The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តៃវ៉ាន់​បដិសេធ​គំរូ «​ប្រទេស​ ១ -ប្រព័ន្ធ​ ២» ដែល​លើកឡើង​ដោយ​ភាគី​ចិន​ដីគោក​

តៃវ៉ាន់​បដិសេធ​គំរូ «​ប្រទេស​ ១ -ប្រព័ន្ធ​ ២» ដែល​លើកឡើង​ដោយ​ភាគី​ចិន​ដីគោក​

Content image - Phnom Penh Post
ស្ត្រី​ម្នាក់​កំពុង​ដើរ​កាត់​ទង់​ឯករាជ្យ ដែល​គាំទ្រ​តៃវ៉ាន់ ក្នុង​ក្រុង​តៃប៉ិ កាល​ពី​ថ្ងៃ​ទី​ ៦ ខែ​សីហា​។

តៃវ៉ាន់​បដិសេធ​គំរូ «​ប្រទេស​ ១ -ប្រព័ន្ធ​ ២» ដែល​លើកឡើង​ដោយ​ភាគី​ចិន​ដីគោក​

១​ ថ្ងៃ​ បន្ទាប់ពី​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​របស់​ប្រទេស​ចិន​ដីគោក បានចេញ​ផ្សាយ​នូវ​សៀវភៅ​សដែល​ស្នើ​ឱ្យ​យក​គំរូ «​ប្រទេស​ ១ -​ប្រព័ន្ធ​ ២​» ដោយ​ទំនង​យក​គំរូ​តាម​ហុងកុង ក្រសួងការ​បរទេស​ដែន​កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯងបាន​អះអាង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ទី​ ១១ ខែ​សីហា បដិសេធ​ចោល ជាមួយ​នឹង​ការ​បញ្ជាក់​ថា មានតែ​ប្រជាជន​តៃវ៉ាន់​ទេទើប​ជា​អ្នកកំណត់​ជោគ​វាសនា​តៃវ៉ាន់​។

ការ​បដិសេធ​គំរូ «​ប្រទេស ១ -​ប្រព័ន្ធ​ ២​» ដែល​​ស្នើឡើងដោយ​ទីក្រុង​ប៉េកាំង​នៅក្នុង សៀវភៅ​ស ដែល​បាន​បោះពុម្ពផ្សាយ​ក្នុង​សប្តាហ៍​នេះ បន្ទាប់​ពី​កងទ័ព​របស់​ខ្លួនបានធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​មួយ​ថ្មី​ទៀត ក្រោយ​ពេលដែល​ប្រទេស​ចិន​ បានបញ្ចប់​សមយុទ្ធ​យោធាដែល​ធ្វើ​នៅ​ជុំវិញ​ដែន​កោះ​តៃវ៉ាន់ ១ ថ្ងៃ​ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ដ៏​មហា​ចម្រូងចម្រាស​របស់​ប្រធាន​សភា​អាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅ​កាន់​កោះ​តៃ​វ៉ាន់កាល​ថ្ងៃទី​៣ខែ​សីហា​នេះ​។

យោង​តាម​សារ​ព័ត៌មាន​រ៉យទ័រ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ដែន​កោះ​តៃវ៉ាន់ អ្នកស្រី Joanne Ou បាន​ប្រាប់​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​តៃប៉ិ រដ្ឋធានី​តៃវ៉ាន់​ថា មាន​តែ​ប្រជាជន​តៃវ៉ាន់​ទេដែល​អាច​សម្រេច​ចិត្ត​លើ​អនាគត​របស់ខ្លួន​។

អ្នកស្រី Ou បាន​បន្ថែមថា ប្រទេស​ចិន​ កំពុង​ប្រើប្រាស់​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធាន​សភា​អាមេរិក​ទៅកាន់​ទីក្រុង​តៃប៉ិ ជា​លេស​ដើម្បី​បង្កើត​ភាព​ធម្មតា​ថ្មី​មួយ ដែល​បំភិត​បំភ័យ​ប្រជាជន​តៃវ៉ាន់​។

សមយុទ្ធ​របស់​តៃវ៉ាន់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កណ្ដាល​សប្ដាហ៍ បាន​កើតឡើង​បន្ទាប់ពី​ទីក្រុង​ប៉េកាំងបានបញ្ចប់​សមយុទ្ធ​យោធា​ដ៏​ធំ​បំផុត​មិន​ធ្លាប់មាន​របស់ខ្លួននៅ​ជុំវិញ​កោះ​នេះ ខណៈដែល​ប្រទេស​ចិន​បាន​ព្រមាន​ម្តង​ហើយ​ម្តងទៀតក្នុង​ការ​នាំយក​កោះ​តៃវ៉ាន់ ដែល​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ និង​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​មកនៅ​ក្រោម​ការគ្រប់គ្រង​របស់​ខ្លួន​។

នៅក្នុង​សៀវភៅ​សដែល​បាន​បោះពុម្ព​កាលពី​ថ្ងៃ​ពុធ ដោយ​ការិយា​ល័យ​កិច្ចការ​តៃវ៉ាន់​របស់​ចិនបាន​និយាយថា ទីក្រុង​ប៉េកាំង​នឹង «​មិន​បោះបង់​ការប្រើប្រាស់​កម្លាំង​» ប្រឆាំងនឹង​ប្រទេសជិតខាង​របស់ខ្លួន និង​រក្សា​«​ជម្រើស​នៃ​វិធានការ​ចាំបាច់​ទាំងអស់​»​។

ខ្លឹមសារ​នៅក្នុង​សៀវភៅ​សត្រូវ ដែល​ត្រូវ​បាន​ដកស្រង់​ដោយ​សារ​ព័ត៌មាន​លោកខាងលិច បាន​លើក​ឡើង​ថា​៖ «​យើង​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​បង្កើត​កន្លែង​ដ៏​ធំសម្រាប់​ការបង្រួបបង្រួម​ដោយ​សន្តិភាព ប៉ុន្តែ​យើង​នឹងមិន​ទុក​កន្លែងសម្រាប់​សកម្ម​ភាព​បំបែក​ខ្លួន​ក្នុង​ទម្រង់​ណាមួយ​ឡើយ​»​។

ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាមេរិក លោកស្រី ប៉េឡូស៊ី បានធ្វើ​ឱ្យ​រដ្ឋា​ភិបាល​ចិន​ដីគោក មាន​ការ​ខឹង​សម្បា​យ៉ាងខ្លាំងរហូត​ដល់​មាន​ការ​ធ្វើ​សមយុទ្ធ​ទាំង​ផ្លូវ​អាកាស និង​សមុទ្រ​ជុំវិញ​កោះដែល​បង្កើន​ភាព​តានតឹង​ដល់​កម្រិត​ខ្ពស់​បំផុតក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