ប្រទេស​គុយបា​ ដែលជា​ប្រទេស​ដែន​កោះ​នៅក្បែរ​អាមេរិក និង​មាន​សម្ព័ន្ធ​ជិតស្និទ្ធ​ជាមួយ​របប​កុម្មុយ​នីស្តរុស្ស៊ី នឹងដាក់​ដំណើរការ​ប្រព័ន្ធ​កាត​ធនាគារ «Mir» ដែល​បង្កើត​ឡើង​ដោយ​រុស្ស៊ីនៅ​ចុងឆ្នាំ​នេះ ខណៈ​ប្រព័ន្ធ​ទូទាត់​នេះបាន​ប្រើ​នៅ​ប្រទេសនិង​ដែនដី​យ៉ាងហោច​ណាស់ ១០​។

យោង​តាម​ការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS លោក Julio Antonio Garmendia Pena ឯកអគ្គរដ្ឋទូត​គុយបា​ប្រចាំ​នៅ​ប្រទេស​រុស្ស៊ី បាន​និយាយ នៅក្នុង​បទសម្ភាស​មួយដែល​ត្រូវបាន​ចេញផ្សាយក្នុង​កាសែត Izvestiaកាលពី​ថ្ងៃ​ព្រហស្បតិ៍​កណ្ដាល​សប្ដាហ៍​ថា កាត​ធនាគារ Mir របស់​រុស្ស៊ីអាច​ចាប់ផ្តើម​ប្រើប្រាស់នៅ​គុយបា នា​ចុង​ឆ្នាំនេះ​។

លោក Garmendia Pena បាន​និយាយថា​៖«​វា​ត្រូវបាន​គេ​រំពឹងថា Mir អាច​ត្រូវបាន​ប្រើប្រាស់​នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​គុយបា នា​ចុង​ឆ្នាំនេះ​»​។

យោងតាម​អ្នកការទូត​គុយបា និង​ប្រព័ន្ធ​កាត​ទូទាត់​ជាតិ​របស់​រុស្ស៊ី បាន​ដំណើរការ​សាកល្បង​តាំងពី​ឆ្នាំមុន ដើម្បី​ណែនាំ​ប្រព័ន្ធ​ទូទាត់​ប្រាក់ Mir នៅក្នុង​ប្រទេស​គុយបា​ដែលមាន​ប្រជាជន​ជាង ១១​ លាន​នាក់​។

លោក​ឯកអគ្គរដ្ឋ​ទូត​រូប​នេះ បាន​បន្ត​ថា​៖ «​ដំណាក់​កាល​ដំបូង​នៃ​ការងារដែលមាន​គោលបំណង​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​នៃ​ប្រទេស​ទាំង​២ជិត​រួចរាល់​ហើយ​។ នៅ​ដំណាក់កាល​នេះ ការផ្តោត​សំខាន់​លើ​ការប្រើប្រាស់​កាត Mir នៅ​ម៉ាស៊ីន ATM នៅ​ទូទាំង​ប្រទេស​»​។​

អ្នកការ​ទូត​រូបនេះបាន​ឱ្យ​ដឹង​ទៀត​ថា សម្រាប់​ប្រទេស​គុយបា នេះ​ជា​មធ្យោបាយ​មួយទៀត ដើម្បី​ពង្រីក​ប្រព័ន្ធ​ធនាគារ និង​ហិរញ្ញវត្ថុ​ទៅកាន់​ទីផ្សារ​ផ្សេង​ទៀត​។​

លោក​បាន​បញ្ជាក់​បន្ថែម​ថា​៖ «​យើង​មើលឃើញ​សក្តានុពល​ដ៏​ធំ​មួយនៅក្នុង​នេះព្រោះ​វា​នឹង​សម្រួល​យ៉ាង​ខ្លាំង​ដល់​ប្រតិបត្តិការ​ហិរញ្ញវត្ថុរវាង​ប្រទេស​របស់​យើង និង​ការ​ស្នាក់នៅ​របស់​ភ្ញៀវ​រុស្ស៊ី​រាប់ពាន់នាក់នៅលើ​កោះ​នេះ​»​។

បច្ចុប្បន្ន​នេះ កាត Mir ត្រូវ​បាន​ទទួល​យកនៅ​ក្នុង​ប្រទេស​បរទេស​ចំនួន ១០ ដែល​ពួកគេ​អាច​ប្រើដើម្បី​ដក​សាច់ប្រាក់ និង​បង់ប្រាក់សម្រាប់​ការ​ទិញ​ទំនិញ​។

ប្រទេស​ទាំងនោះមាន​តួកគី វៀតណាម អាមេនី អ៊ូសបេ​គីស្ថានបេឡារុសកាហ្សាក់ស្ថានកៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន អូសេទី​ខាងត្បូង និង​អាប់ខាហ្ស៊ី​។ នេះ​បើ​យោងតាម​ការចេញ​ផ្សាយរបស់ TASS​។

កាលពី​ដើម​ខែមីនាពោល​ គឺ​ប្រហែល​ ២ ​សប្តាហ៍​ក្រោយ​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន ធនាគារ​កណ្តាល​របស់​អ៊ុយក្រែន បានស្នើ​សុំឱ្យ​នាគារ​កណ្តាល​នៅ​ប្រទេស​កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ី​ស្ថាន តាជី​គីស្ថាន និង​វៀតណាម ឱ្យ​ផ្អាក​ប្រតិ​បត្តិការ​ទាំងអស់​ជាមួយនឹង​កាត​នៃ​ប្រព័ន្ធ​ទូទាត់ Mir របស់​រុស្ស៊ី​នេះ។អ៊ុយក្រែនក៏បាន​ស្នើ​ឱ្យ​អាមេនី និង​តួកគីចាត់​វិធានការ​ស្រដៀង​គ្នា​នេះ​ផង​ដែរ​។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ធនាគារ​ជាតិ​របស់​អ៊ុយក្រែនបាន​ឱ្យ​ដឹង​ថា ខ្លួន​បាន ស្នើ​សុំឱ្យ​ធនាគារ​បញ្ឈប់​ការ​ទទួល​យក​កាត Mir នៅ​ក្នុង​ម៉ាស៊ីន ATM របស់​ពួកគេ និង​ធ្វើឱ្យ​វា​មិន​អាច​ប្រើ​ប្រាស់​កាត​ទាំង​នេះនៅក្នុង​ពាណិជ្ជ​កម្ម​តាម​អេឡិច​ត្រូនិក និង​ការផ្ទេរ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​។ នេះ​តាម​ការចេញ​ផ្សាយ​របស់​គេហ​ទំព័រ Asia Financial​៕