សារព័ត៌មាន​រ៉យទ័រ នៅ​ទី​ក្រុង​ប៉េកាំងបាន​រាយការណ៍​ថាក្រសួង​ការ​បរទេស​ចិន បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​កណ្ដាល​សប្ដាហ៍​ថា កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការបរទេស​ចិនលោក វ៉ាងយី (Wang Yi) និង​សម​ភាគី​ជប៉ុន​របស់​លោកគឺ​រដ្ឋ​មន្ត្រីការ​បរទេស​ជប៉ុនលោកYoshimasa Hayashi នៅក្រៅ​កិច្ចប្រជុំ​អាស៊ាន នៅ​កម្ពុជា ត្រូវ​បាន​លុប​ចោល​។

លោកស្រី Hua Chunying អ្នក​នាំ​ពាក្យ​របស់​ក្រសួង បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ជា​ទៀង​ទាត់​ថាភាគី​ចិន​មាន​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង ចំពោះ​សេចក្តី​ថ្លែងការណ៍​រួម ដែល​ដាក់ចេញ​ដោយ​ក្រុម​ប្រទេស​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ទាំង​៧ (G7) ទាក់ទិន​នឹង​កោះ​តៃវ៉ាន់ដែល​លោកស្រី​ប្រធាន​សភា​អាមេរិក​ទើប​បញ្ចប់​ទស្សន​កិច្ចកាលពីថ្ងៃ​ពុធ​។

យោងតាម​ព័ត៌មាន​រ៉យទ័ររដ្ឋ​មន្ត្រី​ការ​បរទេស​នៃ​ប្រទេស G7 រួម​ទាំង​ប្រទេស​ជប៉ុនបាន​អំពាវ​នាវ​ដល់​ប្រទេស​ចិន កាលពី​ថ្ងៃ​ពុធនោះ​ឱ្យ​ដោះស្រាយ​ភាព​តានតឹង​ជុំវិញ​ច្រក​សមុទ្រ​តៃវ៉ាន់​ដោយ​សន្តិវិធី​។

សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស G7 ដែល​មាន​ប្រទេស​កាណាដាបារាំងអាល្លឺម៉ង់អ៊ីតាលីជប៉ុនចក្រភព​អង់គ្លេសសហ​រដ្ឋ​អាមេរិក និង​តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុបបង្ហាញ​នូវការ​ប្តេជ្ញា​ចិត្ត​រួមគ្នា ក្នុង​ការ​រក្សា​នូវ​សណ្តាប់ធ្នាប់​អន្តរ​ជាតិ ដោយ​ផ្អែកលើ​ច្បាប់សន្តិភាពនិង​ស្ថិរភាព នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់និង​លើស​ពី​នេះ​។

G7 លើកឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ «​យើង​មានការ​ព្រួយបារម្ភ ចំពោះ​សកម្មភាព​គំរាមកំហែង​ថ្មីៗ និង​ដែល​ត្រូវបាន​ប្រកាស​ដោយ​សាធា​រណ​រដ្ឋ​ប្រជាមានិត​ចិន (PRC) ជា​ពិសេស​សមយុទ្ធ​បាញ់​គ្រាប់​ពិត និង​ការ​បង្ខិតបង្ខំ​សេដ្ឋកិច្ចដែលមាន​ភាព​ប្រថុយ​ប្រថាន​នឹង​ការកើនឡើងដែល​មិន​ចាំ​បាច់​»​។​

G7 បាន​បន្ថែម​ថា​៖ «​មិន​មាន​ហេតុផល​ណាមួយ ក្នុង​ការប្រើ​ដំណើរ​ទស្សនកិច្ច​ជា​លេស សម្រាប់​សកម្ម​ភាព​យោធា​ឈ្លានពាន នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​នោះ​ទេ។ វា​ជា​រឿង​ធម្មតានិង​ជា​ទម្លាប់​សម្រាប់​សមាជិក​សភា​មក​ពី​ប្រទេស​របស់​យើង ក្នុងការ​ធ្វើដំណើរ​អន្តរជាតិ​។ ការ​ឆ្លើយតប ដែល​កើនឡើង​របស់ PRC ធ្វើ​ឱ្យ​មាន​ហានិភ័យ​នៃ​ភាព​តានតឹង​កើនឡើង និង​ធ្វើឱ្យ​តំបន់​មាន​នូវ​អស្ថិរភាព​»៕