The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - FBI ឆែកឆេរ​ផ្ទះ​លោក ត្រាំ នៅ​ហ្វ្លរីដា ជុំវិញ​ការស៊ើប​អង្កេត​ថា លោក​យក​ឯកសារ​សម្ងាត់​សេតវិមាន

FBI ឆែកឆេរ​ផ្ទះ​លោក ត្រាំ នៅ​ហ្វ្លរីដា ជុំវិញ​ការស៊ើប​អង្កេត​ថា លោក​យក​ឯកសារ​សម្ងាត់​សេតវិមាន

Content image - Phnom Penh Post
លោក ត្រាំ និយាយទៅកាន់អ្នកសារព័ត៌មាន នៅឯ Mar-a-Lago ក្នុងរដ្ឋហ្វ្លរីដា កាលពីថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩។

FBI ឆែកឆេរ​ផ្ទះ​លោក ត្រាំ នៅ​ហ្វ្លរីដា ជុំវិញ​ការស៊ើប​អង្កេត​ថា លោក​យក​ឯកសារ​សម្ងាត់​សេតវិមាន

អតីត​ប្រធានា​ធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ការិយា​ល័យ​ស៊ើប​អង្កេត​សហព័ន្ធ (FBI) បាន​ចូល​ឆែកឆេរ​ផ្ទះ​របស់​លោក​នៅ​ឆ្នេរ Palm Beach ក្នុង​រដ្ឋ​ហ្វ្លរីដា ដោយ​បង្ហាញ​ភាព​តានតឹង​នៃ​ការស៊ើប​អង្កេត​ឧក្រិដ្ឋ​កម្ម ដែល​ធ្វើឡើង​ដោយ​ក្រសួង​យុត្តិធម៌​លើ​កិច្ចការ កាលពី​លោក​នៅ​កាន់​តំណែង​។

លោក ត្រាំ និយាយ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ថា​៖ «​ផ្ទះ Mar-A-Lago ដ៏​ស្រស់​ស្អាត​របស់​ខ្ញុំ​នៅ Palm Beach រដ្ឋ​ហ្វ្លរីដា កំពុង​ស្ថិត​នៅក្រោម​ការ​ឡោមព័ទ្ធ វាយឆ្មក់ និង​កាន់កាប់ ដោយ​ភ្នាក់ងារ​FBI មួយ​ក្រុម​ធំ​»។

អំឡុងពេល​នៃ​ការឆែកឆេរ​នោះ លោក ត្រាំ មិនបាន​នៅផ្ទះ​នោះទេ ហើយ​ពេលដែល​លោក​ចេញ​សេចក្តី​ថ្លែងការណ៍ ការឆែកឆេរ​របស់ FBI ក៏​បញ្ចប់​ហើយ​ដែរ​។

កាសែត​ញូវយ៉កថែមស៍ ស្រង់​សម្ដី​ពី​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ផ្សេងៗ​គ្នា ដែល​បាន​ដឹង​ពី​សំណុំ​រឿង​នៃ​ការ​ស៊ើប​អង្កេត​នោះ​ថា កង​កម្លាំង FBI បាន​ផ្តោត​លើ​សម្ភារ​ឯកសារ​សម្ងាត់ ដែល​លោក ត្រាំ​នាំ​យក​ទៅ​ជាមួយ ដោយ​ខុសច្បាប់ ទៅកាន់​រីស៉ត Mar-a-Lago ដែល​ជា​ក្លិប​ឯកជន និង​ជា​លំនៅ​ឋាន​របស់​លោក ពេល​លោក​ចេញពី​សេតវិមាន​។

សកម្ម​ភាព​ឆែកឆេរ​នៅ Mar-a-Lago ជាប់​ទាក់ទង​នឹង​ការ​ដក​ប្រអប់​កំណត់​ត្រា​ប្រធានា​ធិបតី​ចំនួន ១៥​​ សេតវិមាន រួមទាំង​ឯកសារ​សម្ងាត់ និង​រសើប ចំពោះ​សន្តិសុខ​ជាតិ ក៏ដូចជា​ការបំផ្លិចបំផ្លាញ​សម្ភារ​ឯកសារ​ផ្សេងទៀត​។

ការស៊ើប​អង្កេត​ដ៏​ធំ​នេះ ធ្វើ​ឡើង​បន្ទាប់ពី​លោក ត្រាំ ពន្យារ​ពេល​ការ​ប្រគល់​របស់​ទាំង​នោះ តាម​ការស្នើ​របស់​មន្ត្រី​រដ្ឋបាល​បណ្ណសារ និង​កំណត់ត្រា​ជាតិ (Nara) អស់​រយៈពេល​ជាច្រើន​ខែ ហើយ​សំណុំរឿង ត្រូវ​បញ្ជូន​ទៅ​ក្រសួង​យុត្តិធម៌ កាល​ពី​ដើម​ឆ្នាំ​។

