ជិត ២ សប្ដាហ៍​ បន្ទាប់ពី​មេដឹកនាំ​នៃ​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាងជើង ហៅ​កាត់​ថា ណាតូ (NATO) បាន​ទទួលយក​បេក្ខភាព​សុំចូល​ជា​សមាជិកភាព ពី​ប្រទេស​ស៊ុយអែត ​និង​ហ្វាំងឡង់ ដែល​កំពុង​ភិតភ័យ ចំពោះ​ការ​កើត​មាន​នូវ​ការឈ្លាន​ពាន​ពី​សំណាក់​រុស្ស៊ី​ជាយថាហេតុ ដូច​ករណី​ប្រទេស​អ៊ុយក្រែន ភាគី​ទាំង​៣ គឺ​ណាតូ ហ្វាំងឡង់ និង​ស៊ុយអែត បាន​បោះជំហាន​ ១ ​កម្រិត​ទៀត នោះ​គឺ​ការ​ចុះហត្ថ​លេខា​លើ​ «​ពិធីសារ​ចូល​ជា​សមាជិក​» សម្រាប់​ហ្វាំងឡង់ និង​ស៊ុយអែត នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​ណាតូ កាលពី​ថ្ងៃ​អង្គារ សប្ដាហ៍កន្លង​ទៅ​។

ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ពិធីសារ​ចូល​ជា​សមាជិកសម្រាប់​ហ្វាំងឡង់ និង​ស៊ុយអែតនៅ​ទី​ស្នាក់ការ​កណ្តាល​របស់​ណាតូដោយ​មាន​វត្តមាន​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​ហ្វាំងឡង់ Pekka Haavisto និង Ann Linde រដ្ឋ​មន្ត្រី​ការ​បរទេស​ស៊ុយ​អែត លោក ជេនស៍ ស្កូលថេនប៊ើក (Jens Stoltenberg) អគ្គ​លេខា​ធិការ​អង្គការ​ណាតូ បាន​និយាយ​ថា​៖ «​នេះ​ពិតជា​ពេលវេលា​ប្រវត្តិសាស្ត្រ​ សម្រាប់​ហ្វាំង​ឡង់ សម្រាប់​ស៊ុយអែត សម្រាប់​អង្គការ​ណាតូ និង​សម្រាប់​សន្តិសុខ​រួម​របស់​យើង​»​។

កាលពី​សប្តាហ៍​មុន​នៅឯ​កិច្ចប្រជុំ​កំពូលនៅ​ទីក្រុង​ម៉ាឌ្រីដ ប្រទេស​អេស្ប៉ាញ មេដឹកនាំ​សម្ព័ន្ធ​មិត្ត​យោធា​ណាតូ​នេះ បាន​យល់ព្រម​អញ្ជើញ​ហ្វាំងឡង់ និង​ស៊ុយអែត​ឱ្យចូល​រួម​ជាមួយ​អង្គការណាតូ បន្ទាប់ពី​កិច្ច​ព្រមព្រៀង​នៃ​អនុស្ស​រណៈ​ត្រី​ភាគីរវាង​តួកគី ហ្វាំងឡង់ និង​ស៊ុយអែត​។

នៅលើ​គេហទំព័រ​របស់ខ្លួន ណាតូ បាន​សរសេរ​ថា​៖ «​ថ្ងៃនេះ ពិធីសារ​ចូល​ជា​ធរមានត្រូវបាន​ចុះហត្ថលេខា ដែល​បង្ហាញ​ពី​ការ​ចាប់ផ្តើម​នៃ​ដំណើរ​ការផ្តល់​សច្ចាប័ន​»​។

អគ្គ​លេខាធិការបាន​និយាយ​ថា​៖ «​ទ្វារ​របស់​អង្គការ​ណាតូនៅតែ​បើកចំហចំពោះ​លទ្ធិ​ប្រជា​ធិបតេយ្យនៅ​អឺរ៉ុប ដែល​ត្រៀមខ្លួន និង​មាន​ឆន្ទៈក្នុងការ​រួមចំណែក​ដល់​សន្តិសុខ​រួម​របស់​យើង​។ ជាមួយនឹង​ប្រទេស​ចំនួន ៣២នៅ​ជុំវិញ​តុ យើង​នឹង​កាន់តែ​រឹងមាំ ហើយ​ប្រជាជន​របស់​យើងនឹង​កាន់​តែមាន​សុវត្ថិភាព នៅពេលដែល​យើង​ប្រឈម​មុខ​នឹង​បញ្ហា​ធំ​បំផុត​។ វិបត្តិ​សន្តិសុខក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​»។

សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន The Washington Post ដោយ​យោងតាម​ក្រសួង​ការពារ​ជាតិ​របស់​ចក្រភព​អង់គ្លេស ដែល​បាន​លើក​ឡើង​ថា ខណៈ​ពិធី​ចុះ​ហត្ថលេខា​លើ​ពិធីសារនៅ​ទីក្រុង​ប្រ៊ុចសែល កងកម្លាំង​រុស្ស៊ីបាន​បន្តធ្វើ​ឱ្យមាន «​ការ​រីកចម្រើន​យ៉ាង​សំខាន់​» នៅក្នុង​តំបន់ Donbas ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​។

ពិធីសារ​ត្រូវតែ​ផ្តល់​សច្ចាប័ន​បន្ទាប់ដោយ​រដ្ឋ​សមាជិក​ចំនួន៣០នៅក្នុង​សភា​ជាតិ​របស់​ពួកគេ ជា​ដំណើរ​ការដែល​អាច​ចាយ​ពេល​រាប់​ខែ​។កិច្ចព្រមព្រៀង ​១ ត្រូវបាន​សម្រេច​ឡើង ដើម្បី​បញ្ចប់​ការប្រឈមមុខ​ដាក់គ្នា នៅពេលដែល​ស៊ុយអែត និង​ហ្វាំងឡង់បាន​យល់ព្រមក្នុងការ​ដោះស្រាយ​បញ្ហាដែល​ត្រូវ​បាន​លើកឡើងដោយ​ប្រទេស​តួកគី រួមទាំង​ការធ្វើ​បត្យាប័នដែល​អាចធ្វើ​ទៅបាន​នៃ​ជនជាតិ​ឃើដដែល​ត្រូវបាន​ដាក់​ឈ្មោះ​ថា «​ភេរវករ​» ដោយ​អាជ្ញាធរ​តួកគី​។

ការសម្រេចចិត្ត​របស់​ហ្វាំងឡង់ និង​ស៊ុយអែត ដែល​ជា​ប្រពៃណី​មិន​ចូលបក្ស​សម្ព័ន្ធ​យោធា ក្នុង​ការ​ចូលរួម​ជាមួយ​ណាតូ នឹងមិន​ត្រឹមតែ​ផ្លាស់ប្តូរ​ទិដ្ឋភាព​សន្តិសុខ​របស់​អឺរ៉ុប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រហែលជា​ធ្វើ​ឱ្យ​ទំនាក់ទំនង​កាន់តែ​មាន​ភាព​តានតឹង​ខ្លាំង​ឡើង​ផង​ដែរ​ជាមួយ​រុស្ស៊ី ដែល​ប្រឆាំងនឹង​ការពង្រីក​សម្ព័ន្ធភាពនៅ​ជិត​ព្រំដែន​របស់ខ្លួន​។

យោងតាម The Washington Post គណៈប្រតិភូ​មកពី​ហ្វាំងឡង់ និង​ស៊ុយអែតនៅក្នុង​ព្រឹត្តិការណ៍​ចុះហត្ថលេខាបាន​សម្តែង​ការដឹងគុណ ដោយ​បាន​និយាយថាការចូលរួម​នឹងពង្រឹង «​សន្តិសុខ​សមូហភាព​» និង​ជួយ​សម្ព័ន្ធភាព​។ ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន គឺជា​កត្តា​ចម្បងក្នុងការ​នាំ​ឱ្យ​ប្រទេស​ទាំង​២ស្វែងរក​សមាជិក​ភាព​។

កាសែត​ដដែល​បាន​អះអាងថា ក្រសួង​ការពារ​ជាតិ​របស់​ចក្រភព​អង់គ្លេសបាន​ឱ្យ​ដឹង​ថា មិន​ដូច​នៅក្នុង​ដំណាក់​កាល​ដំបូង​នៃ​សង្គ្រាម​នោះទេ ប្រទេស​រុស្ស៊ី​ហាក់​ដូចជា​«​សម្រេចបាន​នូវ​ការ​សម្របសម្រួល​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​» រវាង​ក្រុម​នៃ​កង​កម្លាំង​ប្រដាប់អាវុធ​របស់ខ្លួននៅក្រោម​មេដឹកនាំ​យោធា​។

ទោះជា​យ៉ាងណា​ក៏ដោយ ការធ្វើ​បច្ចុប្បន្នភាព​ស៊ើបការណ៍បាន​បន្ថែមថា កង​កម្លាំង​អ៊ុយក្រែនប្រហែលជា​បាន​ដកថយ​ក្នុង​ទម្រង់​ល្អ និង​ស្របតាម​ផែនការ​ដែលមាន​ស្រាប់​ ហើយ​ក្រសួង​ការពារ​ជាតិ​អង់គ្លេស បាន​និយាយ​ថា​៖«​មាន​លទ្ធភាព​ជាក់ស្តែង​១ដែល​កង​កម្លាំង​អ៊ុយក្រែននឹង​អាច​ត្រឡប់​ទៅ​ជួរមុខដែល​អាច​ការពារ​បានកាន់​តែ​ងាយ​ស្រួល​ជាង​មុន​»​។

