​ប្រទេស​អ៊ុយ​ក្រែ​ន បាន​អំពាវ​នាវ​ឱ្យ​អង្គការសហប្រជាជាតិ (UN) និង​កាកបាទក្រហម​​អន្តរជាតិ (ICRC) ស៊ើបអង្កេត ចំពោះ​ការស្លាប់​របស់​ជនជាតិ​​អ៊ុយ​ក្រែ​ន​ជាង ៥០ ​នាក់ ពី​ការ​​វាយប្រហារ​លើ​ពន្ធនាគា​រក្នុង​តំបន់ Olenivka ដែល​រុស្ស៊ី​ប្រើ​​ជា​កន្លែង សម្រាប់​ឃុំឃាំង​ឈ្លើយសឹក​អ៊ុយ​ក្រែ​ន​។​

​ដោយ​ជាក់ស្ដែង ហេតុការណ៍​ដែល​បានកើត​ឡើង ក្នុង​កន្លែង​ឃុំឃាំងនៅ Olenivka ក្រោម​ការគ្រប់គ្រង​រប​ស់​សាធារណរដ្ឋ​ប្រជាមានិត Donetsk (DNR) នេះ នៅតែ​មិនទាន់​ច្បាស់លាស់​នោះទេ​ថា ជា​ស្នាដៃ​របស់​ភាគី​ខាង​ណា ខណៈដែល​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី បាន​ព្យាយាម​ទម្លាក់កំហុស​ដាក់គ្នា​ទៅវិញទៅមក ចំពោះ​ការវាយប្រហារ​នេះ​។​

​អ៊ុយ​ក្រែ​ន​បាន​និយាយថា អ្នកទោស​ដែល​ជាប់​ឃុំខ្លួន ក្នុង​ពន្ធនាគារ​នេះ ត្រូវបានធ្វើ​ទារុណ​​កម្ម ហើយ​បន្ថែមទៀតថា ទីនេះជា​គោលដៅ​នៃ​ការវាយប្រហារ​របស់​រុស្ស៊ី ដែល​ចង់​បំផ្លាញ​ភ័ស្តុតាង​នៃ​ការធ្វើ​ទារុណកម្ម និង​ការសម្លាប់​អ្នកទោស ដោយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelensky បាន​លើកឡើងថា ការវាយប្រហារ​នេះ គឺជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ដោយ​ចេតនា​របស់​រុស្ស៊ី​។​

​ខាង​ភាគី​រុស្ស៊ី​បាន​ប្រាប់ថា ទីកន្លែង​នេះ ត្រូវបាន​វាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ចម្ងាយ​ឆ្ងាយ​របស់​អ៊ុយ​ក្រែ​ន ដោយ​ក្រសួង​​ការពារជាតិ​រុស្ស៊ីបង្ហើប​ឱ្យដឹងថា ការវាយប្រហារ​លើ​ពន្ធ​នាគារ​នៅ Olenifka ត្រូវបាន​ធ្វើឡើង​ជាមួយ​នឹង​គ្រាប់​រ៉ុក្កែត HIMARS ដែល​ផលិត​នៅ​សហរដ្ឋ​អាមេរិក ហើយ​ចោទ​អ៊ុយ​ក្រែ​ន ពីបទ​បង្កហេតុដោយ​ចេតនា ខណៈ​ទូរទស្សន៍ Russia 1 របស់​រដ្ឋាភិបាល​រុស្ស៊ី បានចេញ​វីដេអូ​ឃ្លី​ប ​១ បង្ហាញ​ពី​ផ្នែក​ខាង​ក្នុងនៃ​មន្ទីរឃុំឃាំង ក្រោយ​ការវាយប្រហារ ដោយ​ឃើញ​គ្រែ ២ ​ជាន់ បាក់​ខ្ទេចខ្ទី និង​សាក​សព​ឆេះ​ខ្លោច​មើល​មិន​យល់​។​

