
អ្នកការទូតតៃវ៉ាន់ លោក Douglas Yu-tien Hsu (កណ្ដាល) មកទទួលស្វាគមន៍សមាជិកសភាអាមេរិក នៅឯព្រលានយន្តហោះ Sungshan ក្នុងក្រុងតៃប៉ិ កាលពីថ្ងៃទី ១៤ ខែសីហា។
គណៈប្រតិភូនៃសមាជិកសភាអាមេរិក បានទៅដល់កោះតៃវ៉ាន់ កាលពីយប់ថ្ងៃអាទិត្យ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃ ដែលពួកគេនឹងជួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើង ខណៈភាពតានតឹងជាមួយចិន ដែលបន្សល់ទុកក្រោយទស្សនកិច្ចរបស់ប្រធានសភាលោកស្រី ណាន់ស៊ី ប៉េឡូស៊ី កាលពីដើមខែសីហា កំពុងបន្ត បន្ទាប់ពីចិនធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ មិនធ្លាប់មានពីមុនមករបស់ខ្លួន ជុំវិញកោះតៃវ៉ាន់។
ស្ថានទូតក្រៅផ្លូវការរបស់អាមេរិកប្រចាំទីក្រុងតៃប៉ិ និយាយថា គណៈប្រតិភូនេះ ដឹកនាំដោយសមាជិកព្រឹទ្ធសភាលោក Ed Markey ដែលអមដោយសមាជិកសភាចំនួន ៤ រូប។ ស្ថានទូត បានឱ្យដឹងថា៖ «នៅពេលដែលប្រទេសចិនកំពុងបង្កើនភាពតានតឹង នៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងតំបន់ ជាមួយនឹងសមយុទ្ធយោធារបស់ខ្លួន លោក Markey ដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចតៃវ៉ាន់ជាថ្មីម្តងទៀត ដោយបង្ហាញពីការគាំទ្រយ៉ាងរឹងមាំរបស់សភាអាមេរិក ចំពោះតៃវ៉ាន់»។
ទាក់ទងនឹងរឿងនេះ ស្ថានទូតចិន ប្រចាំទីក្រុងវ៉ាស៊ីនតោន និយាយកាលពីថ្ងៃអាទិត្យថា៖ «សមាជិកសភាអាមេរិក គួរតែធ្វើសកម្មភាពស្របតាមគោលនយោបាយចិនតែ១ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក»។ ហើយស្ថានទូតបន្តទៀតថា ដំណើរទស្សនកិច្ចរបស់សភាចុងក្រោយនេះ «បង្ហាញជាថ្មីម្តងទៀតថា សហរដ្ឋអាមេរិកមិនចង់ឃើញស្ថិរភាព នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយមិនបោះបង់ការជំរុញឱ្យមានការប្រឈមដាក់គ្នា រវាងភាគីទាំង ២ និងលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ចិនឡើយ»។
ទោះជាយ៉ាងណាក្ដី អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន និយាយថា សមាជិកសភា បានទៅតៃវ៉ាន់អស់ជាច្រើនទសវត្សរ៍ ហើយនឹងនៅតែបន្តធ្វើដូច្នេះ ដោយបន្ថែមថា ដំណើរទស្សនកិច្ចបែបនេះ គឺស្របតាមគោលនយោបាយចិនតែ១ ដែលមានរយៈពេលយូរហើយរបស់សហរដ្ឋអាមេរិក។
នៅក្រោមគោលនយោបាយនោះ សហរដ្ឋអាមេរិក មានទំនាក់ទំនងការទូតជាផ្លូវការជាមួយទីក្រុងប៉េកាំង ខណៈរក្សាទំនាក់ទំនងមិនផ្លូវការ ជាមួយកោះតៃវ៉ាន់ ដូចជាការផ្ដល់មធ្យោបាយ ដើម្បីការពារខ្លួនជាដើម។ កន្លងមក ចិនចាត់ទុកដំណើរទស្សនកិច្ចណាមួយរបស់មន្ត្រីអាមេរិកទៅកោះតៃវ៉ាន់ថា ជាការទទួលស្គាល់នូវភាពស្របច្បាប់ ចំពោះភាពឯករាជ្យរបស់កោះ ដែលចិនអះអាងថា ជាទឹកដីរបស់ខ្លួនមួយនេះ ដោយនឹងត្រូវវាយយកដោយកម្លាំង បើសិនជាចាំបាច់។
ការិយាល័យរបស់លោក Markey និយាយថា សមាជិកសភានៅតៃវ៉ាន់ «នឹងបញ្ជាក់ឡើងវិញ នូវការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះកោះតៃវ៉ាន់តាមច្បាប់ទំនាក់ទំនងតៃវ៉ាន់ សេចក្តីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិក-ចិន និងការធានាចំនួន៦ ហើយនឹងជំរុញឱ្យមានស្ថិរភាព និងសន្តិភាព នៅទូទាំងច្រកសមុទ្រតៃវ៉ាន់»។
ការិយាល័យដដែលបន្តថា ក្រុមប្រតិភូ នឹងជួប «ជាមួយមេដឹកនាំជាប់ឆ្នោត និងសមាជិកនៃវិស័យឯកជន ដើម្បីពិភាក្សាអំពីផលប្រយោជន៍រួម រួមទាំងការកាត់បន្ថយភាពតានតឹង នៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រួមទាំងការវិនិយោគ នៅក្នុងវិស័យសេម៊ីកុងឌុចទ័រ»។
ដំណើរទស្សនកិច្ចធ្វើឡើងក្រោយចិនបន្ធូបន្ថយសកម្មភាពសមយុទ្ធរបស់ខ្លួន ប៉ុន្តែនៅតែបន្តសកម្មភាពយោធា។ ក្រសួងការពារជាតិតៃវ៉ាន់ និយាយកាលពីថ្ងៃអាទិត្យថា យន្តហោះចម្បាំងយោធាចិនចំនួន ១១ គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ ឬបានចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីយន្តហោះចំនួន ១៣ គ្រឿង ឆ្លងកាត់ច្រកសមុទ្រ កាលពីថ្ងៃសៅរ៍៕
ហួន ឌីណា