The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក បៃដិន និង​លោក ស៊ី រំពឹង​ជួបគ្នា​ផ្ទាល់​នៅ​ខែវិច្ឆិកា ខណៈ​វត្តមានរបស់ ពូ​ទីន មិនទាន់​ច្បាស់លាស់​

លោក បៃដិន និង​លោក ស៊ី រំពឹង​ជួបគ្នា​ផ្ទាល់​នៅ​ខែវិច្ឆិកា ខណៈ​វត្តមានរបស់ ពូ​ទីន មិនទាន់​ច្បាស់លាស់​

Content image - Phnom Penh Post
លោក​ បៃដិន (ស្ដាំ) បាន​និយាយ​ជាមួយ​លោក ជីនភីង តាម​រយៈ​វីដេអូ​អន​ឡាញ ពី​សេតវិមាន ក្នុង​ក្រុង​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​ ១៨ ខែ​មីនា​។

លោក បៃដិន និង​លោក ស៊ី រំពឹង​ជួបគ្នា​ផ្ទាល់​នៅ​ខែវិច្ឆិកា ខណៈ​វត្តមានរបស់ ពូ​ទីន មិនទាន់​ច្បាស់លាស់​

ដំណើរ​ជួបគ្នា​ផ្ទាល់​មុខ​របស់​មេដឹកនាំ​ប្រទេស​សេដ្ឋកិច្ច​លេខ ១ និង​លេខ ២ គឺ​សហ​រដ្ឋ​អាមេរិក និង ​ចិន នៅ​រយៈពេល ២​ ខែ​ទៀត បាន​បង្កើន​ការ​គ្រប​ដណ្តប់​ជា​ថ្មី​លើ​បណ្តាញ​សារ​ព័ត៌មាន​អន្តរ​ជាតិ​សំខាន់ៗ ក្រោយ​ជម្លោះ​វោហារ​ស័ព្ទ​របស់​ថ្នាក់ដឹក​នាំ​នៃ​ប្រទេស​ទាំង ​២ ជុំវិញ​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធាន​រដ្ឋ​សភា​អាមេរិក​ទៅ​កាន់​ដែន​កោះ​តៃវ៉ាន់ កាលពី​ដើម​ខែ​សីហា ប៉ុន្តែ​វត្តមាន​របស់​លោក ពូទីន នៅ​មិនទាន់​ច្បាស់លាស់នៅ​ឡើយ​។

បណ្តាញ​សារព័ត៌មាន​អន្តរ​ជាតិ​នានា បាន​ចាប់​អារម្មណ៍​យ៉ាងខ្លាំង ក្រោយ​មានការ​ផ្សាយ​របស់​សារព័ត៌មាន Wall Street Journal (WSJ) ដែល​មាន​មូលដ្ឋាន នៅ​សហ​រដ្ឋ​អាមេរិក ដោយ​បាន​ផ្សាយ​ពី​លទ្ធភាព​ជួប​ផ្ទាល់ រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​២ នៅ​ក្នុង​ដំណើរ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​មេ​ដឹកនាំ​នៃ​បណ្តា​ប្រទេស​អភិវឌ្ឍន៍ និង​លូត​លាស់​សេដ្ឋកិច្ច (G20) នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី ​១៥-១៦ ឬ​ក៏​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​មេដឹកនាំ APEC ដែល​នឹង​ប្រារព្ធឡើង​នៅ​ប្រទេស​ថៃ ២​ ថ្ងៃ​បន្ទាប់​នោះ​។

យោង​តាម​ការចេញ​ផ្សាយ​របស់ WSJ មន្ត្រី​ចិន​កំពុង​រៀបចំ​ផែនការ​ធ្វើដំណើរ ដែល​អាច​ធ្វើ ទៅបាន​ដោយ​លោក​ប្រធានា​ធិបតី ស៊ី ជីនភីង (Xi Jinping) ទៅ​កាន់​អាស៊ី​អាគ្នេយ៍ ក្នុង​ខែ​វិច្ឆិកា ដែល​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា «អាច​ជា​ដំណើរ​ទស្សន​កិច្ច​បរទេស​លើក​ដំបូង​របស់​លោក​ស៊ី​» ចាប់តាំងពី​ជំងឺ​រាតត្បាត​កូវីដ​ ១៩​។

