The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្រីលង្កា​ផ្អាក​សេវា​សង្គម​ស្ទើរ​ទាំងស្រុង ខណៈ​ប្រេងឥន្ធនៈនៅសល់​តិចតួច​បំផុត​

ស្រីលង្កា​ផ្អាក​សេវា​សង្គម​ស្ទើរ​ទាំងស្រុង ខណៈ​ប្រេងឥន្ធនៈនៅសល់​តិចតួច​បំផុត​

Content image - Phnom Penh Post
សកម្មជន​របស់​គណ​បក្សប្រឆាំង​ នៅ​ស្រីលង្កា ចូល​រួម​ក្នុង​បាតុកម្ម ដើម្បី​បរិហារ​កង្វះ​ខាត​ឧស្ម័ន​ចម្អិនអាហារ ប្រេងកាត និង​ទំនិញ​មួយ​ចំនួន​ទៀត ក្នុង​ក្រុង​កូឡុំបូ កាល​ពី​ថ្ងៃ​ទី​ ៣០ ខែ​មិថុនា​។ AFP

ស្រីលង្កា​ផ្អាក​សេវា​សង្គម​ស្ទើរ​ទាំងស្រុង ខណៈ​ប្រេងឥន្ធនៈនៅសល់​តិចតួច​បំផុត​

​វិបត្តិ​ថាមពល​នៅ​ប្រទេស​ស្រី​​លង្កា មាន​សភាព​កាន់តែ​អាក្រក់​ខ្លាំង​ឡើងៗ រហូត​ឈានដល់​ជួប​​ប្រទះ​វិបត្តិ​សេដ្ឋកិច្ច និង​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ សូម្បី​វិស័យ​ដឹកជញ្ជូន​សាធារណៈ ក៏ត្រូវ​បាន​ផ្អាក​ដែរ ដើម្បី​កាត់បន្ថយ​វិបត្តិ ដែល​អាច​បណ្តាលឱ្យមាន​អំពើហិង្សា ដោយ​​សារ​តែ​កំហឹង​ជា​សាធារណៈ​។​

​ខណៈ​ស្រីលង្កា​សេសសល់​ប្រេង​តិចតួច​បំផុត ដែល​ប្រើ​​ប្រាស់​មិន​ដល់ ១ ​ថ្ងៃ​ទៀត​នោះទេ កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ រដ្ឋមន្ត្រី​ថាមពល​លោក កាន់​​ឆា​ណា វី​ជេ​សេ​កេ​រ៉ា (Kanchana Wijesekera) បាន​ប្រាប់ឱ្យដឹង​អំពី​ការផ្អាក​សេវាកម្ម​រថ​​យន្ត​សាធារណៈ ដោយ​ទុក​តែ​សេវាកម្ម​សំខាន់​ខ្លះៗ​ប៉ុណ្ណោះ​។​

​ទោះបី​មានការ​ប្រកាស​បែបនេះ នៅក្នុង​ទីក្រុង​កូឡុំបូ មានការ​តម្រង់​ជួរ​ចាក់​ប្រេងសាំង និង​ម៉ា​ស៊ូ​ត​យ៉ាង​វែង​រាប់​គីឡូ​​ម៉ែត្រ ទោះបី​ស្ថានីយ​ចាក់​ប្រេង​ភាគច្រើន គ្មាន​ប្រេងឥន្ធនៈ រយៈពេល​ជាច្រើន​ថ្ងៃ​ក៏ដោយ​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន​បារាំង AFP​។​

​រដ្ឋមន្ត្រី​ថាមពល​លោក ​វី​ជេ​សេ​​កេ​រ៉ា និយាយថា ប្រេង​បម្រុង នៅក្នុង​ប្រទេស​មាន​ប្រហែល ៤ ពាន់​តោន ដែល​ទាប​ជាង​ការ​​ប្រើប្រាស់ក្នុង​រយៈពេល​ ១ ​ថ្ងៃ​។​

