​ស្របពេល​ដែល​ការ​ឈ្លា​ន​​ពាន​អ៊ុយ​ក្រែ​ន​ពី​រុស្ស៊ី ធ្វើឱ្យ​កក្រើក​សន្តិភាព នៅ​អឺរ៉ុប ក្រុម​មេដឹកនាំ ក្នុង​អង្គការ​ណា​តូ កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​កន្លងទៅ បាន​គូសបញ្ជាក់​អំពី​ចក្ខុវិស័យ​ថ្មី​ដ៏​រឹងមាំ ដែល​ដាក់ឈ្មោះ​ទីក្រុង​​ម៉ូស្គូ​ថា ជាស​ត្រូវ​ចម្បង​របស់​ខ្លួន​ក្រោយ​ប្រកាស​ហៅ​ចិន​ថា ជា «​បញ្ហា​ប្រឈម​» យុទ្ធសាស្ត្រ​។​

​ក្រុម​មេដឹកនាំ​និយាយ ក្នុង​សេចក្តីថ្លែងការណ៍​ពី​បេសកកម្ម​ថ្មី​មួយ​ចេញផ្សាយ អំឡុង​កិច្ចប្រជុំ​កំពូល នៅ​ទីក្រុង​ម៉ាឌ្រី​ដ​ថា​៖ «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​កាន់តែ​ស៊ីជម្រៅ រវាង​សា​.​ប្រជាមានិត​ចិន និង​សហព័ន្ធរុស្ស៊ី និង​ការ​ព្យាយាម​ពង្រឹង​គ្នា​ទៅវិញ​ទៅ​មក​របស់​ពួកគេ គឺជា​ការប៉ុនប៉ង ដើម្បី​កាត់បន្ថយ​សណ្តាប់ធ្នាប់​អន្តរជាតិ ដែល​ផ្អែកលើ​ច្បាប់​ប្រឆាំងនឹង​តម្លៃ និង​ផល​​ប្រយោជន៍​របស់​យើង​»​។​

​ក្នុង​ជំហាន​ដ៏​ច្របូកច្របល់​នៅឯ​កិច្ចប្រជុំ​កំពូល នា​ក្រុង​ម៉ាឌ្រី​ដ ដែល​បានបញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍ លោក​ប្រធានាធិបតី​ ចូ បៃ​ដិ​ន និង​មេដឹកនាំ​អង្គការ​ណា​តូ​ផ្សេងទៀត បាន​ស្វែងរក​ការឆ្លើយតប​ទៅនឹង​រុស្ស៊ី និង​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន​។ មុន​ចេញផ្សាយ​សេចក្តី​ថ្លែងការណ៍​បេសកកម្ម​ក្រុម​មេដឹកនាំ បាន​អញ្ជើញ​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត​ ​ឱ្យចូល​រួមជាមួយ​ខ្លួន ខណៈ​ប្រទេស​ណ​រ័​ឌិ​ក​ទាំង​ ២ ត្រៀម​ចូល​ជា​សមាជិក​នៃ​សម្ព័ន្ធ​យោធា​នេះ​។​

​លោក បៃ​ដិ​ន និយាយថា​៖ «​ក្នុងពេលដែល​លោកពូ​ទីន​បំផ្លាញ​សន្តិភាព​នៅ​អឺរ៉ុប និង​វាយប្រហារ​ទៅលើ​គោលជំហរ​នៃ​សណ្តាប់ធ្នាប់ ដែល​ផ្អែកលើ​ច្បាប់ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​យើង នឹង​ឈាន​ទៅមុខ​»​។​

​អគ្គលេខាធិការ​អង្គការ​ណា​តូ លោក Jens Stoltenberg ប្រកាសថា កងទ័ព​ថ្មី​រាប់ពាន់នាក់នឹងត្រូវ​ដាក់ពង្រាយក្នុងប្រទេស​ចំនួន​ ៨ នៅ​ប៉ែក​ខាង​កើត​របស់​អង្គការ​ណា​តូ ខណៈ​លោក​ បៃ​ដិ​ន ​ថា សហរដ្ឋអាមេរិក​ក៏​នឹង​បង្កើត​ទីបញ្ជាការ​កងទ័ព​អចិន្ត្រៃ​យ៍​ថ្មី​ ១ នៅ​ប៉ូឡូញ​ដែរ​។​