ប្រធានា​ធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) កាល​ពី​ថ្ងៃ​ទី ​២៦ ខែ​មិថុនា បាន​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដែល​ជា​ផ្នែក​មួយ​នៃ​ការ​អញ្ជើញ ដោយ​ផ្ទាល់ ចំពោះ​មេដឹក​នាំ​ចិន សម្រាប់​ការ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​មេ​ដឹកនាំ G20 ប៉ុន្តែ​ព័ត៌មាន AP នាពេលនោះ បាន​អះអាង​ថា វា​មិន​ច្បាស់​ថា តើ​លោក​ស៊ី​នឹង​ចូលរួម​ដោយផ្ទាល់ ឬ​យ៉ាងណា​នោះ​ទេ​។ ការ​អញ្ជើញ​នេះ បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ នៅ​ក្រុង​ប៉េកាំង ជា​កន្លែង​ដែល​អ្នក​ទាំង​ ២ បាន​ពិភាក្សា​គ្នា​អំពី​បញ្ហា​ជាច្រើន ចាប់ពី​ពាណិជ្ជកម្ម រហូត​ដល់​កិច្ច​សហ​ប្រតិបត្តិការ​ដែន​សមុទ្រ​។

ភាពចម្រូងចម្រាស​ខ្លាំង កាលពី​ខែមេសា គឺ​ការ​មាន​ព័ត៌មាន ដែល​ថា លោក​ប្រធានា​ធិបតី​អាមេរិក បៃដិន អាច​នឹងធ្វើ​ពហិការ ក្នុង​ការ​ចូលរួម​កិច្ច​ប្រជុំ G20 នោះ​ប្រសិន​បើ​ឥណ្ឌូនេស៊ី​អញ្ជើញ​មេ​ដឹកនាំ​រុស្ស៊ី លោក​ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ឱ្យ​ទៅ​ចូលរួម​ផ្ទាល់​ដែរ​។

ការ​គំរាម​កំហែង​មិន​ចូល​រួម​របស់​រដ្ឋបាល​អាមេរិក​នេះ​ បាន​លេច​ឡើង ក្រោយ​លោក​ស្រី Janet Yellen រដ្ឋ​មន្ត្រី​ក្រសួង​រតនា​គារ​អាមេរិក បាន​ប្រកាស​ថា ប្រទេស​របស់​លោក​ស្រី នឹងធ្វើ​ពហិការ ចំពោះ​កិច្ច​ប្រជុំ​ជា​ច្រើន នៅក្នុង​កិច្ចប្រជុំ​កំពូល G20 នា​ពេល​ខាង​មុខ ប្រសិន​បើ​មន្ត្រី​រុស្ស៊ី​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​នោះ​។ នេះ​បើ​យោងតាម​គេហ​ទំព័រ TFIGlobal​។ តែ​ទោះ​បី​ជា​បែប​ណា​ក្ដី លោកស្រី Yellen មិន​បាន​បញ្ជាក់​ច្បាស់​ពី​កិច្ច​ប្រជុំ​ណា ដែល​លោកស្រី​ចង់​សំដៅ​នោះទេ​។

ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស និងរដ្ឋមន្ត្រី​ហិរញ្ញ​វត្ថុ​នៃ​ក្រុម​ប្រទេស G20 កាល​ពី​ខែ​កក្កដា ទាំង​ភាគី​អាមេរិក និង​ភាគី​រុស្ស៊ី សុទ្ធតែ​បាន​ចូលរួម​ក្រោម​ជម្លោះ​ដ៏​សែន​តានតឹង ដោយ​ភាគី​រុស្ស៊ី​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​អំឡុង​ពេល​ពិភាក្សា ក្រោយ​ពី​បាន​ឮ​ប្រទេស​ជា​ច្រើន ចោទ​ប្រកាន់​ខ្លួន​ថា «ឈ្លាន​ពាន​អ៊ុយក្រែន» ខណៈដែល​របប​ដឹកនាំ​រុស្ស៊ី បាន​ហៅ​សង្គ្រាម​នោះ​ត្រឹម​ថា «ជា​ប្រតិ​បត្តិការ​យោធា​ពិសេស​» ប៉ុណ្ណោះ​។