​លោក​ វី​ជេ​សេ​កេ​រ៉ា បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​កូ​ឡុំ​​បូ​ថា​៖ «​ការដឹកជញ្ជូន​ប្រេង បន្ទាប់​ពី​ត្រូវបាន​រំពឹងទុក នៅ​ចន្លោះ​ថ្ងៃទី ​២២ និង​ទី ​២៣ (​ខែកក្កដា​)​។ យើង​បាន​ទាក់ទង​ទៅ​អ្នកផ្គត់ផ្គង់​ផ្សេងទៀត ប៉ុន្តែ​យើង​មិនអាច​បញ្ជាក់​ពី​ការផ្គត់ផ្គង់​ថ្មី​ណា ​១ នៅមុន​ថ្ងៃទី ​២២ នោះទេ​»​។​

​កាលពី​សប្តាហ៍​មុន ស្រីលង្កា​ដែល​ខ្វះ​សាច់ប្រាក់ បានប្រកាស​ពី​ការផ្អាក​រយៈពេល ២ ​សប្តាហ៍ ចំពោះ​ការលក់​ប្រេងឥន្ធនៈ​ទាំងអស់ លើកលែងតែ​សេវាកម្ម​សំខាន់ៗ ដើម្បី​សន្សំសំចៃ​ប្រេងសាំង និង​ម៉ា​ស៊ូ​ត សម្រាប់​គ្រាអាសន្ន​។​

​ភ្នាក់ងារ​ព័ត៌មាន​បារាំងបាន​អះអាង​ដែរ​ថា ហាង​ភាគច្រើន ត្រូវបាន​បិទ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ដោយ​ស្ថានភាព​រំពឹងថា នឹង​កាន់តែ​អាក្រក់នៅពេលដែល​ធនាគារ និង​ការិយាល័យ​បើក​ឡើងវិញ​នៅ​ដើម​សប្ដាហ៍​នេះ​។​

​តាម​ការចេញផ្សាយ​រប​ស់​​ទីភ្នាក់ងារ​ព័ត៌មាន AP របស់​អាមេរិក ការឈ្លានពាន​អ៊ុយ​ក្រែ​ន​ដោយ​រុស្ស៊ី ដែលជា​អ្នក​នាំចេញ​ប្រេង និង​ឧស្ម័ន​ដ៏​ធំ​បំផុត​ទៅកាន់​ទីផ្សារ​ពិភពលោក និង​ការ​​ដាក់ទណ្ឌកម្ម​សងសឹក ដែល​កើត​ឡើងជា​បន្តបន្ទាប់ បានធ្វើឱ្យ​តម្លៃ​ឧស្ម័ន និង​ប្រេង​ឡើងថ្លៃ​ជាមួយនឹង​ភាព​សាហាវ​ឃោរ​​ឃៅ​គួរឱ្យភ្ញាក់ផ្អើល​។ គ្រោះ​​មហន្តរាយ ដែល​កើតឡើង​នៅ​ចំណុចកំពូល​នៃ​ភាពចលាចល​រយៈពេល ២​ ឆ្នាំ ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​កូ​វីដ ​១៩ ការ​កាត់ផ្តាច់​ការធ្វើដំណើ​រ និង​ខ្សែចង្វាក់​ផ្គត់ផ្គង់​។​

​វិបត្តិ​កូ​វីដ ​១៩ សង្គ្រាម និង​វិបត្តិ​ដឹកជញ្ជូន ធ្វើឱ្យ​ប្រទេស​ដែន​កោះ ដែលមាន​ប្រជាជន​ប្រមាណ ២២ ​លាន​នាក់ នៅ​អាស៊ី​ខាងត្បូង ធ្លាក់ចូល​ទៅក្នុង​វិបត្តិ​ជា​បន្តបន្ទាប់ ដោយ​ប៉ះ​​ពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍ ដែល​ប្រទេស​នេះ​ពឹងផ្អែក​យ៉ាងខ្លាំង ដើម្បី​បង្កើត​រូបិយប័ណ្ណ​អន្តរជាតិ សម្រាប់​ការបញ្ជាទិញ​ឧស្ម័ន និង​ម្ហូប​អាហារ​ពី​ទីផ្សារ​អន្តរជាតិ​។​

