ប្រធានាធិបតី​អាមេរិក​លោក ចូ បៃដិន សន្យា​កាលពី​ថ្ងៃ​ពុធ​កណ្ដាល​សប្ដាហ៍ថា អាមេរិក​នឹង​បន្ថែម​ទាហានយន្តហោះ​ចម្បាំង និង​នាវាចម្បាំង​ទៅ​អឺរ៉ុប ខណៈ​អង្គការ​ណាតូ​យល់ព្រម​ពង្រឹង​ការ​ទប់ទល់​ដ៏​ធំ​បំផុត​របស់ខ្លួនចាប់តាំងពី​សង្គ្រាម​ត្រជាក់ ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​។

ការប្តេជ្ញាចិត្ត​របស់លោក បៃដិន នៅ​កិច្ចប្រជុំ​កំពូលនាទី​ក្រុង​ម៉ាឌ្រីដ «ដើម្បី​ការពារ​គ្រប់​អ៊ី​ញ​នៃ​ទឹកដី​សម្ព័ន្ធមិត្ត​» ធ្វើឡើង​ ខណៈដែល​សម្ព័ន្ធ​មិត្ត​យោធា​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ដាក់​ចេញ​នូវ​ផែនការ​ថ្មី​មួយ ដើម្បី​ពង្រឹង​រដ្ឋបាល់ទិក និង​ប៉ូឡូញ​ ប្រឆាំងនឹង​ការ​វាយប្រហារ​ណាមួយរបស់​រុស្ស៊ីនាពេល​អនាគត​។

ស្រប​ពេលដែល​កងទ័ព​អាល្លឺម៉ង់អង់គ្លេស និង​សម្ព័ន្ធមិត្តមាន​កាន់តែច្រើននឹងដាក់​ពង្រាយ​ឆ្ពោះទៅ​ភាគ​ខាងកើតសហរដ្ឋអាមេរិក​ក៏​នឹង​បន្ថែម​កងកម្លាំង​រហូត​ដល់ ១០០ ០០០ នាក់ នៅ​ទ្វីបអឺរ៉ុប​បញ្ជូន​នាវាចម្បាំង​បន្ថែម​ទៅ​អេស្ប៉ាញយន្តហោះ​ទៅ​អង់គ្លេសសព្វា​វុធផ្សេងៗ​ទៅ​បណ្ដា​ប្រទេស​បាល់ទិក និង​ទាហាន​ខ្លះទៅ​រ៉ូម៉ានី។ លោក​ បៃដិន និយាយថា​៖ «យើង​និយាយ​មែន​ពេល​យើង​និយាយថា ការវាយប្រហារ​ប្រឆាំងនឹង​អ្នក​ណា​មួយគឺជា​ការវាយប្រហារ​ប្រឆាំង​ទាំងអស់​»​។

អ្វីដែល​អង្គការ​ណាតូ​ព្រមព្រៀងកាលពី​ថ្ងៃ​ពុធ​គឺថា កងទ័ព​សម្ព័ន្ធមិត្ត​នឹងមាន​កាន់តែច្រើន​នៅ​អេស្តូនីឡេតូនី និង​លីទុយអានីហើយ​គ្រឿង​សព្វាវុធ និង​គ្រឿងផ្ទុះ​បន្ថែមទៀតនឹងត្រូវ​បញ្ជូន​ទៅកាន់​តំបន់ និង​បង្កើត​ប្រព័ន្ធ​នៃ​ការពង្រឹង​យ៉ាង​ឆាប់រហ័ស​។

មេដឹកនាំ​ណាតូ​បាន​យល់ព្រម​ឆ្ពោះទៅ​រក​ការពង្រាយ​កម្លាំង​ទ័ព​ប្រុង​ជើងការ​ខ្ពស់ជាង ៣០០ ០០០ នាក់ ខណៈ​ពីមុនសម្ព័ន្ធភាព​យោធា​នេះ​ពឹង​ផ្អែកលើ​កងទ័ព​តែ​ប្រហែល ៤០ ០០០ នាក់​ប៉ុណ្ណេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វាយប្រហារ​ណាមួយ​របស់​រុស្ស៊ី ឬ​វិបត្តិផ្សេង​។

អគ្គ​លេខាធិការ​អង្គការ​ណាតូ លោក Jens Stoltenberg ប្រាប់នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ​ថា៖ «សង្គ្រាម​របស់​ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ប្រឆាំងនឹង​អ៊ុយក្រែនបាន​បំផ្លាញ​សន្តិភាពនៅ​អឺរ៉ុប និង​បង្កើត​វិបត្តិ​សន្តិសុខ​ដ៏​ធំ​បំផុតនៅ​អឺរ៉ុបចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២​។ ណា​តូ​បាន​ឆ្លើយតប​ដោយ​កម្លាំងនិង​ការឯកភាព​»​។

ទន្ទឹម​នឹង​នោះសហ​រដ្ឋ​អាមេរិក​ក៏​នឹង​បង្កើត​ទី​បញ្ជាការ​កងទ័ព​អចិន្ត្រៃយ៍​ថ្មី​ ១ នៅ​ប្រទេស​ប៉ូឡូញ​ ផងដែរ ខណៈដែល​ក្រុង​វ៉ាសូវី​ចង់​បាន​បែបនេះ​យូរហើយ​។

ក្រៅពី​ការបង្កើន​សមត្ថភាព​យោធាមេដឹកនាំ​ទាំង ​៣០ របស់​ណាតូក៏​អញ្ជើញ​ហ្វាំងឡង់ និង​ស៊ុយអែត​ឱ្យចូល​ជា​សមាជិក​សម្ព័ន្ធភាព ខណៈ​តួកគីទម្លាក់​ចោល​នូវ​សិទ្ធិ​វេតូ​របស់ខ្លួន​ប្រឆាំងនឹង​សមាជិក​ភាព​របស់​ប្រទេស​ទាំង​ ២ តាមរយៈ​កិច្ច​ព្រមព្រៀង ​១ ​ដែល​ស៊ុយអែត និង​ហ្វាំងឡង់​យល់ព្រម​មិន​គាំទ្រ​ក្រុម​សកម្មប្រយុទ្ធ​ឃើដ​។

ឆ្លើយតប​នឹង​ការប្រកាស​ថ្មី​លោក ពូទីន កាលពី​ថ្ងៃ​ពុធបាន​ថ្កោលទោស​ចំពោះ «មហិច្ឆតា​ចក្រពត្តិ​»របស់​ណាតូដោយ​ចោទប្រកាន់​សម្ព័ន្ធមិត្ត​យោធា​នេះ​ថា កំពុង​ស្វែងរក «ឧត្តមភាព» របស់ខ្លួន​តាមរយៈ​ជម្លោះ​អ៊ុយក្រែន​។ មេដឹកនាំ​រុស្ស៊ី​ថាលោក​នឹង​ឆ្លើយតប​ក្នុង​រូបភាព​ដូចគ្នាប្រសិនបើ​ណាតូ​ដាក់ពង្រាយ​កងទ័ព និង​ហេដ្ឋា​រចនា​សម្ព័ន្ធនៅ​ហ្វាំងឡង់ និង​ស៊ុយអែតនៅពេល​ប្រទេស​ណ័រឌិក​ទាំង ​២ ក្លាយជា​សមាជិក​ពេញ​លេញ​៕

ហួន ឌីណា