ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង KCNA បាន​ឱ្យដឹង​កាលពី​ថ្ងៃ​ពុធ​ថា ការធ្វើ​សមយុទ្ធ​រួមគ្នា​ត្រីភាគី ដែល​មាន​សហរដ្ឋអាមេរិក កូរ៉េ​ខាងត្បូង និង​ជប៉ុន​មាន «​គោលបំណង​ទុច្ចរិត​» ដោយ​សំដៅ​ឆ្ពោះ​ទៅរក​កូរ៉េខាងជើង ហើយ​ជា​ផ្នែក​មួយ​នៃ​ការនាំ​មុខ​ដ៏​គ្រោះថ្នាក់​ដល់​ការបង្កើត «​ទម្រង់​ណាតូ​អាស៊ី​» ខណៈពេល​ដែល​អង្គការ​ណាតូ​បាន​ពង្រឹង​ទំនាក់ទំនង​ភាព​ជា​ដៃគូ​នៅ​អាស៊ី​-​ប៉ាស៊ីហ្វិក​។

សេចក្តី​រាយការណ៍​របស់ KCNA បាន​កើតឡើង​ប៉ុន្មាន​ម៉ោង​មុនពេល​មេដឹកនាំ​កូរ៉េខាងត្បូង និង​ជប៉ុន​ត្រូវ​ចូលរួម​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​របស់​ណាតូ​ក្នុង​នាម​ជា​អ្នកសង្កេតការណ៍​ជា​លើកដំបូង​។ ប្រទេស​ទាំង​ ២ ក៏​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ដើម្បី​ពិភាក្សា​អំពី​កូរ៉េ​ខាងជើង ដែលជា​កិច្ចប្រជុំ​កំពូល​ត្រីភាគី​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​ ២០១៧ មក​។ នេះ​តាម​ការចេញ​ផ្សាយ​របស់​សារព័ត៌មាន រ៉យទ័រ​។

យោងតាម​គេហទំព័រ​របស់​អង្គការ​ណាតូ ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី ​១៧ ខែមិថុនា ណាតូ​កំពុង​ពង្រឹង​ទំនាក់ទំនង​ភាពជា​ដៃគូ​អាស៊ី​-​ប៉ាស៊ីហ្វិក ដែលមាន​ប្រទេស​អូស្ត្រាលី ជប៉ុន កូរ៉េ​ខាងត្បូង និង នូវែលសេឡង់​។ ណាតូ បាន​លើកឡើង​ថា ក្នុង​បរិបទ​សន្តិសុខ​ដ៏​ស្មុគស្មាញ​នាពេល​បច្ចុប្បន្ន ទំនាក់ទំនង​ជាមួយ​ដៃគូ ដែល​មាន​ការយល់​ឃើញ​ប្រហាក់​ប្រហែល​នៅ​ទូទាំង​សកលលោក​កាន់តែ​សំខាន់ ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​ឆ្លងដែន និង ការ​ប្រឈម​ជា​សកល ព្រមទាំង​ការពារ​សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែកលើ​ច្បាប់​។ នេះ​ជា​មូលហេតុ​ដែល​ការពង្រឹង​ទំនាក់​ទំនង​ជាមួយ​ដៃគូ​អាស៊ី​-​ប៉ាស៊ីហ្វិក បង្កើត​ទិដ្ឋភាព​សំខាន់​នៃ​របៀបវារៈ​ណាតូ ដល់​ឆ្នាំ​ ២០៣០​។

ប្រទេស​ទាំង​ ៣ ក៏​នឹងធ្វើ​សមយុទ្ធ​បាញ់​កាំជ្រួច និង​តាមដាន​រួមគ្នា​នៅ​ជិត​កោះ​ហាវ៉ៃ​ក្នុង​ខែសីហា ដែល​មាន​ឈ្មោះថា «Pacific Dragon» (​នាគ​ប៉ាស៊ីហ្វិក​)​។

KCNA បាន​លើកឡើង​ថា​៖ «​សហរដ្ឋអាមេរិក​កំពុង​បង្ហាញ​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​ពួក​ទំនាស់​របស់​ខ្លួន ដោយ​មិន​គិត​លើ​តម្រូវការ​សន្តិសុខ និង​ការព្រួយបារម្ភ​ជា​ចម្បង​របស់​បណ្តា​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​»​។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​ស្រដៀង​គ្នា​មួយ​កាលពី​ចុង​សប្តាហ៍ ក្រសួង​ការបរទេស​កូរ៉េ​ខាងជើង​បាន​និយាយ​ថា សមយុទ្ធ​នេះ​បានបង្ហាញ​ពី​ការលាក់ពុត​នៃ​ការផ្តល់ជូន​របស់​សហរដ្ឋ​អាមេរិក ចំពោះ​ការចូលរួម​ការទូត និង​ការសន្ទនា ដោយ​គ្មាន​លក្ខខណ្ឌ​ជាមុន​។