ក្នុង​សេចក្ដី​ថ្លែងការណ៍ កាលពី​ថ្ងៃ​ចន្ទ​ដដែល លោក ត្រាំ និយាយ​ថា លោក​បាន​សហការ​ជាមួយ​ភ្នាក់ងារ​រដ្ឋា​ភិបាល​ពាក់​ព័ន្ធ​ទាំងអស់ ហើយ​ដូច្នេះ «ការ​វាយឆ្មក់​ដោយ​មិនបាន​ប្រកាស​មក​លើ​ផ្ទះរ​បស់​ខ្ញុំ គឺ​មិន​ចាំ​បាច់ និង​មិន​សមរម្យ​ទាល់​តែ​សោះ​»។

Content image - Phnom Penh Post
អ្នកគាំ​លោក ត្រាំ ឈរ​នៅ​ខាង​ក្រៅ​គេហដ្ឋាន​របស់​លោក នៅឯ Mar-A-Lago រដ្ឋ​ហ្វ្លរីដា កាល​ពី​ថ្ងៃ​ទី​ ៨ ខែ​សីហា​។

អតីត​ប្រធានា​ធិបតី​ដដែល បាន​និយាយ​ថា​៖ «ការ​វាយប្រហារ​បែបនេះ​អាច​កើត​ឡើង​បាន​តែ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ប៉ុណ្ណោះ​»។ លោក​បន្ត​ថា វា​ស្មើ​នឹង​«ការ​ប្រព្រឹត្ត​ខុស​របស់​រដ្ឋ​អាជ្ញា» និង​«អាវុធ​នៃ​ប្រព័ន្ធ​យុត្តិធម៌​» ដើម្បី​មិន​ឱ្យ​លោក​ឈរ​ឈ្មោះ​សម្រាប់​តំណែង​ប្រធានា​ធិបតី​ម្ដងទៀត​។

ការ​ចុះ​ឆែកឆេរ​របស់ FBI ធ្វើ​ឡើង ខណៈ​ដែល​លោក ត្រាំ​កំពុង​ស្វះ​ស្វែងរក​ការគាំទ្រ ក្នុងការ​ឈរ​ឈ្មោះ សម្រាប់​តំណែង​ប្រធានា​ធិបតី​ម្ដងទៀត ក្នុង​ឆ្នាំ​២០២៤ ទន្ទឹម​នឹង​សវនាការ​ជា​សាធារណៈ​ជា​បន្តបន្ទាប់​ដែល​បង្ហាញ​ពី​តួនាទី​របស់លោក និង​សម្ព័ន្ធមិត្ត នៅក្នុង​ព្រឹត្តិការណ៍ ដែលនាំឱ្យ​មានការ​វាយប្រហា​រ នៅ​វិមាន​កាពីតូល កាលពី​ឆ្នាំ​មុន​។

កន្លង​មក លោក ត្រាំ ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ សម្រាប់​ការ​រំលោភ​ជាក់ស្តែង​របស់លោក នៃ​ច្បាប់​កំណត់​ត្រា​ប្រធានា​ធិបតី ឆ្នាំ​ ១៩៧៨ ដែល​តម្រូវ​ឱ្យ​រក្សា​ឯកសារ​សេតវិមាន ប៉ុន្តែ​ការឆែកឆេរ​ជា​លើកដំបូង​នេះ ហាក់​ដូចជា​បង្ហាញ​ពី​ហានិភ័យ​ផ្នែក​ច្បាប់ ដែល​អាច​កើត​មាន​សម្រាប់ លោក ត្រាំ ចំពោះ​ការ​អនុវត្ត​ច្បាប់​កំណត់ត្រា​របស់​លោក​។

តាម​លក្ខន្តិក ដែល​គ្រប់គ្រង​ការដក ឬ​ការ​បំផ្លាញ​កំណត់ត្រា​ប្រធានា​ធិបតី ដោយ​ចេតនា និង​ខុស​ច្បាប់ ទោះ​បី​ជា​កម្រ​នឹង​ត្រូវ​បាន​អនុវត្ត​ក្ដី ក៏​ការ​ដាក់​ទោសធ្ងន់់ៗ នឹង​ធ្វើ​ឡើង រួមមាន​ការ​ផាក​ពិន័យ ការ​ដាក់​ពន្ធនាគារ និង​ជាពិសេស គឺ​ការ​ដក​សិទ្ធិ ក្នុងការ​កាន់​តំណែង​បច្ចុប្បន្ន ឬ​អនាគត​។

ព័ត៌មាន​ចុងក្រោយ​នេះ កំពុង​បញ្ឆេះ​កំហឹង​ពី​អ្នក​គាំទ្រ លោក ត្រាំ​និង​បន្ថែម​កម្ដៅ​លើ​ការ​អះអាង​របស់​គណបក្ស​សាធារណ​រដ្ឋ ដែល​ថា អតីត​ប្រធានា​ធិបតី​រូបនេះ កំពុង​ត្រូវបាន​គេ​កំណត់​គោលដៅ​ដោយ​អយុត្តិ​ធម៌។ FBI ក៏ដូចជា​ក្រសួង​យុត្តិធម៌ មិន​ទាន់​ធ្វើការ​អត្ថា​ធិប្បាយ​យ៉ាងណា​នៅ​ឡើយ​ទេ ខណៈ​លោក Christopher A. Wray ដែល​ជា​ប្រធាន​FBI ត្រូវ​បាន​តែងតាំង​ដោយ​លោក ត្រាំ​៕

ហួន ឌីណា

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