​ជំហាន​ថ្មីៗ​ចុងក្រោយ​របស់​ណា​តូ រួមទាំង​គម្រោង​ពង្រឹង​ទំនាក់ទំនង​ដៃគូ នៅ​តំបន់​អាស៊ី​-​បា​ស៊ី​ហ្វិ​ក បាន​ទាក់ទាញ​ប្រតិកម្ម​ពី​ចិន ដែល​លើកឡើង​ពី​ការព្រួយបារម្ភ​នៅក្នុង​តំបន់​អាស៊ី​-​បា​ស៊ី​ហ្វិ​ក ដែល​ខ្លួន​កំពុងតែ​ព្យាយាម​ពង្រីក​ឥទ្ធិពល​សេដ្ឋកិច្ច និង​យោធា​។​

​ឯកអគ្គរដ្ឋទូត​រប​ស់​ចិន​ប្រចាំ​អង្គការសហប្រជាជាតិ លោក ​Zhang Jun និយាយ​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​ថា ការ​ពង្រីក​ខ្លួន​ទៅ​ភាគ​ខាងកើត​របស់​ណា​តូ បន្ទាប់ពី​សង្គ្រាមត្រជាក់ មិន​ត្រឹមតែ​បរាជ័យ ក្នុងការ​ធ្វើឱ្យ​អឺរ៉ុប មាន​សន្តិសុខ​ប៉ុណ្ណោះ​ទេ ថែមទាំង​សាបព្រោះ​គ្រាប់ពូជ​នៃ​ជម្លោះ​ទៀតផង​។​

​លោក​​ Jun បាន​និយាយថា​៖ «​យើង​ប្រឆាំងនឹង​ធាតុ​មួយចំនួន ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​រប​ស់ណា​តូនៅ​អាស៊ី​-​ប៉ាស៊ីហ្វិក ឬ​ទម្រង់​អាស៊ី​-​ប៉ាស៊ីហ្វិក​របស់​ណា​តូ​ផ្អែកលើ​សម្ព័ន្ធភាព​យោធា​។ ភាព​ចលា​ច​ល​នៅ​ផ្នែក​ខ្លះ​នៃ​ពិភពលោក មិនត្រូវ​អនុញ្ញាតឱ្យ​មាននៅ​អាស៊ី​ប៉ាស៊ីហ្វិក​ឡើយ​»​។​

​ឯកអគ្គរដ្ឋទូត​ប្រទេស​ដដែល ដែល​បដិសេធ​មិន​ថ្កោលទោស​រុស្ស៊ី ចំពោះ​ការឈ្លានពាន​លើ​ប្រទេស​ឯករាជ្យ​អ៊ុយ​ក្រែ​ន បាន​និយាយថា​៖ «​សុវត្ថិភាព​គឺ​មិនអាច​បំបែក​បានឡើយ​។ ការ​ពង្រីក​សម្ព័ន្ធភាព​យោធា និង​ការស្វែងរក​សន្តិសុខ​ផ្ទាល់ខ្លួន ដោយ​ចំណាយ​លើ​សន្តិសុខ​របស់​ប្រទេស​ដទៃ នឹង​នាំឱ្យមាន​បញ្ហា​អសន្តិសុខ​ដោយ​ចៀស​មិន​រួច​នោះឡើយ​»​។​

​មិន​ខុសគ្នា​ពី​ចិន រុស្ស៊ី​ក៏មាន​ប្រតិកម្ម​ចំពោះ​ណា​តូ ដែល​ខ្លួន​ចាត់ទុកថា ជា​មេ​គំរាមកំហែង​អសន្តិសុខ​ដល់​ប្រទេស​ខ្លួន ដោយ​ហៅ​ណា​តូ​ថា កំពុង​ទាញយក «​ឧត្តមភាព​» របស់ខ្លួន​ពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។​