ប្រទេស​កូរ៉េ​ខាងជើង​បាន​ធ្វើការ​សាកល្បង​កាំជ្រួច​ជាច្រើន​ក្នុង​ឆ្នាំនេះ រួមទាំង​មីស៊ីល​ផ្លោង​អន្តរទ្វីប​ដ៏ធំ​បំផុត​របស់​ខ្លួន ហើយ​មានការ​ព្រួយបារម្ភ​ថា ខ្លួន​អាច​នឹង​ត្រៀម​ធ្វើតេស្ត​អាវុធ​នុយក្លេអ៊ែរ​ជា​លើកដំបូង​ចាប់​តាំងពី​ឆ្នាំ​ ២០១៧ មក​។

កូរ៉េ​ខាងត្បូង និង​ជប៉ុន គឺជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​ទាំង​ ២ ប៉ុន្តែ​ទំនាក់​ទំនង​របស់​ពួកគេ​ជាមួយ​គ្នា​ទៅវិញ​ទៅមក មាន​សភាព​តានតឹង ដោយសារ​ប្រវត្តិសាស្ត្រ ជុំវិញ​ការកាន់កាប់​របស់​ជប៉ុន​លើ​ប្រទេស​កូរ៉េ​ពី​ឆ្នាំ​ ១៩១០ ដល់​ឆ្នាំ​ ១៩៤៥​។

ទីក្រុង​វ៉ាស៊ីនតោន​បាន​ជំរុញ​ទីក្រុង​សេអ៊ូល និង​តូក្យូ​ឱ្យ​សហការ​គ្នា​បន្ថែមទៀត ក្នុង​ការប្រឈម​មុខ​នឹង​ការគំរាម​កំហែង​ពី​កូរ៉េ​ខាងជើង ក៏ដូចជា​ដើម្បី​ទប់ទល់​នឹង​ការកើនឡើង​នៃ​ឥទ្ធិពល​របស់​ប្រទេស​ចិន​។

រដ្ឋបាល​ថ្មី​របស់​កូរ៉េ​ខាងត្បូង ដែល​កើតចេញ​ចំពេល​វិបត្តិ​សង្គ្រាម​អ៊ុយក្រែន ដែល​លុកលុយ​ពី​ប្រទេស​មហាអំណាច​រុស្ស៊ី និង​រង​ការ​គំរាម​ផ្នែក​សម្ពាធ​ពី​សំណាក់​កូរ៉េ​ខាងជើង​កំពុង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ពង្រឹង​ទំនាក់ទំនង​ត្រីភាគី​ជាមួយ​សហរដ្ឋអាមេរិក និង​ជប៉ុន ដោយ​សើរើ​ផ្តល់​តម្លៃ​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​ទូទៅ​នៃ​ព័ត៌មាន​យោធា (GSOMIA)​។

កូរ៉េខាងត្បូង ​និង​ជប៉ុន​បាន​បង្កើត​កិច្ចព្រមព្រៀង​ចែករំលែក​ព័ត៌មាន​សម្ងាត់​ជា​លើកដំបូង​ក្នុង​ឆ្នាំ​ ២០១៦ ដោយ​បើក​បណ្តាញ​សម្រាប់​ការផ្លាស់ប្តូរ​ព័ត៌មាន​យោធា​ដោយ​ផ្ទាល់​ជា​លើកដំបូង​។ ពីមុន​ពួកគេ​ម្នាក់ៗ​នឹង​ចែករំលែក​ព័ត៌មាន​សំខាន់ៗ​ទាក់ទង​នឹង​សន្តិសុខ​តាមរយៈ​អាជ្ញាធរ​សហរដ្ឋអាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត​រួម​របស់​ពួកគេ​។ នេះ​បើ​យោងតាម​ព័ត៌មាន Korea Herald ដែលមាន​មូលដ្ឋាន​នៅ​កូរ៉េខាងត្បូង​៕

វីដេអូ៖