ប្រធានាធិបតី​ស្វ៊ីស​ លោក អ៊ីហ្គណាហ្ស៊ីអូ កាស៊ីស (Ignazio Cassis) បាន​អះអាង​អំពី​ផល​អវិជ្ជមាន​នៃ​ការ​សម្រេច​ចិត្តដែល​អាច​កើតមានក្នុងការ​ប្រគល់​ទ្រព្យសម្បត្តិ​របស់​ប្រទេស​រុស្ស៊ី ដែល​ត្រូវ​បាន​បង្កក​ទៅឱ្យ​អ៊ុយក្រែន តាម​ការស្នើ​របស់​ភាគី​អ៊ុយក្រែន ហើយ​សហរដ្ឋ​អាមេរិកក៏​ធ្លាប់​បាន​ស្នើ​រឿងនេះក្នុងពេល​កន្លងមក​ដែរ​។

លោក​ កាស៊ីស បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ នា​ដើម​សប្ដាហ៍​នេះ​ថា ប្រទេស​ស្វ៊ីស សូម​ដាស់​តឿន​ដល់​សហគមន៍​អន្តរជាតិ​អំពី​ផល​អវិជ្ជមាន​នៃ​ការ​សម្រេចចិត្តដែល​អាច​កើតមាន ក្នុងការ​ប្រគល់​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ីដែល​បាន​បង្កក​ទៅ​ឱ្យ​អ៊ុយ​ក្រែ​ន​។ នេះ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS​។

ការលើកឡើង​របស់​លោក​ប្រធានាធិបតី​ស្វ៊ីសរូប​នេះ បានធ្វើ​ឡើង​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​ការស្តារ​ឡើងវិញ​របស់​អ៊ុយក្រែនដែល​ធ្វើឡើង​នៅ​ទីក្រុង Lugano របស់​ប្រទេស​ស្វីស ហើយ​សារព័ត៌មាន​អង់គ្លេស​យ៉ាងហោច ២​គឺ​រ៉យទ័រ និង The Guardian ព្រមទាំង​បណ្តាញ​ព័ត៌មាន​ស្វីស swissinfo.ch បាន​ចុះផ្សាយ​ការ​លើកឡើង​នេះ​។

លោក ​កាស៊ីស បាន​និយាយ​ថា ការសម្រេចចិត្ត​បែបនេះនឹង​បង្កើត​គំរូ​ដ៏​គ្រោះថ្នាក់ និង​ធ្វើឱ្យ​ខូច​ដល់​មូលដ្ឋានគ្រឹះ​នៃ​សណ្តាប់ធ្នាប់​សេរី​។​

TASS បាន​ដកស្រង់​សម្តី​របស់​លោក​ប្រធានា​ធិបតី​ស្វីសដូចដែល​បាន​លើក​ឡើង​ថា​៖ «​សិទ្ធិ​នៃ​ម្ចាស់​កម្មសិទ្ធិ សិទ្ធិ​នៃ​ទ្រព្យសម្បត្តិ គឺជា​សិទ្ធិ​មូលដ្ឋាន​នៃ​សិទ្ធិ​មនុស្ស​»​។ លោក​បន្ថែមថា សិទ្ធិ​ទាំងនោះ​អាច​ត្រូវ​រំលោភ​បាន​លុះត្រា​តែមាន​មូលដ្ឋាន​ច្បាប់​ត្រឹម ដែល​ត្រូវ​ត្រូវបាន​បង្កើតឡើង ដូច​ករណី​ក្នុងអំឡុង​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩​។​

ប្រទេស​លោកខាងលិច​បាន​ចាប់ផ្តើម​ដាក់ទណ្ឌកម្មដែល​មិន​ធ្លាប់មាន​ពីមុន ចំពោះ​រុស្ស៊ី ជុំ​វិញ​ប្រតិ​បត្តិការ​យោធា​ពិសេស​របស់ប្រទេស​នេះនៅ​អ៊ុយក្រែន កាល​ពី​ចុង​ខែកុម្ភៈ​ឆ្នាំ​នេះ ក្នុង​នោះ​មាន​រួមទាំង​ការបង្កក​ទ្រព្យសម្បត្តិ​បរទេស​ប្រហែល ៣០០ ពាន់​លាន​ដុល្លារ​របស់​ធនាគារ​កណ្តាល​រុស្ស៊ី ក៏ដូចជា​ទ្រព្យ​សម្បត្តិ​ក្រៅប្រទេស​របស់​ធនាគារ និង​ក្រុមហ៊ុន​រុស្ស៊ី​ផ្សេងទៀត​។ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់ TASS​។

ប៉ុន្តែ​បើតាម​ការ​លើកឡើង​របស់ The Guardian ប្រទេស​អ៊ុយក្រែន​ មាន​ផែនការ​ស្នើសុំ​ទ្រព្យ​សម្បត្តិ​ច្រើន​រហូតដល់ ៥០០​ ពាន់​លាន​ដុល្លារ ដែល​រឹបអូស​ពី​រុស្ស៊ីដើម្បី​ផ្តល់​មូលធិនិសម្រាប់​ការស្តារប្រទេស​អ៊ុយក្រែន​ ឡើងវិញ។

យោងតាម TASS អាមេរិក​បាន​សម្រេចចិត្ត​មិន​ប្រគល់​ទ្រព្យសម្បត្តិដែល​រឹបអូស​ទៅឱ្យ​ម្ចាស់​ស្របច្បាប់​របស់​ពួកគេ​វិញនៅពេល​អនាគត​ឡើយ ខណៈដែល​សភាតំណាងរាស្ត្រ​អាមេរិក​បានអនុម័ត​ការសម្រេចចិត្ត​លក់​ទ្រព្យសម្បត្តិ​រឹបអូស​មួយចំនួនដើម្បី​ផ្តល់ជំនួយ​ដល់ទី​ក្រុង​កៀវ​។

TASS បាន​បន្តថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនកំពុង​ប្រើ​ទ្រព្យ​សកម្មដែល​បង្កក​របស់​ធនាគារ​កណ្តាល​រុស្ស៊ី ដើម្បី​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ និង​យោធា​ដល់​រដ្ឋា​ភិបាល​ក្រុង​កៀវ​។ ការ​សម្រេច​នេះ​ត្រូវបាន​គាំទ្រ​ដោយ​លោក ចូសេព បូររែលល៍ (Josep Borrell) ឧត្តម​ស្នងការ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេស និង​គោលនយោបាយ​សន្តិសុខ​។

យោងតាម​អ្នកនាំពាក្យ​របស់​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី «​បង្វែរ​បទដ្ឋាន​ច្បាប់​ទាំងអស់​» និង​ស្មើនឹង «​ការដកហូត​កម្មសិទ្ធិ​ឯកជន​»​។ រដ្ឋមន្ត្រីការ​បរទេស​រុស្ស៊ី​លោក Sergey Lavrovបាន​ពិពណ៌នា​គំនិត​ផ្តួចផ្តើម ក្នុង​ការប្រគល់​ទ្រព្យសម្បត្តិ​ទាំងនោះ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​ថា ជា «ចោរកម្ម​»៕

វីដេអូ៖