The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កប៉ាល់​ដឹក​ធញ្ញជាតិពី​អ៊ុយក្រែន​ដំបូង ឆ្លង​កាត់​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​នៅ​តួកគី រួច​សំដៅ​ទៅ​លីបង់

កប៉ាល់​ដឹក​ធញ្ញជាតិពី​អ៊ុយក្រែន​ដំបូង ឆ្លង​កាត់​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​នៅ​តួកគី រួច​សំដៅ​ទៅ​លីបង់

Content image - Phnom Penh Post
ក្រុមអធិការ​កិច្ច ត្រួត​ពិនិត្យកប៉ាល់ Razoni ដែល​ដឹក​ពោត​ពី​អ៊ុយក្រែន នៅ​ឆ្នេរ​សមុទ្រ​ ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល កាល​ពី​ថ្ងៃ​ទី ៣ ខែ​សីហា។ AFP

កប៉ាល់​ដឹក​ធញ្ញជាតិពី​អ៊ុយក្រែន​ដំបូង ឆ្លង​កាត់​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​នៅ​តួកគី រួច​សំដៅ​ទៅ​លីបង់

កប៉ាល់​ដឹក​គ្រាប់​ធញ្ញជាតិ​ដំបូង​ពី​អ៊ុយក្រែន បាន​ឆ្លង​ផុត​ការ​ត្រួត​ពិនិត្យ​ពី​មន្ត្រី​នៃ​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​ការ​នាំចេញ កាល​ពី​ថ្ងៃ​ពុធ នៅ​ក្នុងទី​ក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី រួច​សំដៅ​ទៅ​ប្រទេស​លីបង់ ដែល​ស្ថិត​នៅ​ភាគ​បស្ចិម​នៃ​ទ្វីប​អាស៊ី ក្នុង​តំបន់​មជ្ឈិមបូព៌ា ដែល​កំពុង​ជួប​វិបត្តិ​ស្បៀងអាហារ​យ៉ាង​ធ្ងន់ធ្ងរ និង​កង្វះខាត​សាច់​ប្រាក់ សម្រាប់​ទិញ​ផលិតផល​ចាំបាច់ ហើយ​ថ្មីៗ​នេះ​សភា​​ប្រទេស​​នេះ ទើប​បាន​អនុម័ត​កញ្ចប់​ប្រាក់​កម្ចី $១៥០ លាន ពី​ធនាគារ​ពិភពលោក ដើម្បី​នាំចូល​ស្រូវ​សាឡី សម្រាប់​ដោះស្រាយ​វិបត្តិ​អតិផរណា​ខ្ពស់។

ប្រទេស​លីបង់​ដែល​កត់ត្រា​អតិផរណា​ម្ហូប​អាហារ​ខ្ពស់ មិន​ធ្លាប់​មាន រហូត​ដល់​ទៅ​ជាង ៣០០% ធៀប​នឹង​ខែ​សីហា​ឆ្នាំមុន ហើយ​រូបិយប័ណ្ណ​ជាតិ​របស់​ប្រទេស​ បាន​បាត់បង់​តម្លៃ​យ៉ាង​ខ្លាំង ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​។ នេះ​បើ​យោងតាម​ធនាគារ​ពិភពលោក។

កាល​ពី​ថ្ងៃ​ទី ២៦ ខែ​កក្កដា ៤ ថ្ងៃ​ក្រោយ​កិច្ច​ព្រម​ពៀង​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ពី​អ៊ុយក្រែន សភា​លីបង់ បាន​អនុម័ត​កិច្ច​ព្រមព្រៀង​ខ្ចី​ប្រាក់ $១៥០ លាន​ពី​ធនាគារ​ពិភពលោក ដើម្បី​ធានា​ដល់​ការទិញ​ស្រូវ​សាឡី សម្រាប់​ផ្គត់ផ្គង់ នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​សរុប​ជិត ៧ លាន​នាក់។

ទន្ទឹម​ការអនុម័ត​កម្ចី​ពី​សភាលីបង់​នេះ បើកផ្លូវ​ឱ្យ​រដ្ឋាភិបាល​នាំចូល​ស្រូវ​សាឡី​ពី​កប៉ាល់​ទី ១ ដែល​ដឹក​​ពី​អ៊ុយក្រែន ក្រោយ​ប្រទេស​នេះ ជាប់គាំង​ក្នុង​ការ​នាំចេញ​ស្រូវ​សាឡី​ទៅ​កាន់​ទីផ្សារ​ពិភព​លោក ចាប់​តាំង​ពី​ថ្ងៃទី ២៤ ខែ​កុម្ភៈ ដោយសារ​រុស្ស៊ី​ចូល​លុកលុយ និង​បិទ​ផ្លូវ​សមុទ្រ​​មិន​ឱ្យ​មាន​ការ​នាំចេញ។

