ខណៈ​សំណុំរឿង​របស់​ស៊ុយអែត និង​ហ្វាំងឡង់ ដែល​ដាក់​ពាក្យ​ចូល​ជា​សមាជិក​របស់​អង្គការ​សន្ធិ​សញ្ញា​អាត្លង់​ទិក​ខាង​ជើង (NATO) កំពុង​ស្ថិត​ក្នុង​សភាព​ក្តៅ​គគុក​នៅឡើយ មន្ត្រី​អនុវត្ត​ច្បាប់​នៃ​សាធារណ​រដ្ឋ​ប្រជា​មានិតដូណិតស្ក៍ (Donetsk People’s Republic) ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ប្រទេស​រុស្ស៊ី​តែ ១​គត់​នោះ បាន​ធ្វើ​ការ​ចោទ​ប្រកាន់ ចំពោះ​ជនជាតិ​ស៊ុយអែត ដែល​ចុះចូល​ទាហាន​រុស្ស៊ី ក្នុងការ​ឡោម​ព័ទ្ធ​ទី​ក្រុង Mariupol ថា «ជា​ទាហាន​ស៊ី​ឈ្នួល​»​។

ស៊ុយអែត ​និង​ហ្វាំងឡង់​ដែលមាន​ព្រំដែន​ជាប់​ជាមួយ​រុស្ស៊ី ដែល​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន បាន​ដាក់​ពាក្យ​សុំចូល​ជា​សមាជិក​របស់ ​NATO ក្នុង​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​របស់​អង្គការ​យោធា​នេះ កាលពី​ចុង​ខែ​ឧសភា ព្រោះ​បើ​មាន​ការ​ឈ្លានពាន​របស់​រុស្ស៊ី ក្នុង​ថ្ងៃ​ណា​ ១ នោះ​នឹង​ទទួល​បាន​ជំនួយ​ការ​ការពារ​ពី ​NATO​។

តាម​ការចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី ហៅ​កាត់​ថា «TASS» កាល​ពី​ថ្ងៃ​ទី ​៥ ខែ​មិថុនា មន្ត្រី​អនុវត្ត​ច្បាប់ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​នេះ កាលពី​ថ្ងៃ​អង្គារ​ថា ក្រុម​អ្នកស៊ើប​អង្កេត នៅ​សា.ប្រជាមានិត​ដូណិតស្ក៍ ដែល​ទទួលបាន​ការគាំទ្រ ពី​រុស្ស៊ី ដោយមាន​ក្រុម​ទាមទារ​ផ្តាច់​ខ្លួន នៅ​អ៊ុយក្រែន បាន​ចោទ​ប្រកាន់​ជនជាតិ​ស៊ុយអែត ដែល​បាន​ចុះចាញ់​នៅ​រោងចក្រ​ដែក Azovstal ក្នុង​ទី​ក្រុង Mariupol ថា ជា​សកម្មភាព​ស៊ីឈ្នួល​ក្នុងប្រទេស​អ៊ុយក្រែន​។

ទោះបី​យ៉ាងណា ប្រភព​បាន​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​នៃ​ជនជាតិ​ស៊ុយអែត ដែល​រង​ការ​ចោទ​ប្រកាន់​ជា​ទាហាន​ស៊ីឈ្នួល​បរទេស​នោះ ក្នុង​ហេតុផល​ប្រយោជន៍​នៃ​ការ​ស៊ើបអង្កេត​ត​ទៅ​មុខ​ទៀត​។

TASS បាន​ដកស្រង់​ការ​អះអាង​របស់​ប្រភព​នោះ ដែល​បាន​និយាយ​ថា៖ «សំណុំរឿង​ព្រហ្មទណ្ឌ​១​ត្រូវ​បាន​ធ្វើ​ឡើង​ប្រឆាំងនឹង​ជនជាតិ​ស៊ុយអែត​។ វិធានការ​ស៊ើប​អង្កេត​ពាក់ព័ន្ធ​នឹង​ចុងចោទ កំពុង​ត្រូវ​បាន​រៀបចំ​»។

យោង​តាម​ការ​ផ្សាយ​របស់ CNN កាល​ពី​ថ្ងៃ​ទី​ ១ ខែ​មិថុនា ដោយ​ផ្អែក​តាម​ទីភ្នាក់ងារ​ព័ត៌មាន Donetsk ក្រុម​អ្នកស៊ើប​អង្កេត ដែល​គាំទ្រ​រុស្ស៊ី​នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាមានិត​ដូណិតស្ក៍ (DPR) ដែល​ប្រកាស​ដោយ​ខ្លួនឯង កាល​ពី​ថ្ងៃ​សុក្រ បាន​និយាយ​ថា ពួកគេ​បាន​ចោទប្រកាន់​ពលរដ្ឋ​អង់គ្លេស ២ ​នាក់​ទៀត​ថា​ជា «ទាហាន​ស៊ី​ឈ្នួល​»។

CNN ដកស្រង់​ពី​សេចក្តី​រាយការណ៍​ពី​តំបន់​ដូណិតស្ក៍​ឱ្យ​ដឹង​ថា៖ «ឥឡូវនេះ​ការ​ស៊ើបអង្កេត​កំពុង​ដំណើរ​ការ​ប្រឆាំង​នឹង​ទាហាន​ស៊ីឈ្នួល​អង់គ្លេស Dylan Healy និង Andrew Hill។ ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​មាត្រា​ដូចគ្នា​នឹង​ទាហាន​ស៊ីឈ្នួល ៣​ នាក់ ដែល​ត្រូវបាន​កាត់ទោស​ពីមុន​។ ការស៊ើបអង្កេត​កំពុង​ដំណើរការ ហើយ​ការ​ចោទ​ប្រកាន់ ត្រូវបានអនុវត្ត​ឡើង​»​។

ការិយាល័យ​ការ​បរទេស​របស់​ចក្រ​ភព​អង់គ្លេស បាន​ថ្កោល​ទោស «ការ​កេង​ប្រវ័ញ្ច​» អ្នក​ទោស​សម្រាប់​គោល​បំណង​នយោបាយ ហើយ​បាន​និយាយ​ថា ខ្លួន​បាន​លើក​ឡើង​បញ្ហា​នេះ​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី​។

អ្នក​នាំពាក្យ បាន​បន្ថែម​ថា៖ «យើង​កំពុង​ទាក់ទង​ជាប្រចាំ​ជាមួយ​រដ្ឋាភិបាល​អ៊ុយក្រែន​លើ​ករណី​របស់​ពួកគេ ហើយ​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​អ៊ុយក្រែន​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ពួកគេ ក្នុងការ​ដោះលែង​អ្នក​ត្រូវ​បាន​ចោទ​នោះ​»​។

សមរភូមិ Mariupol បាន​ចាប់​ផ្តើម នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ហើយ​នៅ​ថ្ងៃ​ទី​ ២០ ខែ​ឧសភា អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី Igor Konashenkov បាន​និយាយ​ថា យោធា​រុស្ស៊ី បាន​រំដោះ​ទឹកដី​នៃ​រោងចក្រ Azovstal ទាំង​ស្រុង​ពី​កង​កម្លាំង​អ៊ុយក្រែន​។ នេះ​បើ​តាម TASS​៕

វីដេអូ៖