ភាព​តានតឹង​កាន់តែខ្លាំង​ឡើង រវាង​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​កុង​ហ្គោ និង​ប្រទេសជិតខាង រ្វ៉ា​ន់​ដា ដែល​នៅ​ខាងកើត​កំពុង​គំរាម​បង្ក​ឱ្យ​កើតសង្គ្រាម នៅ​តំបន់​បឹង Great Lakes របស់អាហ្វ្រិ​ក​។​

​ទោះយ៉ាងណា​ក៏ដោយ មិន​ដូចជា​វិបត្តិ​ផ្សេងទៀត នៅក្នុង​ទ្វីបអាហ្វ្រិ​ក ដូចជា​ទុរភិក្ស គ្រោះរាំងស្ងួត រដ្ឋប្រហារ និង​អំពើហិង្សា​ជនជាតិភាគតិច ភាព​តានតឹង​នេះ ទទួលបាន​ការចាប់អារម្មណ៍ ពី​អន្តរជាតិ​តិចតួច ជាពិសេស​ក្រោយ​សង្គ្រាម​ឈ្លានពាន​អ៊ុយ​ក្រែ​ន​របស់​រុស្ស៊ី ផ្ទុះឡើង​។​

​អស់​រយៈពេល​ច្រើន​សប្តាហ៍ កុង​ហ្គោ​ចោទប្រកាន់​រ្វ៉ា​ន់​ដា​ថា បាន​គាំទ្រ​ក្រុម​ឧទ្ទាម M23 ដែល​បានសម្លាប់​ជន​ស៊ីវិល ក្នុងការ​វាយប្រហារ​ថ្មីៗ ដោយបាន​ដណ្តើម​កាន់កាប់​ទីក្រុង​ពាណិជ្ជកម្ម Goma ដែល​បណ្តាលឱ្យ​មនុស្ស​ជាង ២៥ ០០០​ នាក់ ត្រូវ​ភៀសខ្លួន ហើយ​ទំនងជា​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​របស់​អង្គការ​​សហប្រជាជាតិ (UN) ដោយបាន​សម្លាប់​កងរ​ក្សា​សន្តិភាព ៨ ​នាក់ នៅលើ​យន្តហោះ​។​

​ប្រទេស​រ្វ៉ា​ន់​ដា បាន​បដិសេធ​ការ​ចោទ​នោះ ប៉ុន្តែ​ទំនាក់ទំនង រវាង​ប្រទេស​ទាំង ​២ នៅតែមាន​ភាព​តានតឹង​។ លើសពីនេះ មន្ត្រី​កុង​ហ្គោ​ម្នាក់ ថែមទាំង​បានប្រកាសថា បើ​រ្វ៉ា​ន់​ដា​ចង់​ធ្វើសង្គ្រាម​នោះ សង្គ្រាម​នឹង​កើតមានឡើង​។​

​កាលពី​ពាក់​កណ្តាលខែ​​មិថុនា ប្រធានាធិបតី​កុង​ហ្គោ​លោក Felix Tshisekedi បាន​ផ្អាក​កិច្ចព្រមព្រៀងទ្វេភាគី ជាមួយ​រ្វ៉ា​ន់​ដា ដោយ​ចោទ​ប្រទេស​នេះ​ថា ចង់​កាន់កាប់​ដី​របស់​កុង​ហ្គោ ដើម្បី​ទាញយក​ផលចំណេញ​ពី​ទ្រព្យសម្បត្តិ​រ៉ែ​ដ៏​ធំ​។ លោក​លើកឡើងថា​៖ «​ជន​ស៊ីវិល​កុង​ហ្គោ​ភាគ​ខាង​​កើត គឺជា​ជនស្លូតត្រង់​រស់នៅ​ក្រោម​ការវាយប្រហារ​ដ៏​ឃោរ​​ឃៅ​ពី​ប្រទេសជិតខាង​»​។​

​ផ្ទុយទៅវិញ រ្វ៉ា​ន់​ដា​បាន​ចោទ​​ប្រកាន់​កុង​ហ្គោ​ថា វាយប្រហារ​ព្រំដែន​របស់ខ្លួន​។ ភាគី​នីមួយៗ បាន​ចោទ​គ្នា​ទៅវិញទៅមក​ថា បាន​បាញ់​រ៉ុក្កែត​ឆ្លង​ព្រំដែន​រៀង​​ខ្លួន​។ កាលពី​ពាក់កណ្ដាល​ខែមិថុនា​ដូចគ្នា កុង​ហ្គោ​បាន​បិទ​ព្រំដែន​របស់ខ្លួន បន្ទាប់ពី​មន្ត្រីប៉ូលិស​រ្វ៉ា​ន់​ដា​ម្នាក់ សម្លាប់​ទាហាន​កុង​ហ្គោ​ម្នាក់ ដែល​ត្រូវបាន​ចោទថា ជា​អ្នកបាញ់ និង​ធ្វើឱ្យ​កងកម្លាំង​សន្តិសុខ​មាន​របួស ក្នុង​ទឹកដី​របស់ខ្លួន​។​

