The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ​វិបត្តិ​ប៉ា​ឡេ​ស្ទី​ន​-អ៊ី​ស្រា​អែល ផ្ទុះឡើង​ជាថ្មី និង​ធំ​បំផុត ចាប់តាំងពី​ជម្លោះ ១១ ​ថ្ងៃ ឆ្នាំមុន​

​វិបត្តិ​ប៉ា​ឡេ​ស្ទី​ន​-អ៊ី​ស្រា​អែល ផ្ទុះឡើង​ជាថ្មី និង​ធំ​បំផុត ចាប់តាំងពី​ជម្លោះ ១១ ​ថ្ងៃ ឆ្នាំមុន​

Content image - Phnom Penh Post
អណ្ដាតភ្លើង និងផ្សែង ​​ចេញពី​ទីតាំង​នៃ​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ីរាអែល ក្នុង​តំបន់​ហ្គាហ្សា កាល​ពី​ថ្ងៃ​ទី​ ៧ ខែ​សីហា។ AFP

​វិបត្តិ​ប៉ា​ឡេ​ស្ទី​ន​-អ៊ី​ស្រា​អែល ផ្ទុះឡើង​ជាថ្មី និង​ធំ​បំផុត ចាប់តាំងពី​ជម្លោះ ១១ ​ថ្ងៃ ឆ្នាំមុន​

​ភាព​តានតឹង​នៃ​ជម្លោះ រវាង​ប៉ា​ឡេ​ស្ទី​ន និងអ៊ី​ស្រា​អែល បាន​ផ្ទុះឡើង​ជាថ្មី​ម្ដងទៀត ដោយបាន​សម្លាប់​មនុស្ស​ជិត ៣០ ​នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃ​អាទិត្យ ដោយ​ផ្តួចផ្ដើម​ពី​ការ​​វាយប្រហារ​គ្នា​ទៅវិញទៅមក​ដ៏​ធំ​បំផុត ចាប់តាំងពី​ជម្លោះ ១១​ ថ្ងៃ ក្នុង​ខែឧសភា ឆ្នាំមុន​។​

​ត្រឹម​រយៈពេល​ជិត ៣ ​ថ្ងៃ​នៃ​ជម្លោះ ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ចំនួន ៣១​​ នាក់ ដែល​ក្នុងនោះ​មាន​ក្មេងៗ ៦​ នាក់ ត្រូវបាន​សម្លាប់ ខណៈ​ជាង ២៦០​ នាក់បាន​រង​​របួស​។ នេះ​បើតាម​ក្រសួង​សុខា​ភិ​បាល​ប៉ា​ឡេ​ស្ទី​ននៅ​ថ្ងៃអាទិត្យ​។​

អ៊ី​ស្រា​អែល​បានចាប់ផ្ដើម​បើក​ការវាយប្រហារ កាលពី​ថ្ងៃ​​សុក្រ ដែល​ប្រទេស​នេះ បាន​ហៅថា «​ប្រតិបត្តិការ​ទុកជា​​មុន​» ដោយ​ដាក់​លើ​គោលដៅ​ក្រុម​ជី​ហាដ​អ៊ិ​ស្លាម​ប៉ា​ឡេ​ស្ទី​ន (PIJ) ដែល​លោកនាយក​រដ្ឋ​​មន្ត្រី Yair Lapid ហៅថា​ជា «​កម្លាំង​ប្រូ​ក​ស៊ី​អ៊ី​រ៉ង់ ដែល​ចង់​បំផ្លាញ​រដ្ឋអ៊ីស្រា​អែល​»​។​

​ការវាយប្រហារ​នេះ ធ្វើឡើង​បន្ទាប់ពី​ភាព​តានតឹង ដែល​បង្កឡើងដោយ​ការចាប់ខ្លួន​លោក Bassem al-Saadi ដែលជា​សមាជិក​ជាន់ខ្ពស់ ១​ រូប ​នៃ​ក្រុម​សកម្មប្រយុទ្ធ ដែល​អ៊ី​ស្រា​អែល​ចាត់ទុកថា ជា​ក្រុម​ភេរ​វករ ​១ នៅ​ដើម​សប្ដាហ៍​។​

