ក្រសួងការពារជាតិ​ចិន ចេញ​សេចក្តីថ្លែងការណ៍​ ១ នៅលើ​គេហទំព័រ​របស់ខ្លួន ដោយ​ឱ្យដឹងថា កងទ័ព​​អាកាស​ចិន នឹង​បញ្ជូន​យន្ត​ហោះ​ចម្បាំង និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅ​ប្រទេស​​ថៃ នៅ​ថ្ងៃទី ​១៤ ខែសីហា ដើម្បី​ចូលរួម​សមយុទ្ធ​ជាមួយ​កងទ័ពអាកាស​ថៃ​។​

​សេចក្តីថ្លែងការណ៍​នោះបាន​បញ្ជាក់ថា សមយុទ្ធ​ឈ្មោះ «Falcon Strike» (​ការប្រយុទ្ធ​បែប​បក្សី​) នឹងធ្វើ​ឡើង នៅឯ​មូលដ្ឋានទ័ព​​អាកាស ក្នុង​ខេត្ត​ឧ​ត្ត​ន​ថា​នី (Udon Thani) ដោយ​យន្តហោះ​ប្រដេញ​របស់​ថៃ និង​យន្តហោះ​ផ្ដល់​សញ្ញា​ព្រមាន​មុន​របស់​ទ័ពអាកាស​នៃ​ប្រទេស​ទាំង​ ២ ក៏​នឹង​ចូល​​រួម​ដែរ​។ ទម្រង់​នៃ​ការ​ហ្វឹក​សមនេះ នឹង​រួមទាំង​ការ​ផ្ដល់ជំនួយ​ផ្លូវអាកាស ការ​វាយ​​ប្រហារ​គោលដៅ​លើដី និង​ការបញ្ជូន​កងកម្លាំង​យោធា ក្នុង​ទ្រង់ទ្រាយ​តូច និង​ធំ​។​

​សមយុទ្ធ​នេះ ត្រូវធ្វើឡើងបន្ទាប់ពី​សហរដ្ឋអាមេរិកធ្វើ​សមយុទ្ធ​យោធា មានឈ្មោះ «Super Garuda Shield» (​ការការពារ​បក្សី​អាទិទេព​ដ៏​អស្ចារ្យ​) នៅ​ឥណ្ឌូនេស៊ី ក្នុង​ទ្រង់ទ្រាយ​ធំ​ជាមួយ​កងទ័ព​របស់​ឥណ្ឌូនេស៊ី អូស្ត្រាលី ជប៉ុន និង​សិង្ហ​បុរី ដែល​ចាប់​ផ្តើមដំបូង ឆ្នាំ​ ២០០៩​។​

​នៅមុននេះ ចិន​ក៏បាន​ដាក់ពង្រាយ​នាវាចម្បាំង យន្តហោះ​ចម្បាំង និង​មី​ស៊ី​ល ក្នុង​សមយុទ្ធ ជុំវិញ​កោះ​​តៃវ៉ាន់ ដែល​ជាការ​ធ្វើឡើង ដើម្បី​ឆ្លើយតប​នឹង​ទស្សនកិច្ច​ទៅកាន់​កោះ​តៃវ៉ាន់​របស់​ប្រធានសភា​តំណាងរាស្ត្រ​​អាមេរិក លោកស្រី ណាន់​ស៊ី ប៉េ​ឡូ​ស៊ី នៅ​ដើមខែ​ផងដែរ​។​

​ការពង្រីក​សកម្មភាព​យោធា​របស់​ប្រទេស​ចិន នៅក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក បាន​បង្ក​ការ​ភ័យ​ស្លន់ស្លោ​ដល់​សហរដ្ឋអាមេរិក និង​ប្រទេស​​សម្ព័ន្ធមិត្ត​របស់ខ្លួន ដោយ​វា​ជា​ផ្នែក ​១ ​នៃ​ការប្រកួតប្រជែង​ខាង​យុទ្ធសាស្ត្រ និង​សេដ្ឋកិច្ច ដែល​កំពុង​រីកចម្រើន​ខ្លាំង ខណៈដែល​វា​ក៏​កំពុង​បង្កើត​ភាព​តានតឹង​ខ្លាំង​បន្ថែមទៀត រវាង​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាងគេ​ទាំង​ ២ របស់​ពិភព​លោក​នេះ​៕

វីដេអូ៖