កងកម្លាំង​រុស្ស៊ីបាន​បាញ់​គ្រាប់​​រ៉ុក្កែត​លើ​រោងចក្រ​ថាមពល​នុយ​ក្លេ​​អ៊ែរ​ហ្សា​ប៉ូ​រី​ស​ហ៊ី (Zaporizhzhia) ជាថ្មី នា​យប់​ថ្ងៃ​សៅរ៍ ដោយ​ធ្វើឱ្យ​ខូច​ឧបករណ៍​ចាប់​សញ្ញា​វិទ្យុសកម្ម​ចំនួន ៣ ហើយ​កម្មករ​ម្នាក់ នៅ​រោងចក្រ​នេះ​រងរបួស ដែល​នេះ​បាន​បង្កឱ្យមាន​ការភ័យខ្លាច​បន្ថែមទៀត​ពី​ហានិភ័យ​ផ្សេងៗ​។ នេះ​បើតាម​ការ​ឱ្យដឹងពី​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លងទៅ​។​

​ការបាញ់​ផ្លោង​ដែល​ភាគី​ទាំង​សង​​ខាង​នៃ​ជម្លោះ ចោទ​ដាក់គ្នា​ទៅវិញ​​ទៅមក ធ្វើឡើង ២​ ថ្ងៃ​ជាប់​គ្នា ដោយ​ផ្ទុយទៅនឹង​ការព្រមាន​របស់​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ (IAEA) នៃ​អង្គការសហប្រជាជាតិ (UN) ដែលថា ការប្រយុទ្ធ​គ្នា​នៅ​បរិវេណ​នៃ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប​មួយ​នេះ ប្រថុយ​នឹង​ «​គ្រោះ​​មហន្តរាយ​នុយក្លេអ៊ែរ​»​។ ក្រុមហ៊ុន​ថាមពលនុយក្លេអ៊ែរ​រដ្ឋ​អ៊ុយ​ក្រែ​ន Energoatom ដែល​គ្រប់គ្រង​រោងចក្រ​នេះ និយាយថា គ្រាប់​រ៉ុក្កែត​ដែល​បាញ់​ផ្លោង កាលពី​យប់​ថ្ងៃ​សៅរ៍​នោះ បាន​វាយប្រហារ​នៅ​ជិត​កន្លែង​ស​ម្ងួ​តរបស់​រោងចក្រ​ស្តុក​ទុក​ឥន្ធនៈ​នុយក្លេអ៊ែរ ដែល​ប្រើ​រួច​ចំនួន ១៧៤​ ធុង​។​

Energoatom បានឱ្យដឹងថា ឧបករណ៍​ត្រួតពិនិត្យ​វិទ្យុសកម្ម ៣ ត្រូវបាន​ខូចខាត ដែល​ធ្វើឱ្យ​ «​ការចាប់យក​ព័ត៌មាន​ទាន់ពេលវេលា និង​ការ​​ឆ្លើយតប ក្នុងករណី​មាន​ស្ថានភាព​វិទ្យុសកម្ម​កាន់តែ​ធ្ងន់ធ្ងរ ឬ​ការ​លេច​​ធ្លាយ​វិទ្យុសកម្ម​ចេញពី​ធុង​ឥន្ធនៈ​នុយ​ក្លេ​អ៊ែរ​» មិនអាច​ធ្វើទៅ​បានឡើយ នាពេលនេះ​។ ក្រុមហ៊ុន​បន្ថែមថា​៖ «​លើក​នេះ​មហន្តរាយ​នុយក្លេអ៊ែរ ត្រូវបាន​បញ្ចៀស​យ៉ាង​មហស្ចារ្យ ប៉ុន្តែ​ភាព​មហស្ចារ្យ​មិនអាច​ចេះតែមាន​រហូត​បា​ន​ទេ​»​។​

