​ក្រសួងការពារជាតិ​រុស្ស៊ី បាន​និយាយ​នៅក្រោយ​ឧបទ្ទវហេតុ កាលពី​ថ្ងៃ​អង្គា​រថា «​ការផ្ទុះ​ឃ្លាំង​ផ្ទុក​គ្រាប់រំសេវ​ទ័ពអាកាស​ជាច្រើន​» បង្កឱ្យមាន​ការផ្ទុះ​នៅ​មូលដ្ឋាន​ទ័ពអាកាស Saki នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​នៃ​ឧបទ្វីប ដែល​រុស្ស៊ី​កាត់​យក​ពី​អ៊ុយ​ក្រែ​ន ក្នុង​ឆ្នាំ ​២០១៤​។​

​ក្រសួង​និយាយថា វា​មិនមែន​កើតឡើង​ដោយសារតែ​ការ​វាយប្រហារ​របស់​នរ​ណាមួយ​នោះទេ ខណៈ​ឧបករណ៍​នៃ​ទ័ព​អាកាស ក៏​មិន​រង​ខូចខាត ហើយ ​«​គ្មាន​នរណាម្នាក់​រងគ្រោះ​»​។​

​តែ​នាយកដ្ឋាន​សុខាភិបាល​នៅ​គ្រី​មា និយាយថា ជន​ស៊ីវិល​ម្នាក់បាន​ស្លាប់ និង​មនុស្ស ៨ ​នាក់​ទៀត រងរបួស​។ តាម​សាក្សី ដែល​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​ដកស្រង់​សម្ដី ការផ្ទុះ​នោះ កើតឡើង​សរុប​ចំនួន ១៣ ​ដង​ខ្លាំងៗ​។​

​ទីប្រឹក្សា​ប្រធានាធិបតី​របស់​អ៊ុយ​ក្រែ​ន លោក Mykhailo Podolyak ប្រាប់ថា ការផ្ទុះ​ដ៏​កក្រើក​ជា​បន្តបន្ទាប់​នៅទីនេះ អាចជា​ស្នាដៃ​របស់​អ្នក​បំផ្លិច​បំផ្លាញ​បក្ខពួក ខណៈ​ក្រុង​កៀវ​បដិសេធ​រាល់​ការទទួលខុសត្រូវ ចំពោះ​ការវាយប្រហារ​លើទឹក​ដី ដែល​រុស្ស៊ី​កាន់កាប់​មួយ​នេះ​។

​លោក Podolyak ប្រាប់ថា អ៊ុយ​ក្រែ​នមិន​ទទួលខុសត្រូវ​ករណីនេះ​ទេ ប៉ុន្តែ​ថា ការ​អ​​សមត្ថភាព​របស់​រុស្ស៊ី អាចជា​មូលហេតុ​នៃ​ការផ្ទុះ​នេះ​។ លោក​បន្ថែមថា​៖ «​អ្នករស់នៅ​ក្រោម​ការគ្រប់គ្រងគិតថា ការ​កាន់​កាប់​នេះ នឹងត្រូវ​បញ្ចប់​»​។​

​ចំណែក​លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី វិញ មិនបាន​និយាយ​ផ្ទាល់​ពី​ការ​បំផ្ទុះ នៅ​មូលដ្ឋាន​ទ័ពអាកាស Saki នេះ​ទេ តែ​ប្រាប់ថា វា​ជាការ​ត្រឹមត្រូវ ដែល​មនុស្ស​កំពុង​ផ្តោតលើ​តំបន់​គ្រី​មា ហើយ​ «​យើង​នឹងមិន​បោះបង់​ទេ​។ តំបន់​សមុទ្រ​ខ្មៅ​មិន​អាចមាន​សុវត្ថិភាព​ទេ ខណៈដែល​គ្រី​មា ត្រូវបាន (​រុស្ស៊ី​) កាន់កាប់​»​។​

​នៅលើ​បណ្តាញ​សង្គម​ផ្សេងៗ​ទៀត មានការ​ភ្ញាក់ផ្អើល​ជាមួយ​​នឹង​ការ​សន្និដ្ឋានថា ជាការ​វាយ​​ប្រហារ​របស់​អ៊ុយ​ក្រែ​ន ដោយ​ប្រើ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ ខណៈ​កាសែត​ញូវយ៉ក​ថែម​ស៍ ដកស្រង់​សម្ដី​ពី​ប្រភព​មន្ត្រី​អ៊ុយ​ក្រែ​ន ដែលថា យោធា​របស់ខ្លួន​ធ្វើការ​វាយប្រហារ​នេះ​។​

​បើ​វា​ជាការ​វាយប្រហារ​ដោយ​អ៊ុយ​ក្រែ​ន​ពិតមែន នោះ​វា​នឹង​ក្លាយជា​ការវាយប្រហារ​រ​បស់​អ៊ុយ​ក្រែ​ន​លើកដំបូង​លើ​ឧបទ្វីប និង​ភាព​តានតឹង​នៃ​ជម្លោះ​។

​កាលពី​ខែ​មុន ទីស្នាក់ការ​​កណ្តាល​នៃ​កង​នាវាចរ​សមុទ្រ​ខ្មៅ​រុស្ស៊ី នៅ​កំពង់ផែ​គ្រី​មា រង​​ការវាយប្រហារ​ដោយ​ការផ្ទុះ​តូច​ ១​ ពីដ្រូនដែល​រុស្ស៊ី​ចោទ​អ៊ុយ​​ក្រែ​ន​។ ក្រុមមន្ត្រី​ទីក្រុង​ម៉ូស្គូ ព្រមាន​ថា ការវាយប្រហារ​ណាមួយ​លើ​គ្រី​មា នឹង​បង្កឱ្យមាន​ការសង​សឹក​ដ៏​ធំ រួមទាំង​ការវាយប្រហារ​អគារ​រដ្ឋបាល​សំខាន់ៗ​នៅ​ក្រុង​កៀវ​៕

​ហួន ឌី​ណា