យោង​តាម​កាសែត​ជា​ភាសា​អង់គ្លេស Jakarta Post ក្នុងអំឡុង​កិច្ចប្រជុំ រវាង​មេដឹកនាំ​អាស៊ាន និង​លោក បៃដិន នៅ​ក្រុង​វ៉ាស៊ីន​តោន កាល​ពី​ខែ​ឧសភា ប្រធានា​ធិបតី​ឥណ្ឌូនេស៊ី លោក វីដូដូ បាន​អញ្ជើញ​ប្រធានា​ធិបតី​អាមេរិក ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល G20 ហើយ​ជាមួយ​គ្នា​នេះ​លោកក៏​បាន​អញ្ជើញ​ប្រធានា​ធិបតី​រុស្ស៊ី លោក ពូទីន និងប្រធានា​ធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelensky) ដែល​កំពុង​មាន​សង្គ្រាម​ជាមួយ​គ្នា ឱ្យទៅ​ចូលរួម​កិច្ចប្រជុំ ក្រោម​ការ​រៀប​ចំរបស់ឥណ្ឌូនេស៊ី ដែលជា​ប្រធាន​នេះ​ដែរ​។

យោងតាម​ការចេញផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS អ្នក​ការទូត​ឥណ្ឌូនេស៊ី ប្រចាំ​ទីក្រុង​ម៉ូស្គូ បាន​អះអាង​ថា ទីប្រឹក្សា​ប្រធាន​ការិ​យាល័យ​ប្រធានា​ធិបតី​អ៊ុយក្រែន លោក Mikhail Podolyak ដែល កាលពី​ដើមខែ​នេះ បាន​បញ្ជាក់​ប្រាប់​ថា លោក ហ្សេលេនស្គី នឹង​ធ្វើ​ដំណើរ​មក​ចូល​រួម​កិច្ច​ប្រជុំ G​20​។ ប៉ុន្តែ​ចំណែក​ឯ​អ្នក​នាំ​ពាក្យ​ប្រធានា​ធិបតី​រុស្ស៊ី លោក Dmitry Peskov វិញ បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ថា មិនទាន់​មាន​ការ​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ​ថា តើ​លោក​ប្រធានា​ធិបតី ពូទីន នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល G20 ដោយ​ផ្ទាល់ ឬ​តាម​របៀប​អនឡាញ​នោះទេ​។

កាសែត Jakarta Post ដដែល បាន​ឱ្យ​ដឹង​ទៀត​ថា លោក ពូទីន នឹង​ក្លាយ​ជា​ភ្ញៀវ ដែល​មិន​ចង់​បាន ដោយនេះ​មិន​មែន​ជា​លើក​ទី​១ នោះទេ​។ លោក​ពូទីន បាន​ចាក​ចេញពី​កិច្ចប្រជុំ​កំពូល G20 នៅ​ប្រទេស​អូស្ត្រាលី ក្នុង​ឆ្នាំ​ ២០១៤ ដោយសារ​តែ​លោក​មាន​អារម្មណ៍​ថា លោក​មិន​ត្រូវបាន​ស្វាគមន៍​ដោយ​មេដឹកនាំ G20 ផ្សេង​ទៀត បន្ទាប់ពី​គាត់​បាន​បញ្ចូល​តំបន់​គ្រីមា​។

វេទិកា​អន្តរ​រដ្ឋា​ភិបាល​ពិភពលោក​នៃ​បណ្តា​ប្រទេស​ឧស្សាហ​កម្ម និង​កំពុង​អភិវឌ្ឍន៍​បំផុត​ចំនួន ១៩ បូក​រួម​ទាំង​សហភាព​អឺរ៉ុប (EU) ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​កិច្ចប្រជុំ​កំពូល G20 គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ឆ្នាំ​នេះ នៅលើ​កោះ​បាលី​របស់​ឥណ្ឌូនេស៊ី នា​ថ្ងៃ​ទី ១៥-១៦ ខែ​វិច្ឆិកា​។

ប្រទេស​ក្នុង​ប្លុក G20 រួមមាន អាហ្សង់ទីន អូស្ត្រាលី ប្រេស៊ីល កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីតាលី ជប៉ុន ម៉ិកស៊ិក រុស្ស៊ី អារ៉ាប៊ី​សាអ៊ូឌីត អាហ្វ្រិក​ខាងត្បូង កូរ៉េ​ខាងត្បូង តួកគី ចក្រភព​អង់គ្លេស សហរដ្ឋ​អាមេរិក និង EU​។

