The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ឥណ្ឌូនេស៊ី​ប្រកាន់​ជំហរ ជា​ស្ពាន​ក្នុង​ការនាំ​លោក ពូ​ទីន និង ​ហ្សេ​លេន​ស្គី ជួបគ្នាដើម្បី​រក​ច្រកចេញ​

ឥណ្ឌូនេស៊ី​ប្រកាន់​ជំហរ ជា​ស្ពាន​ក្នុង​ការនាំ​លោក ពូ​ទីន និង ​ហ្សេ​លេន​ស្គី ជួបគ្នាដើម្បី​រក​ច្រកចេញ​

Content image - Phnom Penh Post
លោក ​វីដូដូ (ឆ្វេង) ចាប់​ដៃ​ជាមួយ​លោក ​ពូទីន ក្រោយសន្និសីទ​កាសែត នៅ​វិមាន​ក្រឹមឡាំង ក្នុង​ក្រុង​ម៉ូស្គូ កាល​ពី​ថ្ងៃ​ទី​ ៣០ ខែ​មិថុនា។ AFP

ឥណ្ឌូនេស៊ី​ប្រកាន់​ជំហរ ជា​ស្ពាន​ក្នុង​ការនាំ​លោក ពូ​ទីន និង ​ហ្សេ​លេន​ស្គី ជួបគ្នាដើម្បី​រក​ច្រកចេញ​

ឥ​ណ្ឌ​នេ​ស៊ី​ដែលជា​ខ្លា​នៅ​តំបន់​អាស៊ាន ដោយសារ​កត្តាសេដ្ឋកិច្ច​រីកលូតលាស់ និង​ប្រជាជន​ច្រើន ព្រមទាំង​ធ្វើជា​ប្រធាន​ប្តូរ​វេន ក្នុង​ការដឹកនាំ​កិច្ចប្រជុំ​កំពូល​នៃ​ប្លុក​ប្រទេស​សេដ្ឋកិច្ច​ធំ ហៅ​កាត់​ថា «G20» ធានា​ធ្វើជា​អ្នក​ផ្សះផ្សា ដើម្បី​នាំ​មេដឹកនាំ ក្នុង​សង្គ្រាម​ទាំង ​២ ងាក​ទៅរក​តុ​ចរចា​រក​ច្រក​ចេញពី​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន ដែល​អូសបន្លាយ​ជិត​កន្លះ​ឆ្នាំ​។​

​ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី ប្រចាំ​នៅ​រុស្ស៊ី លោក ចូ​សេ តា​វ៉ា​រ៉ែ​ស (Jose Tavares) ហាក់​បានបញ្ជាក់​ជំហរ​របស់​ឥណ្ឌូនេស៊ី​ជាថ្មី ក្រោយ​ទស្សន​​កិច្ច​របស់លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចូ​កូ វី​ដូ​ដូ (Joko Widodo) ទៅកាន់​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី កាលពី​ចុងខែ​ឧសភា ដើម្បី​អញ្ជើញ​មេដឹកនាំ​ប្រទេស​ទាំង​ ២ ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​មេដឹកនាំ G20 នៅ​ថ្ងៃទី​ ១៥-១៦ ខែវិច្ឆិកា​ខាងមុខ​។​

​យោងតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS លោក តា​វ៉ា​រ៉ែ​ស សង្កត់ធ្ងន់ថា​៖ «​យើង​ពិតជា​ចង់ឃើញ​ប្រធានាធិបតី​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​មាន​វត្តមាន នៅក្នុង​កិច្ចប្រជុំ G20»​។ អ្នកការទូត​ឥណ្ឌូនេស៊ី​រូបនេះ បន្ថែមថា​៖ «​ឥណ្ឌូនេស៊ី​បាន​ត្រៀមខ្លួន​ជាស្រេច​ហើយ ដើម្បី​ផ្តល់​សម្រាប់​ការរៀបចំ​នៃ​កិច្ចប្រជុំ​នេះ ហើយ​យើង​ចង់ឃើញ​ថ្នាក់ដឹកនាំ​ទាំង ​២ មក​ចូលរួម​ពិតមែន​»​។​

TASS ដោយ​យោងទៅលើ​ទីប្រឹក្សា​ប្រធានការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Mikhail Podolyak ដែល​អះ​​អាង កាលពីដើម​សប្តាហ៍​មុន​ថា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​លេន​ស្គី (Volodymyr Zelensky) នឹងចូលរួម​កិច្ចប្រជុំ G20 នេះ​។​

​ប៉ុន្តែ​អ្នកនាំពាក្យ​ប្រ​ធានា​​ធិបតី​រុស្ស៊ី លោក Dmitry Peskov និយាយ​នៅឯ​សន្និសីទ​សារព័ត៌មាន ដើមខែ​នេះ​ថា មិនទាន់មាន​ការសម្រេច​ចិត្ត​ទេ​ថា តើ​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល G20 ដោយផ្ទាល់ ឬ​តាម​អន​ឡាញ​នោះទេ​។​

