​អស់​រយៈពេល​មិនតិចជាង ១​ ទសវត្សរ៍ លោក​ហ៊ូ​សេន តា​អ៊ី​ប (Hossein Taeb) មាន​វត្តមាន​ដ៏​អស្ចារ្យ ក្នុង​ជួរ​រដ្ឋាភិបាល​អ៊ីរ៉ង់ ក្នុងនាម​ជា​អធិបតី​លើ​អង្គភាព​ចារកិច្ច​របស់​ប្រទេស ដោយ​លោក​បាន​បំបាក់​គូប្រជែង​ន​យោ​​បាយ និង​អ្នកប្រឆាំងក្នុងស្រុក ហើយ​ពង្រីក​ប្រតិបត្តិការ​សម្ងាត់​ហួស​ពី​ព្រំដែន​របស់​​អ៊ីរ៉ង់ ដើម្បី​កំណត់​គោលដៅ​លើ​សំឡេង​រិះគន់ និង​សត្រូវ​នៅ​បរទេស​។​

​ក្នុង​វ័យ ៥៩ ​ឆ្នាំ លោក តា​អ៊ី​ប ដែលជា​ប្រធាន​ផ្នែក​ស៊ើប​ការណ៍​សម្ងាត់​របស់​ក​ង​ឆ្មាំ​បដិវត្តន៍​អ៊ិ​ស្លាម​អ៊ីរ៉ង់ (IRGC) ដ៏​មាន​ឥទ្ធិពល ត្រូវ​កាសែត​​ញូវយ៉ក​ថា​ម​ស៍រាយ​ការណ៍​ថា គឺជា​អ្នកខ្លាំង ដែល​មើលទៅ​ដូច​គ្មាន​នរណា​អាច​ប្រៀប​បានឡើយ​។ តែ​កាលពី ២​ សប្ដាហ៍​មុន លោក​ត្រូវបាន​គេ​ដក​ពី​តំណែង​យ៉ាង​តក់ក្រហល់​។​

​ការ​របូត​តំណែង​នេះ ត្រូវបាន​មើលឃើញថា ជា​លទ្ធផល​ ១ នៃ​យុទ្ធនាការ​របស់​អ៊ី​ស្រា​អែល ក្នុងការ​ធ្វើឱ្យ​ខូច​សន្តិសុខ​របស់អ៊ី​រ៉ង់ តាមរយៈ​ការកំណត់​គោល​​ដៅ​លើ​មន្ត្រី និង​ទីតាំង​យោធា​របស់​ប្រទេស​នេះ​។ នេះ​បើ​យោងតាម​មន្ត្រី និង​អ្នកវិភាគ​នៃ​ប្រទេស​ទាំង​ ២​។​

​ការដកតំណែង​របស់​លោក តា​អ៊ី​ប ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីស្រា​អែល រាយការណ៍​ពី​ការចោទប្រកាន់ដែលថា លោក​នៅ​ពីក្រោយ​ផែនការ​របស់​អ៊ី​រ៉ង់ ក្នុងការ​​សម្លាប់ ឬ​ចាប់ពង្រត់​ជនជាតិ​អ៊ី​ស្រា​អែល នៅ​ប្រទេស​តួ​ក​គី ដែលជា​សម្ព័ន្ធមិត្ត ក្នុង​តំបន់​របស់​ក្រុង​តេ​អេ​រ៉ង់​។​

​វា​ជាការ​ទទួលស្គាល់​ដោយ​ក្រុង​តេ​អេ​រ៉ង់​ថា ការ​ប្រឈម​នឹង​ការគំរាមកំហែង​ពី​អ៊ី​ស្រា​អែល ទាមទារ​ឱ្យមាន​អ្នកដឹកនាំ​ថ្មី និង​ការកំណត់​យុទ្ធសាស្ត្រ​ឡើងវិញ​។ នេះ​បើ​យោងតាម​លោក Mohammad Ali Abtahi ដែលជា​អតីត​អនុ​​ប្រធានាធិបតី​អ៊ី​រ៉ង់ ដែល​ពួក​​អភិរក្សនិយម​បណ្តេញចេញ ក្នុង​ឆ្នាំ ​២០០៩​។​