​អំពើហិង្សា​បង្កឱ្យមាន​ការ​​តវ៉ា​ពី​ជនជាតិ​កុង​ហ្គោ​រាប់ពាន់នាក់ នៅ​ក្រុង Goma ភាគ​​ខាងកើត​ប្រទេស ដើម្បី​ប្រឆាំង​ប្រធានាធិបតី​រ្វ៉ា​ន់​ដា និង​អ្វីដែល​ខ្លួន​ហៅថា ជា «​ការ​​ឈ្លានពាន​របស់​រ្វ៉ា​ន់​ដា​»​។ អ្វីដែល​ជាការ​ព្រួយបារម្ភ​ដែរនោះ UN បាន​ព្រមាន​អំពី​ការ​កើនឡើង​នៃ​ការ​ស្អប់ខ្ពើម និង​ការរើសអើង ក្នុង​តំបន់​ប្រឆាំងនឹង​អ្នក​និយាយ​ភាសា Kinyarwanda ដែលជា​ភាសាផ្លូវការ​របស់​រ្វ៉ា​ន់​ដា​។​

​កាសែត​ញូវយ៉ក​ថា​ម​ស៍ បាន​សរសេរ​រៀបរាប់ថា មាន​បញ្ហា​ជាច្រើន ដែល​ធ្វើឱ្យមាន​ភាព​​ចលាចល​ជាច្រើន កើតឡើង​នៅ​តំបន់​ភាគ​ខាងកើត​កុង​ហ្គោ ដែលមាន​ប្រជាជន​ជាង ១៦ ​លាន​នាក់ រស់នៅ​តាម​ភូមិ​រប៉ាត់រប៉ាយ​នៃ​ទីជនបទ និង​ដែល​ភាគច្រើន​ប្រកបរ​បរជាកសិករ​។ ហើយ​ប្រជាជន​ទាំងនោះ គឺជា​អ្នក​រង​ទុក្ខ​ដោយ​សង្គ្រាម​ជាច្រើន​ទសវត្សរ៍​។ មនុស្ស​រាប់លាន ត្រូវបាន​សម្លាប់ រំលោភ និង​បណ្ដេញ​ចេញពីផ្ទះ ដោយសារតែ​ការ​វាយប្រហារ​ហិង្សា​ផ្សេងៗ​ជា​​ច្រើន​ឆ្នាំ​មកនេះ​។ ពេល​មាន​អំពើហិង្សា តំបន់​ដាច់ចេញពី​រដ្ឋ​ធានី​នេះ ក៏​គ្មាន​កម្លាំង​ប៉ូលិស ដែល​គួរឱ្យ​ទុកចិត្ត ឬ​ដំណើរការ​ពី​តុលាការ ដើម្បី​ឃុំខ្លួន​ជនល្មើស​នោះដែរ​។​

​ពេលខ្លះ ប្រជាជន​ស្វែងរក​ការ​ជ្រកកោន​នៅ​ក្រុង​មួយចំនួនក្នុង​តំបន់ ប៉ុន្តែ​ក៏​មិន​ប្រាកដថា សុវត្ថិភាព​ដែរ​។ ជាក់ស្ដែង​យូរៗ​ម្ដង ភ្នំភ្លើង​នៅ​ជិត​ក្រុង ​Goma ដែល​ជាទី​រួម​​ខេត្ត ​North Kivu បាន​ផ្ទុះឡើង ដែល​បំផ្លាញ​ផ្ទះសំបែង​អស់​ជាច្រើន​ខ្នង នេះ​រាប់បញ្ចូល​ទាំង​ការផ្ទុះ​កាលពី​ឆ្នាំមុន ដែល​កម្ទេច​ផ្ទះ​ជាង ៥ ០០០​ ខ្នង​ផងដែរ​។ ក្នុង​ឆ្នាំ ​២០១២ ក្រុង ​Goma ដែលជា​មជ្ឈមណ្ឌល​​ពាណិជ្ជកម្ម ក៏ត្រូវ​បាន​រឹបអូស​ដោយ​ពួក​ឧទ្ទាម M23 ដែលជា​កងជីវពល​ប​ង្កើ​ត​ឫសគល់​នៃ​ភាព​តានតឹង​ចុងក្រោយ រវាង​កុង​ហ្គោ និង​រ្វ៉ា​ន់​ដា​។​

