The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ហ្សេលេនស្គី ប្តេជ្ញា​ថា នឹង​ដណ្ដើម​ក្រុង​លីស៊ីឆាន់ស្ក៍ ពី​ការ​កាន់កាប់​របស់​រុស្ស៊ី​មក​វិញ

លោក ហ្សេលេនស្គី ប្តេជ្ញា​ថា នឹង​ដណ្ដើម​ក្រុង​លីស៊ីឆាន់ស្ក៍ ពី​ការ​កាន់កាប់​របស់​រុស្ស៊ី​មក​វិញ

Content image - Phnom Penh Post
ទាហាន​អ៊ុយក្រែន​ជិះ​លើ​រថពាស​ដែក (APC) ដែល​ធ្វើ​តាម​ផ្លូវ​១ នៃ​តំបន់​លូហានស្ក៍ភាគ​ខាង​កើត កាល​ពី​ថ្ងៃ​ទី ​២៣ ខែ​មិថុនា​។

លោក ហ្សេលេនស្គី ប្តេជ្ញា​ថា នឹង​ដណ្ដើម​ក្រុង​លីស៊ីឆាន់ស្ក៍ ពី​ការ​កាន់កាប់​របស់​រុស្ស៊ី​មក​វិញ

ប្រធានាធិបតី​អ៊ុយក្រែន​លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី កាលពី​ថ្ងៃអាទិត្យ​ទទួល​ស្គាល់​ថា កងកម្លាំង​អ៊ុយក្រែន បាន​ដកខ្លួន​ចេញពី​ក្រុង​លីស៊ីឆាន់ស្ក៍ (Lysychansk) ក្នុង​តំបន់​ដុនបាស ប៉ុន្តែ​ប្តេជ្ញា​ថា នឹង​ដណ្ដើម​ការ​គ្រប់​គ្រងឡើង​វិញ ដោយមាន​ជំនួយ​សព្វាវុធ​ពី​លោក​ខាងលិច​។

រុស្ស៊ី​និយាយថា ខ្លួន​បាន​ដណ្ដើម​យក​បាន​ក្រុង​លីស៊ីឆាន់ស្ក៍ ដែល​ធ្វើឱ្យ​ខ្លួន​អាច​គ្រប់គ្រង​តំបន់​លូហាន​ស្ក៍ទាំងមូល។ ការអះអាង​នេះ ធ្វើឡើង​តែ​ជាង ១សប្ដាហ៍​ប៉ុណ្ណោះ ក្រោយ​រុស្ស៊ី​ដណ្ដើមបាន​ក្រុង​ស៊ីវីរ៉ូដុនណិតស្ក៍ (Sievierdonetsk) ដែល​នៅជាប់​គ្នា​។

លោក ហ្សេលេនស្គី និយាយ​ថា​៖ «ប្រសិន​បើ​មេបញ្ជា​ការ​កងទ័ព​របស់​យើង​ដក​កម្លាំង​ចេញ ពី​ចំណុច​ជាក់លាក់ នៅ​ជួរមុខ រួម​ទាំង​នៅ​លីស៊ីឆាន់ស្ក៍​នោះ យើង​នឹង​ត្រឡប់​ទៅវិញ​ជា​យុទ្ធសាស្ត្រ​របស់​យើង ដោយសារ​ការ​កើន​ឡើង​នៃ​ការផ្គត់ផ្គង់​អាវុធ​ទំនើប​»។

លោក ហ្សេលេនស្គី បន្ត​ថា រុស្ស៊ី​កំពុង​ផ្តោត​ការ​វាយលុក​ជួរមុខ នៅ​ដុនបាស ប៉ុន្តែ​អ៊ុយក្រែន នឹង​វាយ​បក​វិញ ជាមួយ​នឹង​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ ដូចជា​គ្រាប់​រ៉ុក្កែត HIMARS ដែល​ផ្គត់ផ្គង់​ដោយ​សហ​រដ្ឋ​អាមេរិក។ លោក​ថា​៖ «ការពិត​ដែលថា យើង​ការពារ​អាយុជីវិត​របស់​ទាហាន​របស់​យើង ប្រជាជន​របស់​យើង មាន​សារៈ​សំខាន់​ដូចគ្នា​។ យើង​នឹង​កសាង​ជញ្ជាំង​ឡើង​វិញ យើង​នឹង​ដណ្តើម​យក​ដី​មកវិញ ហើយ​ប្រជាជន​ត្រូវតែ​ត្រូវបាន​ការពារ​លើសពី​អ្វី​ទាំងអស់​»​។

ចាប់តាំងពី​ដកទ័ព​ចេញពី​តំបន់​ជុំវិញ​រដ្ឋធានី​កៀវ រុស្ស៊ី​បាន​ផ្ដោត​ការ​លុកលុយ​របស់ខ្លួន នៅ​តំបន់​ដុនបាស ដែល​រួមបញ្ចូល​គ្នា រវាង​តំបន់​ដុនណិតស្ក៍ និង​លូហានស្ក៍ ជា​កន្លែង​ដែល​ពួក​ផ្ដាច់ខ្លួន​ធ្វើការ​ប្រយុទ្ធ​គ្នា​ជាមួយ​កងកម្លាំង​អ៊ុយក្រែន តាំងពី​ឆ្នាំ​២០១៤​។

តាំងពី​រុស្ស៊ី​បើក​ការ​វាយប្រហារ ជន​ស៊ីវិល​រាប់ពាន់​នាក់ ត្រូវ​បាត់​បង់​ជីវិត ខណៈ​ទីក្រុង​របស់​អ៊ុយក្រែន​ផ្សេងៗ​ទៀត ត្រូវបាន​កម្ទេច​។ រុស្ស៊ី​ហៅ​ការ​ឈ្លានពាន​របស់ខ្លួន​ថា ជា​ប្រតិបត្តិការ​យោធា​ពិសេស ដែលមាន​គោល​បំណង​ការពារ​អ្នក​និយាយ​ភាសា​រុស្ស៊ី​ពី​អ្នក​ជាតិនិយម​អ៊ុយក្រែន​។ តែ​អ៊ុយក្រែន និង​សម្ព័ន្ធមិត្ត​លោក​ខាងលិច​លើក​ឡើង​ថា នេះ​ជា​លេស​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ដើម្បី​ការពារ​ការ​ឈ្លានពាន​ដណ្ដើម​ទឹកដី​របស់​ខ្លួន​៕

ហួន ឌី​ណា

អត្ថបទគួរចាប់អារម្មណ៍