​ចំណែក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​លេន​ស្គី ចោទ​ការវាយប្រហារ​នោះ​ថា ធ្វើឡើង​ដោយ​រុស្ស៊ី ហើយ​ហៅ​ទង្វើ​នេះ​ថា​ ជា «​ភេរវ​​កម្ម​នុយក្លេអ៊ែរ​រុស្ស៊ី​» ដែល​ទាមទារ​ឱ្យមាន​ការដាក់ទណ្ឌកម្ម​អន្តរជាតិ​បន្ថែមទៀត​ទៅលើ​វិស័យ​នុយក្លេអ៊ែរ​របស់​ទីក្រុង​ម៉ូស្គូ​។ លោក ហ្សេ​លេន​ស្គី និយាយថា​៖ «​គ្មាន​ប្រទេស​ណាមួយ​លើ​ពិភពលោក ដែលមាន​អារម្មណ៍​ថា មាន​សុវត្ថិភាព​ទេ នៅពេលដែល​រដ្ឋ​ភេរវ​ករ​មួយ ធ្វើការ​វាយប្រហារ​លើ​រោងចក្រ​នុយក្លេអ៊ែរ​»​។​

​រដ្ឋាភិបាល​ក្រុង​កៀវ កន្លងមក​ចោទ​​ប្រកាន់​កងកម្លាំង​រុស្ស៊ី​ថា បាន​រក្សាទុក​អាវុធ​ធុន​ធ្ងន់ នៅក្នុង និង​បើក​ការ​វាយ​​ប្រហារ​ពី​រោងចក្រ ដែល​ខ្លួន​កាន់កាប់​តាំងពីដើម​ខែមីនា​។ ប៉ុន្តែ​ទីក្រុង​ម៉ូស្គូ បាន​អះអាងថា ទាហាន​អ៊ុយ​ក្រែ​ន កំពុង​កំណត់​គោលដៅ​លើ​បរិវេណ​នៃ​រោងចក្រ​នេះ​។​

​ប្រធាន​រដ្ឋបាល​ប្រចាំ នៅ​តំបន់​ហ្សា​ប៉ូ​រី​ស​ហ៊ី លោក Yevgeny Balitsky ដែល​រុស្ស៊ី​លើក​បន្តុប កាលពី​ខែ​​ឧសភា និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ ១​ កាលពី​ថ្ងៃអាទិត្យ​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន​បានកំណត់​គោលដៅ​លើ​កន្លែង​ស្តុក​ឥន្ធនៈ ដែល​ប្រើ​រួច និង​អគារ​រដ្ឋបាល​ដែល​រង​ការខូចខាត​។ មន្ត្រី​រូបនេះ ក៏​និយាយ​ចោទប្រកាន់ ផងដែរ​ថា អ៊ុយ​ក្រែ​ន​យក​ជំនួយ​សព្វាវុធ​ពី​អឺរ៉ុប ដើម្បី​ធ្វើការ​វាយប្រហារ​កន្លែង ដែល​កងកម្លាំង​រុស្ស៊ី កំពុងកាន់​កាប់​នេះ​។​

​ការភ័យខ្លាច​អំពី​សុវត្ថិភាព​របស់​រោងចក្រ​នុយក្លេអ៊ែរ​ហ្សា​ប៉ូ​រី​ស​ហ៊ី ដែល​កំពុងដំណើរការ​រ៉េ​អា​ក់ទ័រ​ចំនួន ២ ក្នុង​​ចំណោម​ ៦ បាន​កើនឡើង ចាប់តាំងពី​កងកម្លាំង​រុស្ស៊ី​ចូលកាន់​កាប់ ប៉ុន្តែ​កាន់​​តែ​យ៉ាប់យ៉ឺន​ខ្លាំង ក្រោយ​ការបាញ់​​ផ្លោង កាល​ថ្ងៃ​សុក្រ ដែល​បំផ្លាញ​ខ្សែ​ថាមពល​តង់ស្យុង​ខ្ពស់ និង​បង្ខំ​ឱ្យ​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​ ១ របស់​រោងចក្រ​ឈប់​ដំណើរការ ទោះបី​ការ​លេច​ធ្លាយ​វិទ្យុសកម្ម​មិនត្រូវ​បាន​រកឃើញ​ក្ដី​។ ក្រុមហ៊ុន Energoatom និយាយ​ក្រោយ​ហេតុការណ៍​នោះ​ថា ការ​វាយ​ប្រហារ​លើ​រោងចក្រ​នុយក្លេអ៊ែរ​នេះ «​ជា​សកម្មភាព​ភេរ​វករ ដែល​ចង់​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​រោងចក្រ បង្អាក់​បណ្តាញ​អគ្គិសនី ដែល​ផ្គត់ផ្គង់​បណ្តាញ​អគ្គិសនីនៅ​អ៊ុយ​ក្រែ​ន និង​ផ្តាច់​ចរន្តអគ្គិសនី នៅ​ភាគខាងត្បូង​នៃ​ប្រទេស​នេះ​»​។​

