ទីបំផុត​ប្រទេស​តួកគី​បាន​យល់ព្រម​លើក​សិទ្ធិវេតូ ដែល​បដិសេធ​សម្រាប់​បេក្ខភាព​របស់​ប្រទេស​ស៊ុយអែត ​និង​ហ្វាំងឡង់​ចូល​ជា​សមាជិក​របស់​អង្គការ​សន្ធិសញ្ញា​អា​ត្លង់​ទិក​ខាងជើង ដែល​ហៅ​កាត់​ថា «ណាតូ» ក្រោយ​ប្រទេស​ទាំង​ ៣​ សម្រេចបាន​កិច្ចព្រមព្រៀង​រួម​ ១ ដើម្បី​ប្រឆាំង​ការ​គំរាមកំហែង​ផ្នែក​សន្តិសុខ។

ខណៈពេលដែល​ប្រមុខ​ដឹកនាំ​ប្រទេស​ចំនួន ៣០ ដែលជា​សមាជិក​នៃ​អង្គការ​នេះ​កំពុង​ជួបប្រជុំ​រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ​មិថុនា នៅ​ទីក្រុង​ម៉ាឌ្រីដ របស់​ប្រទេស​អេស្ប៉ាញ តាម​ការចេញផ្សាយ​របស់​បណ្តាញ​សារព័ត៌មាន CNBC លោក Sauli Niinisto ប្រធានា​ធិបតី​ហ្វាំងឡង់ បាន​ឱ្យ​ដឹង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំង​ ៣ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ ១ ដើម្បី​បញ្ជាក់ថា តួកគី​នឹង​គាំទ្រ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ស៊ុយអែត និង​ហ្វាំងឡង់ សម្រាប់​ចូល​ជា​សមាជិក​របស់​ណាតូ​។

មេដឹកនាំ​ហ្វាំងឡង់​បាន​និយាយ​ថា៖ «អនុស្សរណៈ​រួម​របស់​យើង​បាន​គូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​ហ្វាំងឡង់ ស៊ុយអែត និង​តួកគី ដើម្បី​ពង្រីក​ការគាំទ្រ​ពេញ​លេញ​របស់​ពួកគេ ប្រឆាំងនឹង​ការ​គំរាមកំហែង​ដល់​សន្តិសុខ​របស់​គ្នា​ទៅវិញ​ទៅមក​»​។ លោក​បាន​បន្ថែមថា​៖ «យើង​ដែល​នឹង​ក្លាយជា​សម្ព័ន្ធមិត្ត​ណាតូ នឹង​ពង្រឹង​បន្ថែម​ទៀត​នូវ​ការប្តេជ្ញា​ចិត្ត​នេះ​»​។

ការជំរុញ​ដើម្បី​បន្ថែម​ស៊ុយអែត និង​ហ្វាំងឡង់​ទៅក្នុង​សម្ព័ន្ធ​អង្គការ​ប្រដាប់អាវុធ​ណាតូ កើតឡើង​នៅពេល​ដែល​ការ​វាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ​ដែល​បង្ក​ការភ័យខ្លាច​ដល់​ប្រទេស​ផ្សេងទៀត នៅក្នុង​តំបន់​។ ទីក្រុង​ម៉ូស្គូ​ដែល​តែងតែ​ជំទាស់​ជា​យូរ​មកហើយ ចំពោះ​ការពង្រីក​អង្គការ​ណាតូ បាន​ប្រឆាំងនឹង​ផែនការ​របស់​ប្រទេស​ទាំង​ ២ ក្នុងការ​ចូលរួម​សម្ព័ន្ធភាព​។