​ប្រតិបត្តិការ​ផ្សេងៗ​របស់​អ៊ី​ស្រា​អែល រួមទាំង​ការ​បំផ្ទុះ​លំនៅឋាន និង​ការវាយប្រហារ​តាម​អាកាស បន្ត​រហូតមកដល់​ព្រឹក​ថ្ងៃអាទិត្យ ដោយ​សម្លាប់​មន្ត្រីជាន់ខ្ពស់​របស់​ក្រុម​ជី​ហា​ដដែល​គាំទ្រ​ដោយ​អ៊ី​រ៉ង់ ២​ រូប រួមមាន​មេបញ្ជាការ​ភូមិភាគ​ខាងត្បូង​ហ្គា​ហ្សា លោក Khaled Mansour និង​មេបញ្ជាការ​ភូមិភាគ​ខាងជើង​ហ្គាហ្សា លោក Taysir al-Jabari​។​

​ក្រុម​ជី​ហាដ ហៅ​ការ​វាយ​​ប្រហារ​ដំបូង​របស់​អ៊ី​ស្រា​អែល​ថា ស្មើនឹង​ «​ប្រកាសសង្គ្រាម​»​។ លោក Ziad al-Nakhalah មេដឹកនាំ​ក្រុម​សកម្មប្រយុទ្ធ​នេះ បាន​សន្យាថា នឹង​សងសឹក​អ៊ី​ស្រា​អែល​វិញ ចំពោះ​ការ​វាយ​​ប្រហារនៅ​ហ្គា​ហ្សា​នេះ​។​

​លោកបាន​និយាយថា​៖ «​ពួកអ៊ី​ស្រា​អែល ដែលជា​សត្រូវបានចាប់ផ្តើម​ការឈ្លានពាន​នេះហើយ វា​ត្រូវតែ​រំពឹងថា ពួកយើង​នឹង​ប្រយុទ្ធ​មិន​ឈប់​​ឈរ​។ គ្មាន​បន្ទាត់​ក្រហម ក្នុង​សមរភូមិ​នោះទេ ដោយ​ទីក្រុង​​តែ​ល​អា​វីវ និង​ក្រុង​អ៊ី​ស្រា​អែល​ដទៃទៀត នឹង​ក្លាយជា​គោលដៅ​ ១ ក្នុងចំណោម​គោលដៅ​នៃ​រ៉ុក្កែត​របស់​យើង​»​។​

​រាប់​តាំង​ពីថ្ងៃ​សុក្រ​មក រ៉ុក្កែត និង​គ្រាប់ផ្លោង​ជាង ៥៨០ ​គ្រាប់ ត្រូវបាន​បាញ់​ឆ្ពោះទៅ​អ៊ី​ស្រា​អែល ដោយ​ចន្លោះ​ពី ៤៥០-៤៧០ ​គ្រាប់ បាញ់​ចេញពី​ហ្គា​ហ្សា គិត​ត្រឹម​ព្រឹក​​ថ្ងៃអាទិត្យ​។ នេះ​បើ​យោងតាម​កងកម្លាំង​ការពារ​អ៊ី​ស្រា​អែល (IDF) ដែល​និយាយថា គ្រាប់​ខ្លះ​ធ្លាក់​ក្នុង​តំបន់​ហ្គា​ហ្សា​របស់អ៊ី​ស្រា​អែល ខណៈ​ជាង ២០០​ គ្រាប់ ត្រូវបាន​កម្ទេច​ដោយ​ប្រព័ន្ធ​ការពារ​អាកាស Iron Dome របស់ខ្លួន​។​

​ជម្លោះ​លើក​នេះ មាន​ទ្រង់​​ទ្រាយ​ដ៏​ធំ​បំផុត ចាប់ពី​ជម្លោះ ១១​ ថ្ងៃ ដែល​កើតឡើង ក្នុងការ​​ប្រយុទ្ធ​គ្នា រវាង​ពួក​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន និង​អ៊ី​ស្រា​អែល កាលពី​ខែឧសភា ឆ្នាំមុន ដែល​បានសម្លាប់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ២៦០​ នាក់ និង​មនុស្ស ១៣​ នាក់ នៅ​អ៊ី​ស្រា​អែល​។​