យោងតាម​កាសែត WSJ បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​កន្លង​ទៅ ក្រុម​របស់​លោក​ប្រធានា​ធិបតី​អាមេរិក បាន​ស្វែងរក​ជា​យូរ​មកហើយ ហើយ​មិនទាន់ បានបញ្ជាក់​ពី​ជំនួប​ផ្ទាល់ រវាង​មេដឹកនាំ​ទាំង​ ២ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង ខណៈដែល​ប្រទេស​ទាំង​២ មាន​បញ្ហា​មិន​ចុះ​សម្រុង​គ្នា​លើ​សំណុំរឿង​ជាច្រើន មាន​សំណុំរឿង​កោះ​តៃវ៉ាន់ និង​ពាណិជ្ជកម្ម ហើយ​និង​បញ្ហា​ជាច្រើន​ទៀត​។

ប៉ុន្តែ​លោក Kurt Campbell ដែល​ជា​អ្នកសម្របសម្រួល​កិច្ចការ​ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ប្រធានាធិបតី បៃដិន បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​នោះ​ថា មេដឹកនាំ​ទាំង​២ បាន​លើក​ឡើង​ពី​លទ្ធភាព​នៃ​ជំនួប​ផ្ទាល់ នៅពេលដែ​ល​ពួកគេ​និយាយ​គ្នា​ចុងក្រោយ​តាម​ទូរស័ព្ទ កាល​ពី​ចុងខែ​កក្កដា «ហើយ​បាន​យល់ព្រម​ឱ្យ​ក្រុម​តាមដាន ដើម្បី​កំណត់​ពេលវេលា​ជាក់លាក់​»។

លោក Campbell បាន​និយាយថា មិនមាន​ព័ត៌មាន​លម្អិត​ថ្មី ដើម្បី​ប្រកាស​នោះទេ ប៉ុន្តែ​មេដឹកនាំ​ទាំង​២ ត្រូវបាន​គេ​រំពឹងថា នឹងចូលរួម​ក្នុង​កិច្ច​ប្រជុំ G20 នៅ​ខែ​វិច្ឆិកា នៅ​កោះ​បាលី​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​បណ្ដាញព័ត៌មាន The Guardian​។

ប្រធានា​ធិបតី លោក ស៊ី និង​លោក បៃដិន បាន​ពិភាក្សាគ្នា​អំពី​កិច្ចប្រជុំ ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​អំឡុង​ពេល​ការហៅ​ទូរស័ព្ទ​រយៈពេល​ជាង ២ ​ម៉ោង កាល​ពី​ថ្ងៃ​ទី ​២៨ ខែ​កក្កដា ដែល​រួមប​ញ្ចូល​ការពិភាក្សា​ដ៏​តានតឹង ជុំវិញ​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​កោះ​តៃវ៉ាន់ ដែល​ទាមទារ​ដោយ​ចិន ពី​សំណាក់​ប្រធាន​សភា​សហ​រដ្ឋ​អាមេរិក​លោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi)។

លោក Campbell បាន​បញ្ជាក់​បន្ថែម​ថា សហរដ្ឋ​អាមេរិក​កំពុង​ឆ្លើយតប​ទៅនឹង​ឥរិយាបថ «បង្កហេតុ» របស់​ចិន​លើ​កោះ​តៃវ៉ាន់ តាមរយៈ​ការជំរុញ​ពាណិជ្ជកម្ម​ជាមួយ​កោះ ដែល​គ្រប់គ្រង​ដោយ​លទ្ធិ​ប្រជា​ធិបតេយ្យ និង​ទទូច​លើ​សិទ្ធិ​ផ្លូវអាកាស និង​ផ្លូវ​សមុទ្រ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​កំពុង​មាន​ភាព​តានតឹង​។ លោក និយាយ​បន្ថែម​ថា ផែនការ​ពាណិជ្ជកម្ម​ថ្មី​១ នឹងត្រូវ​បានបង្ហាញ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ ខណៈ​ពេល​ដែល​កងកម្លាំង​អាមេរិក នឹង​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​នៅក្នុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