រុស្ស៊ី​ចោទប្រកាន់​ន័រវែស​ពីបទ​រារាំង​ទំនិញ ដែល​ផ្គត់ផ្គង់​សម្រាប់​ប្រជាជន​រុស្ស៊ី​នៅលើ​ប្រជុំ​កោះ​ Svalbard នៅ​មហាសមុទ្រ​អាក់ទិក ហើយ​គំរាម​ចេញ «វិធានការ​សងសឹក» មិន​បញ្ជាក់​ច្បាស់លាស់ ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​អូស្លូ​មិន​ដោះស្រាយ​បញ្ហា​នេះ​ទេ​។

ប្រជុំ​កោះ Svalbard ដែល​ស្ថិតនៅ​ចំ​កណ្តាល រវាង​ឆ្នេរ​ភាគ​ខាងជើង​របស់​ន័រវែស និង​ប៉ូល​ខាងជើង គឺជា​ផ្នែក​មួយ​នៃ​ប្រទេស​ន័រវែស ប៉ុន្តែ​ប្រទេស​រុស្ស៊ី​មាន​សិទ្ធិ ក្នុងការ​ទាញយក​ធនធាន​ធម្មជាតិ​លើ​ប្រជុំ​កោះ ក្រោម​សន្ធិសញ្ញា​ឆ្នាំ​ ១៩២០ ហើយ​ប្រជាជន​ដែល​តាំង​ទីលំនៅ​នៅ​ទីនោះ​ភាគច្រើន​ជា​ជនជាតិ​រុស្ស៊ី​។

ប្រទេស​ន័រវែស ដែល​មិនមែនជា​សហភាព​អឺរ៉ុប ប៉ុន្តែ​ចូលរួម​អនុវត្ត​ទណ្ឌកម្ម​ជាមួយ​ប្លុក ដើម្បី​ប្រឆាំង​នឹង​រុស្ស៊ី បាន​ឱ្យ​ដឹង​ថា ទណ្ឌកម្ម​នឹងមិន​ប៉ះពាល់​ដល់​ការដឹកជញ្ជូន​ទំនិញ​តាម​កប៉ាល់​ទៅកាន់​កោះ Svalbard នោះទេ​។ ប៉ុន្តែ​ការដឹកជញ្ជូន​ទំនិញ​ភាគច្រើន​ទៅ​កោះ​ត្រូវ​ឆ្លងកាត់​មុនគេ​តាមរយៈ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ ១ ក្នុង​ប្រទេស​ន័រវែស​ដីគោក ដែល​បិទ​ទំនិញ​រុស្ស៊ី​។

ក្រសួង​ការបរទេស​រុស្ស៊ី និយាយ​កាលពី​ថ្ងៃ​ពុធ​ថា៖ «យើង​ទាមទារ​ឱ្យ​ភាគី​ន័រវែស​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​»។ ក្រសួង​ថា៖ «យើង​បាន​បង្ហាញថា សកម្មភាព​អមិត្ត​ប្រឆាំង​រុស្ស៊ី នឹង​ចៀស​មិន​រួច​ពី​វិធានការ​សងសឹក​សមស្រប​នោះទេ​»។

ក្រសួង​និយាយទៀតថា ការ​រឹតបន្តឹង​របស់​ន័រវែស បាន​រំខាន​ដល់​ការងារ​របស់​អគ្គ​កុងស៊ុល​រុស្ស៊ី នៅលើ​កោះ Spitsbergen ដែលជា​កោះ​ដ៏​ធំ​បំផុត​នៃ​ប្រជុំ​កោះ ​Svalbard និង​ជា​កន្លែង​ជីក​យក​រ៉ែ​ធ្យូងថ្ម​របស់​រុស្ស៊ី នៅ​ទីនោះ​។ យោង​តាម​រុស្ស៊ី​រថយន្ត​ដឹក​ស្បៀងអាហារ និង​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ដ្រ​ទៅកាន់​កោះ Spitsbergen បាន​ជាប់គាំង​នៅតាម​ព្រំដែន​។

រដ្ឋមន្ត្រីការបរទេស​ន័រវែស​លោក​ស្រី ​Anniken Huitfeldt ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP កាលពី​ថ្ងៃ​ពុធ​ថា​ន័រវែស​មិន​បំពាន​លើ​សន្ធិសញ្ញា ដោយ​ការ​រារាំង​ទំនិញ​របស់​រុស្ស៊ី​ទៅកាន់​កោះ​នោះទេ​។ អ្នកស្រី​ថា ការបញ្ឈប់​ការ​ដឹក​ជញ្ជូន នៅ​ព្រំដែន​ន័រវែស-រុស្ស៊ី «ឈរ​លើ​មូលដ្ឋាន​នៃ​ទណ្ឌកម្ម ដែល​ហាមឃាត់​ក្រុមហ៊ុន​ដឹកជញ្ជូន​តាមផ្លូវ​គោក​រុស្ស៊ី​ពី​ការដឹកជញ្ជូន​ទំនិញ​នៅលើ​ទឹកដី​ន័រវែស​»។

ចាប់តាំងពី​ការ​ឈ្លានពាន​អ៊ុយក្រែន កាល​ពី​ខែកុម្ភៈ​មក រុស្ស៊ី​រង​ការ​វាយប្រហារ ដោយ​ការដាក់​ទណ្ឌកម្ម​រឹតបន្តឹង​ការ​ដឹក​ជញ្ជូន​ទំនិញ​របស់ខ្លួន​តាមរយៈ​អឺរ៉ុប​។ នៅ​ដើមខែ​នេះ លីទុយអានី​ចាប់ផ្តើម​អនុវត្ត​ការ​រឹតបន្តឹង​លើ​ទំនិញ​មួយចំនួន ដែល​ដឹកជញ្ជូន​តាម​រថភ្លើង​ទៅកាន់​តំបន់​ដាច់​ពី​គេ​របស់​រុស្ស៊ី កាលីនីនក្រាដ។ រុស្ស៊ី​និយាយ​ថា ការ​រឹតបន្តឹង​លើ​ទំនិញ​របស់​លីទុយអានី គឺជា«ការរារាំង» ហើយ​សន្យា​ថា នឹង​សងសឹក​ដោយ​មិនបាន​បញ្ជាក់​ថា បែបណា​ដូចគ្នា​៕

ហួន ឌី​ណា

វីដេអូ៖