របាយការណ៍​ថ្មី​ ១ ពី​ស្ថាប័ន​ស្រាវជ្រាវ​ផ្នែក​ការពារជាតិ Royal United Services Institute (RUSI) រកឃើញថា អាវុធ​របស់​រុស្ស៊ី​ប្រើ​នៅក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​ពឹង​លើ​សមាសធាតុ​ផលិត​ពី​បរទេស​ជាង ៤៥០ ​ប្រភេទ ជា​ភ័ស្តុតាង​ដែលថា ទីក្រុង​ម៉ូស្គូ​នៅតែ​អាច​ប្រើ​បច្ចេកវិទ្យា​សំខាន់ៗ​ពី​ក្រុមហ៊ុននៅ​សហរដ្ឋអាមេរិក អឺរ៉ុប និង​អាស៊ី ទោះបីជា​មានទណ្ឌ​កម្ម​ក្ដី​។​

​របាយការណ៍​ថ្មី​នេះ បានឱ្យដឹងថា ចាប់តាំងពី​សង្គ្រាម​ផ្ទុះឡើង នៅ​ចុងខែ​កុម្ភៈ យោធា​អ៊ុយ​ក្រែ​នបាន​ប្រមូល​អាវុធ​រុស្ស៊ី ដែល​ខ្លះ​ខូចខាត​ហើយ​នោះពី​សមរភូមិ ហើយ​ប្រព័ន្ធ​អាវុធ​ទំនើបៗ​ចំនួន ២៧ រាប់​ពី​មី​ស៊ី​ល​គ្រូ​ស រហូតដល់​ប្រព័ន្ធ​ការពារ​ដែនអាកាស ត្រូវបាន​រកឃើញថា ​ពឹងផ្អែក​ខ្លាំង​លើ​ធាតុ​ផ្សំ​ពី​លោកខាងលិច​។ នេះ​បើតាម​ការ​​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ កាលពី​ថ្ងៃ​ចន្ទ​។​

​ផ្អែកលើ​អាវុធ ដែល​អ៊ុយ​ក្រែ​ន​ប្រមូលបាន​របាយការណ៍ RUSI រកឃើញថា ប្រហែល ២/៣ នៃ​សមាស​​ធាតុ​អាវុធ ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន ដែលមាន​មូលដ្ឋាននៅ​អាមេរិក ដោយ​សមាសធាតុ​ពី​ក្រុមហ៊ុន​ផលិត​សេ​មី​កុង​ឌុ​ច​ទ័​រ Analog Devices និង​Texas Instruments មាន​ចំនួន​ជិត ១/៤ នៃ​សមាសធាតុ​លោកខាងលិច​ទាំងអស់​។ របាយការណ៍​នៃ​ស្ថាប័ន​ស្រាវជ្រាវ​អង់គ្លេស​ដដែលបង្ហាញថា សមាសធាតុ​ផ្សេងទៀត​មកពី​ក្រុមហ៊ុន​ក្នុងប្រទេស ដែល​រួមមាន​ជប៉ុន កូរ៉េខាងត្បូង អាល្លឺម៉ង់ ស្វ៊ី​ស ហូ​ឡង់ និង​ចក្រភព​អង់គ្លេស​។​

​លោក Jack Watling អ្នកជំនាញ​ខាង​សង្គ្រាម​របស់ ​RUSI និយាយថា​៖ «​អាវុធ​របស់​រុស្ស៊ី​ដែល​ពឹងផ្អែក​ខ្លាំង​លើ​គ្រឿង​អេឡិចត្រូនិក​លោកខាងលិច រួមចំណែក​ក្នុងការ​សម្លាប់​ប្រជាជន​អ៊ុយ​ក្រែ​ន​រាប់ពាន់នាក់​»​។ លោក​បន្តថា ការពង្រឹង​ការ​រឹតបន្តឹង​នូវ​ការនាំចេញ និង​ការអនុវត្ត​អាចធ្វើឱ្យ​រុស្ស៊ី កាន់តែ​ពិបាក ក្នុងការ​បំពេញតម្រូវកា​រ​អាវុធ​របស់ខ្លួន ដូចជា​មី​ស៊ី​ល​គ្រូ​ស​ជាដើម​។​

