧស្ម័ន និង​ម្ហូបអាហារ​ពី​ទីផ្សារ​អន្តរជាតិ។

សេដ្ឋកិច្ច​របស់​ស្រីលង្កា បាន «ដួលរលំ​ទាំង​ស្រុង» ​ហើយ​។ នេះ​បើ​តាម​ការ​អះអាង​របស់​នាយក​រដ្ឋមន្ត្រី​ស្រីលង្កា​ លោក​ រ៉ានីល វីកក្រេម៉េស៊ីងហេ (Ranil Wickremesinghe) ដែល​ថ្លែង​ប្រាប់​សមាជិក​សភា កាល​ពី​សប្តាហ៍​មុន ដែល​ចុះផ្សាយ​ដោយ BLOOMBERG។

រដ្ឋាភិបាល​​លោក​នាយក​​រដ្ឋមន្រ្តី​រូប​នេះ​កំពុង​ពិភាក្សា​ជាមួយ​​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ក៏​ដូច​ជា​ម្ចាស់​បំណុល​ទ្វេភាគី ដូច​ជា​​ឥណ្ឌា និង​ចិន សម្រាប់​មូលនិធិ​ថ្មីៗ​បន្ថែម​ទៀត ដើម្បី​ទូទាត់​ការ​នាំ​ចូល បន្ទាប់​ពី​ខ្លួន​​ខកខាន​ទូទាត់​បំណុល​សញ្ញាបណ្ណ​ប្រាក់​ដុល្លារ​របស់​ខ្លួន កាល​ពី​ដើម​ឆ្នាំ​នេះ ហើយ​ឃើញ​ថា ទុន​បម្រុង​បរទេស​ធ្លាក់​ចុះ​។

រដ្ឋាភិបាល​បាន​បិទ​សាលា​រៀន​​សាធារណៈ​រួច​ទៅ​ហើយ និង​ស្នើ​ឱ្យ​មន្ត្រីរាជការ​ធ្វើ​ការ​ពី​ផ្ទះ ដើម្បី​កាត់​បន្ថយ​ការ​ដឹក​ជញ្ជូន ដោយ​ធ្វើ​ឱ្យ​ផ្លូវ​ជាច្រើន​ក្នុង និង​ជុំវិញ​រដ្ឋធានី​កូឡុំបូ មាន​សភាព​ស្ងាត់​ជ្រងំ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ សូម្បី​តែ​រថយន្ត​រាប់ពាន់​គ្រឿង ដែល​បាន​តម្រង់​ជួរ​រាប់​គីឡូម៉ែត្រ ដើម្បី​រង់ចាំ​ចាក់​ប្រេង​នៅ​តាម​ស្ថានីយ​នានា​ក៏​មិន​មាន​ដែរ​។

ការ​ខ្វះខាត​ឥន្ធនៈ​ជំរុញ​ឱ្យ​មាន​​អតិផរណា​ទំនិញ​គ្រប់​ប្រភេទ ជាពិសេស​ម្ហូប​អាហារ​សម្រាប់​បំពេញ​តម្រូវការ​ក្នុង​ប្រទេស ហើយ​វា​ក៏​បង្ក​ឱ្យ​មាន​ការ​តវ៉ា​ខ្លាំង​ក្នុង​ប្រទេស​ផង​ដែរ ដោយ​ទាមទារ​ទម្លាក់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​បងប្អូន​របស់​លោក​ប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាចាប៉ាក្សា (Gotabaya Rajapaksa)។ ជា​លទ្ធផល នាយក​រដ្ឋមន្ត្រី Mahinda Rajapaksa ដែល​ជា​បងប្រុស​របស់​ប្រធានាធិបតី​ក៏​បាន​ប្រកាស​លាលែង​ពី​តំណែង កាល​ពី​ដើម​ខែ​ឧសភា​។