កន្លងមក ប្រធានាធិបតី​តួកគី​លោក រ៉េសិប តៃយីប អេរដូហ្គែន (Recep Tayyip Erdogan) បាន​និយាយ​ថា លោក​នឹងមិន​យល់ព្រម​លើ​ពាក្យ​សុំចូល​ជា​សមាជិក​នៃ​ប្រទេស​ទាំង​ ២​ នេះ​ទេ ដោយ​លើកឡើង​ពី​ការ​គាំទ្រ​របស់​ពួកគេ ចំពោះ​អង្គការ​ឃើដ ដែល​តួកគី​ចាត់ទុក​ជា​ការ​គំរាម​កំហែង​ផ្នែក​សន្តិសុខ​។

សមាជិក​ណាតូ​ទាំង​ ៣០ ត្រូវតែ​យល់ព្រម​លើ​ការខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​មួយ ដើម្បី​ត្រូវគេ​ទទួល​យក​ទៅក្នុង​សម្ព័ន្ធភាព​។

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP កាលពី​សប្តាហ៍​មុន បាន​ផ្សាយ​ថា លោក ជេនស៍ ស្តូលថេនប៊ើក (Jens Stoltenberg) អគ្គលេខាធិការ​ណាតូ បាន​ប្រាប់​អ្នក​យកព័ត៌មាន​ថា គាត់​កំពុង​ធ្វើការ ដើម្បី​បន្ថែម​ហ្វាំងឡង់ និង​ស៊ុយអែត​ទៅក្នុង​អង្គការ​ណាតូ «ឱ្យ​បាន​ឆាប់​តាមដែល​អាចធ្វើ​ទៅបាន​»​។

លោក​បាន​និយាយថា ការចូល​ជា​សមាជិក​នៃ​ប្រទេស​ទាំង ​២ នឹងធ្វើ​ឱ្យ​ពួកគេ​មាន​សុវត្ថិភាព អង្គការ​ណាតូ កាន់តែ​រឹងមាំ និង​តំបន់​អឺរ៉ូ-អាត្លង់ទិក​កាន់​តែមាន​សុវត្ថិភាព​។

ទាំង​ហ្វាំងឡង់ និង​ស៊ុយអែត បាន​បំពេញ​លក្ខខណ្ឌ​ជាច្រើន ក្នុងការ​ក្លាយជា​សមាជិក​ណាតូ​។ តម្រូវការ​មួយ​ចំនួន រួមមាន​ការ​មាន​ប្រព័ន្ធ​នយោបាយ​ប្រជាធិបតេយ្យ ដែល​ដំណើរការ ឆន្ទៈ​ក្នុងការ​ផ្តល់​នូវ​តម្លាភាព​សេដ្ឋកិច្ច និង​សមត្ថភាព​នៃ​ការ​រួមចំណែក​យោធា ក្នុង​បេសកកម្ម​របស់​ណាតូ​។

នៅក្នុង​ខែឧសភា ប្រទេស​ទាំង ​២ បានចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នៃ​ការដាក់​ពាក្យ​សុំចូល​ជា​សម្ព័ន្ធមិត្ត​របស់​អង្គការ​ណាតូ​។ ក្រោយមក​សហរដ្ឋអាមេរិក​បាន​គាំទ្រ​យ៉ាងខ្លាំង ចំពោះ​បេក្ខភាព​ទាំង ​២ ​នេះ​។

បន្ទាប់ពី​ប្រទេស​ទាំង​ ២ បានដាក់​សំណើ​របស់​ពួកគេ លោក​ប្រធានាធិបតី ចូ បៃដិន បាន​និយាយ​ថា ប្រទេស​ទាំង ​២ នឹងធ្វើ​ឱ្យ​អង្គការ​ណាតូ​កាន់តែខ្លាំង​។ លោក​បាន​ហៅ​ចំណាត់ការ​របស់​ពួកគេ ក្នុង​ការចូលរួម​ក្នុង​កតិកា​សញ្ញា​នេះ​ថា ជា «ជ័យជម្នះ​សម្រាប់​លទ្ធិ​ប្រជា​ធិបតេយ្យ»​៕

វីដេអូ៖