​លោក Abtahi ដែល​នៅតែមាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​កំពូលៗ​អ៊ី​រ៉ង់ និយាយប្រាប់​កាសែត​ញូវយ៉ក​ថា​ម​ស៍​ថា​៖ «​ការរំលោភបំពាន​សន្តិ​សុខនៅអ៊ី​រ៉ង់ និង​វិសាលភាព​ដ៏​ធំ​នៃប្រតិបត្តិ​ការ​របស់អ៊ី​ស្រា​អែល ពិតជាធ្វើឱ្យ​ខូច​ដល់​អង្គភាព​ស៊ើបការណ៍​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​យើង​។ កម្លាំង​នៃ​សន្តិសុខ​របស់​យើង តែងតែ​ជា​មូលដ្ឋានគ្រឹះ​នៃ​សាធារណរដ្ឋ​អ៊ិ​ស្លាម ហើយ​ត្រូវ​ខូចខាត នៅ​ឆ្នាំ​ចុងក្រោយ​នេះ​»​។​

​ការរាយការណ៍​ដដែល​ពី​កាសែត​ញូវយ៉ក​ថែម​ស៍ ដែល​ស្រង់​សម្ដី​ប្រភព​ជិតស្និទ្ធ​នឹង​មន្ត្រី​កំពូល​អ៊ីរ៉ង់​ម្នាក់​និយាយថា ការអំពាវនាវ​សុំឱ្យ​ដកតំណែង​លោក តា​អ៊ី​ប លេចឡើង​នៅពេល​មាន​កំណើន​នៃ​ការមិនទុកចិត្ត​គ្នា ក្នុង​ជួរ​មេ​ដឹក​នាំ​របស់​រដ្ឋាភិបាល​អ៊ី​រ៉ង់ បន្ទាប់ពី​មេបញ្ជាការ​ជាន់ខ្ពស់ ក្នុង​អង្គភាព​ការពារ​ព័ត៌មាន​របស់​ឆ្មាំ​បដិវត្តន៍ លោក​ឧ​ត្ត​ម​សេនីយ៍ Ali Nasiri ត្រូវបាន​ចាប់ខ្លួន​ដោយ​សម្ងាត់​លើ​ការ​ចោទ​ពីបទ​ធ្វើ​ចារកម្ម​ឱ្យអ៊ី​ស្រា​អែល​។​

​ហើយ​ប្រភពពី​មន្ត្រី​អ៊ី​រ៉ង់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ទៀត បានឱ្យដឹងថា ការ​ចាប់ខ្លួន​លោក Ali Nasiri ធ្វើឡើង​ត្រឹមតែ ២ ​ខែ បន្ទាប់ពី​បុគ្គលិក​ជាច្រើន​នាក់​នៃ​កម្មវិធី​អភិវឌ្ឍន៍​មី​ស៊ី​ល​របស់​ក្រសួង​​ការពារជាតិ ត្រូវ​ចាប់ខ្លួន​ក្រោម​ការសង្ស័យថា ធ្វើឱ្យ​បែកធ្លាយ​ព័ត៌មាន​សម្ងាត់​យោធា រួមទាំង​ការ​រចនា​ប្លង់​មី​ស៊ី​ល តម្រង់​ទៅ​អ៊ី​ស្រា​អែល​។​

​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អ៊ី​ស្រា​អែល​បង្កើន​វិសាលភាព និង​ការវាយប្រហារ​របស់ខ្លួន​យ៉ាង​ញឹកញាប់ ក្នុងប្រទេស​អ៊ី​រ៉ង់ រួមទាំង​នៅលើ​ទីតាំង​នុយក្លេអ៊ែរ និង​យោធា ដែល​អង្គភាព​របស់លោក​ តា​អ៊ី​ប ​ជា​អ្នកទទួលបន្ទុក​ការពារ​។

