
លោក ត្រាំ លើកកណ្តាប់ដៃពេលដើរទៅរថយន្ត នៅខាងក្រៅអគារ Trump Tower ក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី ១០ ខែសីហា។
ក្រសួងយុត្តិធម៌អាមេរិកឱ្យដឹងកាលពីថ្ងៃសុក្រថា ភ្នាក់ងារការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) រឹបអូសយកបាននូវសំណុំឯកសារចំនួន ១១ រួមទាំងឯកសារ «សម្ងាត់កំពូល» មួយចំនួន ពីការឆែកឆេរផ្ទះរបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ សប្ដាហ៍មុន។
ក្រសួងឱ្យដឹងក្នុងដីកាឆែកឆេរលើរីសត Mar-a-Lago របស់លោក ត្រាំ នៅរដ្ឋហ្វ្លរីដាថា វាមានបុព្វហេតុ ដែលការឆែកឆេរ ត្រូវធ្វើឡើង ដោយផ្អែកលើការបំពានច្បាប់ចារកម្ម ដែលអាចកើតមាន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ក្នុងការឆែកឆេរនោះ ភ្នាក់ងារ FBI បានប្រមូលឯកសារសម្ងាត់កំពូលចំនួន ៤ សំណុំឯកសារសម្ងាត់ (Secret Documents) ចំនួន ៣ និងឯកសាររបាយការណ៍សម្ងាត់ (Confidential Documents) ចំនួន ៣។ ភ្នាក់ងារបានប្រមូលសំណុំឯកសារ ដែលមានស្លាក«ឯកសារសង្ងាត់ TS/SCI» ដែលជាឯកសារយោងទៅលើឯកសារសម្ងាត់កំពូល និងសម្ភារដែលមានលក្ខណៈរសើប។
ឯកសារ «សម្ងាត់កំពូល» គឺជាឯកសារសម្ងាត់កម្រិតខ្ពស់បំផុត ដែលរាប់បញ្ចូលព័ត៌មានសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ ឯកសារបែបនេះ ជាធម្មតាត្រូវបានរក្សាទុកក្នុងកន្លែងពិសេសរបស់រដ្ឋាភិបាល ពីព្រោះបើទម្លាយវា អាចបំផ្លាញសន្តិសុខជាតិធ្ងន់ធ្ងរ។
ចំពោះច្បាប់ចារកម្ម ក្នុងឆ្នាំ ១៩១៧ ការទម្លាយព័ត៌មាន ដែលប៉ះពាល់ដល់សន្តិសុខជាតិ គឺជាឧក្រិដ្ឋកម្ម។ ដីកាដែលបើកបង្ហាញ កាលពីថ្ងៃសុក្រ ឱ្យដឹងថា ភ្នាក់ងារ FBI នឹងស៊ើបអង្កេតលោកត្រាំ សម្រាប់ការដកចេញ ឬការបំផ្លាញកំណត់ត្រារដ្ឋាភិបាល ការរារាំងតុលាការ និងការបំពានច្បាប់ចារកម្ម ដែលអាចរួមបញ្ចូលឧក្រិដ្ឋកម្ម លើសពីចារកម្ម ដូចជាការបដិសេធមិនប្រគល់ឯកសារសន្តិសុខជាតិតាមការស្នើសុំ។ ការផ្តន្ទាទោស តាមលក្ខខណ្ឌច្បាប់ អាចបណ្តាលឱ្យមានការជាប់ពន្ធនាគារ ឬពិន័យជាប្រាក់។
ទោះយ៉ាងណា លោក ត្រាំ និយាយកាលពីថ្ងៃសុក្រដូចគ្នាថា កំណត់ត្រាទាំងអស់ គឺជា«ឯកសារត្រូវបានទម្លាយ» ហើយវាត្រូវបានទុកនៅទីកន្លែងមានសុវត្ថិភាព។ លោកនិយាយថា៖ «ពួកគេ (FBI) មិនចាំបាច់រឹបអូសអ្វីនោះទេ។ ពួកគេអាចយកវាគ្រប់ពេល បើចង់បាន ដោយមិនចាំបាច់ប្រើសកម្មភាពនយោបាយ និងសម្រុកចូលរីសត Mar-a-Lago នោះទេ»។
កាលពីថ្ងៃពុធ លោក ត្រាំ ថែមទាំងចោទប្រកាន់ FBI ទាំងគ្មានមូលដ្ឋានច្បាស់លាស់ថា ភ្នាក់ងារនេះប្រហែលជាឆែកឆេរផ្ទះរបស់លោក ដើម្បី «បង្កើតភ័ស្តុតាង» ដោយមិនឱ្យនរណាម្នាក់នៅក្នុងផ្ទះ អំឡុងប្រតិបត្តិការ។
ការចុះឆែកឆេររបស់ FBI ក៏ដូចជាការស៊ើបអង្កេតផ្សេងៗចុងក្រោយនេះ ធ្វើឡើង ខណៈដែលលោក ត្រាំ កំពុងស្វះស្វែងរកភាពរឹងមាំនូវការគាំទ្រ ក្នុងការឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតីម្ដងទៀត ក្នុងឆ្នាំ២០២៤ ទន្ទឹមនឹងសវនាការជាសាធារណៈជាបន្តបន្ទាប់ ដែលបង្ហាញពីតួនាទីរបស់លោក និងសម្ព័ន្ធមិត្តនៅក្នុងព្រឹត្តិការណ៍ ដែលនាំឱ្យមានការវាយប្រហារ នៅវិមានកាពីតូល កាលពីឆ្នាំមុន៕
ហួន ឌីណា