ប្រធានាធិបតី​បេឡា​រុស ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​បំផុត​របស់​មេដឹកនាំ​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន និយាយថា បេឡា​រុស​ឈរ​ជាមួយ​រុស្ស៊ី ក្នុង «​ប្រតិបត្តិការ​យោធា​ពិសេស​» នៅ​អ៊ុយ​ក្រែ​ន ខណៈ​អ៊ុយ​ក្រែ​ន​ហៅ​ការ​ថ្លែង​នេះ​ថា ជា​ការវិវឌ្ឍ​គ្រោះថ្នាក់​។​

​លោក Alexander Lukashenko ដែល​កាន់អំណាច​តាំងពី​ឆ្នាំ​ ១៩៩៤ និង​ដែល​រង​ការ​ចោទ​រាប់មិនអស់​ពី​លោក​​ខាងលិច​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស បាន​បើកដៃ​ឱ្យ​រុស្ស៊ី​ប្រើ​ទឹកដី​ខ្លួន ដើម្បី​បើក​ទ័ព​ឈ្លានពាន​ពី​ភាគ​ខាងជើង​អ៊ុយ​ក្រែ​ន​។​

​ថ្លែង​ក្នុង​ពិធី​រំឭក​ខួប​នៃ​ការ​​រំដោះ​ក្រុង​មីន​ស្ក៍ ក្នុង​សង្គ្រាម​​លោក​លើក​ទី​២ ដោយ​កងទ័ព​​សូ​វៀត លោក Lukashenko និយាយថា លោក​បាន​ប្រើ​ឥទ្ធិ​ពល​របស់លោក ដើម្បី​បង្ហាញ​ការគាំទ្រ​លោកពូ​ទីន តាំងពី​ថ្ងៃ​ដំបូង​នៃ​ការឈ្លានពាន​នេះ​។​

​លោក​និយាយថា​៖ «​ថ្ងៃនេះ យើង​កំពុង​រង​ការ​រិះគន់ថា ជា​ប្រទេស​តែ​ ១​ គត់ ក្នុង​ពិភពលោក ដែល​គាំទ្រ​រុស្ស៊ី ក្នុងការ​ប្រយុទ្ធ​​ប្រឆាំង​ពួក​ណា​ហ្ស៊ី​។ យើង​គាំទ្រ ហើយនឹង​បន្ត​គាំទ្រ​រុស្ស៊ី​»​។ ហើយ​អ្នក​ដែល​រិះគន់​យើង ពួកគេ​មិនដឹងថា យើង​មាន​សម្ព័ន្ធភាព​ជិតស្និទ្ធ​ជាមួយ​សហព័ន្ធរុស្ស៊ី​ទេ​ឬ​? ជាក់ស្តែង​យើង​មាន​កងទ័ព​បង្រួបបង្រួម​។ យើង​នឹង​នៅ​ជាមួយគ្នា ជាមួយ​រុស្ស៊ី​ជា​បងប្អូន​»​។​

​ជាការ​ឆ្លើយតប ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​លេន​ស្គី និយាយថា ការ​​អត្ថាធិប្បាយ​របស់លោក Lukashenko ជា​ការវិវឌ្ឍ​ដ៏​គ្រោះ​ថ្នាក់​។ លោក​ថា​៖ «​សេចក្តី​ថ្លែង​ការណ៍​របស់ Lukashenko ពី​កងទ័ព​បង្រួបបង្រួម​ជាមួយ​រុស្ស៊ី គឺជា​រឿង​គ្រោះថ្នាក់​បំផុត ចំពោះ​ប្រជាជន​បេឡា​រុស​»​។​

​លោក​ ហ្សេ​លេន​ស្គី បន្ថែមថា​៖ «​លោក​មិនត្រូវ​អូស​បេឡា​រុស​ចូលក្នុង​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​ប្រឆាំង​អ៊ុយ​ក្រែ​ន​ទេ​។ ខ្ញុំ​ជឿថា នេះ​ជាស​ញ្ញា​គ្រោះថ្នាក់ ហើយ​យើង​គ្រប់គ្នា​នឹង​ឃើញ​លទ្ធផល​នៃ​សញ្ញា​នេះ​»៕​

​ហួន ឌី​ណា​

វីដេអូ៖