ការប្រមូលផ្ដុំគ្នានៃក្រុមបុរសមេដឹកនាំសាសនា និងជនជាតិផ្សេងៗរបស់ពួកតាលីបង់រាប់ពាន់នាក់ បានបញ្ចប់ទៅ កាលពីថ្ងៃសៅរ៍ ដោយអំពាវនាវឱ្យរដ្ឋាភិបាលបរទេសទទួលស្គាល់រដ្ឋបាលរបស់ខ្លួនជាផ្លូវការខណៈគ្មានការផ្លាស់ប្ដូរណា១ ធ្វើឡើងតាមការទាមទាររបស់អន្តរជាតិ រួមទាំងការបើកវិទ្យាល័យ សម្រាប់ក្មេងស្រីឡើងវិញផងដែរ។

ក្រុមអ្នកចូលរួមនិយាយ ក្នុងសេចក្ដីថ្លែងការណ៍រួមថា៖ «យើងស្នើឱ្យប្រទេស ក្នុងតំបន់ និងអន្តរជាតិ ជាពិសេសបណ្តាប្រទេសអ៊ិស្លាមឱ្យទទួលស្គាល់រដ្ឋអ៊ិស្លាមអាហ្វហ្គានីស្ថាន ទម្លាក់ចោលរាល់ទណ្ឌកម្ម ឈប់បង្កកមូលនិធិ នៅធនាគារកណ្តាល និងគាំទ្រក្នុងការអភិវឌ្ឍអាហ្វហ្គានីស្ថានឡើងវិញ»។

សេដ្ឋកិច្ចអាហ្វហ្គានីស្ថាន ធ្លាក់ចូលទៅក្នុងវិបត្តិ នៅពេលរដ្ឋាភិបាលលោកខាងលិចដកមូលនិធិ និងដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង ក្រោយក្រុមតាលីបង់ឡើងកាន់អំណាច កាលពីឆ្នាំមុន ដោយនិយាយថា រដ្ឋាភិបាលតាលីបង់ត្រូវផ្លាស់ប្តូរទិសដៅសិទ្ធិមនុស្ស ជាពិសេសលើស្ត្រី។

មេដឹកនាំតាលីបង់លោក Haibatullah Akhundzada បានចូលរួមជាមួយការជួបប្រជុំគ្នា ដែលមានវត្តមានបុរសប្រមាណ ៤ ០០០នាក់ កាលពីថ្ងៃសុក្រ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ មេដឹកនាំដដែលថ្លែងអបអរសាទរអ្នកចូលរួម ចំពោះជ័យជម្នះរបស់ក្រុមតាលីបង់ និងគូសបញ្ជាក់អំពីឯករាជ្យរបស់ប្រទេស។

តាលីបង់ក៏ចេញនូវសេចក្តីប្រកាសថា សាលារៀនទាំងអស់នឹងបើកក្នុងខែមីនា ខណៈក្មេងស្រីនៅវិទ្យាល័យមិនបានចូលរៀន ដែលធ្វើឱ្យមានការរិះគន់ពីរដ្ឋាភិបាលលោកខាងលិច។

ក្នុងសុន្ទរកថាដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ អ្នកចូលរួមមួយចំនួនតូច បានលើកឡើងពីការអប់រំកុមារី និងស្ត្រី។ លោក Sirajuddin Haqqani រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតាលីបង់និយាយថា ពិភពលោកបានទាមទាររដ្ឋាភិបាល រួមបញ្ចូលគ្នា និងការអប់រំ ហើយបញ្ហាទាំងនេះនឹងត្រូវការពេលវេលា។ ប៉ុន្តែលោក Akhundzada ដែលកម្របង្ហាញមុខជាសាធារណៈនិយាយថា ជនបរទេសមិនគួរចេញបញ្ជាទេ។

សេចក្ដីថ្លែងការណ៍ចុងក្រោយនៃការជួបប្រជុំនិយាយថា ការការពារប្រទេសអ៊ិស្លាមអេមីរ៉ាត គឺជាកាតព្វកិច្ច ហើយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម ដែលនៅពីក្រោយការវាយប្រហារជាច្រើន ក្នុងប្រទេសនេះ គឺខុសច្បាប់។

សេចក្ដីថ្លែងការណ៍បន្តថា អាហ្វហ្គានីស្ថានមិនជ្រៀតជ្រែកចូលកិច្ចការប្រទេសជិតខាងណាទេ ហើយប្រទេសជិតខាង ក៏កុំជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងអាហ្វហ្គានីស្ថានដែរ៕

ហួន ឌីណា

វីដេអូ៖