​ត្រឹមតែ​រយៈពេល ១០​ ថ្ងៃ​ប៉ុណ្ណោះ​ នៃ​ការបញ្ចប់​ទស្សនកិច្ចរ​បស់​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី ដែល​បាន​លើកទ័ព​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន ទៅកាន់​ប្រទេស​ ៤ ក្នុង​ទ្វីបអាហ្វ្រិ​ក ឥឡូវនេះ ប្រមុខ​ការទូត​អាមេរិក គឺ​លោក​រដ្ឋមន្ត្រីការបរទេស អាន់​ថូ​នី ប្ល៊ី​ន​កែន (Antony Blinken) ជា​អ្នក​ទៅ​ជាន់​ទឹកដី​នេះ​ម្ដង ដែល​សកម្មភាព​នេះ ត្រូវបាន​គេ​ជឿថា ជា​ «​បេសកកម្ម​ការទូត ដែល​ធ្វើឡើង ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​រុស្ស៊ី នៅលើ​ទ្វីប​នេះ​»​។​

​ដោយ​ផ្តើម​ចុះចត​ដំបូងបង្អស់ នៅអាហ្វ្រិ​ក​ខាងត្បូង ដែលជា​ប្រទេស​ធំ​ទី​៩ នៅ​ទ្វីបអាហ្វ្រិ​ក និង​ជា​សមាជិក​របស់​ក្រុម​ប្រទេស​ក្នុង​ប្លុក BRICS ដោយមាន​រុស្ស៊ី និង​ចិន​ជា​សមាជិក​ផងដែរ លោក ប្ល៊ី​ន​កែន គ្រោង​បំពេញ​ទស្សនកិច្ច​យ៉ាងហោច​ប្រទេស ២ ​ទៀត រួមមាន​សា​.​ប្រជាធិបតេយ្យ​កុង​ហ្គោ និង​រ្វ៉ា​ន់​ដា ដែល​សុទ្ធសឹង​ជា​ប្រទេស​មាន​ឥទ្ធិពល​លើ​វិស័យ​យោធាក្នុង​តំបន់ ហើយ​គ្រោង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ថ្ងៃទី​ ១១ ខែសីហា​។​

​បន្ទាប់ពី​ទស្សនកិច្ចនៅអាហ្វ្រិ​ក​ខាងត្បូង លោក​រដ្ឋមន្ត្រីការបរទេស នឹងធ្វើ​ដំណើរ​ទៅ​កុង​ហ្គោ ពីថ្ងៃ​ទី ​៩ ដល់​ថ្ងៃទី ​១០ ជា​ពេលដែល​លោក​ត្រូវបាន​រំពឹងថា នឹង​ថ្លែង​ការ​​គាំទ្រ​របស់​អាមេរិក សម្រាប់​កិច្ចខិតខំ​​ប្រឹងប្រែង​របស់​តំបន់​នេះ ដែល​ដឹកនាំ​ដោយ​ប្រទេស​កេ​ន​យ៉ា និង​អង់​ហ្គោ​ឡា ដើម្បី​ជំរុញឱ្យមាន​សន្តិភាព នៅ​ភាគ​ខាងកើត​កុង​ហ្គោ និង​តំបន់ Great Lakes របស់​អាហ្វ្រិ​ក​។​

​កាលពី​ថ្ងៃ​ចន្ទ រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​ពិពណ៌នា​អំពី​យុទ្ធសាស្ត្រ​របស់​អាមេរិក សម្រាប់​អនុតំបន់​សាហា​រ៉ា​អាហ្វ្រិ​ក ក្នុង​សុន្ទរកថា​គោលនយោបាយ​ដ៏​សំខាន់​ ១ នៅ​សាកលវិទ្យាល័យ Pretoria នៃ​អាហ្វ្រិ​ក​ខាងត្បូង​។ នេះ​បើ​ផ្អែក​តាម​ការចេញផ្សាយ​រប​ស់​បណ្តាញសារព័ត៌មាន Politico ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​។​