​វេទិកា​អន្តររដ្ឋាភិបាល​ពិភព​​លោក​នៃ​បណ្តា​ប្រទេស​ឧស្សា​​ហក​ម្ម និង​កំពុងអភិវឌ្ឍន៍​បំផុត​ចំនួន ១៩ ​បូក រួមទាំង​សហភាព​​អឺរ៉ុប (EU) ដែល​ត្រូវបាន​ស្គាល់​ថា ជា​កិច្ចប្រជុំ​កំពូល G20 គ្រោង​នឹង​ប្រព្រឹត្តទៅឆ្នាំនេះ នៅលើ​កោះ​បាលី​របស់​ឥណ្ឌូនេស៊ី នា​ថ្ងៃទី​ ១៥-១៦ ខែវិច្ឆិកា​។​

​ការចរចា​បរាជ័យរ​បស់​ថ្នាក់​​ដឹកនាំ​ជាន់ខ្ពស់​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី ធ្លាប់បាន​ធ្វើឡើង​ក្រោម​ការសម្របសម្រួល​រប​ស់​តួ​ក​គី ដែល​ប្រកាន់​ជំហរ​ទន់ភ្លន់ ក្នុង​ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ហើយ​តួ​ក​គី​ក៏​ជា​ប្រទេស​មិត្ត​ផង និង​សត្រូវ​ផង​របស់​រុស្ស៊ី​។​

​មិន​ត្រឹមតែ​ការចេញមុខ​របស់​តួ​ក​គី មិនអាច​នាំ​ភាគី​ទាំង ​២ ទៅរក​បទ​ឈប់​បាញ់​ណាមួយ​នោះទេ សូម្បីតែ​វត្តមាន​របស់លោក អង់​តូ​នី​ញ៉ូ ហ្គុ​យ​តឺ​រេស (Antonio Guterres) អគ្គ​​លេខាធិការ​អង្គការ​សហ​ប្រជា​​ជាតិ (UN) ទៅកាន់​ប្រទេស​​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី កាលពី​ខែ​​មេសា ក៏​មិនមាន​លទ្ធភាព​ដែរ ក្នុងការ​រម្ងាប់​ភ្លើងសង្គ្រាម​នេះ​។​

​ចាប់តាំងពី​សង្គ្រាម​ឆាបឆេះ​ឡើង កាលពី​ថ្ងៃទី​ ២៤ ខែកុម្ភៈ ​ក្រោមរូបភាព ដែល​រុស្ស៊ី​ហៅ​ត្រឹមតែ​ជា «​ប្រតិបត្តិការ​យោធា​ពិសេស​» ហើយ​ភាគី​អ៊ុយ​ក្រែ​នបរិយាយ​ថា «​ជាការ​ឈ្លានពាន​ដោយ​ចំៗ​តែម្ដង​» (Full-scale Invasion)» មានតែ​កិច្ច​ព្រម​​ព្រៀង​តូច​មួយ​ប៉ុណ្ណោះ ដែល​ភាគី​ទាំង​ ២ សម្រេចបាន នោះ​គឺ «​កិច្ចព្រមព្រៀង​នាំចេញ​គ្រាប់​​ធញ្ញជាតិ​» កាលពី​ថ្ងៃទី​ ២២ ខែ​​កក្កដា ដែល​ធ្វើឡើង​នៅ​តួ​ក​គី ក្រោម​ការរង​សម្ពាធ​អន្តរជាតិ ដោយសារ​ភាពអត់ឃ្លាន និង​អតិផរណា មាន​ខ្លាំង​ឡើងៗ ក្នុងប្រទេស​នានា នៅ​ពាសពេញ​តំបន់អាហ្វ្រិ​ក និង​មជ្ឈិមបូព៌ា ដែល​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ការ​​នាំចូល​គ្រាប់​ធញ្ញជាតិ​ផ្សេងៗ​ពី​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​។​

​កិច្ចព្រមព្រៀង​នោះ បើកផ្លូវ​ឱ្យមាន​ការនាំចេញ​គ្រាប់​ធញ្ញជាតិ កើតឡើង​មែន ប៉ុន្តែ​ការ​វាយ​​ប្រហារ ក៏​ចាប់ផ្ដើម​មាន​កាន់តែ​គួរឱ្យខ្លាច​ទៅៗ ដោយ​ភាគី​ជម្លោះ​ផ្លោង​ដាក់គ្នា ដោយ​អាវុធ​ទំនើប និង​រយៈ​ចម្ងាយ​ឆ្ងាយ ក្រោយ​អ៊ុយ​ក្រែ​ន​ទើប​ទទួលបាន​អាវុធ​ធុន​ធ្ងន់​ពី​បស្ចិមប្រទេស ក្នុងនោះ​ជំនួយ​អាវុធ HIMAS ពី​អាមេរិក និង​អាវុធ​ផ្សេងទៀត​ពី​បារាំង អង់គ្លេស អាល្លឺម៉ង់ និង​ប្រទេស ១ ​ចំនួន​ពី​សមាជិក​របស់ NATO (​អង្គការ​សន្ធិ​សញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង​)​។​

