ប្រទេស​ចិន ​នៅ​ដើម​សប្ដាហ៍​នេះ បាន​ច្រានចោល​ការ​ព្រមាន​ពី​ប្រធាន​អង្គការ​ណាសា ដែល​ថា ខ្លួន​នឹង​អាច​កាន់កាប់​ឋាន​ព្រះ​ចន្ទ ដើម្បី​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​យោធា ដោយ​និយាយថា ខ្លួន​តែងតែ​អំពាវនាវ​ឱ្យ​មាន​ការ​កសាង​សហគមន៍​នៃ​ប្រជាជាតិ នៅ​អវកាស​ខាងក្រៅ​។

អ្នក​នាំពាក្យ​ក្រសួងការបរទេស​ចិន​លោក ​Zhao Lijian និយាយ​ថា៖ «នេះ​មិនមែន​ជា​លើក​ទី​១ ទេ ដែល​ប្រធាន​រដ្ឋបាល​អាកាស​ចរណ៍ និង​អវកាស​ជាតិ​អាមេរិក មិន​អើពើ​នឹង​ការពិត និង​និយាយ​ដោយ​មិន​ទទួល​ខុសត្រូវ ចំពោះ​ប្រទេស​ចិន»។

លោក ​Lijian បន្ត​ថា៖ «ភាគី​អាមេរិក បង្កើត​យុទ្ធនាការ​លាប​ពណ៌​ជានិច្ច​ប្រឆាំងនឹង​ការខិតខំ​ប្រឹងប្រែង​លម្ហអាកាស​ធម្មតា និង​សម​ហេតុផល​របស់​ចិន ហើយ​ចិន​ប្រឆាំង​យ៉ាង​ដាច់អហង្ការ ចំពោះ​ការ​លើកឡើង ដែល​មិន​ទទួល​ខុសត្រូវ​បែបនេះ​»​។ លោក​បន្ថែមទៀត​ថា៖ «​ចិន​តែងតែ​ជំរុញ​ការកសាង​អនាគត​រួមគ្នា សម្រាប់​មនុស្សជាតិ ក្នុង​លម្ហអាកាស ហើយ​ប្រឆាំងនឹង​ការ​បំពាក់​អាវុធ​របស់​ខ្លួន និង​ការប្រណាំង​សព្វាវុធ​ណា ១ នៅ​ក្នុង​លម្ហ»​។

ការ​ជំទាស់​របស់​លោក Lijian ធ្វើឡើង​បន្ទាប់ពី​ប្រធាន​អង្គការ​ណាសា លោក Bill Nelson និយាយ​ប្រាប់​កាសែត​អាល្លឺម៉ង់ Bild ក្នុង​បទសម្ភាស ១ ដែល​ចេញ​ផ្សាយ កាលពី​ថ្ងៃ​សៅរ៍​ថា៖ «យើង​ត្រូវតែ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង ដែល​ចិន​កំពុង​ចុះចត​នៅលើ​ឋាន​ព្រះ​ចន្ទ។ វា​ជា​របស់​យើង ហើយ​ឥឡូវនេះ អ្នក​ត្រូវ​ចេញ។ កម្មវិធី​អវកាស​របស់​ចិន​មាន​ជា​យោធា ហើយ​ចិន​លួចគំនិត និង​បច្ចេកវិទ្យា​ពី​អ្នក​ដទៃ​»​។

ចិន​បាន​បង្កើនល្បឿន​នៃ​កម្មវិធី​អវកាស​របស់ខ្លួន​ក្នុង​រយៈ ១​ ទសវត្សរ៍​កន្លងមក​នេះ ដោយ​ផ្ដោត​ក្នុង​ការ​រុករក​លើ​ឋាន​ព្រះ​ចន្ទ​ជាចម្បង​។ ចិន​ធ្វើការ​ចុះចត​យាន​គ្មាន​មនុស្ស​បើក​នៅ​ឋាន​ព្រះ​ចន្ទ​ជា​លើកដំបូង ក្នុង​ឆ្នាំ​ ២០១៣ ហើយ​រំពឹង​ថា នឹង​បាញ់​បង្ហោះ​រ៉ុក្កែត ដែលមាន​ថាមពល​គ្រប់គ្រាន់ ដើម្បី​បញ្ជូន​អវកាសយានិក នា​ចុង​ទសវត្សរ៍​នេះ​។

ក្រោម​កម្មវិធី Artemis របស់ខ្លួន​អង្គការ​ណាសា​គ្រោង​នឹង​បញ្ជូន​បេសកកម្ម​នាវិក​ទៅកាន់​គន្លង​ព្រះ​ចន្ទ នៅ​ឆ្នាំ​ ២០២៤ និង​ធ្វើការ​ចុះចត​នៅ​ជិត​ប៉ូល​ខាងត្បូង​របស់​ភព​រណប​នេះ ក្នុង​ឆ្នាំ​ ២០២៥ ។ ចិន​ក៏​កំពុង​រៀបចំ​ផែនការ​បេសកកម្ម ដែល​គ្មាន​មនុស្ស​ទៅ​តំបន់​ដូចគ្នា​នៃ​ឋាន​ព្រះ​ចន្ទ ក្នុង​ពេលណា​ ១ នៅ​ទសវត្សរ៍​ដូចគ្នានេះ​៕

ហួន ឌី​ណា