​តាម​ការផ្សាយ​ដដែល​នោះ តំបន់​អាហ្វ្រិ​ក​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរពី​ឥទ្ធិពល​នៃ​ជំងឺ​រាតត្បាត​សកល​កូ​វីដ ​១៩ និង​ការ​កើន​​ឡើង​តម្លៃ​អាហារ និង​ប្រេង ដែល​បណ្តាល​ពី​សង្គ្រាមរ​បស់​រុស្ស៊ី នៅ​អ៊ុយ​ក្រែ​ន​។​

​កាលពី​ចុងខែ​កក្កដា ក្នុង​ទស្សនកិច្ចនៅ​តំបន់អាហ្វ្រិ​ក ដោយ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​យ៉ាងហោច​ ៤ ដូចជា​អេ​ហ្ស៊ី​ប អេ​ត្យូ​ពី អ៊ូ​ហ្គ​ង់​ដា និង​កុង​ហ្គោ ក្នុងនោះ​ក៏មាន​ការជួប​ជាមួយ​ប្រមុខ​ដឹកនាំ​នៃ​ប្រទេសមួយ​ចំនួន​ផងដែរ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក ស៊ែ​ហ្គេ​យ៍ ឡាវ​រ៉ូ​វ (Sergey Lavrov) បានរៀបចំ​សុន្ទរកថា​ដ៏​វែង​អន្លាយ ដើម្បី​ពន្យល់​មូលហេតុ​ដល់​តំណាង​អចិ​ន្ត្រៃ​យ៍​នៃ​ប្រទេស​សមាជិក​សហភាព​អាហ្វ្រិ​ក និង​ស្ថាប័ន​ការទូត នៅ​ទីក្រុង​អា​ឌី​សអា​បេ​បា​របស់​ប្រទេស​អេ​ត្យូ​ពី កាល​​ពីថ្ងៃ​ទី ​២៧ ខែ កក្កដា ឆ្នាំ ​២០២២​។ ស្ថានទូត​រុស្ស៊ី​ប្រចាំនៅ​អេ​ត្យូ​ពី នាពេល​នោះបាន​អញ្ជើញ​ប្រមុខ​ការទូត​នៃ​ប្រទេស​មួយចំនួន នៅក្នុង​តំបន់ ដើម្បី​ចូលរួម​ស្តាប់​ការ​ថ្លែង​របស់​ប្រមុខ​ការទូត​រុស្ស៊ី​។​

​វត្តមាន​ទស្សនកិច្ច​របស់លោក​ ប្ល៊ី​ន​កែន ក៏​ជាការ​បង្ហាញឱ្យឃើញ​ពី​ការ​ប្រឆាំងនឹង​សកម្មភាព ​«​អាក្រក់​» ​របស់​រុស្ស៊ី ដែល​ប្រឹង​ពង្រីក​ឥទ្ធិពល​យ៉ាងខ្លាំង​នៅ​តំបន់​នោះ​។ នេះ​បើតាម​លោក Douglas Yates អ្នកវិទ្យាសាស្ត្រ​នយោបាយ​ជំនាញ​ខាង​នយោបាយអាហ្វ្រិ​ក ដែល​បង្រៀន​នៅ​សាលា American Graduate School ក្នុង​ក្រុងប៉ារីស​។ បណ្តាញ​ព័ត៌មាន​បារាំង France24 បាន​ដកស្រង់​ការយល់ដឹង​របស់​អ្នកវិភាគ​រូបនេះ មក​ចុះផ្សាយ​ថា គោលបំណង​នៃ​ការធ្វើដំណើរ​លើក​ទី​២ របស់លោក ប្ល៊ី​ន​កែន ទៅកាន់​អាហ្វ្រិ​ក គឺ​ដើម្បី​«​បង្កើត​យុទ្ធសាស្ត្រ​ជាមួយ​ដៃគូ​អាហ្វ្រិ​ក ក្នុង​គោលបំណង​ប្រឆាំងនឹង​ចេតនា​របស់​រុស្ស៊ី ដែល​ចង់​ធ្វើឱ្យ​ខូច​លទ្ធិ​​ប្រជាធិបតេយ្យ​» នៅ​ទ្វីប​នេះ​។​

