តុលាការ​អាល្លឺម៉ង់​កាលពី​ថ្ងៃ​អង្គារ​ដើម​សប្ដាហ៍​នេះ​បាន​កាត់ទោស​បុរស​ជា​អតីត​ឆ្មាំ​ជំរំ SS វ័យ ១០១ ឆ្នាំ​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៥ ឆ្នាំ​ពី​បទ​ផ្ដល់ជំនួយ​ក្នុង​ឃាតកម្ម​លើ​មនុស្ស​ប្រហែល ៣ ៥០០ នាក់​នៅ​ជំរំ​ប្រមូលផ្ដុំ Sachsenhausen កាលពី ៨០ ឆ្នាំ​មុន ដែល​ជា​ការកាត់ក្ដី​ចុងក្រោយ​លើ​សំណុំរឿង​ណាហ្ស៊ី​អាល្លឺម៉ង់​។

រដ្ឋអាជ្ញា​អាល្លឺម៉ង់​និយាយ​ថា លោក​ យូសែហ្វ អេស (Josef S.) ដែល​ជា​សមាជិក​ឆ្មាំ​នៃ​ក្រុម​ការពារ ​SS របស់​បក្ស​ណាហ្ស៊ី​បាន​ជួយ​បញ្ជូន​មនុស្ស​ចំនួន ៣ ៥១៨ នាក់​ទៅ​ជំរំ​ដាក់​អ្នកទោស​នយោបាយ​ Sachsenhausen នា​ភាគ​ខាងជើង​នៃ​ទីក្រុង​ប៊ែរឡាំង ដោយ​ឈរ​យាម​ជាប្រចាំ​នៅ​ចន្លោះ​ឆ្នាំ ១៩៤២ និង​ឆ្នាំ ១៩៤៥​។

មនុស្ស​ជាង ២០០ ០០០ នាក់​ដែល​ភាគច្រើន​ជា​អ្នកទោស​នយោបាយ​មកពី​ទូទាំង​ទ្វីបអឺរ៉ុប​រួម​នឹង​អ្នកទោស​សង្គ្រាម​សូវៀត និង​ជនជាតិ​ជ្វីហ្វ​មួយចំនួន​ត្រូវបាន​ឃុំខ្លួន នៅ​ជំរំ Sachsenhausen ចន្លោះ​ពី​ឆ្នាំ ១៩៣៦ ដល់​ឆ្នាំ ១៩៤៥​។

អ្នកទោស​រាប់ម៉ឺន​នាក់​បាន​ស្លាប់​ដោយសារ​ការអត់ឃ្លាន ជំងឺ ការបង្ខំ​ឱ្យ​ធ្វើការ និង​មូលហេតុ​ផ្សេងទៀត​ក៏ដូចជា​តាមរយៈ​ការពិសោធ​វេជ្ជសាស្ត្រ និង​ប្រតិបត្តិ​ការសម្លាប់​ជា​ប្រព័ន្ធ​ពី​ពួក​ឆ្មាំ SS រួមទាំង​ការបាញ់​ប្រហារ ការព្យួរក និង​បំពុល​ដោយ​ឧស្ម័ន​។ មនុស្ស​មួយចំនួន​ត្រូវបាន​គេ​សម្លាប់ ដោយ​ប្រើ​ឧស្ម័ន​ពុល Zyklon-B ជា​ឧស្ម័ន​ប្រើ​ក្នុង​ការ​សម្លាប់​រង្គាល​យ៉ាង​ឃោរឃៅ​នៅ​ជំរំ​ផ្សេងៗ​ទៀត ដែល​ជនជាតិ​ជ្វីហ្វ​អឺរ៉ុប​រាប់លាន​នាក់​ត្រូវ​បាន​សម្លាប់​ក្នុងសម័យ​ប្រល័យ​ពូជសាសន៍​ហូលូខឺសថ៍ (Holocaust)​។

មាន​ការ​ចោទប្រកាន់​ជាច្រើន​ចំពោះ​អតីត​ឆ្មាំ​ជំរំ​ប្រមូលផ្តុំ​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម​លោក​លើក​ទី​ ២ ប្រឆាំងនឹង​មនុស្សជាតិ​។ កាលពី​ខែកញ្ញា អតីត​លេខា​ជំរំ​ម្នាក់​បាន​ព្យាយាម​រត់គេច​នៅ​ថ្ងៃ​កាត់ក្ដី​របស់ខ្លួន ប៉ុន្តែ​ត្រូវបាន​ប៉ូលិស​ចាប់​បាន​វិញ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយមក​។

សេចក្តី​សម្រេច​របស់​តុលាការ​ឆ្នាំ ២០១១ បាន​ត្រួស​ត្រាយ​ផ្លូវ សម្រាប់​ឱ្យមាន​ការកាត់ទោស​ទាំង​នេះ ដោយ​បញ្ជាក់​ថា សូម្បីតែ​អ្នក​ដែល​រួមចំណែក​ដោយ​ប្រយោល​ដល់​ការសម្លាប់​មនុស្ស​ក្នុង​សម័យ​សង្គ្រាម ដោយ​មិន​បញ្ចេញ​សកម្មភាព ឬ​ចេញ​ដីកា​ក៏​អាច​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​បានដែរ​។

មេធាវី​ការពារ​ក្តី​របស់​លោក​ Josef S. ​លោក​ Stefan Waterkamp និយាយថា កូនក្តី​របស់​លោក​នឹង​ប្តឹង​ឧទ្ធរណ៍ ចំពោះ​សេចក្តី​សម្រេច​កាលពី​ថ្ងៃ​អង្គារ​នេះ ហើយ​ថា​តុលាការ​ជាន់ខ្ពស់​នឹង​សម្រេច​ថា​តើ «​ការដែល​ជាធម្មតា ដោយ​គ្មាន​ការចូលរួម​ជាក់ស្តែង​» បាន​ផ្តល់​ហេតុផល​គ្រប់គ្រាន់ សម្រាប់​សាលក្រម​បែបនេះ​ដែរ​ឬ​យ៉ាងណា​?៕

​ហួន ឌី​ណា​

វីដេអូ៖