​វិបត្តិ​ម្ហូបអាហារ​របស់​ស្រី​លង្កា ក៏​កើតចេញ​ផងដែរ ពី​គោលនយោបាយ​មិន​ត្រឹមត្រូវ ក្នុង​វិស័យ​កសិកម្ម ដែល​ប្រទេស​នេះ​មានបំណង​ប្រែ​ក្លាយខ្លួនជា​កន្លែង​ផលិត​កសិកម្មសរីរាង្គ ១០០% ដំបូង​គេ​បំផុត នៅលើ​ពិភពលោក ដោយបាន​ហាម​​ឃាត់​នូវ​រាល់​ការ​នាំចូល​ជីគីមី​ទាំងអស់ សម្រាប់​បម្រើ​ការបង្ក​បង្កើន​ផល​ក្នុងស្រុក​។ ផ្ទុយទៅវិញ កសិករ​ជាច្រើន​បាក់​​ទឹកចិត្ត ព្រមទាំង​បោះបង់​​ចោល​ស្រែចម្ការ ដោយសារ​កសិកម្ម​រប​ស់​ខ្លួន​រង​ការបំផ្លិច​​បំផ្លាញ​ពី​សត្វល្អិត និង​ការ​​ទទួលបាន​នូវ​ទិន្នផល​ទាប​។​

​កាសែត New York Times របស់​អាមេរិក កាលពី​ថ្ងៃទី​ ២២ ខែមេសា បាន​ចុះផ្សាយ​ថា ដើម្បី​ធានា​អនាគត​នយោបាយ​របស់​គ្រួសារ លោក​ប្រធានាធិបតី​ហ្គោ​តា​បា​យ៉ា រ៉ា​ចា​ប៉ា​ក្សា (Gotabaya Rajapaksa) អាយុ ៧២ ​ឆ្នាំ បាន​បំផ្លាញ​ប្រព័ន្ធ​​យុត្តិធម៌​ព្រហ្មទណ្ឌ ដោយ​ចាប់​ដាក់គុក​អ្នកប្រឆាំង និង​កម្ចាត់​បក្សប្រឆាំង​ក្នុងពេល​កន្លងមក​។ គាត់​បាន​ពង្រីក​អំណាច​របស់គាត់​យ៉ាងខ្លាំង ដោយ​ស្តុក​ទុក​រដ្ឋាភិបាល ជាមួយនឹង​សាច់​​ញាតិ​របស់គាត់ បុរស​យោធា និង​ព្រះសង្ឃ​ស្តាំនិយម ដែល​ស្រប​នឹង​គំនិត ច្បាប់ និង​សណ្តាប់​​ធ្នាប់​របស់គាត់​។​

​ការខ្វះខាត​ឥន្ធនៈ ជំរុញឱ្យមាន​អតិផរណា​ទំនិញ​គ្រប់​ប្រភេទ ជាពិសេស​ម្ហូបអាហារ សម្រាប់​បំពេញតម្រូវការ​ក្នុងប្រទេស ហើយ​វា​ក៏បង្ក​ឱ្យមាន​ការតវ៉ា​យ៉ាងខ្លាំងក្នុងប្រទេស ដោយ​ទាមទារ​ទម្លាក់​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សែស្រឡាយ​បងប្អូន​របស់លោក​ប្រ​ធានា​​ធិបតី ហ្គោ​តា​បា​យ៉ា​។ ជាល​ទ្ធ​ផល នាយករដ្ឋមន្ត្រី Mahinda Rajapaksa ដែលជា​បងប្រុស​របស់​លោក​ប្រធានាធិបតី ក៏បាន​ប្រកាស​លាលែង​ពី​តំណែង​កាលពីដើម​ខែឧសភា​។​

​ទោះបីជា​មានការ​អំពាវនាវ​ឱ្យ​លោក ហ្គោ​តា​បា​យ៉ា លាលែង​ពី​តំណែង ដែល​លោក​ចូលធ្វើ​តួនាទី ក្នុង​ឆ្នាំ ​២០១៩ ក៏​លោក​ប្រធានាធិបតី នៅតែ​បន្តកាន់កាប់​តំណែង​នេះ និង​ប្តេជ្ញា​បន្ត​រហូតដល់​ចប់​អាណត្តិ ដោយ​មិន​ធ្វើតាម​ការស្នើ ដើម្បី​ទម្លាក់​លោក និង​ឱ្យមាន​ការរៀបចំ​នូវ​ការ​បោះឆ្នោត​ឡើងវិញ​នោះទេ​។​