កប៉ាល់​ដឹក​គ្រាប់​ធញ្ញជាតិ​ប្រមាណ ២៦ ០០០ តោន​ដំបូង ដែល​ចាក​ចេញពី​អ៊ុយក្រែន និង​ដែល​ឆ្លងកាត់​សមុទ្រ​ខ្មៅ ក្រោម​កិច្ច​ព្រមព្រៀង ក្នុង​សម័យ​សង្គ្រាម បាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ កាល​ពី​ថ្ងៃ​ពុធ ក្នុង​ទី​ក្រុង​អ៊ីស្តង់ប៊ុល​របស់​តួកគី ដែល​ជា​តួអង្គ​ដ៏សំខាន់ ក្នុង​ការ​សម្របសម្រួល ដើម្បី​ទាញ​ប្រទេស​ជម្លោះ​រុស្ស៊ី និង​អ៊ុយក្រែន​ឱ្យ​ចូល​តុ​ចរចា និង​សម្រេច​បាន​កិច្ច​ព្រមព្រៀង​នេះ ក្រោម​មាន​ការឃ្លាំមើល​ពី​អង្គការ​សហប្រជាជាតិ (UN)។

តែបើយោង​តាម​បណ្តាញ​សារព័ត៌មាន AP របស់​សហរដ្ឋអាមេរិក អាជ្ញាធរ​អ៊ុយក្រែន បាន​ប្រាប់​ថា នាវា​ចំនួន ១៧ ផ្សេង​ទៀត ត្រូវ​បាន «ផ្ទុក និង​រង់ចាំតែ​ការ​អនុញ្ញាត​ឱ្យ​ចាកចេញ​» ប៉ុណ្ណោះ ប៉ុន្តែ​មិនទាន់​មាន​ពាក្យ​ថា តើ​ពួកគេ​អាច​ចាកចេញ​នៅ​ពេល​ណា​នោះ​ទេ។

សេចក្តី​ថ្លែង​ការណ៍​របស់ UN បាន​ឱ្យដឹង​ថា ក្រុម​ត្រួតពិនិត្យ​ស៊ីវិល​រួម ១ បាន​ចំណាយ​ពេល ៣​ម៉ោង ដើម្បី​ត្រួត​ពិនិត្យ​ទំនិញ និង​នាវិក​នៃ​កប៉ាល់ ដែល​មាន​ទង់ជាតិ​ប្រទេស​សៀរ៉ាឡេអូន ឈ្មោះ Razoni បន្ទាប់​ពី​ចាកចេញ​ពី​កំពង់ផែ Odesa របស់​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃចន្ទ​ ដើម​សប្តាហ៍​នេះ។

យោង​សារព័ត៌មាន Financial Times របស់​អង់គ្លេស លោក Oleksander Kubrakov រដ្ឋ​មន្ត្រី​ក្រសួង​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​អ៊ុយក្រែន ​អះអាង​ថា វា​នឹង​ចំណាយ​ពេល​ច្រើន​ខែ ក្នុងការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​ពី​កំពង់ផែ Odesa និង​កំពង់ផែ​ផ្សេងៗ​ទៀត នៅ​ជិតខាង​នោះ ដើម្បី​ឈាន​ដល់​កម្រិត មុន​មាន​​សង្គ្រាម និង​ជួយ​សម្រាល​វិបត្តិ​ស្បៀង​អាហារ​សកល ទោះ​​មាន​ការ​បន្ធូរបន្ថយ​ការ​បិទផ្លូវ​របស់​រុស្ស៊ី ក្នុង​សមុទ្រ​ខ្មៅ​ក៏ដោយ។

ថ្លែង​បន្ទាប់ពី​ការចាកចេញ​កាលពី​ថ្ងៃ​ចន្ទ​នៃ​កប៉ាល់​ដឹក​ពោត​ពី Odesa ទៅកាន់​លីបង់ ដែលជា​ការ​នាំចេញ​ទី ១ ក្រោម​កិច្ច​ព្រមព្រៀង រវាង​រុស្ស៊ី និង​អ៊ុយក្រែន ដែល​សម្របសម្រួល​ដោយ UN កាល​ពី​ខែ​មុន លោក Oleksander Kubrakov បាន​និយាយ​ថា លោក​រំពឹង​ថា នឹង​មិន​មាន​នាវា​លើស​ពី ៥ គ្រឿង​ទេ ដែល​នឹង​ចាកចេញ​ក្នុង​រយៈពេល ២ សប្តាហ៍​បន្ទាប់ ចេញ​ពី​កំពង់ផែ Odesa, Chornomorsk និង Pivdennyi។

