កងទ័ព​នៃ​ប្រទេសកូរ៉េ​ខាងត្បូង អូស្ត្រាលី កាណាដា ជប៉ុន និង​សហ​រដ្ឋ​អាមេរិក នឹង​ចូលរួម​ក្នុង​សមយុទ្ធ​ពហុ​ភាគី​ ដែល​ឱ្យ​ឈ្មោះ​ថា «Pacific Dragon» (នាគ​ប៉ាស៊ីហ្វិក) នៅ​ពាក់​កណ្តាល​ខែសីហា​នេះ ដើម្បី​ត្រៀម​ទប់ទល់​ជាយថាហេតុ​ពី​ការ​កូរ៉េ​ខាងជើង​។

កូរ៉េ​ខាងត្បូង សហរដ្ឋ​អាមេរិក និង​ជប៉ុន គ្រោង​នឹង​ធ្វើ​សមយុទ្ធ​ការពារ​កាំជ្រួច​ផ្លោង ដើម្បី​បង្កើន​អន្តរ​ប្រតិ​បត្តិការ​យោធា និង​ការត្រៀម​ខ្លួន​ប្រឆាំងនឹង​ការកើន​ឡើង​នៃ​ការ​គំរាមកំហែង​ពី​កូរ៉េ​ខាងជើង​។ នេះ​បើ​យោង​តាម​ការចេញ​ផ្សាយ​របស់​បណ្តាញ​ព័ត៌មាន Korea Herald​។

យោធា​កូរ៉េខាងត្បូង​បាន​បញ្ជាក់ កាលពី​ថ្ងៃអាទិត្យ​ថា សមយុទ្ធ​ការពារ មីស៊ីល​ផ្លោង «​Pacific Dragon​» ដែល​ដឹកនាំ​ដោយ​កង​នាវាចរ​ប៉ាស៊ីហ្វិក​របស់​អាមេរិក នឹង​ធ្វើឡើង​រយៈពេល ២​សប្តាហ៍ ដោយ​ចាប់​ពី​ថ្ងៃ​ចន្ទ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​សីហា នៅឯ​ឆ្នេរ​សមុទ្រ​ហាវ៉ៃ​។

ប្រទេស​សរុប​ចំនួន៥ រួមមាន​កូរ៉េ​ខាងត្បូង អូស្ត្រាលី កាណាដា ជប៉ុន និង​សហរដ្ឋ​អាមេរិក នឹង​ចូលរួម​ក្នុង​សមយុទ្ធ​ពហុភាគី​នេះ​។ កងទ័ព​ជើងទឹក​កូរ៉េ​ខាងត្បូង គ្រោង​នឹង​បញ្ជូន​នាវា​ពិឃាត Sejong ទម្ងន់ ៧ ៦០០​តោន ប្រភេទ Aegis ដែល​បំពាក់​ដោយ​កាំជ្រួច SM-2​។

សមយុទ្ធ «​Pacific Dragon​» មាន​គោល​បំណង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​អន្តរ​ប្រតិ​បត្តិការ និង​ការ​សម្របសម្រួល​យុទ្ធវិធី និង​បច្ចេកទេស ក្នុង​ចំណោម​អ្នក​ចូលរួម ដើម្បី​ស្វែងរក តាមដាន រាយការណ៍ និង​វាយតម្លៃ​គោលដៅ​ផ្លោង​។

ក្នុង​អំឡុង​ពេល​សមយុទ្ធ​នេះ ប្រទេស​ទាំង​៥ នឹង​អនុវត្ត​ការ​រកឃើញ តាមដាន និង​ចែក​រំលែក​ព័ត៌មាន​អំពី​គ្រាប់ផ្លោង ដែល​បាញ់​ដោយ​កង​ទ័ពជើង​ទឹក​អាមេរិក​។ នេះ​បើ​យោង​តាម​យោធា​កូរ៉េខាងត្បូង​។ កងទ័ព​ជើងទឹក​អាមេរិក ក៏​នឹង​ស្ទាក់ចាប់​គ្រាប់​មិន​ពិត ជាមួយ​នឹង​មីស៊ីល​នាំ​ផ្លូវ​ផងដែរ​។

ទោះ​បីជា​សមយុទ្ធ​នេះ ត្រូវបាន​រៀបចំឡើង​រៀងរាល់ ២​​ឆ្នាំ​ម្តង ក្នុងឱកាស​នៃ​សមយុទ្ធ Rim of the Pacific ឬ RIMPAC ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ក៏ដោយ ក៏​សមយុទ្ធ​នេះ មិន​ត្រូវ​បាន​បើក​ចំហ នៅ​ក្នុង​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០២០ ដើម្បី​កុំឱ្យ​មាន​ការ​បង្កហេតុ​ដល់​កូរ៉េ​ខាងជើង។

ប៉ុន្តែ​ការ​បញ្ជាក់​របស់​យោធា​កូរ៉េ​ខាងត្បូង បាន​កើតឡើង​បន្ទាប់ពី​ប្រមុខ​ការពារ​ជាតិ​កូរ៉េ​ខាងត្បូង អាមេរិក និង​ជប៉ុន បាន​ជួបប្រជុំគ្នា​កាលពី​ខែ​មិថុនា ហើយ​បាន​យល់ព្រម​ធ្វើ​ឱ្យ​ទៀងទាត់ និង​ផ្សព្វផ្សាយ​សមយុទ្ធ​ការពារ​មីស៊ីល​ត្រី​ភាគី ដើម្បី​ទប់ស្កាត់​ការ​គំរាមកំហែង​មីស៊ីល​ផ្លោង​របស់​កូរ៉េ​ខាងជើង​៕

វីដេអូ៖