ប្រទេស​នៅ​តំបន់​អាស៊ី​ខាងត្បូង ១ ​ទៀត គឺ​បង់​ក្លា​ដែ​ស ដែលមាន​ប្រជាជន​ជាង ១៦៤ ​លាន​នាក់ កំពុង​ប្រឈម​បញ្ហា​សង្គម ដោយសារ​ប្រេងឥន្ធនៈ ការធ្លាក់​ថ្លៃ​រូបិយ​​ប័ណ្ណ​ជាតិ ការធ្លាក់ចុះ​ទុនបម្រុង​អន្តរជាតិជាដើម ដោយ​នេះ​ជា​រូប​ភាពស្រដៀងគ្នា​នឹង​ប្រទេស​ស្រីលង្កា ដែល​ដួលរលំ​សេដ្ឋកិច្ច រហូត​បង្កឱ្យមាន​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ ដែល​ឈានទៅរក​ការតវ៉ា​ឱ្យ​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​ចុះ​ចេញពី​អំណាច​។​

​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ ប្រជាជន​បង់​ក្លា​ដែ​ស​រាប់ពាន់នាក់ បាន​ឡោមព័ទ្ធ​ស្ថានីយប្រេងឥន្ធនៈ នៅក្នុង​ប្រទេស​នេះ ដើម្បី​ទាមទារ​ចាក់​ប្រេងឥន្ធនៈ​បន្ថែមទៀត សម្រាប់​ម៉ូតូ និង​រថយន្ត​របស់​ពួកគេ នៅមុន​ការកំណត់​ឡើងថ្លៃ បន្ទាប់ពី​រដ្ឋាភិបាល បាន​ដំឡើងថ្លៃ​លើ​ប្រេងឥន្ធនៈ រហូតដល់ ៥២% ដែលជា​តម្លៃ​ខ្ពស់បំផុត ក្នុង​កំណត់ត្រា បន្ទាប់ពី​ប្រេង​ឡើងថ្លៃ​។ នេះ​បើតាម​ការចេញ​​ផ្សាយ​របស់​ព័ត៌មាន រ៉​យ​ទ័​រ​។

​ភាពវឹកវរនៅក្នុង​វិស័យ​ថាមពល​នៅ​បង់​ក្លា​ដែ​ស បន្ទាប់ពី​មានការ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ដែលនាំឱ្យ​តម្លៃ​ថាមពល​សកល​ហក់​ឡើង​ខ្បស់ ហើយ​រដ្ឋាភិបាល​ប្រទេស​នៅ​អាស៊ី​ខាងត្បូង​នេះ បាន​ប្រុងប្រៀប​ជាមុន សម្រាប់​វិស័យ​ឥន្ធនៈ ទោះ​ប្រេង​បានបង្ហាញ​ពី​និន្នាការ​ធ្លាក់ចុះ​មកវិញ ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយសារ​ការភ័យខ្លាច​នៃ​វិបត្តិ​សេដ្ឋកិច្ច​កើនឡើង​។​

​រដ្ឋាភិបាល​ក្រុង​ដា​ក្កា បានប្រកាស​កាល​​ពីថ្ងៃ​សុក្រ​ ទី ​៦ ខែសីហា​ថា តម្លៃ​សាំង​នឹង​ឡើងថ្លៃ ៥១,៧% និង​ប្រេងម៉ាស៊ូត ៤២,៥% ចាប់ពី​ពាក់កណ្តាល​អ្រ​ធា​ត្រ​នៃ ថ្ងៃនោះ​។ ក្រោយ​ការប្រកាស​នោះ​ភ្លាម ក្រុមបាតុករ ដែល​ពេញ​ដោយ​ការខឹង​សម្បា បាន​ឡោមព័ទ្ធ​ជុំជិត​ស្ថានីយប្រេងឥន្ធនៈនៅ​ទូទាំងប្រទេស ហើយ​ទាមទារ​ឱ្យ​ដកចេញ​នូវ​ការដំឡើងថ្លៃ​ខ្ពស់​មិន​ធ្លាប់មាន​ពីមុន​មកនេះ​វិញ ខណៈដែល​រដ្ឋាភិបាល​ប​ង់​ក្លា​ដែ​ស បាន​បន្ទោស​ដល់​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ដែល​កំពុង​បន្ត​មាន សម្រាប់​ការឡើង​ថ្លៃ​ប្រេងឥន្ធនៈ​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត Hindustan Times ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ឥណ្ឌា​។​