​ខណៈដែល​កងទ័ព​រប​ស់​ខ្លួន​ប្រឹង​សម្រុក​ប្រយុទ្ធ​គ្នានៅ​តំបន់​ដុន​បាស លោក ពូ​ទីន បានធ្វើ​ដំណើរ​ចូលរួម​កិច្ចប្រជុំ​កំពូល​ ១ នៅ​តួ​ក​ម៉េ​នី​ស្ថាន​ជាមួយ​បណ្ដា​ប្រទេស​ជាប់​សមុទ្រ​កាស​ព្យែ​ន​ចំនួន ៤ ​ផ្សេងទៀត​។

​ក្នុង​សុន្ទរកថា​ខ្លី ​១ ទៅកាន់​ប្រធានាធិបតី​របស់​ប្រទេស​តួ​ក​ម៉េ​នី​ស្ថាន កា​ហ្សា​ក់​ស្ថាន អ៊ី​រ៉ង់ និង​អា​ស៊ែ​បៃ​ហ្ស​ង់ លោក ពូ​ទីន បានលើកឡើង​អំពី​បញ្ហា​ពាណិជ្ជកម្ម ទេសចរណ៍ ជល​ផល និង​បរិស្ថាន​ជាដើម តែ​មិន​និយាយ​អ្វី ១​ម៉ាត់ ពី​ណា​តូ ឬ​អ៊ុយ​ក្រែ​ន​នោះឡើយ​។​

​ប៉ុន្តែ​បន្ទាប់មក ក្នុង​សន្និសីទ​​កាសែត​ក្រោយ​កិច្ចប្រជុំ​កំពូល​នោះ លោក ពូ​ទីន បាន​និយាយ​គំរាម​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត ជុំវិញ​ព័ត៌មាន​ចុងក្រោយ​ស្ដីពី​ជំហាន​ចូល​ជា​សមាជិក​អង្គការ​​ណា​តូ ក្រោយ​តួ​ក​គី​ព្រមព្រៀង​ទម្លាក់​ចោលការ​វេតូ​រប​ស់​ខ្លួន​។​

​លោក ពូ​ទីន ថា​៖ «​សម្រាប់​ស៊ុយអែត និង​ហ្វាំ​ង​ឡង់ យើង​គ្មាន​បញ្ហា​ជាមួយ​ដូចដែល​យើង​មាន​ជាមួយ​អ៊ុយ​ក្រែ​ន​ទេ​។ បើ​ពួកគេ​ចង់​ចូលរួម​ជាមួយ​ណា​តូ​ឱ្យ​ពួកគេ​ធ្វើទៅ​ចុះ​»​។ លោក​បន្តថា​៖ «​ប៉ុន្តែ​ពួកគេ​ត្រូវតែ​យល់ថា គ្មាន​ការគំរាមកំហែង​ពីមុនមក​ទេ ខណៈ​ឥឡូវនេះ បើ​ណា​តូ​ដាក់ពង្រាយ​យោធា និង​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​នៅ​ទីនោះ (​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត​) យើង​នឹង​ឆ្លើយតប និង​បង្កើត​ការ​គំរាម​​កំហែង ក្នុង​រូបភាព​ដូចដែល​គេ​ធ្វើ​មកលើ​យើង​។ វា​ជា​ការពិត​។ តើ​ពួកគេ​មិន​យល់ ទេ​ឬ​?»​។​

​ជំហាន​របស់​ណា​តូ ទទួល​ការស្វាគមន៍​ពី​អ៊ុយ​ក្រែ​ន​។ រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន លោក ឌ្មី​ទ្រី គូ​ឡេ​បា បានឱ្យដឹង​នៅលើ​បណ្ដាញ​សង្គម​ធ្វី​ត​ធើ​រថា​៖ «​យើង​ស្វាគមន៍​គោល​ជំហរ​ច្បាស់លាស់​លើ​រុស្ស៊ី ក៏ដូចជា​ការចូល​ជា​សមាជិក [​ណា​តូ​] របស់​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត​។ ជំហរ​រឹងមាំ និង​សកម្ម​ស្មើភាព​គ្នា​លើ​អ៊ុយ​ក្រែ​ន នឹង​ជួយ​ការពារ​សន្តិសុខ និង​ស្ថិរភាព​របស់​អឺរ៉ូ​-​អា​ត្ល​ង់​ទិ​ក​។​

