អ្នកនយោបាយប្រជានិយមលោក Muqtada al-Sadr ជំរុញឱ្យអ្នកគាំទ្ររបស់លោកបន្តកាន់កាប់សភាជាតិ នៅទីក្រុងបាកដាដ រហូតដល់ការទាមទាររបស់លោក ដែលរួមមានទាំងការរំលាយសភា និងការបោះឆ្នោត មុនកាលកំណត់ ត្រូវបានសម្រេច។
សុន្ទរកថា ដែលថ្លែងដោយមេដឹកនាំក្រុមមូស្លីមស៊ីយ៉ា កាលពីថ្ងៃពុធរូបនេះ អាចពន្យារពេលបន្ថែមទៀតនៃភាពជាប់គាំងនយោបាយ ដោយសារការមិនបង្កើតរដ្ឋាភិបាលថ្មី ដើម្បីដឹកនាំប្រទេស បន្ទាប់ពីការបោះឆ្នោតជាតិ នៅខែតុលា ឆ្នាំមុន។
លោក Al-Sadr និយាយថា លោកត្រៀមខ្លួនជាស្រេច ដើម្បី«ធ្វើអំពើដ៏កម្រមួយ» សម្រាប់បុព្វហេតុរបស់លោក។ លោក Al-Sadr ថា៖ «ត្រូវរំលាយសភា និងរៀបចំការបោះឆ្នោត មុនកាលកំណត់»។
កាលពីសប្ដាហ៍មុន អ្នកគាំទ្រលោក Al-Sadr រាប់ពាន់នាក់ បានសម្រុកចូលតំបន់បៃតង ក្នុងទីក្រុងបាកដាដ ដែលមានអគាររដ្ឋាភិបាល និងស្ថានទូតផ្សេងៗ ហើយចូលកាន់កាប់អគារសភា ដែលទទេស្អាត។ ការសម្រុកចូលនេះ គឺជាការឆ្លើយតបទៅនឹងការប៉ុនប៉ងរបស់គូប្រជែងមូស្លីម ដែលភាគច្រើនមានភាពជិតស្និទ្ធនឹងអ៊ីរ៉ង់ ដើម្បីបង្កើតរដ្ឋាភិបាលជាមួយបេក្ខជននាយករដ្ឋមន្ត្រី ដែលលោក Al-Sadr មិនយល់ព្រម។
លោក Al-Sadr បានឈ្នះអាសនៈសភាច្រើនជាងគេ ក្នុងការបោះឆ្នោត កាលពីខែតុលា ប៉ុន្តែបានបរាជ័យ ក្នុងការបង្កើតរដ្ឋាភិបាល។ លោកបានដកសមាជិកសភារបស់លោកចេញពីសភា ហើយជំនួសមកវិញនូវសម្ពាធ តាមរយៈការតវ៉ាផ្សេងៗ ដោយទាក់ទាញអ្នកគាំទ្រពីពួកវណ្ណៈកម្មកររាប់លាននាក់ ដែលជាជនជាតិអ៊ីរ៉ាក់កាន់សាសនាអ៊ិស្លាមនិកាយស៊ីយ៉ា។
លោក Al-Sadr ដែលធ្លាប់ដឹកនាំកងជីវពលប្រឆាំងអាមេរិក និងមានអ្នកហែហម តាមរាប់លាននាក់ និយាយទៀតផងដែរថា៖ «កុំជឿពាក្យចចាមអារ៉ាម ដែលថាខ្ញុំមិនចង់ឱ្យមានកិច្ចសន្ទនា»។ លោកបន្ថែមថា៖«ប៉ុន្តែយើងបានព្យាយាម និងមានបទពិសោធ ក្នុងការពិភាក្សាជាមួយពួកគេ (គូប្រជែង) រួចហើយ។ វាមិនបានផ្តល់អ្វីដល់យើង និងប្រទេសជាតិទេ មានតែការបំផ្លិចបំផ្លាញ និងអំពើពុករលួយ»។
យ៉ាងណាមិញ លោក Mustafa al-Kadhimi នាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន អំពាវនាវឱ្យមាន«កិច្ចសន្ទនាថ្នាក់ជាតិ» ក្នុងគោលបំណងនាំភាគីទាំងអស់ រួមគ្នាពិភាក្សា ហើយកាលពីថ្ងៃពុធ លោកបាននិយាយជាមួយប្រធានាធិបតី Barham Saleh ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃ«ការធានាសន្តិសុខ និងស្ថិរភាព» នៅក្នុងប្រទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ នៅអ៊ីរ៉ាក់។
ប៉ុន្តែអ្នកកាសែតក្នុងស្រុករបស់បណ្ដាញសារព័ត៌មាន Al Jazeera និយាយថា លោក Al-Sadr ក៏ដូចជាអ្នកតំណាងរបស់លោក នឹងមិនចូលរួមក្នុង«ទម្រង់នៃការសន្ទនាថ្នាក់ជាតិណាមួយ នៅដំណាក់កាលនេះទេ» ខណៈអង្គការសហប្រជាជាតិអំពាវនាវដល់មេដឹកនាំបង្កើតរដ្ឋាភិបាលឱ្យបានឆាប់៕
ហួន ឌីណា