កាល​ពី​ខែ​សីហា នៅ​ឆ្នាំ​មុន កប៉ាល់​ដឹក​គ្រាប់​ធញ្ញជាតិ​ចំនួន ១៩៤ គ្រឿង បាន​ចាកចេញ​ពី​កំពង់ផែ​អ៊ុយក្រែន រួមទាំង​កំពង់ផែ Mariupol ដែល​បច្ចុប្បន្ន គ្រប់គ្រង​ដោយ​រុស្ស៊ី​។ នេះ​បើ​តាម​ឈ្មួញ​កណ្ដាល​របស់​នាវា Braemar ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍។ កំពង់ផែ Odesa, Chornomorsk និង Pivdennyi ពីមុន​បាន​គ្រប់គ្រង​​ប្រហែល ៦០% នៃ​ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយក្រែន​ទាំងអស់។

លោក Kubrakov ត្រូវ​បាន​ដកស្រង់​សម្តី ដូចដែល​បាន​និយាយ​ថា​៖ «ក្នុង​រយៈពេល​ពី ១ ខែ ទៅ ១ ខែ​កន្លះ ខ្ញុំ​សង្ឃឹម​ថា ប្រសិន​បើ​អ្វីៗ ទៅ​តាម​ផែនការ​នោះ ទីផ្សារ​នឹង​ឃើញ​យន្តការ​នេះ ដំណើរការ ការ​ធានា​រ៉ាប់រង​នោះ មាន​រូបរាង ដែល​វា​មាន​តម្លៃ​ថោក​ជាង ហើយ​វា​នឹង​ជួយ​សម្រួល​ដល់​ដំណើរការ​ទាំងមូល»។

យ៉ាងហោច​ណាស់ ក៏​មាន​កប៉ាល់​ចំនួន ១៦ គ្រឿង ត្រូវ​បាន​​ជាប់​ នៅ​ក្នុង​កំពង់ផែ​ប្រទេសអ៊ុយក្រែន ជាមួយ​នឹង​ការ​ដឹក​ជញ្ជូន និង​នាវិក ដែល​កំពុង​រង់ចាំ​អាជ្ញាធរ ដើម្បី​សាកល្បង​ផ្លូវ​ឆ្លងកាត់ ដោយ​សុវត្ថិភាព​កាត់​សមុទ្រ ដែល​មាន​ដាក់​ពង្រាយ​មីន​ដោយ​អ៊ុយក្រែន និង​ការ​គំរាមកំហែង​ពី​មីស៊ីល​របស់​រុស្ស៊ី។ ទី​ក្រុងម៉ូស្គូ​ បាន​សន្យា​ថា នឹង​មិន​កំណត់​គោល​ដៅ​បាញ់​ប្រហារ​លើ​កប៉ាល់​ដឹក​ជញ្ជូន​អាហារ​ទេ ប្រសិន​បើ​ខ្លួន អាច​មាន​ការ​ត្រួតពិនិត្យ​រួមគ្នា ដើម្បី​ធ្វើឱ្យ​ប្រាកដ​ថា​ នាវា​ត្រឡប់​មក​វិញ​ដោយ​មិន​មាន​ផ្ទុក​អាវុធ។

មជ្ឈ​មណ្ឌល​សម្រប​សម្រួល​សម្រាប់​ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​រួម ដែល​មាន​មន្ត្រី​មក​ពី​អ៊ុយក្រែន រុស្ស៊ី តួកគី និង UN ដែល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង កាលពី​ថ្ងៃ​ទី ២២ ខែ​មុន ដើម្បី​បង្កើត​ច្រក​របៀង​ដឹក​ជញ្ជូន​សមុទ្រ​ខ្មៅ​ប្រកបដោយ​សុវត្ថិភាព ដើម្បី​នាំចេញ​ផលិតផល​កសិកម្ម ដែល​ត្រូវការ​ចាំបាច់​បំផុត​របស់​អ៊ុយក្រែន ខណៈដែល​សង្គ្រាម​របស់​រុស្ស៊ី​លើ​ប្រទេស​ជិតខាង​មួយ​នេះ កំពុង​វាយលុក​យ៉ាងខ្លាំង។

អ៊ុយក្រែន​គឺជា​អ្នក​ផ្គត់ផ្គង់​គ្រាប់​ធញ្ញ​ជាតិ​ពិភពលោក​ដ៏​សំខាន់ ប៉ុន្តែ​សង្គ្រាម​បាន​រារាំង​ការ​នាំចេញ​ភាគ​ច្រើន​ពី​ប្រទេស​នេះ​។ តម្លៃ​ស្បៀង​អាហារ​ពិភពលោក​ បាន​និង​កំពុង​កើន​ឡើង នៅ​ក្នុង​វិបត្តិ ដែល​ត្រូវ​បាន​ស្តីបន្ទោស​លើ​សង្គ្រាម បញ្ហា​ចង្វាក់​ផ្គត់ផ្គង់ និង​ជំងឺ​កូវីដ ១៩។ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន AP។