វិបត្តិ​ម្ហូបអាហារ​ស្រីលង្កា ក៏​កើត​ឡើង​ផង​ដែរ ពី​គោល​នយោបាយ​មិន​ត្រឹមត្រូវ​ក្នុង​វិស័យ​កសិកម្ម​ដែល​ប្រទេស​នេះ​មានបំណង​ប្រែ​ក្លាយ​ទៅ​ជា​ប្រទេស​​ផលិត​ផលិត​កម្ម​សរីរាង្គ ១០០% ដំបូង​គេ​បំផុត​នៅ​លើ​ពិភព​លោក ដោយ​ហាម​ឃាត់​ការ​នាំចូល​ជីគីមី​ ដែល​បម្រើ​ដល់​ការ​បង្ក​បង្កើន​ផល​ក្នុង​ស្រុក។

ផ្ទុយ​ទៅ​វិញ កសិករ​ជាច្រើន​បាក់​ទឹក​ចិត្ត ព្រម​ទាំង​បោះបង់​ចោល​​ស្រែ​ចម្ការ ដោយសារ​កសិកម្ម​របស់​ខ្លួន​រង​ការ​បំផ្លិចបំផ្លាញ​ពី​សត្វល្អិត និង​ការ​ទទួល​បាន​ទិន្នផល​ទាប​។

កាសែត New York Times របស់​អាមេរិក កាល​ពី​ថ្ងៃទី ​២២ ខែ​មេសា បាន​ចុះ​ផ្សាយ​ថា ដើម្បី​ធានា​អនាគត​នយោបាយ​របស់​គ្រួសារ​លោក ប្រធានាធិបតី ហ្គោតាបាយ៉ា ​វ័យ ៧២ ​ឆ្នាំ បាន​​បំផ្លាញ​​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​ចាប់​អ្នក​ប្រឆាំង​ដាក់​គុក​ និង​កម្ចាត់​បក្ស​ប្រឆាំង​ក្នុង​ពេល​កន្លង​មក​។

គាត់​បាន​ពង្រីក​អំណាច​ប្រធានាធិបតី​របស់​គាត់​យ៉ាង​ខ្លាំង ដោយ​ស្តុក​ទុក​រដ្ឋាភិបាល​ជាមួយ​សាច់ញាតិ​របស់​គាត់​បុរស​ជា​យោធា និង​ព្រះសង្ឃ​​ស្តាំ​និយម​ដែល​ស្រប​នឹង​គំនិត​ ច្បាប់​ និង​សណ្តាប់​ធ្នាប់​របស់​គាត់​។

តាំង​ពី​មាន​វិបត្តិ​ រដ្ឋាភិបាល​​ស្រីលង្កា​ខកខាន​បង់​បំណុល​បរទេស​ $៥១ ​ពាន់លាន ​​របស់​ខ្លួន ហើយ​កំពុង​ស្វែងរក​​​ជំនួយ​សង្គ្រោះ​ពី​មូលនិធិ​​រូបិយវត្ថុ​អន្តរជាតិ​។ នេះ​បើ​តាម AFP។

ទោះ​មាន​ការ​អំពាវនាវ​ឱ្យ​លោក ហ្គោតាបាយ៉ា លាលែង​ពី​តំណែង​ប្រធានាធិបតី ដែល​លោក​​ចូល​កាន់​ក្នុង​ឆ្នាំ​ ២០១៩ ក៏​ដោយ ក៏​លោក​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​សភា​ស្រីលង្កា ហើយ​​នៅ​តែ​បន្ត​កាន់​កាប់​តួនាទី និង​ប្តេជ្ញា​បន្ត​រហូត​ចប់​អាណត្តិ ដោយ​មិន​ធ្វើ​តាម​ការ​ស្នើ ហើយ​រៀបចំ​ការ​បោះឆ្នោត​ឡើង​វិញ​នោះ​ទេ​។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់ Bloomberg។