​តាម​អ្នកវិភាគ​ដដែល លោក ប្ល៊ី​ន​កែន ត្រូវ​បានផ្តល់​ការអនុញ្ញាត​សម្រាប់​បេសកកម្ម​បែបនេះ​ដោយ​ច្បាប់ H.R. 7311 ដែល​កំណត់ឱ្យ​ក្រសួងការបរទេស​អាមេរិក​ធ្វើ​ «​សកម្មភាព​ប្រឆាំង​ចំពោះ​សកម្មភាព​អាក្រក់​របស់​រុស្ស៊ី​នៅអាហ្វ្រិ​ក​» ដែល​សភា​អាមេរិកបានអនុម័ត ​កាលពី​ថ្ងៃទី ​២៧ ខែ​ ​មេសា ឆ្នាំ ​២០២២​។ អ្វីដែល​គេ​ហៅថា​ សកម្ម​ភាពអាក្រក់​របស់​រុស្ស៊ី​រួមមាន​ការប្រើប្រាស់​អំណាច​រឹង និង​ទន់ ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ទីក្រុង​ម៉ូស្គូ ​នៅលើ​ទ្វីប​នេះ​។​

France24 បានឱ្យដឹង​ទៀតថា រុស្ស៊ី​មានអំណាច​ខ្លាំង​លើ​ក្រុម​ទាហាន​ស៊ីឈ្នួល «Wagner Group» ដែលមាន​ទំនាក់ទំនង​ច្បាស់លាស់ ជាមួយ​ក្រុង​ម៉ូស្គូ និង​មាន​វត្តមាន​នៅក្នុង​ប្រទេស​ជាច្រើន រួមទាំង​សា​.​អាហ្វ្រិ​ក​កណ្តាល ស៊ូដង់ និង​ម៉ាលី​។ ក្រុម​នេះ​ត្រូវបាន​សហភាព​អឺរ៉ុប​ដាក់ទណ្ឌកម្ម ជុំវិញ​ការបង្ក​អំពើហិង្សា លួច​ធន​​ធាន​ធម្មជាតិ និង​បំភិតបំភ័យ​ជន​ស៊ីវិល​។ អំណាច​ទន់​របស់​រុស្សី រួមមាន​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ផ្លូវការ ដើម្បី​ផ្សព្វផ្សាយ​ការឃោសនា​ប្រឆាំង​លោក​​ខាងលិច និង​ប្រឆាំង​លទ្ធិប្រជាធិបតេយ្យ​។​

​រដ្ឋមន្ត្រីការបរទេស​អាមេរិក បានជ្រើសរើស​ប្រទេស ​៣ ដែល​លោក​នឹង​ទៅ​ទស្សនា​យ៉ាង​ប្រយ័ត្នប្រយែង «​លើកលែង​​តែ​អាហ្វ្រិ​ក​ខាងត្បូង ពួកគេ (​កុង​ហ្គោ និង​រ្វ៉ា​ន់​ដា មិនត្រូវ​បានចាត់ទុក​ថា ជា​គំរូ​នៃ​លទ្ធិ​​ប្រជាធិបតេយ្យ ហើយ​អាមេរិក​ចង់​ធ្វើឱ្យ​ប្រាកដថា ប្រទេស​ទាំងនេះ​នៅ​ខាង​ពួកគេ ដោយសារ​ពួកគេ​មាន​សមត្ថភាព​យោធា​។ លោក Yates និយាយថា ពួកគេ​អាច​ប្រើ ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ក្រុង​ម៉ូស្គូ​។​