ក្រសួង​បាន​និយាយថា ខ្លួន​បាន​ព្យាករ​ថា ​ការ​ប្រយុទ្ធ​បន្ថែមទៀតសម្រាប់​តំបន់​ដុនបាសនឹងត្រូវ​បានកំណត់​លក្ខណៈ​ដោយ «​ការឈាន​ទៅមុខ​យឺតៗ​» ដោយ​កងកម្លាំង​រុស្ស៊ី និង​ការ​ប្រើប្រាស់​កាំភ្លើង​ធំ «​កម្រិត​ទីក្រុង និង​ទីក្រុងនៅក្នុង​ដំណើរការ​»​។ ហើយ​កាលពី​អង្គារ​ដើម​សប្ដាហ៍​កន្លង​ទៅ រុស្ស៊ី​បាន​បាញ់​មីស៊ីល​ទៅកាន់​ទីផ្សារ និង​តំបន់​លំនៅឋាន​ ១ ក្នុង​ទីក្រុង Slovyansk ភាគ​ខាងកើត​អ៊ុយក្រែន ដោយបាន​បំផ្លាញ​ផ្ទះ​ជាច្រើន​ខ្នង​។ មន្ត្រី​បាន​និយាយថា យ៉ាង​ហោចណាស់​មនុស្ស ២​ នាក់បាន​ស្លាប់ និង ៧​ នាក់​រង​របួស​។

លោក វូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskiy)ប្រធានាធិបតី​អ៊ុយក្រែន នៅក្នុង​សុន្ទរ​កថា​តាម​រយៈ​វីដេអូ​ កាលពី​យប់​ថ្ងៃ​ចន្ទ នៅដើម​សប្ដាហ៍​នោះ បាន​និយាយថា ខ្លួន​នឹង​យក «​មូលនិធិ​ដ៏​ច្រើន​» ដើម្បី​កសាង​ឡើងវិញ​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ រួមទាំង​សាលារៀន មន្ទីរ​ពេទ្យ និង​រោងចក្រ​កែច្នៃ​កាក​សំណល់ និង​ដើម្បី​ស្ដារ​ឡើងវិញ​នូវ «​ជីវិត​សេដ្ឋកិច្ច​ឱ្យ​ទៅរក​ប្រក្រតីភាព​»​។

លោក​បាន​និយាយថា៖ «​នោះ​ហើយ​ជា​មូល​ហេតុ ដែល​ការ​ងើប​ឡើងវិញ​របស់​អ៊ុយក្រែនគឺ​មិន​ត្រឹមតែ​អំពី​អ្វីដែល​ត្រូវធ្វើ​នៅពេល​ក្រោយ បន្ទាប់ពី​ជ័យជម្នះ​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​និយាយ​អំពី​អ្វីដែល​ត្រូវធ្វើនៅពេលនេះ​ផងដែរ​។ ការ​កសាង​រដ្ឋ​របស់​យើង​ឡើង​វិញមិនមែន​គ្រាន់តែ​ជាការ​ស្ដារ​ជញ្ជាំងដែល​យើង​មាន​នោះទេ​។ អ៊ុយក្រែន​ត្រូវតែ​ក្លាយជា​ប្រទេស​សេរី ទំនើប និង​សុវត្ថិភាព​បំផុតនៅ​អឺរ៉ុប»​​។

យោងតាម TASS ដែលមាន​មូលដ្ឋាននៅ​ប្រទេស​រុស្ស៊ី និង swissinfo.ch ដែលមាន​មូលដ្ឋាននៅ​ប្រទេស​ស្វ៊ីស បាន​រាយការណ៍​ថា នាយក​រដ្ឋ​មន្ត្រី​អ៊ុយក្រែន លោក ដេនីស៍ ស្មីហាល (Denys Shmyhal) បាន​ប៉ាន់​ប្រមាណ​នៅក្នុង​ស​ន្និសីទ​ស្តីពី​ការ​ស្ដារ​ឡើងវិញ​របស់​អ៊ុយក្រែន នៅ​ទីក្រុង Lugano របស់​ស្វ៊ីស​ថា ប្រទេស​របស់​លោកត្រូវការ $​៧៥០​ ពាន់​លាន សម្រាប់​ផែនការ​កសាង​ឡើងវិញ និង​ការ​ស្តារ​ឡើង​វិញ​ចំនួន ៣​ដំណាក់កាល​៕

វីដេអូ៖