ប្រេសិត​លោកខាងលិច នៅ​ចិន​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍ បាន​រិះគន់​រុស្ស៊ី ចំពោះ​ការ​លុកលុយ​អ៊ុយក្រែន ដោយ​ឯក​អគ្គ​រដ្ឋទូត​អាមេរិក បាន​និយាយ​ថា ចិន​មិនគួរ​ផ្សព្វផ្សាយ​«ការឃោសនា» របស់​រុស្ស៊ី​ក្នុង​អំឡុង​វេទិកា​សាធារណៈ​ដ៏​ធំ​នោះទេ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​។

ថ្លែង​ក្នុង​វេទិកា​សន្តិភាព​ពិភពលោក ដែល​រៀបចំ​ដោយ​សាកល​វិទ្យាល័យ Tsinghua ឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​លោក ​Nicholas Burns បាន​ហៅ​សង្គ្រាម​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុយក្រែន​ថា ជា«ការ​គំរាមកំហែង​ដ៏​ធំ​បំផុត ចំពោះ​សណ្តាប់ធ្នាប់​ពិភពលោក​»។

លោក ​Burns និយាយ​ថា លោក​សង្ឃឹម​ថា អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន នឹង​បញ្ឈប់​ការ​និយាយ​ឡើង​វិញ​នូវ​ «ការឃោសនា​របស់​រុស្ស៊ី​» ដែល​បន្ទោស​អង្គការ​ណាតូ ចំពោះ​សង្គ្រាម​។ លោក​បន្ថែម​ថា​៖ «ខ្ញុំ​សង្ឃឹម​ថា អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស ក៏​នឹង​ឈប់​និយាយ​កុហក​អំពី​មន្ទីរ​ពិសោធន៍​ជីវ​អាវុធ​របស់​អាមេរិក ដែល​គ្មាន​នៅ​អ៊ុយក្រែន​សោះ​ផងដែរ»។

លោក ​Burns អង្គុយ​នៅ​អមដោយ​ឯក​អគ្គរដ្ឋ​ទូត​អង់គ្លេស និង​បារាំង ព្រម​ទាំង​ទី​ប្រឹក្សា​រដ្ឋា​ភិបាល​ចិន និង​ឯក​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី នៅ​ខាងស្តាំ​របស់លោក​។ ការ​ពិភាក្សា កាលពី​ថ្ងៃ​ចន្ទ​នោះ ចង្អុល​បង្ហាញ​ខុសពី​ស្តង់ដារ​នៃ​វេទិកា​សាធារណៈ នៅ​ចិន ក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ ខណៈ​ការរិះគន់​លើ​ការឈ្លានពាន​របស់​រុស្ស៊ី ភាគច្រើន​ក៏​អវត្តមាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការនិយាយ​ជា​សាធារណៈ​។

រុស្ស៊ី​ហៅ​សកម្មភាព​របស់ខ្លួន នៅ​អ៊ុយក្រែន​ថា ជា«ប្រតិបត្តិការ​យោធា​ពិសេស» ដើម្បី​ដក​អាវុធ​ក្រុង​កៀវ និង​ពួក​ណាហ្ស៊ី​និយម​។ អ៊ុយក្រែន និង​លោកខាងលិច​និយាយ​ថា ការ​ចោទ​ប្រកាន់​ដែល​ថា ជា​ពួក​ណាហ្ស៊ី​និយម​គ្មាន​មូលដ្ឋានច្បាស់លាសល់ ហើយ​ថា ការ​បង្ក​សង្គ្រាម​នេះ គឺជា​ទង្វើ​ឈ្លានពាន ដែល​ចិន​បដិសេធ​មិន​ហៅ​តាម​។

ខណៈ​សម័យ​ប្រជុំ គឺ​លើ​ប្រធានបទ​ទូលំទូលាយ​របស់​«អង្គការ​សហ​ប្រជាជាតិ និង​សណ្តាប់​ធ្នាប់​សកល​» ឯក​អគ្គ​រដ្ឋ​ទូត​លោក​ខាង​លិច​ទាំង​៣ រិះគន់​រុស្ស៊ី ចំពោះ​អ្វី​ដែល​ខ្លួន​ហៅ​ថា ជា​ការ​ឈ្លានពាន​ខុសច្បាប់​លើ​អ៊ុយក្រែន។ ការរិះគន់​បែបនេះ​ត្រូវបាន​ឯក​អគ្គ​រដ្ឋទូត​រុស្ស៊ី​លោក Andrey Denisov បដិសេធ​។

ឯក​អគ្គ​រដ្ឋទូត​លោក​ខាងលិច​ក៏​រក្សា​ការរិះគន់​ខ្លះ ចំពោះ​ចិន​ផងដែរ​។ ឯកអគ្គ​រដ្ឋ​ទូត​អង់គ្លេស​លោក​ស្រី Caroline Wilson និង​ឯក​អគ្គ​រដ្ឋ​ទូត​បារាំង​លោក Laurent Bili ក៏​ច្រាន​ចោល​ការ​អះអាង​របស់​ចិន ដែល​ថា ជំនួយ​សព្វាវុធ​របស់​អឺរ៉ុប​ដល់​អ៊ុយក្រែន កំពុង​នាំ​ឱ្យ​សង្គ្រាម​រក​ទី​បញ្ចប់​មិន​ឃើញ​។

យ៉ាងណា​មិញ អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក​ Zhao Lijian បាន​ឆ្លើយ​តប​នឹង​ការ​អត្ថា​ធិប្បាយ​របស់​លោក Burns ថា គឺ​ភាគី​អាមេរិក​ទេ ដែល​គួរឱ្យ​ព្រួយបារម្ភ ដោយ«កំពុង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ភូតកុហក​»៕

ហួន ឌីណា