​ឧទាហរណ៍ អាវុធ​ដ៏​ទំនើប​បំផុត ​១ របស់​រុស្ស៊ី គឺ​មី​ស៊ី​ល​ប្រភេទ 9M727 ដែល​អាច​ហោះ​ក្នុង​រយៈកម្ពស់​ទាប ដើម្បី​គេច​ពី​រ៉ា​ដា និង​អាច​វាយប្រហារ​គោលដៅ នៅ​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ មាន​សមាសធាតុ​ពី​បរទេស​ចំនួន ៣​។ RUSI រកឃើញថា គ្រឿងបន្លាស់​ផលិត ដោយ​ក្រុមហ៊ុន​អាមេរិក Texas Instruments Inc, Advanced Micro Devices Inc (AMD) និង​ក្រុមហ៊ុន Cypress Semiconductor ដែល​ឥឡូវនេះ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​អាល្លឺម៉ង់ Infineon AG​។​

​ករណី​មី​ស៊ី​ល​គ្រូ​សរ​បស់​រុស្ស៊ី ១ ​ទៀត ប្រភេទ Kh-101 ដែល​ប្រើ​ដើម្បី​វាយ​​ប្រហារ​ទីក្រុង​នានា​របស់​អ៊ុយ​ក្រែ​ន រួមទាំង​រដ្ឋធានី​កៀវ ក៏មាន​សមាសធាតុ​បរទេស​ចំនួន ៣១ ដែល​ផ្នែក​ខ្លះ​ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក Intel និង​ក្រុមហ៊ុន Xilinx ដែលជា​កម្មសិទ្ធិ​របស់ AMD​។ ពេល​ត្រូវបាន​សួរថា តើ​បន្ទះ​ឈី​ប​របស់ខ្លួន មាន​ក្នុង​អាវុធ​របស់​រុស្ស៊ី ឬ​យ៉ាងណា បណ្ដា​ក្រុមហ៊ុន​ទាំងនេះ តប​ថា ពួកគេ​បាន​គោរព​តាម​ទណ្ឌកម្ម​ពាណិជ្ជកម្ម និង​បាន​បញ្ឈប់​ការលក់​គ្រឿងបន្លាស់​ទៅឱ្យ​រុស្ស៊ី តាំងពី​លោកខាងលិច ចាប់ផ្ដើម​ដាក់ទណ្ឌកម្ម​រុស្ស៊ី​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។​

Analog Devices បាន​ប្រាប់ថា ក្រុមហ៊ុន​បាន​បិទ​អាជីវកម្ម​របស់ខ្លួននៅ​រុស្ស៊ី ហើយ​ណែនាំ​អ្នក​ចែកចាយ​ឱ្យ​បញ្ឈប់​ការដឹកជញ្ជូន​ទៅកាន់​ប្រទេស​នេះ​។ ក្រុមហ៊ុន Texas Instruments វិញ និយាយថា ខ្លួន​អនុវត្ត​តាមច្បាប់​ទាំងអស់ក្នុងប្រទេស ដែល​ខ្លួន​ធ្វើ​ប្រតិបត្តិការ ហើយ​ផ្នែក​ដែល​រកឃើញនៅក្នុង​អាវុធ​រុស្ស៊ី ត្រូវ​ផលិតឡើងសម្រាប់​ផលិតផល​ពាណិជ្ជកម្ម​។​

​ជាមួយគ្នា​នោះ Intel និយាយថា ខ្លួន​ «​មិន​គាំទ្រ ឬ​អត់ឱន​ឱ្យ​ផលិតផល​របស់​យើង​ដែល​ប្រើ ដើម្បី​រំលោភសិទ្ធិ​​មនុស្ស​នោះទេ​» ខណៈ Infineon ថា ក្រុមហ៊ុន​មាន​ «​ការបារម្ភ​ខ្លាំង​» ប្រសិន​​បើ​ផលិតផល​របស់ខ្លួន ត្រូវបាន​ប្រើ​​ប្រាស់​ខុសពី​គោលបំណង​ដើម​នៃ​ការ​​រចនា​ឡើង ហើយ AMD ថា ខ្លួន​អនុវត្តតាម​យ៉ាង​តឹងរ៉ឹង​នូវ​ច្បាប់​ត្រួតពិនិត្យ ក្នុងការ​នាំចេញ​សកល​ទាំងអស់​។​