​យ៉ាងណា វា​មិនបាន​រាំងខ្ទប់​កិច្ចប្រឹងប្រែង​របស់​រុស្ស៊ីនៅ​អ៊ុយ​ក្រែ​ន ដែល​ខ្វះ​សព្វាវុធ និង​ត្រូវ​ពឹង​ផ្អែកលើ​ការផ្គត់ផ្គង់​របស់លោក​ខាងលិច​នោះទេ​។ លោក ពូ​ទីន ​ក៏​ហាក់ដូចជា​មិន​រំជើបរំជួល​នឹង​ការ​ថ្កោលទោស និង​ការដាក់ទណ្ឌកម្ម​ពី​បរទេស ខណៈ​កងកម្លាំង​របស់លោក​ប​ន្ត​ប្រើប្រាស់​កាំភ្លើង​ធំ​កម្រិត​ខ្ពស់ ដើម្បី​ទម្លាក់​គ្រាប់បែក​លើ​ក្រុង​នានា​របស់​អ៊ុយ​ក្រែ​ន ក្នុង​បំណង​វាយយក​តំបន់​ដុន​បាស​។​

​ប៉ុន្តែ​វា​គឺជា​ជំហាន​ ១ ដ៏​ធំ ដែល​លោក​ប្រធានាធិបតី បៃ​ដិ​ន ថា អាមេរិក​នឹង​បន្ថែម​កងកម្លាំង​រហូត​ដល់ ១០ ​ម៉ឺន​នាក់នៅ​អឺរ៉ុប ខណៈ​មេដឹកនាំ​ណា​តូ​យល់ព្រម​លើ​ការ​ឆ្ពោះទៅរក​ការពង្រាយ​កម្លាំង​ទ័ព​ប្រុង​ជើងការ​ខ្ពស់ជាង ៣០ ​ម៉ឺន​នាក់ ដើម្បី​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​ណាមួយរ​បស់​រុស្ស៊ី​។​

​លោក Stoltenberg និយាយ​ក្នុង​កិច្ចប្រជុំ​នាទី​ក្រុង​ម៉ាឌ្រីដ​ថា សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន «​បាន​បំផ្លាញ​សន្តិភាព​នៅ​អឺរ៉ុប និង​បង្កើត​វិបត្តិ​សន្តិសុខ​ដ៏​ធំ​បំផុត នៅ​អឺរ៉ុប ចាប់តាំងពី​សង្គ្រាម​លោក​លើក​ទី​២​។ ណា​តូ បាន​ឆ្លើយតប​ដោយ​កម្លាំង និង​ការឯកភាព​»​។​

​ក្រុមអ្នកវិភាគ​និយាយថា ការដាក់​ពង្រាយ​កងទ័ព​ថ្មី​ជំរុញ​ទស្សនៈ ដែល​អូសបន្លាយ​ជា​យូរ​មកហើយ ក្នុងប្រទេស​ប៉ូឡូញ និង​បណ្ដា​រដ្ឋបាល់​ទិ​ក​ដែលថា ណា​តូ​ចាំបាច់​ត្រូវធ្វើ​អ្វី​បន្ថែម ដើម្បី​ធានា​តំបន់​នេះ​។​

​លោកស្រី Rachel Rizzo អ្នកជំនាញ​ជាន់ខ្ពស់ នៅ​ក្រុម​​ប្រឹក្សា​អា​ត្ល​ង់​ទិ​កនិយាយប្រាប់​កាសែត Financial Times ថា​៖ «​សហរដ្ឋអាមេរិក រួម​នឹង​សម្ព័ន្ធមិត្ត​អឺរ៉ុប ព្យាយាម​រក​វិធី​មិន​ត្រឹមតែ​ធានា​សម្ព័ន្ធមិត្ត​ភាគ​ខាងកើត​របស់​អង្គការ​ណា​តូ​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើឱ្យ​ប្រាកដថា វត្តមាន​ទៅមុខ និង​វិធានការ​ទប់ស្កាត់​របស់​តំបន់​ខ្លាំង​គ្រប់​គ្រាន់ ដែល​អាច​ទប់ទល់​លោក​ ពូ​ទីន​ ដោយ​ជោគជ័យ​»៕

​ហួន ឌី​ណា