​លោក ពូ​ទីន ដែល​បាន​បញ្ជា​ឱ្យមាន​ប្រតិបត្តិការ​យោធា នៅ​អ៊ុយ​ក្រែ​ន​នេះ តាំងពី​ថ្ងៃ ​២៤ ខែកុម្ភៈ​មក​នោះ បាន​អះអាងថា ខ្លួន​ត្រូវការ​ពេល​យ៉ាងយូរ ៣​ ថ្ងៃ សម្រាប់​ការផ្តួលរំលំ​រដ្ឋាភិបាល​​អ៊ុយ​ក្រែ​ន​បច្ចុប្បន្ន តែដោយសារ​ការ​វាយបក​ពី​យោធា​អ៊ុយ​ក្រែ​ន និង​ការជួយ​គាំទ្រ​ទាំង​សម្ភារ ហិរញ្ញវត្ថុ និង​យុទ្ធសាស្ត្រ​ពី​លោកខាងលិច បានធ្វើឱ្យ​រុស្ស៊ី​ទ័លច្រក​រកកល ដើម្បី​ឈ្នះ​សង្គ្រាម​នេះ​មិនឃើញ ដោយពេល​នេះ អូសបន្លាយ​រហូតដល់​ជិត​កន្លះ​ឆ្នាំ​ទៅហើយ​។​

​លោក ពូ​ទីន ក៏​ហាក់​បង្ហាញ​ភាព​ហត់នឿយ ដោយសារ​សង្គ្រាម​ដែល​ខ្លួនឯង​បង្កើតឡើង​នេះ ដោយ​ចេះតែ​អូស​​បន្លាយ​យូរ​ទៅៗ និង​គ្មាន​សញ្ញា​ណា​ ១ ពី​ការ​ឈ្នះ​ឱ្យ​ពិតប្រាកដ​តាម​តំបន់ ដែល​ខ្លួន​គ្រោងទុក ខណៈ​បន្ទោស​លោកខាងលិច​ថា ជា​អ្នកជំរុញ​ឱ្យ​សង្គ្រាម​នេះ បន្ត​អូសបន្លាយ​យូរ​បែបនេះ​។​

​ខណៈពេលដែល​ប្រទេស​លោកខាងលិច​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក កាន់តែ​រួមដៃគ្នា​ជួយ​អ៊ុយ​ក្រែ​ន​ទាំង​ផ្ដល់​អាវុធ​ទំនើបៗ និង​ជំនួយ​ហិរញ្ញវត្ថុ ប្រទេស​ឥណ្ឌូនេស៊ី មិនដែល​ចូល​ដៃ​ចូល​ជើង​ជាមួយ​ភាគី​ជម្លោះ​ណា​ ១ ​ឡើយ សូម្បីតែ​ថ្កោលទោស​រុស្ស៊ី និង​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​។​

​ក្នុង​ដំណើរ​ទៅកាន់់​ប្រទេស​ទាំង​ ២ កាលពី​ចុងខែ​ឧសភា លោក វី​ដូ​ដូ ប្រាប់ថា​៖ «​បេស​ក​កម្ម​របស់ខ្ញុំ គឺ​កសាង​សន្តិភាព ព្រោះ​សង្គ្រាម​ត្រូវតែ​ចប់ ហើយ​ឥទ្ធិពល​របស់​វា​លើ​ចង្វាក់​ផ្គត់​​ផ្គង់​ម្ហូបអាហារ​ត្រូវ​ដកចេញ​»​។​

​តាម​គេហទំព័រ​របស់ UN នាពេលនោះ លោក ហ្គុ​យ​តឺ​រេស ដែល​មិនអាច​បញ្ឈប់​សង្គ្រាម​បាន ក្នុងអំឡុងពេល​ទស្សន​កិច្ច នៅ​ប្រទេស​ទាំង ​២ កាលពី​ចុង​​ខែមេសា អំពាវនាវ​ជាថ្មី​ដល់​សហការី​ឱ្យ​រិះរក​វិធី ដើម្បី​បញ្ចប់សង្គ្រាម ខណៈ​ការប្រយុទ្ធ​គ្នានៅ​អ៊ុយ​ក្រែ​ន កំពុងផ្តល់​ផល​​លំបាក​ធ្ងន់ធ្ងរ​ដល់​ពិភពលោក ដោយ​ប៉ះពាល់​មនុស្សជាតិ ១,៦​ ពាន់​លាន​នាក់ ដែលមាន​ផល​​វិបាក​ពី​សន្តិសុខ​ស្បៀងអាហារ ថាមពល និង​ហិរញ្ញវត្ថុ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