​សមាសធាតុ​បរទេស​ជាច្រើន មានតម្លៃ​តែ $២-៣​ ប៉ុណ្ណោះ ហើយ​ក្រុមហ៊ុន​រុស្ស៊ី​អាច​នឹង​ទិញ​វា មុន​ការឈ្លានពាន​ចាប់ផ្ដើម នៅលើ​អ៊ីន​ធឺ​ណិ​ត តាមរយៈ​អ្នក​ចែកចាយ​ក្នុងស្រុក ឬ​អន្តរជាតិ ព្រោះ​គ្រឿង​ទាំងនេះ​អាច​ប្រើ​បាន​លើសពី​ក្នុង​វិស័យ​យោធា​។​

RUSI និយាយថា ទោះយ៉ាងណា​ក្ដី មីក្រូ​ឈី​ប ដែល​ផលិត​ដោយ​លោកខាងលិច​ជាង ៨០ ​ប្រភេទ ត្រូវបាន​ស្ថិតក្រោម​ការត្រួតពិនិត្យ​ការនាំចេញ​របស់​អាមេរិក ចាប់តាំងពី​យ៉ាងហោចណាស់​ឆ្នាំ​ ២០១៤ ដែល​មានន័យថា បណ្ដា​ក្រុមហ៊ុន​នឹង​ទាមទារ​អាជ្ញាប័ណ្ណ ដើម្បី​ដឹកជញ្ជូន​ទៅកាន់​រុស្ស៊ី ហើយ​ក្រុមហ៊ុននាំចេញ​ត្រូវតែ​ធានាថា ចុងក្រោយ សមាសធាតុ​ទាំងនោះ​មិនត្រូវ​បញ្ជូន​ទៅប្រើក្នុង​វិស័យ​យោធា​។

​ការរកឃើញ​នៃ​របាយការណ៍ RUSI បង្ហាញ​ពី​របៀប ដែល​យោធា​រុស្ស៊ី នៅតែ​ពឹង​ផ្អែកលើ​មីក្រូ​ឈី​បបរ​ទេស សម្រាប់​អ្វីៗ​គ្រប់យ៉ាង ចាប់ពី​វិទ្យុ​យុទ្ធ​សាស្ត្រ រហូត​ដ​ល់ដ្រូន និង​មី​ស៊ី​ល រយៈ​ចម្ងាយ​ឆ្ងាយ និង​របៀប​ដែល​រដ្ឋា​ភិ​បាល​លោកខាងលិច​មាន​ភាព​​យឺតយ៉ាវ ក្នុង​ការកំណត់​រុស្ស៊ី ពី​ការប្រើ​បច្ចេកវិទ្យា​ទាំងនេះ ជាពិសេស ចាប់​​តាំងពី​ការ​កាត់​យក​តំបន់​គ្រី​មា​ពី​អ៊ុយ​ក្រែ​ន ក្នុង​ឆ្នាំ ​២០១៤​។

​រុស្ស៊ី​បាន​បើក​ការ​ឈ្លា​ន​អ៊ុយ​ក្រែ​ននៅ​ចុងខែ​កុម្ភៈ ដោយ​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់ ខណៈ​រាប់លាន​នាក់​ត្រូវ​រត់​ភៀសខ្លួន​។ មី​ស៊ី​ល​គ្រូ​ស និង​មី​ស៊ី​ល​ផ្លោង​របស់​រុស្ស៊ី បាន​ជួយ​កងកម្លាំង​របស់ខ្លួន ក្នុងការ​វាយយក​តំបន់​ភាគ​​ខាងកើត​របស់​អ៊ុយ​ក្រែ​ន និង​កាន់កាប់​ប្រហែល ១/៥ នៃ​ប្រទេស​នេះ​។​