មន្ត្រីអ៊ី​ស្រា​អែល​ម្នាក់បាន​និយាយថា ផ្នែក​ ១ នៃ​យុទ្ធសាស្ត្រ​នោះ ត្រូវការ​ការបរាជ័យ​របស់​ឆ្មាំ​បដិវត្តន៍ ក្នុង​សង្គ្រាម​មិន​ចេញមុខ​ជាមួយ​អ៊ី​ស្រា​អែល ដោយ​អ៊ី​ស្រា​អែល​នឹង​បង្កើត​ជម្លោះ រវាង​មេដឹកនាំ​នយោបាយ​អ៊ី​រ៉ង់ និង​ការបង្កើត​ផ្នែក​ការពារជាតិ និង​ស៊ើបការណ៍​។​

​មន្ត្រីអ៊ី​រ៉ង់​បាន​ទទួលស្គាល់ថា បណ្តាញចារកម្ម​របស់​អ៊ី​ស្រា​អែល បាន​ជ្រៀតចូល​យ៉ាងជ្រៅ​ទៅក្នុង​ជួរ​រង្វង់​នៃ​មន្ត្រី​សន្តិសុខ​របស់ខ្លួន ដោយ​អតីតរដ្ឋមន្ត្រី​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស ព្រមានកាលពី​ឆ្នាំមុន​ថា មន្ត្រី​គួរតែ​ភ័យខ្លាច​ដល់​អាយុជីវិត​របស់ខ្លួន​។ នេះ​បើ​យោងតាម​ការ​​រាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អ៊ីរ៉ង់​នានា​។​

​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ភ្នាក់ងារ​អ៊ី​ស្រា​អែល បាន​ធ្វើឃាត​មន្ត្រី ឬ​មនុស្ស​របស់អ៊ី​រ៉ង់​ជាច្រើន​នាក់​តាមរយៈ​រ៉ូ​បូត​បញ្ជា​ពី​ចម្ងាយ ឬ​ឃាតករ​បាញ់កាំភ្លើង​ជិះ​លើ​ម៉ូតូ​។ ទន្ទឹមនឹង​​នោះ ក៏មាន​ការវាយប្រហារ​ផ្សេងៗ ដូចជា​កា​រប​ង្ហ្រោះ​ដូន​ចូលទៅ​កន្លែង​ផលិត​មី​ស៊ី​ល និង​នុយក្លេអ៊ែរ ព្រមទាំង​ចាប់​​ពង្រត់ និង​សួរចម្លើយ​ភ្នាក់ងារ​របស់​ឆ្មាំ​បដិវត្តន៍អ៊ី​រ៉ង់​ជាដើម​។ ហើយ​កាលពី​ខែឧសភា អ៊ី​រ៉ង់​ក៏​សង្ស័យថា អ៊ី​ស្រា​អែល​ស្ថិត​​នៅ​ពីក្រោយ​នៃ​ការស្លាប់​របស់​អ្នកវិទ្យាសាស្ត្រ​របស់ខ្លួន ២ ​នាក់​ផងដែរ​។​

​ជា​ផ្នែក ​១ នៃ​ប្រសិទ្ធភាព ក្នុង​យុទ្ធនាការ​របស់​ប្រទេស​អ៊ី​ស្រា​អែល លោក តា​អ៊ី​ប រង​​នូវ​សម្ពាធ​យ៉ាង​ធ្ងន់ ក្នុងការ​​លុបបំបាត់​បណ្តាញចារកម្ម​របស់អ៊ី​ស្រា​អែល នៅ​អ៊ី​រ៉ង់ ឬ​វាយប្រហារ​បក​វិញ​។ នេះ​បើ​យោងតាម​ទីប្រឹក្សា​រដ្ឋាភិបាល និង​បុគ្គល​ម្នាក់ទៀត ដែលមាន​ទំនាក់ទំនង ជាមួយនឹង​កង​ឆ្មាំ​បដិវត្តន៍​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ Nasiri ដែល​ត្រូវបាន​ចាប់ខ្លួន កាលពី​ខែមិថុនា​នោះ មាន​តួនាទី​ជា​មេបញ្ជាការ​ជាន់ខ្ពស់ ក្នុង​អង្គ​ភាព​ការពារ​ព័ត៌មាន​របស់​ឆ្មាំ​បដិវត្តន៍ ដែល​ទទួលបន្ទុក​ត្រួត​​ពិនិត្យ​ការងារ​របស់​អង្គការ​។ ការចាប់ខ្លួន​របស់លោក រួម​ជាមួយនឹង​ការវាយប្រហារ​ម្តង​ហើយ​ម្តងទៀត ពី​សំណាក់​អ៊ី​ស្រា​អែល ពិតជាបានធ្វើ​ឱ្យមាន​ភាព​រកាំ​រ​កូ​ស​ដល់​ភាពជា​អ្នកដឹកនាំ នៅក្នុង​ក្រុង​តេ​អេ​រ៉ង់ រហូតដល់​មានការ​អំពាវនាវ​ឱ្យ​លោកតា​អ៊ី​ប ចុះ​ពី​តំណែង​ស្ងាត់ៗ​។ នេះ​បើ​យោងតាម​មន្ត្រី​អ៊ីរ៉ង់ ដែល​បានដឹង​ពី​ស្ថានភាព​នេះ​។​

