ក្រសួង​ការ​បរទេស​កូរ៉េ​ខាងជើង កាលពី​ថ្ងៃ​អាទិត្យ រិះគន់​ការ​អត្ថាធិប្បាយ​ថ្មីៗ​របស់​អគ្គ​លេខា​ធិការ​អង្គការ​សហ​ប្រជាជាតិ​លើ​ការ​គាំទ្រ​របស់​លោក ចំពោះ​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​របស់​កូរ៉េ​ខាងជើង ដោយ​ហៅ​ការ​លើកឡើង​នេះ​ថា មាន​ភាព​លម្អៀង និង​ខ្វះ​ភាព​យុត្តិធម៌​។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង KCNA ចេញ​សេចក្តី​ថ្លែងការណ៍ ​១ ពី​ក្រសួង​ការ​បរទេស​របស់​ខ្លួន បន្ទាប់ពី​អគ្គ​លេខា​ធិការ​អង្គការ​សហប្រជាជាតិ (UN) លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (António Guterres) កាល​ពី​ថ្ងៃ​សុក្រ និយាយ​ថា លោក​គាំទ្រ​យ៉ាង​ពេញ​ទំហឹង ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​លុប​បំបាត់​នុយក្លេអ៊ែរ​ទាំងស្រុង​របស់​កូរ៉េ​ខាងជើង ក្នុង​អំឡុង​ជួប​ជាមួយ​ប្រធានា​ធិបតី​កូរ៉េ​ខាងត្បូង​លោក យូន ស៊ុកយ៉ល (Yoon Suk-yeol)​។

លោក Kim Son Gyong អនុរដ្ឋ​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អន្តរ​ជាតិ នៃ​ក្រសួង​ការ​បរទេស​កូរ៉េ​ខាងជើង និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា​៖ «ខ្ញុំ​ពិតជា​សោកស្ដាយ​យ៉ាងខ្លាំង ចំពោះ​ការ​លើកឡើង​របស់​អគ្គ​លេខាធិការ UN ដែលមាន​ភាព​លម្អៀង និង​ខ្វះ​ភាព​យុត្តិធម៌​ទាំង​ស្រុង ហើយ​ប្រឆាំង​នឹង​កាតព្វ​កិច្ច​របស់​លោក ដែល​បាន​បញ្ជាក់​នៅ​ក្នុង​ធម្មនុញ្ញ UN ទាក់ទង​នឹង​បញ្ហា​ឧបទ្វីប​កូរ៉េ​»​។

លោក Kim បាន​បន្ថែម​ថា អគ្គលេខា​ធិការ UN មិន​គួរ​ស្នើ​សុំ ឬ​ទទួល​បញ្ជា​ពី​រដ្ឋា​ភិបាល​នៃ​ប្រទេស​ជាក់​លាក់​ណា​មួយ​ឡើយ ប៉ុន្តែ​ត្រូវ​ចៀស​វាង​ទង្វើ​ណា​មួយ ដែល​អាច​ធ្វើ​ឱ្យ​ខូច​មុខ​តំណែង​ជា​មន្ត្រី​អន្តរ​ជាតិ ដែល​ទទួល​ខុស​ត្រូវ ចំពោះ UN តែ​ប៉ុណ្ណោះ​។

លោក​ Kim ថា ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង គឺ​ជា ​«ការ​រំលោភ​លើ​អធិប​តេយ្យ​ភាព​របស់​កូរ៉េ​ខាងជើង» ដោយ​វា​ទាមទារ​ឱ្យមាន​ការ​រំសាយ​អាវុធ​ឯកតោ​ភាគី។ លោក​បន្ត​ថា អគ្គលេខាធិការ លោក​ហ្គុយតឺរ៉េស ប្រហែលជា​ដឹង​យ៉ាង​ច្បាស់​ថា កូរ៉េ​ខាងជើង​ច្រានចោល​ទាំងស្រុង ដោយ​គ្មាន​ការ​លើកលែង ហើយ​លោក​គួរ​តែ​ប្រុង​ប្រយ័ត្ន ពេល​និយាយ​ពាក្យ​ដ៏​គ្រោះថ្នាក់​នេះ នៅ​ឧបទ្វីប​កូរ៉េ​។

យ៉ាងណា​មិញ លោក ហ្គុយតឺរ៉េស និយាយ​នៅ​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃ​សុក្រ​ថា គោលបំណង​នៃ​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នោះ ដោយសារ​វា «មាន​សារៈសំខាន់​ជា​មូលដ្ឋាន សម្រាប់​យើង ក្នុងការ​សម្រេច​បាន​នូវ​សន្តិសុខ សន្តិភាព និង​ស្ថិរភាព ក្នុង​តំបន់​»។

កូរ៉េ​ខាងជើង បាន​បាញ់​សាកល្បង​មីស៊ីល​ជាច្រើន​គ្រាប់ នៅ​ឆ្នាំនេះ ហើយ​មន្ត្រី​នៅ​ទីក្រុង​សេអ៊ូល និង​វ៉ាស៊ីនតោន និយាយ​ថា ប្រទេស​នេះ​ហាក់ដូចជា​កំពុង​រៀបចំ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជា​លើក​ដំបូង ចាប់​តាំងពី​ឆ្នាំ​ ២០១៧ ចំពេល​មានការ​ជាប់​គាំង​កិច្ច​ពិភាក្សា ស្តីពី​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​៕

ហួន ឌីណា

វីដេអូ៖