​លើសពីនេះ បើ​យោងតាម Kivu Security Tracker ដែលជា​អ្នកបង្កើត​ផែនទី ដើម្បី​បង្ហាញ​ពី​អំពើហិង្សា និង​ការ​​រំលោភបំពាន នៅ​ភាគ​ខាងកើត​កុង​ហ្គោ ដោយ​រួមបញ្ចូល​ខេត្ត North Kivu ខេត្ត South Kivu និង​ខេត្ត Ituri ដែលមាន​ក្រុម​ប្រដាប់អាវុធ​ប្រហែល ១២០​ ផ្សេងៗ​គ្នា​។​

​ក្រុម​ដែល​លេចធ្លោ​ជាងគេ នាពេល​បច្ចុប្បន្ននេះ រួមមាន​កង​កម្លាំង​ប្រជាធិបតេយ្យ​សម្ព័ន្ធមិត្ត (ADF) ដែលជា​ក្រុម​សាហាវ​បំផុត នៅ​តំបន់ ដែល​ត្រូវបាន​បង្កើតឡើង ក្នុង​ឆ្នាំ ​១៩៩៥ ប្រឆាំង​ប្រធានាធិបតី​នៃ​ប្រទេសជិតខាង​អ៊ូ​ហ្គ​ង់​ដា លោក​ Yoweri Museveni​។ ក្រៅពីនេះ ក៏មាន​ក្រុម​ផ្សេងទៀត ដូចជា CODECO ដែល​ធ្វើការ​វាយ​​ប្រហារ​រាប់រយ​ដង ចាប់តាំងពី​ឆ្នាំ ​២០១៨ ខណៈដែល​សូម្បីតែ​អាជ្ញាធរ ក៏​ពិបាក​បែងចែក ពួកគេ​ពី​ជន​ស៊ីវិល​។​

​បន្ទាប់មក គឺ​ក្រុម​ឧទ្ទាម March 23 Movement ឬ M23 ដែលមាន​សមាជិក​ភាគ​​ច្រើន​ជា​ជនជាតិ ​Tutsis ពោល​​គឺជា​ជនជាតិ​តែ​ ១ ជាមួយ​ប្រធានាធិបតី​រ្វ៉ា​ន់​ដា លោក​ Paul Kagame​។ ការ​វាយ​​ប្រហារ​របស់​ក្រុម​នេះ​ទៅលើ​រដ្ឋាភិបាល​កុង​ហ្គោ បាន​កើន​ឡើង ចាប់តាំងពី​ចុងឆ្នាំ​មុន បន្ទាប់ពី​ចោទប្រកាន់​អាជ្ញាធរ​​កុង​ហ្គោ​ថា មិន​គោរពតាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ឆ្នាំ ​២០០៩ ជាមួយ​ក្រុម​ខ្លួន និង​ការរើសអើង​ប្រឆាំង​អ្នក​និយាយ​ភាសា Kinyarwanda​។ កាលពី​ខែឧសភា​កុង​ហ្គោ​ក៏​កំណត់ M23 ថា​ជា​ក្រុម​ភេរ​វករ​។​

​ទោះបីជា​តំបន់​ភាគ​ខាងកើត មាន​កង​រក្សា​សន្តិភាព​នៃ UN ជាង ១៨ ០០០ ​នាក់​ក្ដី តែ​អំពើហិង្សា​ផ្សេងៗ បានធ្វើឱ្យ​មានការ​ចោទសួរ​ពី​ប្រសិទ្ធភាព​នៃ​កងកម្លាំង​នេះ​។ អំពើហិង្សា បានចាប់ផ្ដើម​ឡើងជា​មួយ​នឹង​អំពើ​ប្រល័យពូជសាសន៍​រ្វ៉ា​ន់​ដា ក្នុង​ឆ្នាំ ​១៩៩៤ ពេលដែល​មនុស្ស​ជាង ​១ ​លាន​នាក់​នៃ​ក្រុម​ជនជាតិភាគតិច Hutu បាន​ភៀសខ្លួន ពី​រ្វ៉ា​ន់​ដា​ទៅ​កុង​ហ្គោ​។ ក្នុងចំណោម​ពួក Hutu មាន​ឧក្រិដ្ឋជន​ប្រល័យពូជសាសន៍​ជាច្រើន ដែល​ទទួលខុសត្រូវ​លើ​ការសម្លាប់​ជនជាតិ Tutsis រាប់លាន​នាក់​។​