​តែ​អ៊ុយ​ក្រែ​នបាន​បដិសេធថា មិនមាន​ការវាយប្រហា​រណា​ ១ ដោយ​គ្រាប់​រ៉ុក្កែត ឬ​កាំភ្លើង​ធំ​របស់ខ្លួន​នោះឡើយ ហើយ​បាន​អំពាវនាវ​ឱ្យ UN និង ICRC បើក​ការស៊ើបអង្កេត ចំពោះ​ហេតុការណ៍​នេះ​។ ដោយ​បន្ទាប់​ពី​ការវាយប្រហារ​នោះ អ៊ុយ​ក្រែ​នបាន​អំពាវនាវ តាមរយៈ​ការ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ថា UN និង ICRC គួរ​ចាត់វិធានការ​បន្ទាន់​លើ​បញ្ហា​នេះ ដ្បិត​អង្គការ​ទាំង ​២ បាន​ធានាថា អ្នកទោស​​សង្គ្រាម ​(​ឈ្លើយសឹក​) ​នៅ​ពន្ធ​នាគារ​នេះ នឹងមាន​សុវត្ថិភាព​។​

​ជាមួយគ្នានេះ ខាង ICRC បាន​បង្ហើប​ប្រាប់ថា អង្គការ​កំពុង​ព្យាយាម​ចូលទៅ​កាន់​ទីតាំង​នេះ ដើម្បី​ផ្តល់​ជា​ជំនួយ ក្នុងការ​ជម្លៀស និង​ព្យាបាល​អ្នករបួស ដោយ ICRC ឱ្យដឹងក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា​៖ «​អាទិភាព​របស់​យើង​នាពេលនេះ គឺ​ការធ្វើឱ្យ​ប្រាកដ​​ថា អ្នករបួស​ទទួលបាន​ការ​​ព្យាបាល ហើយ​សាកសព​ត្រូវបាន​ចាត់ចែង​យ៉ាង​សមរម្យ​»​។​

​យ៉ាងណាក្ដី មនុស្ស​ជាច្រើនបានដឹងថា ឈ្លើយសឹក ដែល​ត្រូវ​ឃុំឃាំង ក្នុង​ពន្ធនាគារ​នេះ មាន​រួមទាំង​សមាជិក​នៃ​កង​វរ​​សេនា​តូច Azov ដែល​ត្រូវបាន​ចាប់ខ្លួន នៅពេល​ពួកគេ​ប្រយុទ្ធ​ការពារ​ក្រុង Mariupol ភាគ​​ខាងត្បូង កាលពី​ខែឧសភា​ផងដែរ ដោយ​រុស្ស៊ី​ចោទ​មនុស្ស​ទាំងនេះ​ថា ជា​ពួក​ណា​ហ្ស៊ី​ថ្មី និង​ឧក្រិដ្ឋជន​សង្គ្រាម​។​

កាលពី​ថ្ងៃ​សុក្រ​ ចុង​សប្ដាហ៍​កន្លងទៅ បន្ទាប់ពី​មានការ​​វាយប្រហារ​នោះ ស្ថានទូត​រុស្ស៊ី​ប្រចាំ​ចក្រភព​អង់គ្លេស បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ធ្វី​ត​ធើ​រថា​៖ «​ក្រុម​ប្រដាប់អាវុធ Azov សម​ទទួលទោស​ប្រហារ​​ជីវិត តែ​មិនមែន​ដោយ​ការ​​បាញ់ប្រហារ​បែបនេះ​នោះទេ ពោលគឺ​ការព្យួរ​ក ដោយសារ​ពួកគេ​មិនមែនជា​ទាហាន​ពិត ដូច្នេះពួកគេ​សម​នឹង​ទទួល​ការ​​ស្លាប់​យ៉ាង​អាម៉ាស់​»​។​

មុន​ខែកុម្ភៈ ឆ្នាំនេះ ពន្ធនាគារ​មួយ​នេះ នៅ​ទទេ​ស្អាត និង​មិន​ត្រូវបាន​ប្រើប្រាស់​ឡើយ រហូតដល់​មានការ​ឈ្លានពាន​របស់​រុស្ស៊ី ទើបត្រូវ​បាន​យកមក​ធ្វើជា​កន្លែង​ឃុំឃាំង​ឈ្លើយសឹក និង​ជន​ស៊ីវិល ដែល​ឆ្លង​មិន​ផុតពី​ការត្រួតពិនិត្យ​តាមរយៈ​ប្រព័ន្ធ ដែល​រុស្ស៊ី​ប្រើ ដើម្បី​សួរចម្លើយ​ជនជាតិ​អ៊ុយ​ក្រែ​ន ដែល​ត្រូវ​ចាប់ខ្លួនមុននឹង​សម្រេច​ថា តើ​ត្រូវបញ្ជូន​ពួកគេ​ទៅណា​៕

វីដេអូ៖