​គណបក្សប្រឆាំង​ខ្លះ រួមទាំង​គណបក្ស​ជាតិនិយម​បង់​ក្លា​ដែ​ស (BNP) និង​សមាជិក​នៃ​អង្គការ​សេដ្ឋកិច្ចសង្គម បាននិងកំពុង​ធ្វើបាតុកម្ម​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល ២-៣ ​សប្តាហ៍​ចុងក្រោយ ជុំវិញ​ការដំឡើងថ្លៃ​នេះ​។ ជាមួយគ្នានេះ មេដឹកនាំ​និស្សិត​នៃ​សម្ព័ន្ធភាព​ឆ្វេងនិយមបាន​និយាយថា ដោយសារ​ការកើនឡើង​តម្លៃ​ប្រេងឥន្ធនៈ តម្លៃ​នៃ​គ្រប់​ទំនិញ​ផ្សេងៗ​ទៀត និង​ថ្លៃ​សេវា​មូលដ្ឋាន រួមទាំង​ការដឹកជញ្ជូន បាន​ឡើងដល់​កម្រិត​គួរឱ្យ​ព្រួយបារម្ភ​រួចហើយ​។​

​ក្រុមអ្នកតវ៉ា​មួយចំនួន ក៏​ប្រឈម​នឹង​ការបង្ក្រាប និង​មាន​របួស​ធ្ងន់ធ្ងរ​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ The Sun ហើយ​បើតាម​សេចក្តីរាយការណ៍​ខ្លះទៀត បាន​អះអាងថា ស្ថានីយប្រេងឥន្ធនៈ​មួយចំនួន បាន​ផ្អាក​ការលក់​សិន ស្រប​ពេលដែល​ស្ថានីយ​ខ្លះទៀត បាន​ដំឡើងថ្លៃ​នៅមុន​មាន​សេចក្ដីប្រកាស ដោយ​រដ្ឋាភិបាល ដែលនាំឱ្យ​ការតវ៉ាផ្ទុះឡើង​។ ក្រុមបាតុករ​បាន​និយាយថា ការកើនឡើង​នេះ នឹង​ប៉ះពាល់​ដល់​ជីវភាព​ប្រជាជន​ក្រីក្រ​រាប់សិប​លាន​នាក់ ក្នុងប្រទេស​ដែល​ប្រើ​ប្រេងម៉ាស៊ូត ក្នុងការ​ដឹកជញ្ជូន និង​បូមទឹក​ធ្វើ​កសិកម្ម​។​

​លោក Nasru Hamid រដ្ឋមន្ត្រី​ថាមពល​បង់​ក្លា​ដែ​ស បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ការសម្រេច ដែល​បាន​ដាក់ចេញ​នេះ​ត្រូវបាន​ជំរុញ​ដោយ​ទីផ្សារ​ពិភពលោក ដោយ​លោក​ប្រាប់ថា​៖ «​ការកែតម្រូវ​មួយចំនួន ត្រូវតែ​ធ្វើឡើង​ដោយ​មើលឃើញ​ពី​ស្ថាន​​ភាព​ពិភពលោក​។ ប្រសិនបើ​ស្ថានការណ៍ មាន​ភាពប្រក្រតី​ឡើងវិញ តម្លៃ​ប្រេង ក៏​នឹង​ត្រូវបាន​កែសម្រួល​តាម​នោះដែរ​»​។​

​បង់​ក្លា​ដែ​ស ជួបប្រទះ​នូវ​តម្លៃ​ថាមពល​ខ្ពស់ បន្ទាប់ពី​មាន​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន ដែល​ជំរុញឱ្យមាន​ការ​ប្រជែង​គ្នា ដើម្បី​ប្រភព​ប្រេងឥន្ធនៈ សម្រាប់​ស្ថានីយ​ថាមពល​។ រោងចក្រ​ថាមពល​ដើរ​ដោយ​ប្រេងម៉ាស៊ូត ដែលមាន​កម្លាំង ១ ៥០០​ មេ​ហ្គា​វ៉ា​ត់នៃ​កម្លាំង​ផលិត ១០% នៃ​ថាមពល​សរុប ត្រូវ​ផ្អាក​ការផលិត គឺ​ដូច​ទៅនឹង​រោងចក្រ​ប្រើ​ហ្គាស​មួយចំនួន​ដែរ​។ នេះ​បើតាម AFP​។

​តាម​សេចក្តីរាយការណ៍​ខ្លះ អះអាងថា ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ បង់​ក្លា​ដែ​សបាន​ពើបប្រទះ​ការ​ដាច់​ចរន្តអគ្គិសនី រហូតដល់ ១៣​ ម៉ោង ក្នុង ១ ​ថ្ងៃ​។ កង្វះខាត​ថាមពល​ត្រូវបាន​ផ្សំ​ឡើង ដោយ​រូបិយប័ណ្ណ​ធ្លាក់ចុះ និង​ការថយចុះ​នៃ​ទុនបម្រុង​រូបិយប័ណ្ណ​បរទេស​។ រូបិយប័ណ្ណ​បង់​ក្លា​ដែ​ស «​តា​កា​» បាន​ធ្លាក់​ថ្លៃ​ប្រហែល ២០% ធៀប​នឹង​ប្រាក់​ដុល្លារ ក្នុង​រយៈពេល ៣ ​ខែ​ចុង​ក្រោយនេះ ដែល​ធ្វើឱ្យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​នេះ​ចុះ​​ខ្សោយ​ថែមទៀត ជាមួយនឹង​ឱនភាព​គណនី​ចរន្ត​ឈានដល់ $១៧​ ពាន់​លាន​។​