​ខណៈ​ផលវិបាក​នៃ​ជម្លោះ កាលពី​ពេលនោះ មិនទាន់​ស្រាកស្រាន្ត សម្រាប់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ននៅ​ហ្គា​ហ្សា មានការ​ភ័យខ្លាច ដែលថា ភាព​​តានតឹង​ដូច​នោះ នឹង​កើតឡើង​ជាថ្មី​។ ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ប្រហែល ២,៣​ លាន​នាក់ ត្រូវ​រស់នៅ​ផ្តុំគ្នា​ក្នុង​តំបន់ ហើយ​ត្រូវបាន​រឹតបន្តឹង ចំពោះ​ការ​ចេញចូល​ទៅ​អ៊ី​ស្រា​អែល និង​អេ​ហ្ស៊ី​ប ដោយ​លើកឡើង​ពី​កង្វល់​សន្តិសុខ​។​

​ទន្ទឹមនឹងនោះ មុន​ការ​វាយ​ប្រហារ​ចាប់ផ្ដើមនៅ​ថ្ងៃ​សុក្រ អ៊ី​ស្រា​អែលបាន​បញ្ឈប់​ការ​​ដឹកជញ្ជូន​ប្រេងឥន្ធនៈ ដែល​បាន​គ្រោងទុក​ទៅកាន់​តំបន់​ហ្គា​ហ្សា​ភ្លាមៗ ដែល​ធ្វើឱ្យមាន​ការព្រមាន​ពី​ក្រសួង​សុខា​​ភិ​បាល​តំបន់​ថា នឹងមាន​ការ​​លំបាក​យ៉ាងខ្លាំង ដោយសារតែ​កង្វះ​អគ្គិសនី​។​

​ខណៈ​ជម្លោះ​ឡើង​ខ្លាំង​ទៅៗ អេ​ហ្ស៊ី​ប​និយាយថា ខ្លួន​បាន​ចូលរួម​នៅក្នុង​កិច្ចពិភាក្សា​ស៊ី​​ជម្រៅ ដើម្បី​ធ្វើឱ្យ​ស្ថានការណ៍​ស្ងប់ស្ងាត់ កាលពី​ថ្ងៃ​សៅរ៍​។ ប៉ុន្តែ​ខណៈ​ការវាយប្រហារ​គ្នា​កាន់តែខ្លាំង ក្រុម​ជី​ហាដ ចោទ​អ៊ី​ស្រា​អែល​ថា មិន​គោរព​តាម​អ្នកសម្របសម្រួល​អេ​ហ្ស៊ី​ប ខណៈ​អ៊ី​ស្រា​អែល​ថា ខ្លួន​បន្ត​ប្រតិបត្តិការ យ៉ាងហោចណាស់ ១​ សប្ដាហ៍ទើប​បញ្ចប់​។​

​ភាព​តានតឹង​ខ្លាំង នាពេលនេះ នឹង​អាស្រ័យ​ថា តើ​ក្រុម​ហា​ម៉ាស់ នឹង​ជ្រើសរើស​ចូលរួម ក្នុងការ​​ប្រយុទ្ធ​ជាមួយ​ក្រុម​ជី​ហាដ​អ៊ិ​ស្លាម ដែល​តូច​ជាង​ខ្លួន ឬ​យ៉ាងណា​។ ក្រសួងការបរទេស​​អាមេរិក និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា សហរដ្ឋអាមេរិកបាន​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​សិទ្ធិ​របស់​អ៊ី​ស្រា​អែល ក្នុងការ​ការពារ​ខ្លួន ហើយ​វា​បាន​ជំរុញ​ឱ្យ​ភាគី​ទាំងអស់​ចៀសវាង​ការបង្កើន​ភាព​តានតឹង​។​

​អ្នកការទូត​មជ្ឈិមបូព៌ា​របស់​អង្គការសហប្រជាជាតិ (UN) និង​សហភាព​អឺរ៉ុប បាន​សម្តែង​ការបារម្ភ​ពី​អំពើហិង្សា ហើយ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន ដែល​គាំទ្រ​ដោយ​លោកខាងលិច បាន​ថ្កោលទោស​ការ​អ៊ី​ស្រា​អែល​។​

​ខណៈ​អ៊ី​រ៉ង់ តួ​ក​គី និង​ស៊ី​រី ថ្កោលទោសអ៊ី​ស្រា​អែល ក្រុម​​ប្រឹក្សា​សន្តិសុខ UN បាន​បើក​កិច្ចប្រជុំ​បិទទ្វារ​ជាបន្ទាន់ ​១ ដើម្បី​ពិភាក្សា​ពី​ភាព​តានតឹង​ចុងក្រោយ រវាង​ភាគី​ជម្លោះ​ទាំង ​២៕

​ហួន ឌី​ណា

អត្ថបទគួរចាប់អារម្មណ៍