​យោងតាម​ក្រុមប្រឹក្សាសន្តិសុខ និង​ការពារជាតិ​អ៊ុយ​ក្រែ​ន ទាហាន​រុស្ស៊ី​បាន​បាញ់​មី​ស៊ី​ល និង​រ៉ុក្កែត​ច្រើនជាង ៣ ៦៥០ ក្នុង​រយៈពេល ៥ ខែ​ដំបូង​នៃ​សង្គ្រាម ក្នុងនោះ​រួមទាំង​មី​ស៊ី​ល 9M727 និង Kh-101​។ មី​ស៊ី​ល​របស់​រុស្ស៊ី ត្រូវបាន​ប្រើប្រាស់​វាយប្រហារ​គោលដៅ រួមទាំង​ផ្លូវ​រថភ្លើង ដើម្បី​រំខាន​ដល់​ខ្សែ​ផ្គត់ផ្គង់​លោកខាងលិច ហេ​ដ្ឋារចនាសម្ព័ន្ធ​យោធា និង​គោលដៅ​ជន​​ស៊ីវិល ដូចជា​លើ​មជ្ឈមណ្ឌល​ផ្សារ​ទំនើប និង​មន្ទីរពេទ្យ​ជាដើម ទោះបីជា​រុស្ស៊ី ប្រកែក​ថា ខ្លួន​ដាក់​គោលដៅ​តែ​លើ​យោធា​អ៊ុយ​ក្រែ​ន​ក្ដី​។​

​ក្រោយ​ការឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន អាមេរិក​បានប្រកាស​ដា​ក់​ទណ្ឌកម្ម ដើម្បី​ព្យាយាម​ធ្វើឱ្យ​សេដ្ឋកិច្ច​រុស្ស៊ី និង​យោធា​របស់​ប្រទេស​នេះ​ចុះខ្សោយ​។ ទណ្ឌកម្ម​រួមបញ្ចូល​ទាំង​ការហាម​ប្រាម​លើ​ការនាំចេញ​មីក្រូ​ឈី​ប និង​បច្ចេក​​វិទ្យា​ខ្ពស់​ផ្សេងៗ​ទៀត ដែល​អាច​ប្រើ​ក្នុង​វិស័យ​យោធា​រុស្ស៊ី​។ បណ្តា​ប្រទេស​នៅ​អឺរ៉ុប ក៏ដូចជា​ជប៉ុន តៃវ៉ាន់ និង​កូរ៉េ​ខាង​​ត្បូង ដែលជា​ប្រទេស​ផលិត​បន្ទះ​ឈី​ប​ដែរ ក៏​ប្រកា​សការ​រឹតបន្តឹង​ដូចនេះ​។​

​ខណៈ​រុស្ស៊ី​មិនទាន់​ធ្វើ​អត្ថាធិប្បាយ​យ៉ាងណា RUSI ថា រុស្ស៊ី​កំពុងធ្វើការ​ដើម្បី​រក​ផ្លូវ​ថ្មី ដែល​ធានា​ការប្រើប្រាស់​មីក្រូ​ឈី​ប​លោកខាងលិច ដោយ​សមាសធាតុ​ជាច្រើន ត្រូវបាន​លក់ តាមរយៈ​អ្នក​ចែកចាយ នៅ​អាស៊ី ដូចជា​ហុងកុង ដែល​ដើរតួនាទី​ជា​ច្រក​​បញ្ជូន​អេឡិចត្រូនិក​ទៅ​យោធា​រុស្ស៊ី​។

​លោក Daniel Salisbury អ្នក​​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល សម្រាប់​ការសិក្សា​វិទ្យាសាស្ត្រ និង​សន្តិសុខ​នៅ​សាកលវិទ្យាល័យ King''s College London សរសេរ​ក្នុង​អត្ថបទ​ស៊ីជម្រៅ​ ១ ដែល​ចុះផ្សាយ​កាលពីដើម​ខែឧសភា​ថា​៖ «​អាមេរិក និង​សម្ព័ន្ធមិត្ត គួរតែ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​អន្តរជាតិ និង​រដ្ឋ​អព្យាក្រឹត ដើម្បី​ប្រឆាំងនឹង​ការប្រើ​មជ្ឈមណ្ឌល ​«​ប្រទេស​ទី​៣» ដែល​ឱ្យ​រុស្ស៊ី​គេច​ពី​ការគ្រប់គ្រង​»៕

​ហួន ឌី​ណា

វីដេអូ៖