ការ​តវ៉ា​ដោយ​កើត​មាន​អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​ក្នុង​ខែ​ឧសភា បន្ទាប់​ពី​បង​ប្រុស​របស់​ប្រធានាធិបតី ហ្គោតាបាយ៉ា លាលែង​ពី​តំណែង​ជា​នាយក​​រដ្ឋមន្ត្រី ក្រោយ​មាន​ការ​ប៉ះទង្គិច​គ្នា រវាង​អ្នក​គាំទ្រ​រដ្ឋាភិបាល និង​ក្រុម​ប្រឆាំង​។ ទោះបី​ជា​ចាប់​តាំង​ពី​ពេល​នោះ​មក​លោក បាន​ការ​គាំទ្រ​នៅ​ក្នុង​សភា និង​បាន​ប្តេជ្ញា​ថា នឹង​បម្រើ​រយៈពេល ២ ​ឆ្នាំ​ចុង​ក្រោយ ក្នុង​អាណត្តិ​របស់​គាត់​ក៏​ដោយ ក៏​ភាព​តានតឹង​នៅ​តែ​មាន​កម្រិត​ខ្ពស់​។

ប្រទេស​ស្រីលង្កា​ គ្រោង​នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​បរទេស​ចែកចាយ​ឥន្ធនៈ​ក្នុង​ការ​ដេញ​ថ្លៃ ដើម្បី​បន្ធូរបន្ថយ​ការ​ខ្វះខាត​ដែល​ធ្វើ​ឱ្យ​សកម្មភាព​សេដ្ឋកិច្ច​ភាគ​ច្រើន​ធ្លាក់​ពិការ​។ នេះ​បើតាម​រដ្ឋមន្ត្រី​ថាមពល Kanchana Wijesekera​។

ការិយាល័យ​ប្រធានាធិបតី​ឱ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​ ១ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា ទេសាភិបាល​នៃ​ធនាគារ​កណ្តាល​​របស់​ស្រីលង្កា​បាន​យល់​ព្រម​បង់ថ្លៃ​សង​ដល់​ក្រុមហ៊ុន សម្រាប់​ការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ «ជាមួយ​នឹង​ផែនការ»​។ លោក​ប្រធានាធិបតី​ ហ្គោតាបាយ៉ា ក៏​បាន​ណែនាំ​ដល់​មន្ត្រី​ឱ្យ​ចាត់​វិធានការ​ជា​បន្ទាន់ ក្នុង​ការ​នាំចូល​ប្រេង​ឥន្ធនៈ​ដោយ​ប្រើ​មូលនិធិ​ដែល​មាន​ស្រាប់​រហូត​ដល់​ពេល​នោះ។

រដ្ឋាភិបាល​កំពុង​បញ្ជូន​បេសកជន​​ទៅ​កាន់​ប្រទេស​កាតា និង​រុស្ស៊ី ក្នុង​សប្តាហ៍​នេះ ដើម្បី​ទទួល​បាន​ការ​ផ្គត់ផ្គង់​ថ្មី ហើយ​សង្ឃឹម​ថា នឹង​មាន​ការ​យល់ព្រម​​ពី​​ឥណ្ឌា​នូវ​ខ្សែ​ឥណទាន​ចំនួន $៥០០ លាន សម្រាប់​ការ​នាំចូល​ប្រេង​ឥន្ធនៈ។

ឧត្តម​ស្នងការ​ស្រីលង្កា​ប្រចាំ​ក្រុង​ញូវដេលី លោក Milinda Moragoda បាន​ជួប​ជាមួយ លោក Hardeep Singh Puri រដ្ឋមន្ត្រី​ក្រសួង​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​របស់​​ឥណ្ឌា និង​កិច្ចការ​លំនៅឋាន​នៅ​ក្រុងញូវដេលី កាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការ​ធានា​ការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ និង​ប្រេង​ម៉ាស៊ូត ដែល​តម្រូវ​ដោយ​ប្រទេស​កោះ​នេះ​ផ្អែក​លើ​មូលដ្ឋាន​បន្ទាន់​។

ជាមួយ​គ្នា​នេះ លោក Moragoda ក៏​ជម្រាប​លោក Puri អំពី «បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ដែល​ស្រីលង្កា​កំពុង​ជួបប្រទះ​នាពេល​បច្ចុប្បន្ន ទាក់ទង​នឹង​ការ​ផ្គត់ផ្គង់ និង​ការ​ចែកចាយ​ផលិតផល​ប្រេង ព្រម​ទាំង​ការ​លំបាក​​ផ្សេងៗ​ទៀត​ផង​ដែរ»៕

វីដេអូ៖