​នៅ​ឆ្នាំ ​១៩៩៦ រ្វ៉ា​ន់​ដា​បាន​លុកលុយ​កុង​ហ្គោ ហើយ​គាំទ្រ​ការបះបោរ ដែល​នាំទៅដល់​ការផ្ដួលរំលំ​រដ្ឋធានី Kinshasa របស់​កុង​ហ្គោ រហូតដល់​មេ​ដឹក​​នាំ​យូរ​ឆ្នាំ​របស់​ប្រទេស លោក Mobutu Sese Seko ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​ត្រូវ​បង្ខំ​និរទេស​ខ្លួន​។ ចាប់តាំងពី​ពេលនោះ​មក ភាគ​ខាងកើត​កុង​ហ្គោ គឺជា​កន្លែង​បង្ហូរឈាម សម្រាប់​ក្រុម​ប្រដាប់អាវុធ​។​

​ប្រវត្តិវិទូ​ជនជាតិ​កុង​ហ្គោ​លោក Georges Nzongola-Ntalaja ដែល​ទើបត្រូវ​បានតែងតាំង​ជា​តំណាង​អចិន្រ្តៃ​យ៍​ប្រចាំ UN បាន​លើកឡើងថា​៖ «​ពិតណាស់ អំពើ​ប្រល័យ​ពូជ​​សាសន៍ គឺជា​កត្តា​ជំរុញ ​១​។ ប្រសិនបើ​អំពើ​ប្រល័យ​ពូជ​សាសន៍​មិនកើត​ឡើង យើង​ប្រហែលជា​នឹងមិន​ប្រឈម​នឹង​បញ្ហា​ទាំងអស់នេះ​ទេ​»​។​

​យ៉ាងណាមិញ ឫសគល់​នៃ​វិបត្តិ កើតមាន​តាំងពី​មុន​អំពើ​ប្រល័យពូជសាសន៍​កើតឡើងម្ល៉េះ។ កុង​ហ្គោ​ទទួលឯករាជ្យ​នៅ​ឆ្នាំ ​១៩៦០ ពី​បែលហ្ស៊ិក​។ ក្រោយពី​នោះ បន្ទាប់ពី​នាយក​​រដ្ឋមន្ត្រី​ទី​១ របស់​កុង​ហ្គោ​ត្រូវបាន​គេ​ធ្វើឃាត ប្រទេស​អាហ្វ្រិ​កមួយ​នេះ ត្រូវ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល ដែល​មិនអាច​នាំមក​នូវ​សន្តិភាព និង​វិបុល​​ភាពជា​បន្តបន្ទាប់​។​

​ប៉ុន្តែ​លើសពីនេះ ក៏មាន​បញ្ហា​ជាប់ទាក់ទង​នឹង​ការ​ចោទ​​ប្រកាន់​របស់​កុង​ហ្គោ​លើ​កំណប់​​ទ្រព្យ​រ៉ែ​របស់ខ្លួន ដែល​រដ្ឋា​ភិ​បាល​រ្វ៉ា​ន់​ដា​តែង​បដិសេធ​។ របាយការណ៍​ឆ្នាំ​ ២០១៨ ដែល​ចេញផ្សាយ​ដោយ​អ្នកជំនាញ​របស់ UN ប្រចាំ​កុង​ហ្គោ បាន​និយាយថា​៖ «១ ​ភាគ​ធំ​នៃ​មាស ដែល​ត្រូវ​ជួញដូរ​ដោយ​អ៊ូ​ហ្គ​ង់​ដា និង​រ្វ៉ា​ន់​ដា​ត្រូវបាន​លួច​បន្លំ​ពី​ប្រទេសជិតខាង រួមទាំង​សា​.​ប្រជាធិបតេយ្យ​​កុង​ហ្គោ​ផងដែរ​»​។

​កាសែត​ញូវយ៉ក​ថា​ម​ស៍ រាយ​​ការណ៍​ដោយ​ស្រង់​របាយការណ៍ ១ ​ផ្សេង​ទៀតថា មាស​ពី ​១០ ទៅ ២០ ​តោន ត្រូវបាន​រត់គេច​ពន្ធ​ចេញពី​កុង​ហ្គោ​រៀងរាល់ឆ្នាំ​។ ភាគច្រើន​វា​ត្រូវបាន​នាំចេញ​ទៅកាន់​ទីក្រុង​ឌូ​បៃ មុននឹង​ផលិត​ជា​គ្រឿងអលង្ការ​លក់​នៅ​ជុំវិញ​ពិភពលោក​៕

​ហួន ឌី​ណា