​អាហ្វ្រិ​ក​ខាងត្បូង ក៏​ដូច​ប្រទេស​អាហ្វ្រិ​ក ១៦​ ផ្សេងទៀត បាន​បដិសេធក្នុងការ​​បោះឆ្នោត​លើ​សេចក្តីសម្រេច​របស់​អង្គការ​​សហប្រជាជាតិ ដែល​ថ្កោលទោស​ការ​​ឈ្លានពាន​ពី​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ខណៈ​កុង​ហ្គោ និង​រ្វ៉ា​ន់​ដា បោះឆ្នោត​គាំទ្រ​។ ប្រធានាធិបតី​អាហ្វ្រិ​ក​ខាងត្បូង លោក Cyril Ramaphosa មិន​ធ្វើការ​ថ្កោលទោស​ចំពោះ​ការឈ្លានពាន​នេះ​ទេ​។

អាហ្វ្រិ​ក​ខាងត្បូង គឺជា​ផ្នែក​​ ១ នៃ​ក្រុម BRICS រួមជាមួយ​ប្រេ​ស៊ី​ល រុស្ស៊ី ឥណ្ឌា និង​ចិន ដោយ​ត្រូវបាន​គេ​មើលឃើញថា ជា​ប្រទេសដែលមាន​សេដ្ឋកិច្ច​ទីផ្សារ កំពុង​រីកចម្រើន​នាំមុខគេ​របស់​ពិភពលោក​។

​ខណៈពេលដែល​ការឈ្លានពាន​របស់​រុស្ស៊ី នៅ​ថ្ងៃទី​ ២៤ ខែកុម្ភៈ បាន​បណ្តាលឱ្យ​មានការ​ថ្កោលទោស​យ៉ាង​ទូលំទូលាយ​ពី​បណ្តា​ប្រទេស G7 និង​សម្ព័ន្ធមិត្ត​របស់​ពួកគេ មានតែ​ប្រទេស​ប្រេ​ស៊ី​ល ១ ​គត់​ពី​ក្នុង​ក្រុម BRICS ដែល​គាំទ្រ​ដំណោះស្រាយ​របស់ UN ខណៈ​ប្រទេស​អាហ្វ្រិ​ក​ខាងត្បូង ចិន និង​ឥណ្ឌា បដិសេធ។​

​ក្នុង​ទស្សនកិច្ច​របស់ខ្លួន លោក ឡាវ​រ៉ូ​វ ព្យាយាម​ពន្យល់​មេដឹកនាំ​អាហ្វ្រិ​ក​មួយចំនួន ដែលមាន​ទំនាក់ទំនង​ការទូត​ស្អិតល្មួត​ជាមួយ​ខ្លួន ពី​ដំណើរ​ដើមទង ដែល​នាំឱ្យមាន​សង្គ្រាម​នៅ​ទឹកដី​អ៊ុយ​ក្រែ​ន និង​មូល​​ហេតុ​នៃ​វិបត្តិ​ផ្សេងៗ ដូចជា​ថាមពល និង​ស្បៀងអាហារ ព្រមទាំង​ដំណោះស្រាយ នា​អនាគត​របស់​ប្រទេស​រុស្ស៊ី​។​

​លោក​ពញ្ញាក់​អារម្មណ៍ ដល់​សមាជិក​ក្នុង​អង្គប្រជុំ ដោយ​ពន្យល់ថា សង្គ្រាម​របស់​អាមេរិក ក្នុងប្រទេស​ផ្សេងៗ ដូចជា​អ៊ី​រ៉ា​ក់ និង​លី​ប៊ី​ជាដើម គ្មាន​ហេតុផល​ប្រាប់​នរណា​ឡើយ ហើយ​លោក​ដឹង​ដំណើរ​វិ​វ​ឌ្ឍ​ពី ១ ​ដំណាក់កាល ​ទៅ ១​ដំណាក់កាល ដែល​និយាយ​ទៅដល់​ទំនាក់​ទំនងជា​មួយអង្គ​ការ​ណា​តូ និង​ការហាមឃាត់ ចំពោះ​ការ​អូសទាញ​អ៊ុយ​ក្រែ​ន​ចូល​ណា​តូ​ជាដើម​៕

វីដេអូ៖