​តាម​ការចេញផ្សាយ​រប​ស់ AFP ការិយាល័យ​របស់​នាយ​ក​​រដ្ឋមន្ត្រី ដែល​ទើប​តែងតាំង​ថ្មី លោក ​រ៉ានី​ល វី​ក​ក្រេ​ម៉េ​ស៊ី​ង​ហេ (Ranil Wickremesinghe) ប្រាប់ថា អង្គការ​ស្បៀងអាហារ និង​កសិកម្ម​របស់​អង្គការ​សហ​​ប្រជាជាតិ (UN FAO) ឥឡូវនេះ កំពុង​រៀបចំ «​ផែនការ​ឆ្លើយតប​វិបត្តិ​ស្បៀងអាហារ​» ដើម្បី​ប្រមូល​ទុនបម្រុង ហើយនឹង​ផ្តល់​មូល​​និ​ធិ​បន្ថែមទៀត​ដល់​វិស័យ​ក​សិ​​កម្មនៅតាម​តំបន់​ប្រជុំជន​។​

​ឡានក្រុង​ដែល​គ្រប់គ្រង​ដោយ​ឯកជន ដោយមាន​ចំនួន ២/៣ នៃ​រថយន្តក្រុង​របស់​ប្រទេសប្រាប់ថា ខ្លួន​បាន​ដំណើរការ​សេវាកម្ម​គ្រោងឆ្អឹង កាលពី​ថ្ងៃអាទិត្យ ខណៈ​ត្រូវ​រង​ផល​​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយ​កង្វះខាត​ប្រេងឥន្ធនៈ​។​

​ប្រធាន​សមាគម​ប្រតិបត្តិ​ករ​ឡានក្រុង​ឯកជន លោក Gemunu Wijeratne និយាយថា «​យើង​បាន​ដំណើរការ​ឡានក្រុង​ប្រហែល​ ១ ០០០ នៅ​ទូទាំងប្រទេស ក្នុងចំណោម ២០ ០០០ ​គ្រឿង ដែលជា​កម្មសិទ្ធិ​របស់​
​សមាជិក​របស់​យើង​»​។​

AFP បាន​ផ្សាយ ចុង​សប្ដាហ៍​កន្លងទៅ​ថា លោក​រដ្ឋមន្ត្រី​ថា​ម​​ពល បាន​លើកឡើងថា សេវា​​កម្ម​ជាច្រើន នឹងត្រូវ​បាន​កាត់​​បន្ថយ​បន្ថែម ហើយ​មិនឃើញ​មាន​ដំណោះស្រាយ​ភ្លាមៗ​ទេ​។ ឡាន​តាក់ស៊ី កង់ ​៣ ដែលជា​ការ​ដឹកជញ្ជូន​ចុងក្រោយ​ដ៏​ពេញ​​និយម​មួយ ក៏​នៅតាម​ផ្លូវ​ផងដែរ ដោយ​គេ​ឃើញ​ភាគច្រើន​ជាការ​តម្រង់​ជួរ​ដ៏​វែងៗ​ជាច្រើន​ថ្ងៃ ដើម្បី​ទទួលបាន​សាំង ៦​ លីត្រ​។​

​កង្វះ​រូបិយប័ណ្ណ​បរទេស​សម្រាប់​ផ្តល់​ហិរញ្ញប្បទាន សូម្បីតែ​ការ​នាំចូល​ផលិតផល​ដ៏​សំខាន់បំផុត បាន​នាំឱ្យមាន​វិបត្តិ​សេដ្ឋ​​កិច្ច​ដ៏​អាក្រក់​បំផុតក្នុងប្រទេស ដែល​ប្រជាជន ២២ ​លាន​នាក់​របស់ខ្លួន​ត្រូវ​ប្រឈម​ការលំបាក​ធ្ងន់ធ្ងរ​រៀងរាល់ថ្ងៃ​ហើយ​ប្រទេស​ក៏បាន​ប្រឈម​អតិផរណា​ខ្ពស់បំផុត និង​ការ​ដាច់​ចរន្តអគ្គិសនី​​ចាប់តាំងពី​ចុងឆ្នាំ​មុន​ដែរ​។​

​សាលារៀន​ដែល​មិន​សំខាន់​ទាំងអស់ ត្រូវបាន​បញ្ជា​ឱ្យ​បិទ រហូតដល់​ថ្ងៃទី ​១០ ខែកក្កដា ដើម្បី​កាត់បន្ថយ​ការធ្វើដំណើរ និង​សន្សំសំចៃ​ថាមពល​៕​

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