​កាសែត Daily Star ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​បង់​ក្លា​ដែ​ស​ផ្ទាល់ បាន​រាយ​​ការណ៍​ថា ទីក្រុង​ដា​ក្កា បាន​ស្នើសុំ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ចំនួន $៤,៥​ ពាន់​លាន បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​តំណាង​នៃ​ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី ដែលមាន​មូលដ្ឋាន នៅ​ទីក្រុង​វ៉ាស៊ីនតោន​។​

​តាម​សេចក្តីរាយការណ៍ IMF នាពេល​កន្លងមក បាន​និយាយថា ខ្លួន​បានរៀបចំ​ជួយ​បង់​ក្លា​ដែ​ស​ជាមួយនឹង​កម្មវិធី​ជំនួយ ដើម្បី​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច នាពេល​បច្ចុប្បន្ន ក៏ដូចជា​ការផ្តល់​ហិរញ្ញប្បទាន សម្រាប់​បញ្ហា​ប្រឈម​រយៈពេល​វែង​។ ទោះ​យ៉ាណា​ទំនាក់ទំនង រវាង​អាជ្ញាធរ និង​បុគ្គលិក​របស់ IMF សម្រាប់​ពេលវេលានៃ​កិច្ចពិភាក្សា​ផ្លូវការ គឺ​មិន​ច្បាស់លាស់​នោះទេ ចាប់តាំងពី​ក្រុមប្រឹក្សា​មូលនិធិ កំពុង​ឈប់សម្រាក​។​

​អ្នកនាំពាក្យ IMF បានកត់សម្គាល់​នូវ​ «​ការភ្ញាក់ផ្អើល​ជាស​កល ដែល​មិន​ធ្លាប់មាន​ពីមុនមក​» ដែល​ប្រទេស​ជាច្រើន កំពុង​ប្រឈម ហើយ​បានចង្អុលបង្ហាញ​វិធានការ ដែល​បង់​ក្លា​ដែ​ស បាន​អនុវត្ត​រួចហើយ «​ដើម្បី​ដោះស្រាយ​ការរំខាន​ដល់​សេដ្ឋកិច្ច ដែល​បណ្តាលមកពី​សង្គ្រាមនៅ​អ៊ុយ​ក្រែ​ន ដែល​កំពុង​បន្ត​ឥត​ឈប់​» រួមទាំង​ការ​អនុញ្ញាត​ឱ្យមាន​អត្រា​ប្តូរប្រាក់ ដែល​អាច​បត់បែន​បាន ការ​រឹតបន្តឹង​បណ្តោះអាសន្ន​លើ​ការ​នាំចូល​សម្ភារ​មិនចាំបាច់ និង​កាត់​​បន្ថយ​តម្រូវការ​អគ្គិសនី​។​

​អ្នកនាំពាក្យ​រូបនេះ និយាយថា​៖ «​កម្មវិធី​ដែល​គាំទ្រ​ដោយ IMF នឹង​ផ្តល់​ការការពារ ក្នុងករណី​មានការ​ថយចុះ​ទៀត​នៃ​លក្ខខណ្ឌ​ខាងក្រៅ ខណៈ​គាំទ្រ​ដល់​កិច្ចប្រឹងប្រែង​របស់​ប្រទេស ក្នុងការ​ដោះស្រាយ​ផល​​ប៉ះពាល់​ម៉ាក្រូសេដ្ឋកិច្ច​រយៈពេល​វែង​នៃ​ការប្រែប្រួល​អាកាសធាតុ​»​។​

​បង់​ក្លា​ដែ​ស​ក៏​កំពុង​ស្វែងរក​កម្ចី $១​ ពាន់​លាន​ពី​ធនាគារពិភពលោក និង​ធនាគារអភិវឌ្ឍន៍អាស៊ី​។ ប្រជាជាតិ​អាស៊ី​ខាងត្បូង​មួយចំនួន​ផ្សេងទៀត ក៏​កំពុង​តស៊ូ​ជាមួយនឹង​អតិផរណា ដែល​កំពុង​កើនឡើង និង​ការថយចុះ​ហិរញ្ញវត្ថុ​សាធារណៈ ដែល​បង្កឡើង​ដោយ​បញ្ហា​សេដ្ឋកិច្ច​សកល រួមទាំង​ប្រទេសជិតខាង​ស្រីលង្កា ដែល​កំពុងតែ​ចរចា​ស្នើ​ប្រាក់កម្ចី​ពី IMF ដូចគ្នា​ដែរ​៕

វីដេអូ៖