រុស្ស៊ី​និយាយថា ខ្លួន​នឹង​ផ្អាក​ការត្រួតពិនិត្យ​នៅនឹងកន្លែង​របស់​សហរដ្ឋអាមេរិក ក្រោម​សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ​យុទ្ធសាស្ត្រ ជាមួយ​ទីក្រុង​​វ៉ាស៊ីនតោន ដោយ​ចង្អុល​ទៅ​ទណ្ឌកម្ម​របស់លោក​ខាងលិច និង​ជំងឺ​រាតត្បាត ដោយ​បន្ថែមថា ទីក្រុង​ម៉ូស្គូ​នៅតែ​ប្តេជ្ញាចិត្ត ចំពោះ​គ្រប់​បទ​ប្បញ្ញត្តិ​នៃ​សន្ធិ​​សញ្ញា​នេះ​។​

​ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយ កាលពី​ថ្ងៃ​ចន្ទ​ថា គ្រឿង​​បរិក្ខារដែល​ត្រូវ​ត្រួតពិនិត្យ​ក្រោម​សន្ធិសញ្ញា​ New START នឹង​ត្រូវបាន​លើកលែង​ «​បណ្តោះ​​អាសន្ន​» ពី​ការត្រួតពិនិត្យ​។ ការ​​ប្រកាស​នេះ​ធ្វើឡើង​ស្របពេល​ដែល​ទំនាក់ទំនង រវាង​រុស្ស៊ី និង​អាមេរិក ប្រេះស្រាំ​កាន់តែខ្លាំង ជុំវិញ​ការឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន​របស់​រុស្ស៊ី និង​ការដាក់ទណ្ឌកម្ម​លោកខាងលិច​។​

​ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយថា​៖ «​រុស្ស៊ី​ត្រូវ​បង្ខំ​ឱ្យ​ងាក​ទៅរក​វិធានការ​នេះ ដែលជា​លទ្ធផល​នៃ​បំណងប្រាថ្នា​របស់​ទីក្រុង​វ៉ាស៊ីនតោន ក្នុងការ​​សម្រេចបាន​នូវ​ការចាប់ផ្តើម​ឡើងវិញ​នៃ​ការត្រួតពិនិត្យ​លើ​លក្ខខណ្ឌ ដោយ​មិន​គិតពី​ការពិត ដែលមាន​ស្រាប់​»​។​

New START គឺជា​កិច្ច​ព្រមព្រៀង​កាត់បន្ថយ​អាវុធ​ចុងក្រោយ ដើម្បី​កំណត់​ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​។ ក្នុង​សេចក្ដីប្រកាស​ថ្មី ទីក្រុង​ម៉ូស្គូ​ក៏បាន​ចោទប្រកាន់​ក្រុង​វ៉ា​ស៊ីន​​តោន​ថា កំពុង​ស្វែងរក ​«​ការ​បង្កើត​គុណសម្បត្តិ​ឯកតោ​​ភាគី​» និង​ដកហូត​រុស្ស៊ី​ពី​​ «​សិទ្ធិ​ធ្វើ​អធិការកិច្ច​លើដី​អាមេរិក​» តាមរយៈ​ការដាក់ទណ្ឌកម្ម​របស់​លោកខាងលិច រួមទាំង​ការបិទ​លម្ហ​អាកាស សម្រាប់​យន្តហោះ​រុស្ស៊ី និង​ការ​រឹតបន្តឹង​ទិដ្ឋាការ​។​

​កាលពី​ឆ្នាំមុន អាមេរិក និង​រុស្ស៊ី​បាន​ពង្រីក​កិច្ចព្រមព្រៀង New START ដោយពេល​​វេលា​អនុញ្ញាត​អតិបរមា​ចំនួន ៥ ​ឆ្នាំ​។ ការប្រកាស​របស់​ក្រុង​ម៉ូស្គូ​ពេលនេះ ធ្វើឡើង​ក្រោយ​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃ​ដិ​ន អំពាវនាវ​ឱ្យ​រុស្ស៊ី និង​ចិន បង្ហាញ​ការប្តេជ្ញាចិត្ត ក្នុងការ​​កំណត់​អាវុធ​នុយក្លេអ៊ែរ​។​

​លោក បៃ​ដិ​ន និយាយថា រុស្ស៊ី​គួរតែ​បង្ហាញ​ពី​ឆន្ទៈ​របស់ខ្លួន ក្នុង​ការបន្ត​កិច្ចព្រមព្រៀង​កាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ នៅពេលដែល​វា​ផុតកំណត់ ក្នុង​ឆ្នាំ ​២០២៦​។​

​វិមាន​ក្រឹម​ឡាំង បាន​ប្រាប់​ទៅ​សហរដ្ឋអាមេរិក កាលពី​សប្តាហ៍​មុន​ថា អស់​ពេល​ហើយ ក្នុង​ការចរចា​ជំនួស​សន្ធិសញ្ញា New START ហើយ​ប្រសិនបើ​វា​ផុតកំណត់​នៅ​ឆ្នាំ ​២០២៦ ដោយ​គ្មាន​ការ​​ជំនួស សន្តិសុខ​ពិភពលោក នឹង​ចុះខ្សោយ​៕

​ហួន ឌី​ណា