Energoatom បន្តថា​៖ «​សកម្មភាព​ទាំងនេះ​បង្ហាញ​ពី​ការ​បង្វែរ​របស់​រុស្ស៊ី ទៅកាន់​សេណារីយោ​ថ្មី​ ១ គឺ​ការបំផ្លិច​បំផ្លាញ និង​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ ព្រមទាំង​វិទ្យុសកម្ម​នៅ​រោងចក្រ​។ នេះ​ជា​មូលហេតុ ដែល​ការវាយប្រហារ​លើ​រោងចក្រ​នុយក្លេអ៊ែរ​ហ្សា​ប៉ូ​រី​ស​ហ៊ី ទំនងជា​នឹង​បន្ត​ខ្លាំង​ឡើង​»​។ បើតាម​ក្រុមហ៊ុន​ដដែល «​ការវាយប្រហារ​របស់​រុស្ស៊ី​» នៅ​ថ្ងៃ​សុក្រ បាន​បំផ្លាញ​ស្ថានីយ​នី​ត្រូ​ហ្សែ​៊​ន​អុកស៊ីត និង​អគារ​ជាមួយគ្នា ហើយ​មាន​ហានិភ័យ​នៃ​ការ​​លេច​ធ្លាយ​អីដ្រូហ្ស៊ែ​ន និង​ការបញ្ចេញ​សារធាតុ​វិទ្យុសកម្ម​»​។​

​អគ្គនាយក​ទីភ្នាក់ងារ IAEA លោក Rafael Mariano Grossi និយាយ​កាលពី​ថ្ងៃ​សៅរ៍​នោះ​ថា ការ​វាយ​​ប្រហារ​នេះ «​គូសបញ្ជាក់​អំពី​ហានិភ័យ​ពិតប្រាកដ​នៃ​គ្រោះមហន្តរាយ​នុយ​​ក្លេ​អ៊ែរ ដែល​អាច​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ និង​បរិស្ថាន នៅ​អ៊ុយ​ក្រែ​ន និង​លើសពីនេះ​ទៀត​»​។​

​ខណៈ​ការព្រមាន​របស់ IAEA មិនបាន​ប​ឈ្ឈ​ប់​ការវាយប្រហារ​នោះ អគ្គលេខាធិការ​របស់ UN លោក អង់​តូ​នី​ញ៉ូ ហ្គុ​យ​តឺ​រ៉េ​ស និយាយប្រាប់​អ្នកយក​សារព័ត៌មាន នៅ​ថ្ងៃ​ចន្ទ​ពី​ទីក្រុង​តូ​ក្យូ​ថា​៖ «​ការវាយប្រហារ​ណាមួយ​លើ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ គឺជា​ការធ្វើអត្តឃាត​»​។ លោក ហ្គុ​យ​តឺ​រ៉េ​ស បាន​អំពាវនាវ​ឱ្យ​បញ្ចប់​ប្រតិបត្តិការ​យោធា​នៅ​ជុំវិញ​រោងចក្រ​នុយក្លេអ៊ែរ​ហ្សា​ប៉ូ​រី​ស​ហ៊ី ដោ​យស​ង្ឈឹ​ម​ថា ក្រុមការងារ​របស់ IAEA នឹងត្រូវ​បានអនុញ្ញាត​ឱ្យចូល​ទៅកាន់​រោងចក្រ ដែល​កម្មករ​អ៊ុយ​ក្រែ​ន​នៅតែ​បន្ត​ធ្វើការ​នេះ​ភ្លាមៗ ដោយ​ស្របទៅនឹង​ការអំពាវនាវ​របស់លោក Grossi កាលពី​ថ្ងៃអាទិត្យ​ដែរ​។

