បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ទៅកាន់​ប្រទេស​អ៊ីរ៉ង់ មិន​ដល់ ១ ​ខែ រុស្ស៊ី​បាន​បាញ់​រ៉ុក្កែត​រុស្ស៊ី ដើម្បី​ដឹក​ផ្កាយរណប​​អ៊ីរ៉ង់​ទៅក្នុង​លម្ហ​អាកាស កាលពី​ថ្ងៃ​អង្គារ​ ទី ​៩ ខែសីហា ដោយ​ជោគជ័យ ខណៈ​ក្រុង​ម៉ូស្គូ និង​តេ​អេ​រ៉ង់ ស្វែងរក​ការកសាង​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ ប្រឈម​នឹង​ទណ្ឌកម្ម​លោកខាងលិច​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។​

​រ៉​យ​ទ័​រដែ​ល​ផ្អែក​តាម​វីដេអូ​ផ្សាយ ដោយ​ទីភ្នាក់ងារ​អវកាស Roscosmos របស់​រុស្ស៊ី នៅលើ​ឆា​ណែ​ល YouTube ផ្សាយ​ថា ផ្កាយរណប​ដឹង​សញ្ញា​ពី​ចម្ងាយ ដែល​គេ​ឱ្យ​ឈ្មោះថា «Khayyam» ត្រូវបាន​បាញ់​បង្ហោះ​ដោយ​រ៉ុក្កែត Soyuz របស់​រុស្ស៊ី​ពី Baikonur Cosmodrome ដែលជា​ទីកន្លែង នៃ​ការបាញ់​បង្ហោះ​អវកាស​រុស្ស៊ី នៅ​ភាគខាងត្បូង​ប្រទេស​កា​ហ្សា​ក់​ស្ថាន កាលពី​វេលា​ម៉ោង ៨ និង ៥២ ​នាទី​ព្រឹក ​(​ម៉ោង​នៅ​ទីក្រុង​ម៉ូស្គូ​)​។​

​ទោះបី​មានការ​ព្រួយបារម្ភ​ពី​បស្ចិម​ប្រទេស​អំពី​លទ្ធភាព​នៃ​ការប្រើប្រាស់​ផ្កាយរណប​នេះ​ពី​សំណាក់​រុស្ស៊ី​លើ​សង្គ្រាមនៅ​អ៊ុយ​ក្រែ​ន រដ្ឋាភិបាល​ទីក្រុង​តេ​អេ​រ៉ង់ ច្រាន​ចោលការ​អះអាងថា ផ្កាយរណប​នេះ អាច​ត្រូវ​ប្រើប្រាស់​ដោយ​ក្រុង​ម៉ូស្គូ ដើម្បី​បង្កើន​សមត្ថភាព​ស៊ើបការណ៍នៅ​អ៊ុយ​ក្រែ​ន ដោយ​និយាយថា ​អ៊ីរ៉ង់នឹងមាន​ការគ្រប់គ្រង​ពេញលេញ និង​ប្រតិបត្តិការ​លើ​វា​។

​កាសែត Washington Post បាន​រាយការណ៍​កាលពី​សប្តាហ៍​មុន​ថា មន្ត្រី​អាមេរិក​មានការ​ព្រួយបារម្ភ ចំពោះ​កិច្ចសហប្រតិបត្តិការ​អវកាស រវាង​រុស្ស៊ី និង​​អ៊ីរ៉ង់ ដោយ​បារម្ភ​ថា ផ្កាយរណប​នេះ មិន​ត្រឹមតែ​ជួយ​រុស្ស៊ី នៅ​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់ឱ្យ​​អ៊ីរ៉ង់នូវ​ «​សមត្ថភាព​ដែល​មិន​ធ្លាប់មាន​ពីមុនមក​» ក្នុងការ​ត្រួតពិនិត្យ​គោលដៅ​យោធា នាពេលខាងមុខ ក្នុងប្រទេស​អ៊ី​ស្រា​អែល និង​តំបន់​មជ្ឈិមបូព៌ា​។​

​រដ្ឋាភិបាល​​អ៊ីរ៉ង់​បាន​និយាយថា ផ្កាយរណប​នេះ ត្រូវបាន​បង្កើតឡើង ក្នុង​គោលបំណង​ស្រាវជ្រាវ​វិទ្យាសាស្ត្រ រួមទាំង​វិទ្យុសកម្ម និង​ការត្រួតពិនិត្យ​បរិស្ថាន សម្រាប់​កសិកម្ម​។ រុស្ស៊ី​បាន​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ជាមួយ​​អ៊ីរ៉ង់​យ៉ាង​ស្អិតល្មួត ទោះបី​ប្រទេស​ទាំង ​២​​ រង​ទណ្ឌកម្ម​ពី​លោកខាងលិច​។​

​កាលពី​ខែកក្កដា លោក ពូ​ទីន បានធ្វើ​ដំណើរ​ទៅ​​អ៊ីរ៉ង់ ក្នុង​ដំណើរ​ទស្សនកិច្ច​អន្តរជាតិ​លើកដំបូង​របស់គាត់​នៅ​ខាងក្រៅ​អតីត​សហភាពសូវៀត ចាប់​​តាំងពី​ការចាប់ផ្តើម​យុទ្ធនាការ​យោធា​របស់​រុស្ស៊ី នៅ​អ៊ុយ​ក្រែ​ន​។ រ៉​យ​ទ័​របាន​រាយការណ៍​ថា ខណៈពេលដែល​នៅ​ទីនោះ មេដឹកនាំ​កំពូល​របស់​​អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាន​ប្រា​ប់លោក​ប្រធានាធិបតី​រុស្ស៊ី​ថា ក្រុង​តេ​អេ​រ៉ង់ និង​ម៉ូស្គូ ត្រូវ​រក្សា​ការ​​ប្រុងប្រយ័ត្ន​ប្រឆាំងនឹង​ «​ការបោក​បញ្ឆោត​ពី​លោកខាងលិច​»​។​

​លម្ហ​អាកាស គឺជា​វិស័យ ​១ ដែល​អាមេរិក និង​រុស្ស៊ី មាន​ទម្លាប់​រក្សា​កិច្ច​​សហប្រតិបត្តិការ និង​ទំនាក់ទំនង​រឹងមាំ ទោះបី​ជាមាន​ភាព​តានតឹង​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​ក៏ដោយ​។​

Roscosmos និង Nasa បាន​ឈានដល់​កិច្ចព្រមព្រៀង​ ១ ដើម្បី​ដឹក​អវកាសយានិក​របស់​គ្នា​ទៅវិញទៅមក​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) តែ​ក្រុង​ម៉ូស្គូ ធ្វើឱ្យមាន​សំឡេង​រំខាន ដោយ​ចេញពី ISS នៅ​ដំណាក់​​កាល​មួយចំនួន នាពេល​អនាគត​។ ថ្មីៗ​នេះ លោក ពូ​ទីន បាន​ដក​លោក Dmitry Rogozin ពី​តំណែង​ប្រធាន Roscosmos ដោយ​ដាក់​អតីត​ទី​​ប្រឹក្សា​ការពារជាតិ​ជំនួស​វិញ​៕​