​មន្ត្រី​ចារកម្ម​រុស្ស៊ី បាន​អះអាង​ពី​ការរកឃើញ​ភ័ស្តុតាង ដែល​សហរដ្ឋអាមេរិក​ជ្រើសរើស​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ិ​ស្លាម ដើម្បី​ចូលរួម​ក្នុង​ភាព​ប្រទូសរ៉ាយ នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ក្នុងនាម​ជា​ទាហាន​ស៊ីឈ្នួល​។ នេះ​បើ​ផ្អែក​តាម​សារព័ត៌មាន​រុស្ស៊ី និង​អ៊ី​រ៉ង់ ប៉ុន្តែ​មិនទាន់​ឃើញ​មានការ​ថ្លែង​ពី​បស្ចិមប្រទេស​នោះទេ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS កាល​ថ្ងៃទី​ ៤ ខែមិថុនា បាន​អះអាងថា នៅមុននេះ ប្រធាន​សេវា​ព័ត៌មាន​របស់​សេវា​ចារកម្ម​បរទេស លោក សឺ​ហ្គេ​យ អ៊ី​វ៉ា​-​ណូ​វ (Sergey Ivanov) បាន​ប្រាប់ថា អាមេរិក​កំពុង​ជ្រើស​​រើស​ជួល​ពួក​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ិ​ស្លាម ដើម្បី​ចូលរួម​ក្នុង​អរិភាព នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ឯកអគ្គរដ្ឋទូត​ស៊ី​រី ប្រចាំ​នៅ​រុស្ស៊ី លោក រី​អាដ ហាដ​ដា​ដ (Riad Haddad) បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS ថា ប្រទេស​លោកខាងលិច និង​តួ​ក​គី បញ្ជូន​អ្នក​ប្រយុទ្ធ​នៃ​ក្រុម​​ភេរវ​ករ​រដ្ឋ​អ៊ិ​ស្លាមទៅ​អ៊ុយ​ក្រែ​ន ដែល​ត្រូវបាន​ហាមឃាត់ នៅក្នុង​ប្រទេស​រុស្ស៊ី​។​

​លោក រី​អាដ ហាដ​ដា​ដ បាន​និយាយថា​៖ «​យើង​មិន​ភ្ញាក់​​ផ្អើល​ទេ ដែល​អាមេរិក បស្ចិម​​ប្រទេស និង​តួ​ក​គី​បញ្ជូន​ក្រុម​​សកម្មប្រយុទ្ធ​អង្គការ​ភេរ​វករ IS និង Jabhat al-Nusra ពី​ក្រុង​នៅ​ភាគ​ពាយព្យ​ស៊ី​រី Idlib ទៅ អ៊ុយ​ក្រែ​ន​។ ទោះ​ពួកគេ ត្រូវបាន​ហៅ​ឈ្មោះ​ខុសៗ​គ្នា​ក៏ដោយ ក៏​ពួកគេ​ជា​ឧបករណ៍ ដែល​លោកខាងលិច​ប្រើប្រាស់​ប្រឆាំងនឹង​ប្រជាជន និង​សន្តិភាព​»​។​

​លោក​បន្តថា​៖ «​នោះ​ហើយ​ជា​របៀប ដែល​ពួកគេ​កំពុង​ប្រែ​ក្លាយ​អ៊ុយ​ក្រែ​ន​ទៅ​ជាម​ជ្ឈ​មណ្ឌល សម្រាប់​ភេរ​វករ និង​ទាហាន​ស៊ីឈ្នួល ដោយ​មិនដឹង​ពី​ផល​អវិជ្ជមាន ដែល​គោល​​នយោបាយ​បែបនេះ​នឹង​ប៉ះ​​ពាល់​សន្តិសុខ​ពិភពលោក​»​។​

​ទីភ្នាក់ងារ​ព័ត៌មានអ៊ី​រ៉ង់ farsnews បាន​បន្ថែម​ទម្ងន់​លើ​ការ​​លើកឡើង​នោះ​ថា អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី លោក​​ស្រី Maria Zakharova បាន​និយាយថា លោកខាងលិច​មានការ​ស្ទាក់ស្ទើរ ក្នុងការ​ឆ្លើយ​សំណួរ​របស់​ក្រុង​ម៉ូស្គូ​ពី​ទាហាន​ស៊ីឈ្នួល​នេះ​។​

​ពាក់កណ្តាល​ខែ​មុន អ្នក​នាំ​ពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី លោក Igor Konashenkov និយាយថា ទាហាន​ស៊ីឈ្នួល និង​អ្នកឯកទេស​យោធា​មកពី​ប្រទេស​ ៦៤ បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​អរិភាពនៅ​អ៊ុយ​ក្រែ​ន ហើយ​ថា បើតាម​ស្មាន ទាហាន​ស៊ី​​ឈ្នួល​បរទេស ២ ​ពាន់​នាក់ ត្រូវបាន​ដឹងថា បាន​ស្លាប់​។​

​ផ្ទុយ​ពី​ការអះអាង​នេះ បស្ចិម​​លោក ចោទ​រុស្ស៊ី​ថា បាន​ជួល​ក្រុម​ស៊ីឈ្នួល​ចូលទៅ​ប្រយុទ្ធនៅ​អ៊ុយ​ក្រែ​ន តែ​មិនទាន់មាន​ការនិយាយ​ពាក់ព័ន្ធ​ការលើក​​ឡើង​ពី​មន្ត្រី​ស៊ី​រី​នេះ​ទេ​៕