​រោងចក្រ​នុយក្លេអ៊ែរ​មួយ​នេះ ស្ថិតនៅតាម​បណ្ដោយ​ទន្លេ​នី​ប្រ៉ូ (Dnipro) ក្នុង​ក្រុង​អ៊ែរ​ហ្សា​ប៉ូ​រី នា​ភាគ​អាគ្នេយ៍​អ៊ុយ​ក្រែ​ន ជាប់​តំបន់​ដុន​បាស ដែល​រុស្ស៊ី​សម្រុក​ការឈ្លានពាន​ក្រោម​ពាក្យ​ថា «​រំដោះប្រជាជន​» របស់ខ្លួន ដែល​ត្រូវ​អ៊ុយ​ក្រែ​ន​ធ្វើទុក្ខបុកម្នេញ​។​

​លោក​ Josep Borrell ប្រធាន​គោលនយោបាយ​ការបរទេស​សហ​​ភាព​អឺរ៉ុប ចោទប្រកាន់​ការវាយប្រហា​រ​ពី​រុស្ស៊ី ដោយនិយាយ​នៅ​ថ្ងៃ​សៅរ៍​នោះដែរ​ថា​៖ «​នេះ​គឺជា​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ និង​មិន​ទទួលខុសត្រូវ ចំពោះ​ច្បាប់​សុវត្ថិភាព​នុយក្លេអ៊ែរ និង​ឧទាហរណ៍ ១​ ទៀត​នៃ​ការមិន​យក​​ចិត្ត​ទុកដាក់​របស់​រុស្ស៊ី ចំពោះ​បទដ្ឋាន​អន្តរជាតិ​»​។​

​មន្ត្រី​លោកខាងលិច និង​អ៊ុយ​ក្រែ​ន​មួយចំនួន​ជឿថា រុស្ស៊ី​កំពុង​ប្រើប្រាស់​រោងចក្រ​នុយក្លេអ៊ែរ​ដ៏​ធំ​នេះ ធ្វើជា​បន្ទាយ ដើម្បី​ការពារ​កងទ័ព​របស់​ខ្លួន ដោយ​គិតថា អ៊ុយ​ក្រែ​ននឹងមិន​ធ្វើ​ការតបត​វិញ ហើយ​ប្រថុយ​នឹង​វិបត្តិ​ទេ​។​

​យ៉ាងណាមិញ ស្ថានទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់ខ្លួនបានឱ្យដឹងថា ការ​ចោទថា រុស្ស៊ី​ជា​អ្នក​វាយប្រហារ គឺជា​រឿង​មិន​ពិត ការវាយប្រហារ​ គឺធ្វើឡើង​ដោយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​។ ស្ថានទូត​និយាយថា​៖ «​ដើម្បី​បង្ខូច​កិត្តិយស​រុស្ស៊ី អាជ្ញាធរ​អ៊ុយ​ក្រែ​ន បង្កើត​ការគំរាមកំហែង​យ៉ាងពិត​​ប្រាកដ​ដល់​សន្តិសុខ​នុយក្លេអ៊ែរ មិន​ត្រឹមតែ​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អឺរ៉ុប​ផងដែរ​»​។​

​ដូចគ្នា​ទៅនឹង​ការអំពាវនាវ​របស់​អ៊ុយ​ក្រែ​ន អ្នកការទូត​រុស្ស៊ី​ក៏​អំពាវនាវ​ទៅ​​ UN ក៏ដូចជា​ IAEA «​ឱ្យ​ថ្កោលទោស​សកម្មភាព​ឧក្រិដ្ឋកម្ម​របស់​ក្រុង​កៀវ និង​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​ការពារ​ការបង្ក​ហេតុ​នៅ​កន្លែង ដែលមាន​គ្រោះថ្នាក់​ពី​វិទ្យុសកម្ម​នៅ​អ៊ុយ​ក្រែ​ន​» ក៏ដូចជា​អ្នកកាសែត​អាមេរិក «​ដើម្បី​បញ្ឈប់​ការផ្សព្វផ្សាយ​ការ​ប្រឌិត ដើម្បីឱ្យ​មានការ​ស្អប់​រុស្ស៊ី​»៕

​ហួន ឌី​ណា​