​សម្ពាធ​ដ៏​កាន់តែ​ធ្ងន់ ​១ ទៀត នៅពេលដែល​លោក តា​អ៊ី​ប ត្រូវបាន​គេ​រាយការណ៍​ថា នៅ​ពីក្រោយ​ផែនការ​ចាប់ពង្រត់ ឬ​សម្លាប់​អ្នកទេសចរ​ជនជាតិ​អ៊ី​ស្រា​អែល នៅ​ប្រទេស​តួ​ក​គី ដើម្បី​ជាការ​សងសឹក ចំពោះ​ឃាតកម្ម​លើ​លោក Sayad Khodayee ដែលជា​មេ​បញ្ជា​ការរង​នៃ​អង្គភាព​ឆ្មាំ​បដិវត្តន៍​សម្ងាត់ ដោយ​អ៊ី​រ៉ង់​បាន​ចោទ​​ប្រកាន់អ៊ី​ស្រា​អែល​ថា ជា​អ្នកប្រព្រឹត្ត​រឿងនេះ​។​

​លោក Saeed Khatibzadeh អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​អ៊ី​រ៉ង់ ឱ្យដឹងកាលពី​ចុងខែ​មិថុនា​ថា​៖ «​ការ​ចោទ​​ប្រកាន់​របស់​អ៊ីស្រា​អែលដែលថា ក្រុង​តេ​អេ​រ៉ង់​មាន​ផែនការ​វាយប្រហារ ចំពោះ​ជនជាតិអ៊ី​ស្រា​អែលនៅ​តួ​ក​គី គឺជា​រឿង​គួរឱ្យ​អស់សំណើច និង​ជា​សេណារីយោ ដែល​រៀបចំ​ទុកជាមុន ដើម្បី​ធ្វើឱ្យ​ខូច​ទំនាក់​ទំនង​នៃ​ប្រទេស​មូស្លីម​ទាំង ​២ (អ៊ី​រ៉ង និង​តួ​ក​គី​)»​។​

​ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយនៅ​ប្រទេស​តួ​ក​គី បានធ្វើ​សេចក្ដី​រាយការណ៍​ថា អាជ្ញាធរ​របស់​ប្រទេសបាន​ចាប់ខ្លួន​ជនជាតិ​អ៊ី​រ៉ង់ ៥ ​នាក់ និង​ជនជាតិ​តួ​ក​គី ៣ ​នាក់ ដែល​ត្រូវបាន​សង្ស័យថា ជាប់​ពាក់ព័ន្ធ​ក្នុង​ផែនការ​នេះ ដោយ​ដកហូត​កាំភ្លើងខ្លី​ចំនួន ២ ​ដើម ឧបករណ៍​បំបិទ​សំឡេង​ចំនួន ២ ​គ្រឿង រួមទាំង​ឯកសារ និង​សម្ភារ​ឌីជីថល ដែលមាន​អត្តសញ្ញាណ និង​អាសយដ្ឋាន​របស់​បុគ្គល​ក្នុង​បញ្ជី​គោលដៅ​៕

​ហួន ឌី​ណា