ទោះជា​យ៉ាងណា​ក៏ដោយ ប្រទេស​ដែល​ងាយ​រងគ្រោះ​ជាច្រើន និង​ដែល​ពឹង​ផ្អែកលើ​គ្រាប់​ធញ្ញជាតិ​ពី​អ៊ុយក្រែន កំពុង​ប្រឈម​នឹង​អសន្តិសុខ​ស្បៀង​ធ្ងន់ធ្ងរ​។ អ៊ុយក្រែន​មាន​ចំណែក ៨០% នៃ​ការ​នាំចូល​ស្រូវ​សាឡី​របស់​លីបង់ ហើយ​ជា​អ្នក​ផ្គត់ផ្គង់​ធំ សម្រាប់​ប្រទេស​ផ្សេងៗ​ទៀត រួម​ទាំង​ប្រទេស​សូម៉ាលី ស៊ីរី និង​លីប៊ី។

សារ​ព័ត៌មាន Middle East Monitor បាន​អះអាង​ថា រូបភាព​នៃ​ការ​តម្រង់​ជួរ​ដ៏​វែង​របស់​មនុស្ស​ដែល​កំពុង​រង់ចាំ នៅ​ខាងក្រៅ​ហាង ដើម្បី​ទិញ​នំប៉័ង ដែល​ឧបត្ថម្ភ​ធន​ដោយ​រដ្ឋាភិបាល​បាន​រីករាល​ដាល​យ៉ាងខ្លាំង​គ្រប់​ទីកន្លែង។ ការ​តម្រង់​ជួរ​ទិញ​នំបុ័ង​ មាន​បញ្ហា ដោយ​មាន​ការ​អន្តរាគមន៍​ម្តងម្កាល​ពី​មន្ត្រី​សន្តិសុខ ដែល​ដាក់​ប្រចាំការ​នៅ​តាម​ទីតាំង​មួយ​ចំនួន។

រូបិយ​ប័ណ្ណ «លីរ៉ា» របស់​លីបង់ បាន​ធ្លាក់​ចុះច្រើន​ជាង ៩០% នៃ​តម្លៃ​របស់​វា ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក ខណៈពេល​ដែល​សមត្ថភាព​របស់​ធនាគារ​កណ្តាល ក្នុងការ​គាំទ្រ​ការ​នាំចូល​ទំនិញ​សំខាន់ៗ រួមទាំង​ស្រូវសាឡី ប្រេងឥន្ធនៈ និង​ថ្នាំពេទ្យ បាន​ធ្លាក់ចុះ​។ យោងតាម​ធនាគារ​ពិភពលោក ប្រទេស​លីបង់​ប្រឈម​នឹង​អតិផរណា​ស្បៀងអាហារ​ដ៏អាក្រក់​បំផុត​របស់​ពិភពលោក ដោយ​តម្លៃ​បាន​កើន​ឡើង ៣៣២% កាល​ពី​ឆ្នាំមុន។

ធនាគារ​ពិភព​លោក អះអាង​ថា ប្រទេស​ហ្ស៊ីមបាវ៉េ និង​វ៉េណេស៊ុយ​អេឡា ក៏​មាន​អតិផរណា​កើន​ឡើង​ចំនួន ៣ ខ្ទង់​ដូចគ្នាដែរ ដោយ​តួកគី អ៊ីរ៉ង់ ស្រីលង្កា និង​អាហ្សង់ទីន រង​ការ​វាយប្រហារ​ដ៏អាក្រក់​បំផុត​ពី​ការកើន​ឡើង​តម្លៃ​ស្បៀងអាហារ​នេះ។

ធនាគារ​ពិភព​លោក បាន​គូស​បញ្ជាក់​អំពី​សង្គ្រាម នៅ​អ៊ុយក្រែន​ថា ជា​កត្តា​សំខាន់​នៅ​ពី​ក្រោយ​ការ​កើន​ឡើង​តម្លៃ និង​អសន្តិសុខ​ស្បៀង រួម​ជាមួយ​នឹង​គ្រោះ​រាំងស្ងួត​ជា​ប្រវត្តិសាស្ត្រ​នៅ​តំបន់​អាហ្រ្វិក ដែល​ប៉ះពាល់​ប្រទេស​ជាច្រើន។

អ៊ុយក្រែន​បាន​ជាប់គាំង​ការនាំចេញ​ស្រូវ​សាឡី​ និង​គ្រាប់​ធញ្ញជាតិ​ជាច្រើន​ទៀត​ទៅ​កាន់​ទីផ្សារ​ពិភពលោក ដោយសារ​ការបិទ​ខ្ទប់​របស់​ប្រទេស​រុស្ស៊ី​នៅ​ច្រក​សមុទ្រ​នាំចេញ៕

អត្ថបទគួរចាប់អារម្មណ៍